មន្ត្រី​បក្ស​ប្រឆាំង​បដិសេធ​គម្រោង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទ្រង់ទ្រាយ​ធំ​ពី​របប​ឯក​បក្ស

0:00 / 0:00

មន្ត្រី​គណបក្ស​ សង្គ្រោះ​​ជាតិ​ បដិសេធ​ថា គ្មាន​ព័ត៌មាន​ផ្ទៃក្នុង​ថា មន្ត្រី​គណបក្ស​នេះ មាន​គម្រោង​​ស្នើសុំ​​សិទ្ធិ​ធ្វើ​នយោបាយ​ទ្រង់ទ្រាយ​ធំ​ពី​របប​ឯកបក្ស​ទេ។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ជំរុញ​ឱ្យ​ក្រុម លោក កឹម សុខា និង​កូនស្រី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ចោល​ក្រុម​លោក សម រង្ស៊ី។ អ្នកវិភាគ​យល់​ថា ការ​បញ្ចេញ​ព័ត៌មាន​គ្រោង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទ្រង់ទ្រាយ​ធំ និង​ការ​ជំរុញ​ក្រុម​លោក កឹម សុខា សុំ​សិទ្ធិ​ធ្វើ​នយោបាយ សុទ្ធតែ​ជា​នយោបាយ​ប្រជាភិថុតិ និង​បំបែកបំបាក់។

តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​តាកែវ និង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ សង្គ្រោះ​​ជាតិ ដែល​ត្រូវ​តុលាការ​របប​ឯក​បក្ស បំបិទ​សិទ្ធិ​ធ្វើ​នយោបាយ លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​ថា មិន​មាន​លេច​​ឮ​ដំណឹង​ពី​ផ្ទៃក្នុង​បក្ស​អំពី​ករណី​មន្ត្រី​បក្ស​ប្រឆាំង​ស្នើសុំ​​សិទ្ធិ​ធ្វើ​នយោបាយ​ទ្រង់ទ្រាយ​ធំ​ទេ។ ប៉ុន្តែ​មានតែ​លឺ​ថា មន្ត្រី​គណបក្សប្រឆាំង ដែល​តុលាការ​កំពូល​​បិទ​​សិទ្ធិ​​ធ្វើ​​នយោបាយ​​រង​​សម្ពាធ​​ទាំង​​ផ្នែក​​សិទ្ធិ​​សេរីភាព និង​សេដ្ឋកិច្ច ទើប​បណ្ដាល​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោក ស៊ឹម សុវណ្ណនី បង្ខំ​ចិត្ត​​ស្នើសុំ​​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា ការ​ប្រើ​ហេតុផល​ផ្សេងៗ ដាក់​សម្ពាធ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់​ម្ដង គឺជា​ការ​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស ដូច្នេះ​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​បែប​នេះ​ទេ។ តែ​បើ សើរើ​ច្បាប់ ឱ្យ​មានការ​ស្នើសុំ​ម្ដង​ទាំងអស់​គ្នា ឬ​ជា​ក្រុម ពួកគេ​នឹង​ពិចារណា​ឡើងវិញ៖ «ខ្ញុំ​អត់​ទាន់​ដឹង​ទេ។ ខ្ញុំ​ឃើញ​មានការ​ជ្រួលច្របល់ ដោយសារ​មានការ​បង្ហើប​ពី​មន្ត្រី​មិន​ចេញ​ឈ្មោះ តាម ខេមបូឌា ដេលី​ខ្មែរ នៅ​អាមេរិក គាត់​សួរ​រឿង​ហ្នឹង ហើយ​យក​មក​ផ្សាយ​ដែរ។ ប្រហែលជា​យក​ព័ត៌មាន​តៗ​គ្នា ហើយ​ខ្ញុំ​អត់​ដឹង អត់​ជ្រាប​រឿង​ហ្នឹង​ដែរ​។ ខ្ញុំ​មិនទាន់​ឃើញ​មាន​ករណី​ណា យក​មក​ដាក់។ ខ្ញុំ​មិន​ដឹង តែ​មិន​ដឹង​ថា​ម្ដេច ដូច​ករណី​លោក ស៊ឹម សុវណ្ណនី អ្វី ក៏​មិន​ដឹង​ស្ងាត់ៗ​ក៏​ដាក់​ទៅ​។ តែ​ខ្ញុំ​ប្រមើល មើល​ថា ដោយសារ​គាត់​ពិបាក​នឹង​ការរស់នៅ ដោយសារ​មានការ​គាបសង្កត់ មានការ​ត្បិតត្បៀត​សេរីភាព​ក្ដី ទាំង​សិទ្ធិ​រស់នៅ ជីវភាព​ប្រចាំថ្ងៃ​របស់​កាត់ក្ដី ហ្នឹង​ប៉ះពាល់​។ តាម​ខ្ញុំ​ក្ដាប់​បាន»។

