ក្រុម​ស្ត្រី​បក្ស​សង្គ្រោះជាតិ​ថា របប​ក្រុងភ្នំពេញ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​នយោបាយ​របស់​ស្ត្រី

ដោយ សុ ជីវី
2019-03-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា កឹម តុលា អតីត​មេឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កញ្ញា កឹម តុលា អតីត​មេឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
រូបថត៖ ហ្វេសប៊ុក កឹម តុលា ភ្នំស្រួច និង Saro Sovudhi

ក្រុម​ស្ត្រី​ជា​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤​នាក់ ដែល​កំពុង​លាក់ខ្លួន នៅ​កន្លែង​មាន​សុវត្ថិភាព ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​ជា​កា​រំលោភបំពាន​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ជាពិសេស​សិទ្ធិ​ស្ត្រី។ អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការរើសអើង​និន្នាការ​នយោបាយ ការ​បំភិតបំភ័យ​ក្នុង​ស្ថានភាព​នយោបាយ​អាក្រក់​ដូច​បច្ចុប្បន្ន​នេះ គឺជា​បញ្ហា​ប្រឈម​សំខាន់ ដែល​ធ្វើ​ឱ្យ​ចំនួន​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​តួនាទី​អ្នកធ្វើ​សេចក្ដី​សម្រេច​នៅ​មាន​ចំនួន​តិចតួច។

ក្រុម​ស្ត្រី​ដែល​ជា មេឃុំ សមាជិក​ក្រុមប្រឹក្សា ខេត្ត និង​ស្រុក ដែល​ជាប់ឆ្នោត ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់ស្ពឺ ឱ្យ​ដឹង​ថា ពួកគេ​ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​មួយរយៈ​នេះ​គឺ ដើម្បី​សុវត្ថិភាព​ចៀស​ពី​ការ​ធ្វើទុក្ខបុកម្នេញ ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ និង​ដើម្បី​រង់ចាំ​ឱកាស ដើម្បី​វិលត្រឡប់​ទៅ​បំពេញការងារ​បម្រើ​សង្គម បម្រើ​ប្រជាពលរដ្ឋ ចូលរួម​ដោះស្រាយ​បញ្ហា​ស្ត្រី និង​កុមារ​នៅ​ក្នុង​មូលដ្ឋាន។

មេឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច កញ្ញា កឹម តុលា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៨ ខែ​មីនា ថា ចាប់​តាំង​ពី​ការ​រម្លាយ​គណបក្សប្រឆាំង និង​ដកហូត​តួនាទី​ជា​មេឃុំ មក​កញ្ញា​បាត់បង់​ឱកាស​បន្ត​ការងារ​ជួយ​ដោះស្រាយ​បញ្ហា​របស់​​ស្ត្រី និង​កុមារ​ក្នុង​មូលដ្ឋាន​។ កញ្ញា​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ស្ត្រី៖ «យ៉ាងណាក៏ដោយ​ក៏​មិន​អាច​ទទួលយក​បាន​ដែរ ដែល​គេ​មាន​គំនាប​លើ​ពួក​ខ្ញុំ​ដែល​ជា​ស្ត្រី ជាពិសេស​ទៅលើ​ស្ត្រី​ផ្សេងទៀត​ទោះជា​គាត់​​មិនមែន​ជា​ថ្នាក់ដឹកនាំ តែ​ក៏​ជា​ស្ត្រី​ក្នុងនាម​ប្រជាពលរដ្ឋ។ បង្កើត​ដល់​ថា​មាន​សមភាព​យេនឌ័រ គោរព​សិទ្ធិ​ស្ត្រី ឱ្យ​ស្ត្រី​ឈរ​ឈ្មោះ​ធ្វើជា​ថ្នាក់ដឹកនាំ ឬ​ធ្វើជា​អ្វី​ផ្សេងៗ ឱ្យ​ស្ត្រី​ទៅ ប៉ុន្តែ​ការពិត​គឺ​គំនាប​លើ​ស្ត្រី​គ្រប់​បែប​យ៉ាង គឺ​ពួក​ខ្ញុំ​ទទួលយក​អត់​បាន​ទេ ព្រោះ​​ដោយសារ​ការ​សហការ​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​អភិវឌ្ឍ​ត្រូវតែ​មាន​ស្ត្រី គឺ​ស្ត្រី​ក៏​ជា​ចលករ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឱ្យ​បាន​រីកចម្រើន​ដូចគ្នា​នឹង​បុរស​ដែរ»

