អ្នកគាំទ្រគណបក្សប្រឆាំងនៅខេត្តស្វាយរៀងអះអាងថា មានមនុស្សរាប់រយនាក់អ្នកស្ម័គ្រចិត្តធ្វើជាសន្តិសុខទៅអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា។ អ្នកគាំទ្របក្សប្រឆាំងទាំងនោះសង្ឃឹមថា នៅពេលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នឹងអាចស្ដារប្រជាធិបតេយ្យនៅកម្ពុជាបានប្រសើរឡើងវិញជាមិនខាន។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់នៅខេត្តស្វាយរៀង ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពឱ្យដឹងនៅថ្ងៃទី១៦ កញ្ញាថា នៅពេលនេះពួកលោកប្រមូលគ្នាបានជាង ១០០នាក់ហើយ នៅក្នុងខេត្តរបស់លោក ដើម្បីត្រៀមខ្លួនទៅធ្វើជាសន្តិសុខការពារ លោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ ពលរដ្ឋរូបនេះបញ្ជាក់ថា អ្នកចូលរួមជាមួយពួកលោកភាគច្រើនជាអតីតមន្ត្រីប៉ូលិស និងទាហាន ដែលធ្លាប់មានបទពិសោធន៍ការពារប្រទេសជូរចត់ ហើយពួកគេហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារលោក សម រង្ស៊ី ឱ្យទៅដល់គោលដៅបាន៖ «យើងចេះតែការពារមួយដៃមួយជើងម្នាក់ទៅ បើថាចង្កឹះមួយគេកាច់បាក់បើចង្កឹះច្រើនគេកាច់មិនបាក់ទេ បើទៅច្រើនបើមានសកម្មភាពអីកើតឡើងធ្វើម៉េចបើវាតម្រូវការត្រូវអីចឹង។ ព្រោះបើរបបសព្វថ្ងៃតាមដានដូចរាល់ថ្ងៃអីចឹងខ្ញុំខ្លាចវិលទៅរបបខ្មែរក្រហមវិញ ព្រោះរបបនេះខ្ញុំធ្លាប់ជួបហើយ គឺជូរចត់ណាស់ ខ្ញុំកម្សត់មែនទែន គឺហូបមិនឆ្អែត គេដឹកស្រូវយកទៅឱ្យចិន ហើយយកមកវិញមានតែគ្រាប់កាំភ្លើងមកសម្លាប់តែខ្មែរគ្នាឯង ខ្ញុំខ្លាចរបបនេះកើតឡើងវិញ » ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង លោក ម៉ៅ វិបុល មានប្រសាសន៍ថា ពលរដ្ឋទាំងនោះ ទៅការពារលោក សម រង្ស៊ី ដោយស្មារតីស្រឡាញ់ជាតិ ហើយពួកគេនឹងហ៊ានពលីជីវិតការពារលោក សម រង្ស៊ី ទៅដណ្ដើមយកប្រជាធិបតេយ្យពីរបបក្រុងភ្នំពេញជូនពលរដ្ឋវិញបាន។ លោក បន្ថែមថា ពលរដ្ឋនៅខេត្តស្វាយរៀងភាគច្រើនស្អប់ខ្ពើមរបបដឹកនាំសព្វថ្ងៃ ដែលបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ហើយពួកគាត់បានត្រៀមខ្លួនទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ ដោយមិនខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញឡើយ ពីព្រោះពួកគាត់សង្ឃឹមថា នៅពេលលោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នឹងមានដំណោះស្រាយនយោបាយ៖ «ខ្លះហ៊ានប្ដូរស្លាប់ឱ្យតែប្រទេសមានការផ្លាស់ប្ដូរ ហើយគាត់មិនរាថយទេ ឱ្យតែលោកប្រធានចូលមកនៅពេលណាគឺគាត់នឹងចូលរួមនៅពេលនោះ។ព្រោះពួកគាត់និយាយគ្មានឱកាសណាល្អដូចពេលនេះ អីចឹងសុខចិត្តចំណាយថវិកាផ្ទាល់ ដើម្បីចូលរួមតែម្ដង » ។
