សិក្ខាសាលា​អ្នក​ដឹក​នាំ​បាតុកម្ម​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

0:00 / 0:00

ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស​រួម​គ្នា​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​អ្នក​បន្ត​វេន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី១៩ ខែ​តុលា។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង ដើម្បី​អំពាវនាវ​ដល់​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដូចជា ពលករ ពលការិនី សិស្ស និស្សិត និង​បង​ប្អូន​ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ ចូលរួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី២០ ខែ​តុលា ដើម្បី​ជំរុញ​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា ឲ្យ​ធ្វើ​អន្តរាគមន៍​ករណី​វិបត្តិនយោបាយ​នៅ​កម្ពុជា និង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។

អ្នក​រៀបចំ​សិក្ខាសាលា​ថ្លែង​ថា ពួក​គេ​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចូលរួម​ធ្វើ​បាតុកម្ម​បាន​ច្រើន​កុះករ។ អ្នក​ដឹក​នាំ​បាតុកម្ម​បន្ថែម​ថា បាតុកម្ម​នេះ​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​ពី​បញ្ហា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង លោក ម៉ាត់ វណ្ណនី ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៩ ខែ​តុលា​ថា នឹង​មាន​បាតុករ​ជាង ៣​ពាន់​នាក់ ចូលរួម​ធ្វើ​បាតុកម្ម​នេះ។ លោក​ថា ពេល​នេះ​ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​មាន នូវ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ប្រធាន និង​អនុប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដែរ​រួម​មាន អាមេរិក កាណាដា បារាំង និង​អូស្ត្រាលី​ចូលរួម​ក្នុង​បាតុកម្ម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង៖ «យុវជន​បន្ត​វេន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ហ្នឹង គាត់​មាន​ឆន្ទៈ​ខ្ពស់ ហើយ​អ្វី​ដែល​សំខាន់​យើង​ទទួល​បាន​សារ ក៏​ដូច​ជា​ទទួល​បាន​ចំណុច​មួយ​ចំនួន ថ្នាក់​ដឹក​នាំ​គាត់​បាន​ផ្ដល់​ឲ្យ ដែល​យើង​នឹង​ត្រៀម​ខ្លួន​លោក​ប្រធាន សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា»

អ្នក​ដឹក​នាំ​បាតុកម្ម​រូប​នេះ​បញ្ជាក់​ប្រាប់​ថា បាតុកម្ម​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៩ព្រឹក​ម៉ោង ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ជា​ការ​ថ្លែង​របស់​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម។ លោក ម៉ាត់ វណ្ណនី ឲ្យ​ដឹង​ទៀត​ថា ក្រុម​បាតុករ​នឹង​ហែ​ក្បូន​ដាក់​ញត្តិ​ទៅ​វិមាន​រដ្ឋាភិបាល ប្រទេស​កូរ៉េ​ខាង​ត្បូង និង​តាម​បណ្ដា​ស្ថានទូត​នៃ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ២៣តុលា ព្រម​ទាំង​ស្ថានទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ៖ «ចំនួន​អ្នក​ចូលរួម​មិន​មាន​អី​ប្រែប្រួល​ទេ ដែល​តាម​ការ​ប៉ាន់​ស្មាន​ប្រមាណ ៣ពាន់​នាក់​អី​ហ្នឹង គឺ​អត់​មាន​អី​កែប្រែ​ទេ ហើយ​សូម​អំពាវនាវ​ផង​ដែរ​ថា ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​យើង​ជា​ពលករ ទាំង​អស់​គ្នា​ឈប់​សម្រាក​សូម​អញ្ជើញ​ចូលរួម​បាតុកម្ម​ទាំង​អស់​គ្នា»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ ដែល​គ្រោង​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ​ប្រាប់​អាស៊ី​សេរី​ថា លោក​នឹង​ថ្លែង​សារ​នយោបាយ​ទាមទារ​ឲ្យ​បណ្ដា​ប្រទេស​នៃ​ប្រទេស​ជា​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព ២៣តុលា អន្តរាគមន៍​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​បែរ​មក​គោរព​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ ដើម្បី​រួម​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំង​អស់​សូម​ឲ្យ​គាត់​ចូលរួម​ជា​លើក​ចុង​ក្រោយ ហើយ​ដើម្បី​យើង​រក​លទ្ធិ​ប្រជាធិបតេយ្យ​សំខាន់​បំផុត​គឺ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣តុលា ឥឡូវ​នេះ​ភាគី​ខាង​រដ្ឋាភិបាល​ខុស​ច្បាប់​លោក ហ៊ុន សែន ហ្នឹង គាត់​អត់​មាន​គោរព​អី​ទាំង​អស់»

ខ្លឹមសារ​នៃ​ការ​បាតុកម្ម​នេះ គឺ​ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​មានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ។ ចំណុច​សំខាន់​មួយ​ទៀត​នោះ គឺ​ដើម្បី​ផ្សព្វផ្សាយ និង​បញ្ជាក់​ជំហរ​នៃ​វិល​ចូល​ស្រុក​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។