លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលកំពុងមានជម្លោះនយោបាយនឹងគ្នាមិនចេះចប់នោះ បានអះអាងផ្សេងៗគ្នាអំពីលទ្ធផលប្តឹងផ្តល់គ្នានៅតុលាការប្រទេសបារាំងជុំវិញការស្លាប់របស់លោក ហុក ឡង់ឌី។
ចំណែកអ្នកប្រើប្រាស់បណ្តេញសង្គមដែលមាននិន្នាការគាំទ្រអ្នកនយោបាយល្បីឈ្មោះទាំងពីររូបនេះ ក៏បានបញ្ចេញមតិយល់ឃើញផ្ទុយគ្នាដែរ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរពន្យល់អំពីពាក្យគន្លឹះជាភាសាបារាំងនៃខ្លឹមសារក្នុងសាលក្រមរបស់តុលាការបារាំង ដែលជាលទ្ធផលសម្រេចរឿងក្តីរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ តុលា។
លោក សម រង្ស៊ី សរសេរថា លោកនាយករដ្ឋមន្ត្រី និងប្រធាន គណបក្សកាន់អំណាច ហ៊ុន សែន អត់ចេះអានអក្សរបារាំងទេដូច្នេះមិនអាចភូតភរគេបានទេ។
លោកបកស្រាយដោយយោងតាមសាលក្រមនោះថា ទាំងលោក ហ៊ុន សែន ទាំង លោក ឌី វិជ្ជា ចាញ់ក្តីហើយ ចំពោះមុខតុលាការបារាំង។
ចំណែករូបលោក គឺ សម រង្ស៊ី បានឈ្នះក្តីហើយ ចំពោះមុខតុលាការដូចគ្នានេះ។
រីឯអ្នកប្រើប្រាស់បណ្ដាញសង្គមដែលដាក់ឈ្មោះថា សុវណ្ណារិទ្ធ អ៊ុក (Sovannarith Ork) បានចូលទៅបញ្ចេញមតិនៅក្នុងគណនីហ្វេសប៊ុក លោក សម រង្ស៊ី ថា
« ជ័យយោលោក សម រង្ស៊ី !! អបអរសាទរខ្ញុំពិតជារំភើបចិត្តណាស់នូវដំណឹងដ៏ល្អមួយនេះ ហើយនេះគឺជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរទាំងមូលផងដែរ »។
ចំណែកម្ចាស់ គណនីហ្វេសប៊ុក ឈ្មោះ វង្ស រ៉ាន់នី (Vorng Runny) ក៏បានចូលទៅបញ្ចេញទស្សនៈ ឌឺដងទៅតុលាការស្រុកខ្មែរ ពាក់ព័ន្ធនឹងរឿងក្តីក្តាំ ហ៊ុន សែន សម រង្ស៊ីនេះដែរថា៖ « តុលាការបារាំងជាតុលាការដែលឯករាជ្យមិនមែនជាតុលាការអាយ៉ងដូចស្រុករំដួលនោះទេ ...»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀត ឈ្មោះថា៖ ថាល់ សាវុធ សមហេង (Thal Savuth Soum Heng) បានបញ្ចេញទស្សនៈបញ្ឆិតបញ្ឆៀងទៅប្រព័ន្ធតុលាការកម្ពុជាថា « យុត្តិធម៌ពិតជាមាន។ ច្បាប់ទេវតា ( បារាំង ) មិនដូចច្បាប់បិសាច ( តុលាការអាយ៉ង ហ ស ) នោះទេ ....»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀត ឈ្មោះថា៖ នាង សុខុន (Neang Sokhun) បញ្ចេញទស្សនៈជុំវិញរឿងនេះដែរថា « លោក សម រង្ស៊ី កំពុងតែស្វែងរកយុត្តិធម៌ជូនពលរដ្ឋដែលបានស្លាប់យ៉ាងអយុត្តិធម៌ក្នុងរបប ហ៊ុន សែន ពេលនេះពលរដ្ឋខ្មែរបានទទួលយុត្តិធម៌បណ្តើរៗហើយយុត្តិធម៌ត្រូវតែឈ្នះលើអយុត្តិធម៌ ...»។
ជាមួយគ្នានេះដែរម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ពេជ អង្គរ (Pich Angkor) នេះបង្ហាញឱ្យឃើញថា លុយ និងអំណាចរបស់ត្រកូល(ហ)មិនមានឥទ្ធិពលលើតុលាការនៃប្រទេសបារាំងបានទេ...!។
លោក ហ៊ុន សែន និងកូនប្រសាគឺលោក ឌី វិជ្ជា បានរួមគ្នាប្តឹងលោក សម រង្ស៊ី កាល ពីថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩ នៅតុលាការប្រទេសបារាំង ពីបទបរិហារកេរ្តិ៍ ចំពោះការដែលលោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាជាអ្នករៀបចំផែនការសម្លាប់ អតីតមេប៉ូលីសក្រុងភ្នំពេញ និងជាដន្លងរបស់ខ្លួន គឺលោក ហុក ឡង់ឌី។
បណ្ដឹងនេះកើតមានឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យសម្លាប់លោក ហុក ឡង់ឌី តាមរយៈធ្វើឲ្យផ្ទុះឧទ្ធម្ភាគចក្រ ដែលលោក ហុក ឡង់ឌី កំពុងជិះពីភ្នំពេញទៅខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
