បក្ស​ប្រឆាំង​នៅ​តែ​ប្ដេជ្ញា​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​ដោយ​គ្រាប់​បែក​ជាង​២០​ឆ្នាំ​មុន​ឱ្យ​ខាង​តែ​បាន

ដោយ សុ ជីវី
2019.03.29
បោក​គ្រាប់​បែក ៦២២ ពិធី​​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់​ក្នុង​​​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ដៃ លើ​ក្រុម​បាតុករ​ កាល​ពី​ឆ្នាំ​១៩៩៧ ម្ដុំ​រដ្ឋសភា​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​ ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក ម៉ា ចិត្រា

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា បាតុករ​ដែល​ស្លាប់ និង​រង​របួស​ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​លើ​ហ្វូង​បាតុករ កាល​ពី​ជាង​២០​ឆ្នាំមុន​ថា ពួកគេ​មាន​វីរភាព ដែល​បាន​ពលីកម្ម​ក្នុង​ការ​តស៊ូ ដើម្បី​បុព្វហេតុ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព និង​យុត្តិធម៌​នៅ​កម្ពុជា។ សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​នេះ​ឱ្យ​ដឹង​ថា ថ្ងៃ​ទី​៣០ ខែ​មីនា គឺជា​ខួប​គម្រប់ ២២​ឆ្នាំ នៃ​សោកនាដកម្ម​នៅមុខ​រដ្ឋសភា​ចាស់ ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់ ទៅលើ​បាតុករ​អហិង្សា​បណ្ដាល​ឱ្យ​មនុស្ស ១៦​នាក់​ស្លាប់ និង​ជាង ២០០​នាក់​របួស។

គណបក្ស​បក្ស​នេះ​លើក​ឡើង​ថា រហូតមកដល់​ពេលនេះ​របប លោក ហ៊ុន សែន មិន​បាន​ស្វែងរក​ជន​ដៃដល់ និង​អ្នកបញ្ជា​ពីក្រោយ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទេ។ លើស​ពី​នេះ​គណបក្ស​នេះ​បញ្ជាក់​ជាថ្មី​ថា តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋអាមេរិក​(FBI ) បាន​បង្ហាញ​ថា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​ជា​ប្រធាន និង​អនុ​ប្រធាន​កង​អង្គរក្ស​ផ្ទាល់​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ និង​បញ្ជា​ផ្ទាល់​លើ​ការវាយប្រហារ​ដ៏​អមនុស្សធម៌​នោះ។

បើ​ទោះ​ជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២៨ មីនា ថា សំណុំរឿង​បោក​គ្រាប់បែក​នេះ តុលាការ​មិនទាន់​បិទ​ការស៊ើបអង្កេត​នៅ​ឡើយ។ លោក​បញ្ជាក់​ពី​មូលហេតុ ដែល​ការស៊ើបអង្កេត​អូស​បន្លាយ​ពេល​យូរ​នេះ គឺ​មកពី​សំណុំ​រឿង​នេះ មាន​លក្ខណៈ​ស្មុគស្មាញ។ ទន្ទឹម​គ្នា​នេះ លោក ជិន ម៉ាលីន ក៏​ជំរុញ​ឱ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ថា ប្រសិនបើ​ជា​មាន​ភស្តុតាង​អំពី​ការ​បោក​គ្រាប់បែកដៃ​នោះ គួរ​សហការ​ជាមួយ​សមត្ថកិច្ច និង​តុលាការ។

ក្រៅពី​ថ្លែង​សារ​គោរព​វិញ្ញាណក្ខន្ធ​បាតុករ​ក្នុង​ថ្ងៃ​ខួប​២២​ឆ្នាំនេះ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​គណបក្ស​នេះ​ប្តេជ្ញា​ចិត្ត​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឱ្យ​ខាង​តែ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។