ស្ត្រី​ចំនួន​៤​នាក់ ដែល​ជា មេឃុំ សមាជិក​ក្រុមប្រឹក្សា ខេត្ត និង​ស្រុក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​បុរស​២​នាក់​ទៀត បានសម្រេច​រត់គេច​ខ្លួន​ក្រោយ​ទទួល​បាន​ដីកា​ពី​តុលាការ​ខេត្ត ឱ្យ​ចូល​ទៅ​បំភ្លឺ​ករណី​ពួកគេ​នាំគ្នា​ជួប​ប្រជុំ​បង្ហាញ​ការ​គាំទ្រ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ។

មន្ត្រី​កម្មវិធី​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ មើលឃើញ​ថា បញ្ហា​នេះ​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឱ្យ​ចំនួន​ស្ត្រី ក្នុង​វិស័យ​នយោបាយ​បាន​ថយ​ចុះ។ អ្នកស្រី​ថា ការណ៍​នេះ​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការចូលរួម​ដោះស្រាយ​បញ្ហា​ដែល​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​ជួបប្រទះ។ អ្នកស្រី​ថា គ្រប់​គណបក្ស​នយោបាយ​ត្រូវតែ​ងាក​មក​ដោះស្រាយ​បន្ធូរបន្ថយ​ស្ថានភាព ដើម្បី​សម្រួល​បរិយាកាស​នយោបាយ ធ្វើ​យ៉ាងណា​ឱ្យ​ស្ត្រី​ពី​គ្រប់​ទស្សនៈ​នយោបាយ​បាន​ធ្វើ​ការងារ​រួមគ្នា ដើម្បី​អភិវឌ្ឍ​សង្គមជាតិ និង​ដោយ​ពុំ​មាន​ការរើសអើង៖ «រក​វិធី​យ៉ាងណា មធ្យោបាយ​យ៉ាងណា​ដើម្បី​រក្សា​សុវត្ថិភាព​ទី​១ បរិយាកាស​នយោបាយ បរិយាកាស​សង្គម សន្តិភាព សុវត្ថិភាព​សម្រាប់​ពួកគាត់​គឺ​សំខាន់ ដើម្បី​ឱ្យ​គាត់​មានលទ្ធភាព​ក្នុ​ង​ការ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ ការងារ​សង្គម សាធារណៈ​ហ្នឹង ទី​២ គឺ​ដើម្បី​ធ្វើ​ឱ្យ​មាន​សមភាព​យេនឌ័រ​គឺ​ត្រូវតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​២ ទាំង​បោះឆ្នោត​ឃុំ និង​បោះឆ្នោត​ជាតិ គឺ​ការ​កំណត់​ឱ្យ​ជាក់លាក់​ទៅលើ​ការ​ឈរ​ឈ្មោះ​ស្ត្រី និង​បុរស​ឆ្លាស់គ្នា»

ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ចំនួន ៥២​ភាគរយ ប៉ុន្តែ​សំឡេង​ស្ត្រី​ក្នុង​ឆាក​នយោបាយ​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​តំណាង​ស្ត្រី​ក្នុង​ស្ថាប័ន​អំណាច​នយោបាយ​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​។ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​បន្តបន្ទាប់​ដើម្បី​ជំរុញ​ឱ្យ​ចំនួន​ស្ត្រី​ចូលរួម​ក្នុង​វិស័យ​នេះ​បាន​កើន​ឡើង។ យ៉ាង​នេះ​ក្ដី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ផែនការ​របស់​រដ្ឋាភិបាល​ពិបាក​នឹង​ទទួល​បាន​ជោគជ័យ នៅ​ពេល​ដែល​ក្រុម​ស្ត្រី​នៅតែ​ជួបប្រទះ​ការរើសអើង ការ​កៀបសង្កត់ និង​បញ្ហា​​ជា​កត្តា​រាំងស្ទះ​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល