គណបក្សប្រឆាំងនឹងបើកការិយាល័យទូរទស្សន៍ព្រះអាទិត្យ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងខែមិថុនាខាងមុខនេះ។ អ្នកវិភាគលើកឡើងថា ទូរទស្សន៍ព្រះអាទិត្យអាចជួយផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋដឹងកាន់តែច្រើនទៀតពីដំណើរការលទ្ធិប្រជាធិបតេយ្យដែលអាចនឹងឈានទៅរកការផ្លាស់ប្តូរជាវិជ្ជមានខាងមុខនេះ។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងជាប្រធានអនុគណៈកម្មការព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ទូរទស្សន៍ព្រះអាទិត្យ គ្រោងនឹងផ្សាយតាមបណ្តាញសង្គម និងអនឡាញហើយ នឹងបើកសម្ពោធជាផ្លូវការនៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។
ព្រះតេជព្រះគុណបញ្ជាក់ថា ទូរទស្សន៍ព្រះអាទិត្យនេះនឹងចំណាយថវិកាប្រមាណជាង ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីដំណើរការ។ ព្រះតេជគុណបញ្ជាក់ថា ថវិកាទាំងនោះនឹងត្រូវចំណាយលើថ្លៃឈ្នួលផ្ទះ និងទិញសម្ភារៈមួយចំនួនដើម្បីផ្សាយសាកល្បងជាលើកដំបូង។
ព្រះតេជព្រះគុណបញ្ជាក់ថា ទូរទស្សន៍ព្រះអាទិត្យនេះនឹងមានបុគ្គលិកស្ម័គ្រចិត្តចំនួន ៧នាក់ ដែលមានឈ្មោះលេចធ្លោនៅតាមបណ្តាញសង្គមហ្វេសប៊ុកកន្លងមក ហើយនឹងចាប់ផ្តើមដំណើរការផ្សាយព័ត៌មាន ពីសហរដ្ឋអាមេរិកនៅក្នុងអំឡុងខែមិថុនា៖ «អត្ថប្រយោជន៍យើងធ្វើទូរទស្សន៍ព្រះអាទិត្យនេះសំខាន់ជាងគេគឺគ្រប់គ្រងទឹកចិត្តផ្តល់ ឱ កាស ផ្តល់វេទិកាឱ្យអ្នកគាំទ្រខ្លួនបាននិយាយហើយទូរទស្សន៍ព្រះអាទិត្យនេះយើងដាក់ជា Proverb ជាសុភាសិតរបស់យើងថា ជាទូរទស្សន៍របស់ប្រជាពលរដ្ឋខ្មែរ ហើយយើងប្រើគោលការណ៍ព័ត៌មានពីក្រោមមកលើ គឺថា ក្តីកង្វល់របស់ប្រជាពលរដ្ឋយ៉ាងណា ក្តី បារម្ភ របស់ អ្នក គាំទ្រយ៉ាងណាយើងយកបញ្ហានោះមកនិយាយ»។
របបក្រុងភ្នំពេញបានផ្តល់អាជ្ញាប័ណ្ណឱ្យគណបក្សសង្គ្រោះជាតិបង្កើតស្ថានីយទូរទស្សន៍ព្រះអាទិត្យក៏ប៉ុន្តែបានរារាំងតាមបែបបទបច្ចេកទេស មិនអនុញ្ញាត្តិឱ្យបង្កើតស្ថានីយទូរទស្សន៍របស់គណបក្សប្រឆាំងមួយនេះ ចេញផ្សាយជាផ្លូវការឡើយ ចាប់តាំងពីគណបក្សនេះត្រូវតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧។
លោក ហុង សុខហួរ ស្ថាបនិកទូរទស្សន៍ព្រះអាទិត្យ និងជាសមាជិកព្រឹទ្ធសភាខាងគណបក្ស សម រង្ស៊ី ត្រូវបានរបបនេះចាប់ដាក់ពន្ធនាគារពីបទក្លែងឯកសារ សាធារណៈនឹងញុះញង់ឱ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។
លោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោស កាលពីខែតុលា ឆ្នាំ២០១៧ក្រោយពីមានសំណើរពីលោក ហ៊ុន សែន។
ពាក់ព័ន្ធនឹងគំរោងទូរទស្សន៍បក្សប្រឆាំងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ប្រាប់អាស៊ីសេរីតាមបណ្តាញសង្គមហ្វេសប៊ុក ដោយចំអកដាក់ទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិថា «ខំធ្វើទៅ ទាន់នៅសុំលុយគេបាន»។ លោកមិនបានបញ្ជាក់អ្វីបន្ថែមទៀតនោះទេ។
