តុលាការ​របប​ក្រុង​ភ្នំពេញ​ចេញ​ដីកា​រឹបអូស​ទីស្នាក់ការ​កណ្ដាល​បក្ស​ប្រឆាំង​នៅ​ចាក់អង្រែ

ដោយ ទីន ហ្សាការីយ៉ា
2018.02.27
​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ ៦២២ ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ សង្កាត់​ចាក់​អង្រែលើ កាល​ពី​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​បច្ចុប្បន្ន ត្រូវ​បាន​តុលាការ​បញ្ជា​ឱ្យ​បិទ​ចោល។
រូប៖ ឯកសារ RFA

តុលាការ​ក្រុង​ភ្នំពេញ​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន សម្រេច​ចេញ​ដីកា​រឹបអូស ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី និង​ទី​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ជា​បណ្ដោះអាសន្ន​សិន ក្នុង​សំណុំរឿង​លោក សម រង្ស៊ី ចាញ់​ក្តី​លោក ហ៊ុន សែន និង លោក ហេង សំរិន កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ដែល​លោក ហ៊ុន សែន ខឹង​គោ​បែរ​វាយ​រទេះ​បែបនេះ​ទៅវិញ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​រក្សា​ការពារ ដោយ​សំអាង​លើ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន និង លោក ហេង សំរិន កាលពី​ថ្ងៃទី​២៣ កុម្ភៈ ដែល​មាន លោក គី តិច ជា​មេធាវី​ដើម​បណ្ដឹង បាន​ប្ដឹង​មក​តុលាការ​ទាម​ទារជំងឺចិត្ត​ពី​លោក សម រង្ស៊ី។

ដីកា​រក្សា​ការពារ​បាន​ចេញ​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ដែល​ត្រូវ​ផ្សព្វផ្សាយ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​នេះ សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី ជា​ដី និង​អគារ​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវ​លោក គី តិច លើកឡើង ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ថា ដើម្បី​ជំរុញ​ឲ្យ​លោក សម រង្ស៊ី សងបំណុល ជាង ៤​ពាន់​ពីរ​រយ​លាន​រៀល ឲ្យ​កូនក្ដី​របស់​លោក គឺ​លោក ហ៊ុន សែន និង លោក ហេង សំរិន ក្រោយពី​តុលាការ​គ្រប់​ជាន់ថ្នាក់​បាន​សម្រេច។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត យល់​ថា នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ថា លោក ហ៊ុន សែន ខ្លាំង​កាច​សាហាវ និង​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ ប្រធាន​ចលនា​យុវជន​គណបក្សប្រឆាំង​រូប​នេះ យល់ថា អ្វី​ដែល​បក្ស​កាន់អំណាច​កំពុង​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង គឺ​មិនបាន​ផល​ទេ ហើយក៏​មិនបាន​ធ្វើ​ឲ្យ​គណបក្ស​នេះ អស់​សង្ឃឹម​ក្នុង​ការ​តស៊ូ​ទេ។ «»

លោក ហ៊ុន សែន ដែល​មិន​ធ្លាប់​ចាញ់​ក្តី​លោក សម រង្ស៊ី នៅ​ក្នុង​តុលាការ​នៃ​របប​របស់​លោក បាន​និយាយ​ជា​សាធារណៈ​ថា បើ​លោក សម រង្ស៊ី គ្មាន​លុយ​សង​ជំងឺ​ចិត្ត​លោក​ទេ លោក​ទាមទារ រឹបអូស​ទី​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ដឹង​ថា ទីស្នាក់ការ​នោះ​ជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី ពី​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ​នេះ។

ប៉ុន្តែ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​និយាយ​កាលពី​ចុង​ឆ្នាំ​២០១៧ ថា តុលាការ​សម្រេច​ឲ្យ​លោក​ចាញ់​ក្តី​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍ ថា លោក​មិន​ខ្វល់​នឹង​សាលក្រម​របស់​តុលាការ ដែល​ផ្ដន្ទាទោស​លោក​ឲ្យ​បង់​ប្រាក់​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រហូតដល់​រាប់​លាន​ដុល្លារ ក្នុង​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក ហ៊ុន សែន ប្ដឹង​លោក​នោះ​ទេ ព្រោះ​លោក​ចាត់ទុកថា មន្ត្រី​តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ និង​មិនសូវ​ដឹង​អ្វី​នោះ​ទេ ដោយ​ធ្វើ​អ្វីៗ​តាមតែ​បញ្ជា​របស់​លោក ហ៊ុន សែន និង​ថ្នាក់លើ។ «»

អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា វិធានការ​របស់​តុលាការ​នៅ​ពេល​នេះ គឺ​កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា តុលាការ​កម្ពុជា​មិន​មាន​ឯករាជ្យ។ លោក​បន្ត​ថា រូបភាព​នេះ​គឺ​រុញច្រាន​ឲ្យ​វិបត្តិ​នយោបាយ​កាន់តែ​បន្ត​ក្ដៅ​គគុក​ទៅ​មុខ​ទៀត ដែល ហាក់​បី​ដូច​ជា​មាន​សង្គ្រាម​ដោយ​មិន​ប្រើ​អាវុធ​ដូច្នោះ​ដែរ។ «»

មក​ទល់​ពេល​នេះ លោក សម រង្ស៊ី បាន​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង និង​ចាញ់ក្ដី​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក ជិត ១០​បណ្ដឹង ដែល​ភាគច្រើន​ជា​បណ្ដឹង​បរិហារកេរ្តិ៍ ដូចជា កាលពី​ចុង​ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ​ក៏​សម្រេច​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត លោក ហ៊ុន សែន ១​លាន​ដុល្លារ ក្នុង​សំណុំរឿង​មួយ​ផ្សេងទៀត គឺ សំណុំរឿង​ដែល​ចោទ​លោក សម រង្ស៊ី និយាយ​ថា លោក ហ៊ុន សែន បាន​សូកប៉ាន់​កញ្ញា ធី សុវណ្ណ ថា ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការវាយប្រហារ​បក្ស​ប្រឆាំង បន្ទាប់ពី​នាង​ឈប់​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ងាក​មក​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន។ ចំណែក​សំណុំរឿង​មួយទៀត តុលាការ​បាន​ឲ្យ​លោក ហេង សំរិន ឈ្នះ​ក្តី​លោក សម រង្ស៊ី ពាក់ព័ន្ធ​ករណី​បទ​បរិហារកេរ្តិ៍​លោក ហេង សំរិន តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ចុង​ឆ្នាំ​២០១៥ ដោយ​ចោទ​លោក ហេង សំរិន ថា​ជា​អ្នក​កាត់ទោស​សម្ដេច សីហនុ ជា​ជន​ក្បត់ជាតិ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។