សកម្មជន​សង្គ្រោះ​ជាតិ​ដែល​រង​ការ​វាយដំ ​រស់​ក្នុង​ស្ថានភាព​​ភ័យ​ខ្លាច ដោយសារ​ជនល្មើស​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច ដោយ​សារ​សមត្ថកិច្ច ​មិនទាន់​ចាប់​បាន​ជន​បង្ក​ហិង្សា​លើ​ពួក​គាត់។មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ក្រុងភ្នំពេញ ​នៅតែ​ទម្លាក់​កំហុស​ទៅលើ​ជនរងគ្រោះ​ថា មិន​សហការ​ជាមួយ​សមត្ថកិច្ច​ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​សមត្ថកិច្ច​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស៊ើបអង្កេត​រក​ជន​ល្មើស​នោះ​ទេ។

សកម្មជន​បក្ស​ប្រឆាំង​ដែល​រង​ការ​វាយដំ ​លើក​ឡើង​ថា ​ការដែល​សមត្ថកិច្ច​មិន​អាច​រក​ឃើញ​ជន​ដៃដល់​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្ថាប័ន​យុត្តិធម៌​និង​សមត្ថកិច្ច​ គ្មាន​ឆន្ទៈ និង​ភាព​ឯករាជ្យ​របស់​ខ្លួន ហើយ​សំណុំរឿង​ហិង្សា​ទាំង​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជន​រង​គ្រោះ​មួយ​រូប លោក ស៊ិន ខុន ថ្លែង​ថា រហូត​មកដល់ពេលនេះ​ សមត្ថកិច្ច​មិន​ដែល​បាន​ជូនដំណឹង ឬ​បង្ហាញ​លទ្ធផល​វិជ្ជមាន​ដល់​លោក​នោះ​ទេ ​ចាប់​តាំង​ពី​លោក​បាន​ដាក់​បណ្ដឹង ក្រោយ​កើត​ហេតុ​ភ្លាមៗ នោះ​មក។ លោក ​យល់ថា ​ប្រសិនបើ​អាជ្ញាធរ ​មាន​ឆន្ទៈ​ពិត​ប្រាកដ គឺ​មិន​ពិបាក​រក​ជន​ដៃដល់​នោះ​ទេ ព្រោះ​មាន​ភស្តុតាង​ដែល​ថត​ជាប់​ក្នុង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ភិន​ភាគ​ជន​ល្មើស និង​ម៉ូតូ​របស់​ជន​ល្មើស ដែល​បាន​ដេញ​វាយ​លោក​តាម​ផ្លូវ។ លោក​មើល​ឃើញ​ថា ចំណាត់​ការ​របស់​សមត្ថកិច្ច​កន្លង​មក គ្រាន់​តែ​ធ្វើ​ឡើង​បង្គ្រប់​កិច្ច​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ៖ « ខ្ញុំ​នៅ​តែ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច ដោយសារ​ជន​ល្មើស​អត់​ទាន់​ចាប់​បាន​ ហើយ​សព្វថ្ងៃ​នេះ​អសន្តិសុខ​ខ្លាំង​ដោយសារ​កាល​ពី​ថ្ងៃ​ទី៧ និង​ថ្ងៃ​ទី១៥ ខែ៦ មាន​មនុស្ស​ប្លែកៗ មុខ តាម​ឃ្លាំមើល​ខ្ញុំ ហើយ​ជូន​កាល​គេ​តាម​ដល់​កន្លែង​រស់នៅ​របស់ខ្ញុំ។ ខ្ញុំ​មិន​ហ៊ាន​ចេញ​ទៅ​ណា​ផ្ដេសផ្ដាស​ទេ ជាពិសេស ពេល​យប់។ ខ្ញុំ​គិត​ថា ការ​វាយដំ​នេះ ដើម្បី​បំបាក់​ស្មារតី​យុវជន ​ឬ​អ្នក​ប្រឆាំង​​កុំឲ្យ​បញ្ចេញមតិ​នៅ​ក្នុង​សង្គម​ឬ​ងើប​តវ៉ា »

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន ខុន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា ៤នាក់​ជិះ​ម៉ូតូ ២គ្រឿង បាន​ព្រួត​គ្នា​វាយ​លោក​នៅ​ចំណុច​ផ្សារ​ដើម​ស្រល់​ជិត​វត្ត​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​ឧសភា។ អំពើ​ហិង្សា​នោះ បណ្ដាល​ឲ្យ​លោក ស៊ិន ខុន រង​របួស​បែក​ចិញ្ចើម​ខាង​ស្កាំ និង​ប្រេះ​ឆ្អឹង​ម្រាម​ដៃ​ខាង​ឆ្វេង។

ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជន​រង​គ្រោះ​ម្នាក់​ទៀត​រស់នៅ​រាជ​ធានី​ភ្នំពេញ លោក ទេស សារឿន និយាយ​ថា ​លោក​មិន​ដែល​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​ម្ដង​ណា​ឡើយ។ លោក ​ជឿជាក់​ថា អំពើ​ហិង្សា​លើ​លោក​កន្លង​មក​នេះ​គឺជា​ការរៀបចំ​ជា​ប្រព័ន្ធ ដើម្បី​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​លោក​មិន​ដែល​មាន​គំនុំ ឬ​ជម្លោះ​ផ្ទាល់​ខ្លួន​ជាមួយ​បុគ្គល​ណា​នោះ​ទេ៖ « ខ្ញុំ​ភ័យ​ខ្លាច យើង​រស់នៅ​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​យើង​ធ្លាប់​មាន​បញ្ហា​លើ​រាងកាយ​យើង។ ពេល​ខ្ញុំ​ទៅ​ណា​មក​ណា​ខ្ញុំ​មើល​ឆ្វេង​ស្កាំ ហើយ​ប្រយ័ត្ន​ប្រយែង​ជាទីបំផុត។​បើ​ជា​រឿង​បុគ្គល ខ្ញុំ​អត់​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ។ អ្វី​ដែល​ខ្ញុំ​ប៉ាន់​ស្មាន គឺ​ខ្ញុំ​ជា​សកម្មជន​របស់​គណបក្ស និង​ជា​អ្នក​នយោបាយ​ ដូច្នេះ​ខ្ញុំ​ជឿ​ថា រឿង​នេះ​គឺ​ជា​រឿង​នយោបាយ ​ព្រោះ​ពេល​កើតហេតុ​នោះ​ខ្ញុំ​ចេញ​ពី​កន្លែង​ឃ្លាំមើល​នៅ​តុលាការ »

លោក ទេស សារឿន ត្រូវ​បាន​​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​ពីរ​លើក​ផ្ទួនៗ គ្នា ​ស្ថិត​នៅ​ក្នុង​ខណ្ឌ ៧មករា ​រាជធានី​ភ្នំពេញ ​កាល​ពី​ខែធ្នូ ​ឆ្នាំ២០២០ ​និង​ចុង​ខែមករា ឆ្នាំ២០២១ ក្រោយ​លោក​ទៅ​ចូលរួម​ឃ្លាំ​មើល​សវនា​សំណុំ​រឿង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បក​ស្រាយ​ដដែល​ថា ​សមត្ថកិច្ច ​មិនដែល​ទុក​ករណី​ណា​មួយ​ចោល​នោះ​ទេ គឺ​សមត្ថកិច្ច​តែង​តែ​ស្រាវជ្រាវ​គ្រប់​ករណី​ហិង្សា​ទាំង​អស់ ដើម្បី​ឈាន​ទៅ​ចាប់​ជន​ដៃដល់។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក សាន សុខសីហា នៅ​តែ​ទម្លាក់​កំហុស​ទៅលើ​ជន​រង​គ្រោះ​ថា មូលហេតុ​ដែល​សមត្ថ​កិច្ច​មិន​ទាន់​ចាប់​ជន​ដៃដល់​បាន ​ព្រោះ​ជនរងគ្រោះ​មួយ​ចំនួន មិនបាន​ដាក់​បណ្ដឹង និង​មិន​សហការ​ផ្ដល់​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ជូន​សមត្ថកិច្ច ដើម្បី​បំបែក​សំណុំរឿង​ហិង្សា​ទាំងនេះ៖ « អ្វី​ដែល​គាត់​បង្ហាញ​មក ​គឺ​មិន​មាន​ភាព​ទុក​ចិត្ត​ណា​មួយ​លើ​សមត្ថកិច្ច​ក្នុង​ការ​អនុវត្ត​ក្នុង​ការ​ស្រាវជ្រាវ​ហ្នឹង​ទេ។ ទី២​អ្វី​ដែល​គាត់​បាន​បង្ហាញ​មក​ខ្ញុំ​យល់​ថា ​ជា​ការ​ប្រាប់​មក​មិន​គ្រប់​ជ្រុង​ជ្រោយ​ច្រើន​តែ​មាន​ការ​លាក់​លៀម ពេល​ខ្លះ​ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង​ថា ខ្លះ​ណា​គាត់​មាន​បញ្ហា​រឿង​គំនុំ​ផ្ទាល់​ខ្លួន រឿង​បញ្ហា​គ្រួសារ ឬ​បញ្ហា​អី​ផ្សេងៗ ប៉ុន្តែ​គាត់​លាក់លៀម ​ប៉ុន្តែ​គាត់​យក​បញ្ហា​នេះ ដោយ​ចោទ​ថា ជា​រឿង​នយោបាយ​ទៅ​វិញ។ នេះ​ហើយ គឺ​ជា​បញ្ហា​ធំ ដែល​យើង​ពិបាក​ក្នុង​ការ​ស្រាវជ្រាវ »

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិមនុស្ស ចាត់​ទុក​ថា ការ​ឆ្លើយ​តប​ដដែលៗ របស់​មន្ត្រី​ប៉ូលិស​បែប​នេះ​គ្រាន់តែ​ជា​លេស​ដោះសា​ប៉ុណ្ណោះ ព្រោះ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ចំណាត់​ការ​ស៊ើប​អង្កេត​ដែល​គួរឲ្យ​ទុកចិត្ត​បាន​នោះ​ទេ។

មក​ទល់​ពេល​នេះ ​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សាច់​ញាតិ​របស់​ពួកគេ​ជាង ៣០នាក់​ហើយ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយដំ​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ជន​រង​គ្រោះ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ពិការ​អស់​មួយ​ជីវិត។ជនរងគ្រោះ​មួយ​ចំនួន​ទៀត ​មិន​ត្រឹម​តែ​មិន​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ​ថែមទាំង​ត្រូវ​បាន​ជន​ល្មើស​លួច វាយ​ប្រហារ​ផ្ទួនៗ គ្នា​ពីរ​លើក​និង​ជនរងគ្រោះ​ខ្លះ​ទៀត ​ថែម​ទាំង​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៀត​ផង។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ កើត​ឡើង​ផ្ទួនៗ គ្នា​ច្រើន​ករណី និង​មាន​ទម្រង់​នៃ​ការវាយប្រហារ​ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​សមត្ថកិច្ច ​មិនបាន​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ឡើយ ដូច្នេះ​ហើយ​ទើប​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។ លោក ​យល់​ថា ដើម្បី​បញ្ចៀស​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ លុះត្រាតែ​សមត្ថកិច្ច​បង្ហាញ​សកម្មភាព​ពិតប្រាកដ​ក្នុង​ការ​ស្វែង​រក​ជន​ដៃដល់ និង​នាំ​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ទោះ​បី​ជា​អាជ្ញាធរ​អះអាង​ថា ​កំពុង​ស៊ើបអង្កេត​ក៏​ដោយ បើ​ធៀប​នឹង​ករណី​ផ្សេងៗ ទៀត ដំណើរ​ការ​ស៊ើបអង្កេត ​និង​រក​ជន​ដៃដល់​បាន​លឿន ប៉ុន្តែ​រឿង​ទាក់ទង​នឹង​អតីត​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​រក​អត់​ឃើញ ដូច្នេះ​ហើយ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​នេះ។ ដើម្បី​បំបាត់​ការ​រិះគន់ ឬ​គេ​រិះគន់​ថា ជា​ការ​រើស អើង​និន្នាការ​នយោបាយ​ គឺ​សមត្ថកិច្ច ​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់ ​ដើម្បី ស្វែង​រក​ជន​ពាក់ព័ន្ធ ទៅ​អនុវត្ត​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​សង្គម ហើយ​លុប​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ពួកគាត់»។

កន្លង​មក ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ព្រួយបារម្ភ​ជាបន្តបន្ទាប់​ចំពោះ​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ញឹកញាប់​នេះ និង​ចាត់​ទុក​ថា ករណី​ទាំង​នេះ​គឺ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ដែល​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់។ ចំណែក​ក្រុម​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​វិញ ពួក​គាត់​លើក​ឡើង​ថា ​ការ​បណ្ដែត​បណ្ដោយ​ឲ្យ​ជន​ល្មើស​បន្ត​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​បែប​នេះ ធ្វើ​ឲ្យ​ពួកគាត់​ជា​ជន​រង​គ្រោះ​រស់នៅ​ជាមួយ​ភាព​ឈឺចាប់​និង​ការ​ភ័យខ្លាច៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។