គណបក្សសង្គ្រោះជាតិមានគម្រោងបង្កើតស្ថានីយទូរទស្សន៍របស់គណបក្សប្រឆាំងដោយត្រូវប្រើថវិកាប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក។ មកទល់ពេលនេះ ថវិកាដែលទទួលបានពីការបរិច្ចាគរបស់សាធារណជន មានចំនួនជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលប្រមូលបានពីក្រុមអ្នកគាំទ្រគណបក្សប្រឆាំងពីក្នុងនិងក្រៅប្រទេស។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានកាន់កម្មវិធីផ្សាយទូរទស្សន៍គណបក្សសង្គ្រោះជាតិតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីបានតែងតាំងជាប្រធានអនុគណៈកម្មការព័ត៌មានរបស់គណបក្ស។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា កម្មវិធីថ្មីរបស់ទូរទស្សន៍ព្រះអាទិត្យនឹងផ្សាយអំពីព័ត៌មានសង្គម វិភាគនយោបាយ និងសំឡេងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង គាំទ្រឱ្យមានកម្មវិធីផ្សាយទូរទស្សន៍សង្គ្រោះជាតិតាមអ៊ីនធឺណិតឬអនឡាញ៖ «គណៈ អចិន្ត្រៃយ៍ បានសម្រេចឱ្យយើងមានប្រព័ន្ធផ្សព្វផ្សាយមួយជាផ្លូវការរបស់គណបក្សសង្គ្រោះជាតិ អ៊ីចឹងហើយបានជាយើងប្រគល់ភារកិច្ចហ្នឹងទៅឱ្យព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដើម្បីឱ្យព្រះអង្គលោកចាត់ចែងរៀបចំដើម្បីឱ្យពិនិត្យបង្កើតឡើងវិញនូវទូរទស្សន៍ព្រះអាទិត្យតាមអនឡាញ»។
ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស លោកស្រី ធិត គឹមហ៊ុន ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១៨ ឧសភាថា របបផ្ដាច់ការសព្វថ្ងៃមិនអាចឱពលរដ្ឋខ្មែរបានបញ្ចេញមតិផ្ទាល់ខ្លួនដោយឯករាជ្យឡើយ។ លោកស្រីបញ្ជាក់ថា មានតែការបង្កើតទូរទស្សន៍ព្រះអាទិត្យតាមអនឡាញនេះទេ ដែលអាចឱបងប្អូនខ្មែរបានយល់ដឹងទូលាយ និងបានដឹងពីទុកលំបាករបស់ពួកគេ ហើយជាពិសេសគឺអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱពួកគេបានដឹងថា តើកម្ពុជាយើងពិតជាអត់មានសិទ្ធិសេរីភាពបញ្ចេញមតិប្រាកដមែន។
អ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ មានប្រសាសន៍ថាបើទោះបីជារបបលោក ហ៊ុន សែន បានព្យាយាមកម្ទេចមិនឱ្យបើកស្ថានីយទូរទស្សន៍ព្រះអាទិត្យនៅក្នុងប្រទេសក៏ដោយ ក៏មិនអាចរារាំងដំណើរការនេះបានដែរ។ លោកបញ្ជាក់ថា នៅពេលដែលទូរទស្សន៍ព្រះអាទិត្យចាប់ផ្តើមចេញផ្សាយ នឹងធ្វើឱ្យរបបក្រុងភ្នំពេញព្រឺឆ្អឹងខ្នង ពីព្រោះស្ថានីយទូរទស្សន៍ក្នុងស្រុកដែលគ្រប់គ្រងដោយរបបក្រុងភ្នំពេញ មិនដែលនិយាយពីការពិតអំពីការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ៖ «ជាការលើកតម្កើងស្មារតីអ្នកគាំទ្រឱ្យដឹងព័ត៌មានគណបក្សសង្គ្រោះជាតិ និងរក្សាបានទឹកចិត្តរបស់ អ្នកគាំទ្រ ដដែល ម្លោះហើយវាជារឿងដែលធ្វើឱ្យលោក ហ៊ុន សែន គាត់ភ័យខ្លាចពីព្រោះកាលណារក្សាកម្លាំងអ្នកគាំទ្រ ជំនឿទឹកចិត្តអ្នកគាំទ្របានអំពីការផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនគឺគាត់ខ្លាចហើយ»។
ចំណែក នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក ណុប វី មានប្រសាសន៍ថា ការចេញផ្សាយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ តាមអនឡាញនេះមិនមានឥទ្ធិពលអ្វីប៉ុន្មានដល់អ្នកស្តាប់ និងទស្សនាទេ ដោយសារការប្រើប្រាស់អ៊ីនធឺណិតនៅមានកម្រិតជាពិសេសប្រជាពលរដ្ឋ នៅតាមតំបន់ជនបទឆ្លាយៗនៅមិនទាន់ទទួលបានព័ត៌មានបែបនេះបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