លោក សម រង្ស៊ី បានប្រកាសម្ដងហើយម្ដងទៀត ថាលោកនឹងថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលភៀសខ្លួនទៅក្រៅប្រទេស គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ ទោះជាយ៉ាងណាក្ដី របបក្រុងភ្នំពេញបានបញ្ជាក់ម្ដងហើយម្ដងទៀតដែរ អំពីវិធានការលើលោក សម រង្ស៊ី និងអ្នកហែហម ប្រសិនបើហ៊ានវិលចូលកម្ពុជាតាមកាលកំណត់មែននោះ។ កាលពីថ្ងៃទី២៥ ខែសីហាលោក ហ៊ុន សែន បានបង្ហោះសារលែបខាយឌឺដងដាក់លោក សម រង្ស៊ី ថា កុំឲ្យភ្លេចពាក្យសន្យា វិលចូលស្រុកខ្មែរវិញ នៅថ្ងៃទី៩ វិច្ឆិកា។ លោក ហ៊ុន សែន បញ្ជាក់ថា ពន្ធនាគារក៏កំពុងរង់ចាំស្វាគមន៍លោក សម រង្ស៊ី ប្រសិនបើមេបក្សប្រឆាំងរូបនេះមកដល់កម្ពុជាវិញនោះ។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា របបលោករង់ចាំស្វាគមន៍លោក សម រង្ស៊ី វិលចូលស្រុកវិញជានិច្ច ហើយសមត្ថកិច្ចក៏ត្រៀមអនុវត្តន៍ច្បាប់តាមដីកាចាប់ខ្លួនរបស់តុលាការដែរ។ លោកអះអាងទៀតថា អ្នកដែលទៅអមដំណើរការពារលោក សម រង្ស៊ី ចូលមកកម្ពុជាគឺជាទង្វើខុសច្បាប់ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ខុសច្បាប់ត្រង់មានត្រាណាមួយនោះទេ៖ «បើកាលណាការពារប្រឆាំងនឹងដែនអំណាចរបស់អាជ្ញាធរក៏ខុសច្បាប់ដែរ។ ដូច្នេះកិច្ចការពារថា តើគាត់មានព្រំដែនដែនពីជ្រុងណាដល់ជ្រុងណា នេះជារឿងមួយដែលយើងត្រូវពិចារណា » ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សអង្គការ លីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការអនុវត្តច្បាប់របស់សមត្ថកិច្ចជារឿងមួយផ្សេងដាច់ដោយឡែក ហើយសមត្ថកិច្ចក៏មិនអាចរារាំងពលរដ្ឋមិនឱ្យជួបបុគ្គលណាម្នាក់បានដែរ ពីព្រោះប្រជាពលរដ្ឋទៅអមដំណើរអ្នកនយោបាយណាម្នាក់ វិលចូលស្រុក គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ទទូចឱ្យមេដឹកនាំគណបក្សកាន់អំណាច និង គណបក្សប្រឆាំងផ្សះផ្សាគ្នាឡើងវិញ ប្រសើរជាងការឈ្លោះទាស់ទែងគ្នានាំឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ៖ «ហើយទិដ្ឋភាពបច្ចុប្បន្នយើងមានការបារម្ភខ្លាចលោកមានការផ្អាក ឬក៏ផ្ដាច់ EBA ឬក៏ GSP គឺវាប៉ះពាល់កម្មកររាប់សែននាក់ ហើយអ្នកដែលពាក់ព័ន្ធជាមួយកម្មកររាប់លានក៏ប៉ះពាល់ដែរ ដូច្នេះយើងអត់ចង់ឃើញករណីអីចឹងទេ » ។
លោក ម៉ៅ វិបុល ឱ្យដឹងថា អ្នកគាំទ្រគណបក្សលោកប្រមាណ ១០០នាក់ក្នុងមួយខេត្តនៅទូទាំងប្រទេស គឺពួកគាត់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទៅធ្វើជាសន្តិសុខអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ លោកបន្តអះអាងទៀតថា សកម្មជនបក្សប្រឆាំងនៅតាមមូលដ្ឋានក៏ពុះកញ្ជ្រោលបន់ឱ្យឆាប់ដល់ថ្ងៃទី៩ វិច្ឆិកាដែរ ដើម្បីពួកគេទៅទទួលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ចូលមកស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។