ជាដំបូងនេះខ្ញុំបាទសូមលើកយកនូវទស្សនៈរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះមនោទេព្យ (Mono Tep)។ លោកបានផុសរូបលោកជាមួយលោក សម រង្ស៊ី អមជាមួយសារដែលថា៖ «ខ្ញុំជំរុញនិងលើកទឹកចិត្តឱ្យលោក ហ៊ុន សែន ចូលប្រជុំជាមួយលោក សម រង្ស៊ី និងថ្នាក់ដឹកនាំសង្រ្គោះជាតិផ្សេងទៀតឱ្យបានញឹកញាប់ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ស្វែងយល់រៀនសូត្រអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស មានក្រមសីលធម៌ គុណធម៌ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ»។
លោកបន្តថា៖ «កិច្ចប្រជុំជាសាធារណៈ ថ្នាក់ដឹកនាំសង្រ្គោះជាតិ គ្មានរឿងអីលាក់បាំងទេ យើងនិយាយតែពីបញ្ហាប្រទេសជាតិ គ្មានទេការវាយប្រហារជេរប្រមាថបុគ្គល ។ ប្រសិនបើលោកហ៊ុន សែន មានបំណងចង់ចូលប្រជុំប្រចាំសប្តាហ៍ជាមួយយើងៗស្វាគមន៍ ខ្ញុំនឹងផ្ញើ links Zoom ជូន កុំឱ្យពិបាកដល់សម្តេចលបចូលតាមទ្វារក្រោយនាំឲ្យអាប់អោនកិត្តិយសខ្លាំងណាស់»។
ពាក់ព័ន្ធនឹងរឿងនេះដែរម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យឹម ស៊ីណន (Yim Sinorn) ក៏បានសរសេររិះគន់ចំពោះរឿងនេះដែរថា៖ «យើងគ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថា ទង្វើនៃការលួចចូលស្តាប់ ឬលួចថតសំលេងសន្ទនាឯកជន ឬនរណាម្នាក់ដោយគ្មានការយល់ព្រមរវាងគ្នានិងគ្នា មិនមែនត្រឹមជារឿងគ្មានសីលធម៌ប៉ុណ្ណោះទេ វាក៏ជារឿងល្មើសច្បាប់ធ្ងន់ធ្ងរបំផុត ។ ខណៈខ្លួនជាមេដឹកនាំជាតិ ដែលបានបង្កើតច្បាប់ និងត្រូវគោរពច្បាប់ធ្វើជាគំរូដល់ពលរដ្ឋទូទៅ បែរជាអង្គុយលើច្បាប់ដោយគ្មានការអៀនខ្មាស»។
លោកបានដាក់ចម្ងល់ថា៖ «ប៉ុន្តែហេតុអ្វីបានជាក្រុមគូរបដិបក្ខម្ខាងទៀត មិនថ្កោលទោសលើទង្វើល្មើសច្បាប់ ហើយបែរជាសប្បាយរំភើប រហូតគិតថា សម្តេចកំពុងបោះដៃចរចារជាមួយខ្លួនទៅវិញ ..?»។
ជាការឆ្លើយតបនឹងសំណេររិះគន់នេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សឿន វិចិត្រា បានខមមិនត៍ (Comment) តបថា៖ «បើគាត់ព្រមចចារនោះ ក៏ជារឿងល្អដល់ជាតិដែរ»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វ៉ុន សេងអ៊ុន (Vun Seng Un) ក៏បានចូលខមមិនត៍តបដែរថា៖ «មេដឹកនាំរដ្ឋម្នាក់ដែលបន្ថោកខ្លួនចូលទៅប្រជុំជាមួយសកម្មជនអង្ករកំប៉ុងនៃបក្សប្រឆាំង វារឿងរសើបបំផុត ហើយក្នុងចិត្តនៃមេដឹកនាំនោះនៅតែចាត់ទុកពួកទាំងនោះជាដៃគូរប្រយុទ្ធដែល១០០ឆ្នាំទើបជួបម្តង ឬអាចជាបន្លាក្នុងបេះដូង»។
ទាក់ទងកិច្ចការសម្ងាត់ផ្ទៃក្នុងនៃគណបក្សប្រឆាំងវិញ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខរិទ្ធី វីកធូរៀ (Sokrithy Victory) បានដាក់ការសង្ស័យថា៖ «Zoom ចង់ចូលបានទាល់តែមានតំណភ្ជាប់ ឬ link meeting ID/ លេខសម្ងាត់ (Password) មិនមែនចេះតែចូលបានងាយៗទេ។ សម្ដេចចូលបានមានន័យថា ផ្ទៃក្នុងបានបោះដៃអោយចូលបាន នោះគឺមានន័យថាផ្ទៃក្នុងអ្នកលែងអាចទុកចិត្តបានហើយ»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុឃុន នាង (Sokhon Neang) បានសរសេរតបថា៖ «កុំទៅភ្ញាក់ផ្អើលចោទទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែនមកពីខាងគណបក្សសង្គ្រោះជាតិពុំមានសមត្ថភាពទប់ស្កាត់បុគ្គលផ្ទៃក្នុងដែលគេលួចសំងំពួនអាត្មាក្នុងបក្សនោះ»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មាស មឿន (Meas Moeurn) គាត់ហាក់ដូចជាយល់ផ្សេងពីគេទៅវិញ។ លោកថា៖ «វាគ្មានអ្នកលួចស្តាប់ហើយក៏មិនមានអ្នករាយការណ៏អីដែរវាគ្រាន់តែជាល្ខោនកំដរឆាករបស់អ្នកនយោបាយរវាងអ្នកនយោបាយប្រចាំគណបក្សរៀងៗខ្លួនតែប៉ុណ្ណោះ»។
រីឯខមមិនត៍ចុងក្រោយជុំវិញរឿងលោក ហ៊ុន សែន ចូលរួមប្រជុំតាមអនឡាញ ហ៊្សូម(Zoom)ជាមួយមន្រ្តីបក្សសង្គ្រោះជាតិនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មាតុភូមិ កំសត់ យល់ឃើញថា៖ «ល្បែងនយោបាយអាចនឹងមានការផ្លាស់ប្តូរទៀត ។ ការប្រជុំតាម zoom ប្រាកដជាមានអ្នកគ្រប់គ្រង បើដាក់អ្នកចូលរួមអូតូក៏សមាជិកចូលរួមប្រជុំអាចដឹងថា អ្នកណាចូលរួមដែរ។ តែនេះអាចជារបត់នយោបាយថ្មី ..!! សង្ឃឹមថា វាអាចវិលទៅរកភាពល្អប្រសើរចុះ»។ម្ចាស់គណនីហ្វេសប៊ុកដដែលនេះកត់សម្គាល់ថា៖ «នយោបាយស្រុកយើងខុសគេ ពេលគេចង់ត្រូវរ៉ូវគ្នាវិញក៏មានរឿងប្លែកៗកើតឡើងដែរ ...»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។