ការ​បដិសេធ​ជាថ្មី​នេះ ធ្វើឡើង​ក្រោយពេល កាសែត​អន្តរជាតិ ឌឹខេមបូឌា ដេលី (The Cambodia Daily) និង​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ (Phnom Penh Post) បាន​ផ្សព្វផ្សាយ​ថា ប្រភព​ព័ត៌មាន​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ពី​មន្ត្រី​ម្នាក់ ក្នុងចំណោម​អ្នក​ដែល​គេ​បំបិទ​សិទ្ធិ​នយោបាយ​ជាង ១១០​នាក់ បង្ហើប​ឱ្យ​ដឹង​ថា ក្រុម​អ្នក​ជាប់​បម្រាម​នឹង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ឆាប់ៗ​នេះ។

ការ​បញ្ចេញ​ព័ត៌មាន​ពី​ប្រភព​របស់​សារព័ត៌មាន​ទាំងពីរ​នេះ ធ្វើឡើង​១​ថ្ងៃ បន្ទាប់​ពី មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន លួងលោម​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​សិទ្ធិ​ពី​របប​លោក ធ្វើ​នយោបាយ​វិញ ឱ្យ​បាន​មុន​ចូលឆ្នាំ​ខ្មែរ៖ «ខ្ញុំ​គ្រាន់តែ​ឱ្យ​សារ​ចុងក្រោយ​សម្រាប់​អ្នក ហើយ​បើ​អ្នក​ព្រងើយកន្តើយ​ទ្វារ​នឹង​អាច​បិទ​នៅមុន​ចូលឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​។ ទោះបី​អ្នក​ដាក់​លិខិតស្នើ​សុំ ក៏​ខ្ញុំ​មិន​អើពើ​។ រឿង​វា​មានតែ​ប៉ុណ្ណឹង»។

ក្រោយ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​សិទ្ធិ​ធ្វើ​នយោបាយ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង បង្ខំ​ឱ្យ​មន្ត្រី​ជាប់ឆ្នោត​នៃ​គណបក្សប្រឆាំង ចុះ​ចេញពី​តំណែង​ទូទាំង​ប្រទេស និង​ការ​បរាជ័យ​យុទ្ធសាស្ត្រ​ទាក់ទាញ​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ចុះ​ចូល រដ្ឋសភា​នៃ​របប​ឯក​បក្ស​បាន​កែប្រែ​ច្បាប់ ស្ដីពី​នយោបាយ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​​ឡើង​វិញ​ម្នាក់​​ម្ដង។