តុលាការបារាំងបានបើកសវនាការជំនុំជម្រះរឿងក្ដីនេះ កាលពីថ្ងៃទី១ កញ្ញាឆ្នាំ២០២២។ តុលាការបារាំង បានប្រកាសសាលក្រមកាលពីនៅទីថ្ងៃទី១០ ខែតុលា ដោយសម្រេចលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ដែលប្ដឹងដោយលោក ហ៊ុន សែន និងកូនប្រសារ គឺលោក ឌី វិជ្ជា។
អ្នកគាំទ្រលោក សម រង្ស៊ី បង្ហោះសារអបអរសាទរដូចទឹកបាក់ទំនប់លើលទ្ធផល ជ័យជំនះនៅតុលាការប្រទេសបារាំងនោះ ខាងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកគាំទ្រលោក ក៏ចេញមុខមកស្រាយអំពីលទ្ធផលវិជ្ជមាននៅតុលាការប្រទេសបារាំងដូចគ្នាដែរ។
ទំព័រហ្វេសប៊ុក ហ៊ុន លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នសារព័ត៌មានជាច្រើនដែលគាំទ្រលោកបានផុស ឬផ្សព្វផ្សាយអំពីការពន្យល់បកស្រាយរបស់មេធាវីរបស់លោក ហ៊ុន សែន គឺលោក គី តិច អំពីសាលក្រមសម្រេចក្តីរបស់តុលាការបារាំងនោះថា៖ តុលាការបារាំងបានសម្រេចមិនឲ្យ លោក ហ៊ុន សែន ស្ថិតនៅក្រោមការស្លាប់របស់លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្ស៊ី នោះទេ។
លោក ហ៊ុន សែន ក៏បានសរសេរបញ្ជាក់លើទំព័រហ្វេសប៊ុក របស់លោក ផ្ទាល់ដែរថា៖ «
ទៅពីខ្មែរដល់បារាំងខ្ញុំចង់បានតែប៉ុណ្ណឹង ...» សូមអស់លោកដែលចេះភាសាបារាំងអានអត្ថបទទាំងមូលដែលចេញដោយតុលាការបារាំងទើបយល់ច្បាស់ » ។ លោកក៏បានផុសភ្ជាប់មកជាមួយនូវសាលក្រមទាំងស្រុងជាភាសាបារាំងផងដែរ។
ស្របពេលជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានថ្លែង អះអាងបន្ថែមកាលពីថ្ងៃទី១១តុលា ថាលោកបានទទួលនូវអ្វីដែលលោកចង់បាន ហើយតុលាការប្រទេសបារាំងបានទទួលស្គាល់ថា លោកមិនបាននៅពីក្រោយការសម្លាប់លោក ហុក ឡង់ឌី នោះទេ។
ចំណែកមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគយល់ថា អ្វីដែលលោក ហ៊ុន សែន លើកឡើងមកនោះ ជាវោហារសាស្ត្រនយោបាយ ដើម្បីបន្លំការពិតប៉ុណ្ណោះ។
ទោះយ៉ាងណាក្តី ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា៖ សោម អូន (Som Aun)បានចូលទៅបញ្ចេញមតិ ឬខមមិន(Comments)នៅក្នុងទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ដោយសរសេរ សារអបអរសាទរ ដែលថាលោក ហ៊ុន សែន ទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំងក្នុងសំណុំរឿងប្តឹង លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ។
ទន្ទឹមនឹងការចូលរួមអបអរជាច្រើននៅក្នុងទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ដដែលនោះ ក៏មានអ្នកចូលទៅសរសេរបញ្ចេញទស្សនៈផ្ទុយដែរ។
ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះថា៖ ណាំ ប៊ុនណា លី (Nam Bunna Lee) បាន សរសេរបញ្ចេញទស្សនៈ នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន តែបែរជា ចូលរួមអបអរលោក សម រង្ស៊ី ទៅវិញ។ គាត់សរសេរថា លោក សម រង្ស៊ី ដែលបានឈ្នះក្តីនៅតុលាការឯករាជ មិនស្ថិតនៅក្រោមសម្ពាធអ្នកនយោបាយដូចនៅកម្ពុជា។
ចំណែក ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា៖ សារ៉ាត់ ហួរ(Sarath Hour) ក៏បានបញ្ចេញទស្សនៈហាក់ចង់បន្ទោសទៅមេដឹកនាំនយោបាយទាំងពីរដូច្នេះថា ៖ជាអ្នកដឹកនាំដូចគ្នា ម្នាក់ដឹកនាំរដ្ឋាភិបាល ម្នាក់ដឹកនាំបក្សប្រឆាំងនិយាយយកត្រូវតែរៀងៗខ្លួនចុះអ្នកល្ងង់ខ្លៅដូចពួកខ្ញុំជាប្រជាពលរដ្ឋ គិតយ៉ាងណាហេតុអ្វី អ្នកដឹកនាំទាំងពីរមិនព្រមជជែកគ្នារកចំណុចរួមណាមួយដើម្បីអភិវឌ្ឍន៍ជាតិឱ្យបានសុខសាន្តជាមួយគ្នា...? ខ្ញុំជាយុវជនជំនាន់ក្រោយ ខ្ញុំរៀនសូត្រមិនបានជ្រៅជ្រះទេ តែឆ្ងល់ហេតុអ្វីលោកទាំងពីរមិនអាចអង្គុយនិយាយគ្នាដើម្បីខ្មែរ...? ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។