មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍ចំពោះអ្នកសុំសិទ្ធិធ្វើនយោបាយឡើយ ពីព្រោះពលរដ្ឋនឹងបាត់ទំនុកចិត្តលើមន្ត្រីទាំងនោះ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១០ តុលា ថា សមាជិកបក្សសង្គ្រោះជាតិនៅថ្នាក់មូលដ្ឋាន ដែលបានទៅចុះចូលជាមួយគណបក្សកាន់អំណាចនោះ គឺដោយសារពួកគាត់ចង់រក្សាសុខ ជាងគាំទ្របក្សកាន់អំណាច។ ចំណែកអ្នកនយោបាយជាន់ខ្ពស់ដែលបានសុំសិទ្ធិធ្វើនយោបាយពីរបបលោក ហ៊ុន សែន វិញ នឹងធ្វើឲ្យពលរដ្ឋនឹងបាត់ទំនុកចិត្ត ហើយពួកគេក៏មិនអាចធ្វើនយោបាយពេញលេញដែរ ពោលគឺសេរីភាពនយោបាយស្ថិតក្រោមការគូសវាសរបស់របបលោក ហ៊ុន សែន ដដែល៖ «យើងមើលជារួមថា តើអ្នកដែលបានសុំសិទ្ធិជាង ១០នាក់ហ្នឹង ពេលគាត់បានសិទ្ធិពីរបបលោក ហ៊ុន សែន ឲ្យហើយហ្នឹង តើគាត់មានយកធ្វើអ៊ីបាន ? វាធ្វើអីអត់បាន អត់ប្រយោជន៍ អ៊ីចឹងហើយបានជាប្រជាពលរដ្ឋខ្មែរគេអត់ស្វាគមន៍គាត់ទេ គេថ្កោលទោសពួកគាត់ បើគាត់ដើរផ្លូវនេះទៀតប្រជាពលរដ្ឋខ្មែរអ្នកវិនិច្ឆ័យពីជីវិតនយោបាយរបស់គាត់»។
ការលើកឡើងនេះ បន្ទាប់ពីមន្ត្រីនៃគណបក្សសង្គ្រោះជាតិមួយរូបទៀត ឈ្មោះ ស៊ុន សុភ័ក្រ ត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែតុលា ចេញព្រះរាជក្រឹត្យមួយផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។
តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងបានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
គិតមកដល់ខែតុលា ឆ្នាំ២០២០ នេះ មានមន្ត្រីជាន់ខ្ពស់ ១៣នាក់ ក្នុងចំណោម ១១៨នាក់ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ឥស្សរជននយោបាយប្រឆាំងដ៏លេចធ្លោ ដែលទទួលបានសិទ្ធិធ្វើនយោបាយ ក្រោយដាក់សំណើទៅរបបលោក ហ៊ុន សែន នោះ គឺអ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ លោក សុន ឆ័យ និងសមាជិកគណៈកម្មាធិការនាយកពីររូបទៀតរបស់បក្សប្រឆាំង។
រីឯ អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយ រួចបង្កើតជាបក្សនយោបាយថ្មីវិញ រួមមាន លោក រៀល ខេមរិន្ទ្រ បង្កើតបក្សថ្មីមួយឈ្មោះ “គណបក្សខ្មែរអភិរក្សនិយម” ក្រុមលោក ជីវ កត្តា បង្កើតបក្សឈ្មោះ “គណបក្សខ្មែរស្រឡាញ់ជាតិ” ហើយក្រុមលោក គង់ គាំ បង្កើតបក្សថ្មីឈ្មោះបក្ស “គណបក្សឆន្ទៈខ្មែរ” និងចូលរួមជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ បង្កើតឡើងដោយលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។