នីតិវិធី​នៃ​ការ​ស្នើសុំ​សិទ្ធិ​វិញ រដ្ឋសភា​ឯក​បក្ស បាន​ចែង​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ឡើង​ទៅ​នាយករដ្ឋមន្ត្រី ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​។ មកដល់ពេលនេះ មាន​មន្ត្រី​៣​បក្ស​ប្រឆាំង​៣​នាក់​គត់ បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​១១៨​នាក់។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​លោក ផាត សុផានិត បានទេ នៅ​ថ្ងៃ​ទី​៧ មីនា ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​គម្រោង​ស្នើសុំ​សិទ្ធិ​នយោបាយ​ទ្រង់ទ្រាយ​ធំ​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែល​ផ្សព្វផ្សាយ​​តាម​សារព័ត៌មាន។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ ប្រជាជន​​កម្ពុជា លោក សុខ ឥសាន្ត សរសេរ​លើ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ជំរុញ​ឱ្យ​ក្រុម​អ្នក​និយម លោក កឹម សុខា និង​កញ្ញា កឹម មនោវិទ្យា ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ មុន​ក្រុម​និយម​លោក សម រង្ស៊ី។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់​ថា គណបក្ស​កាន់អំណាច កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ ឬ​សេនារីយ៉ូ (Scenario) ប្រជាភិថុតិ ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្សប្រឆាំង​។ លោក បុង ដែត ថា គណបក្ស ​ប្រជាជន​​កម្ពុជា ចង់​បង់​មួយ​​សំណាញ់ យក​ត្រី​ធំៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​អស់ ដើម្បី​បង្អួត​ពលរដ្ឋ និង​បង្ហាញ​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​គ្រាន់តែ​មើល​ជា​ជំហរ​ទេ​ណា ប្រជាពលរដ្ឋ​នៅតែ សម រង្ស៊ី កឹម សុខាៗ។ អ៊ីចឹង​បើ​គាត់ ទោះបី​មាន​ម្នាក់ ពីរ​នាក់​ចូល​ក៏ដោយ ក៏​គាត់​អត់​មាន​ទៅ​ខ្វាយខ្វល់​អ្វី​ទេ។ សំខាន់​នោះ មេដឹកនាំ​ពីរ​នាក់​ហ្នឹង​មែនទែន​នោះ។ គាត់​ (​ ពលរដ្ឋ​ )​ មើល​ទៅលើ​មេដឹកនាំ​ទាំងពីរ។ បើ​មេដឹកនាំ​ទាំងពីរ ចូល​ស៊ង​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា អាហ្នឹង​ហើយ គាត់​ច្បាស់​ជា​មាន​ការផ្លាស់ប្ដូរ​ហើយ គាត់​ស្រងាកចិត្ត ដែល​គាត់​ខំប្រឹង​បោះឆ្នោត។ គាត់​ខំ​គាំទ្រ​។ ប៉ុន្តែ​បើ​ត្រី​របេះ ប្រជាពលរដ្ឋ គាត់​ដឹង​ហើយ នុយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា វា​តែងតែ​ចាប់​បាន​ត្រី​តូចៗ​ទេ​។ ត្រី​តូចៗ ស៊ីនុយ គាត់​។ អ៊ីចឹង ប្រជាពលរដ្ឋ​មិន​ទៅ​ឈឺក្បាល​ទេ​។ ប្រជាពលរដ្ឋ​គាត់​ដឹង​ណាស់»។

លោក បុង ដែត យល់ថា សេនារីយ៉ូ​គណបក្ស​កាន់អំណាច ដែល​បង្កើត​ព្រឹត្តិការណ៍​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ហើយ​​ធ្វើ​​ជា​​មាន​​សន្ដាន​​ចិត្ត​ល្អ ជួយ​មន្ត្រី​បក្ស​ប្រឆាំង​ឡើងវិញ មិន​អាច​ផ្គាប់ចិត្ត​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​បានទេ។ លោក បុង ដែត បន្ត​ថា បើ​ទោះ​គណបក្ស​កាន់អំណាច​ប្រើ​​គ្រប់​វិធី ដើម្បី​បំបែក​បក្ស​ប្រឆាំង ឬ​ដាក់​សម្ពាធ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ ឬ​ចុះចូល​បាន​​ជោគជ័យ​​ ក៏​​មិន​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ប្ដូរ​ចិត្ត បញ្ឈប់​សម្ពាធ​លើ​របប​នេះ​ដែរ ហើយ​ការ​ធ្វើ​បែប​នេះ កាន់​តែ​​ធ្វើ​​ឱ្យ​បក្ស​កាន់អំណាច​ធ្លាក់​ប្រជាប្រិយភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។