ហ្វុនស៊ិនប៉ិច​ទំនង​ពិបាក​រក​ការគាំទ្រ​ពី​យុវជន​តាម​រយៈ​ចំណង​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​កុម្មុយនីស្ត

0:00 / 0:00

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​វិភាគ​ថា​ គណបក្ស​រាជា​និយម​ហ្វុនស៊ិនប៉ិច​ (FUNCINPEC) អាច​ពិបាក​រក​ការគាំទ្រ ឬ​សំឡេង​ឆ្នោត​ពី​យុវជន​សម័យ​ថ្មី ជាពិសេស​អ្នក​និយម​ប្រជាធិបតេយ្យ​សេរី។ ការលើក​ឡើង​នេះ​បន្ទាប់​ពី​ប្រធាន​ថ្មី​គណបក្ស​នេះ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទើប​ទទួល​បាន​ការសាទរ ការលើក​​ទឹក​​ចិត្ត និង​ការអះអាង​ពី​ចំណង​មិត្ត​ភាព​ប្រពៃណី​ពី​បក្ស​កុម្មុយនីស្ត​ចិន​ (China) និង​ពី​ប្រទេស​កូរ៉េខាងជើង (North Korea)។

បុត្រា​ច្បង​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែល​ជាប់​ជា​ប្រធាន​គណបក្ស​រាជា​និយម​ថ្មីៗនេះ ​ក៏​ទទួលបាន​ការសាទរ​ភ្លាមៗ​ពី​បក្សកុម្មុយនិស្ដ​ចិន​​ដែរ។

ក្នុង​លិខិត​កាលពីថ្ងៃទី១ ខែ មីនា បក្សកុម្មុយនិស្ដ​ចិន​បាន​បញ្ជាក់​ជំហរ​ត្រៀម​​ធ្វើការ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​គ្នា ឆ្ពោះទៅ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង២ ចិន-កម្ពុជា ព្រមទាំង​កសាង​សហគមន៍​ ចិន-កម្ពុជា ​រួម​អនាគត​ជាមួយគ្នា ដើម្បី​អត្ថប្រយោជន៍​ពលរដ្ឋ​នៃ​ប្រទេស​ទាំង២។ លិខិត​ដដែល​បាន​រម្លឹក​ពី​ទំនាក់​ទំនង​មិត្តភាព​រវាង​កម្ពុជា និង​ចិន​ថា​ជា​ទំនាក់ទំនង​ប្រពៃណី ដែល​មាន​តាំង​ពី​ជំនាន់​សម្តេច​ព្រះសីហនុ ព្រះ​បរម​រតន​កោដ្ឋ។

អ្នកនាំពាក្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​យប់​ថ្ងៃទី២ ខែមីនា ថា​មិន​ខុស​ពី​ការលើកឡើង​របស់​លិខិត​របស់​បក្ស​កុម្មុយនីស្ត​ចិន ចំណង​មិត្តភាព​រវាង​ចិន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​គឺ​ជាប្រពៃណី​បន្ត​ជំនាន់​មក​ហើយ។ លោក​ថា​ក្រៅ​ពី​នេះ​គណបក្ស​ហ៊្វុនស៊ុនប៉ិច​ក៏​បាន​ដំណឹង​ថា​អាច​បាន​ការសាទរ​ដូចគ្នា​នេះ​ដែរ​ពី​ប្រទេស​កូរ៉េខាងជើង ដែល​ជា​ប្រទេស​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​​​ព្រះមហាក្សត្រ​ខ្មែរ។ លោក​ថា​ទោះជាយ៉ាងណា​គណបក្ស​ហ៊្វុនស៊ិនប៉ិច បើកទូលាយ​ក្នុង​ទំនាក់ទំនង​ចំណង​ការទូត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ពិសេសប្រទេស​​ប្រជាធិបតេយ្យ​ផង​ដែរ៖ « គណបក្ស​ហ៊្វុនស៊ិនប៉ិច​យើងតែងតែ​បង្ហាញ​នូវ​គោលជំហរ​គឺយើង ស្វាគមន៍​ចំពោះ​មិត្តភក្តិ​យើងទាំងអស់ មិនថា​ប្រទេសណាទេ ប្រទេសលោកសេរី ឬ​ប្រទេសណាទេ។​ ប៉ុន្តែ​យើង​ក៏​មិនភ្លេច​មិត្ត​ចាស់​របស់​យើងដែរ​ ​យើងបន្ត​ធ្វើ​ការជាមួយ​​ប្រទេសណាដែល​ប្រកាន់​ប្រជាធិបតេយ្យ​​ ក៏ដូចជា​បើកចំហរ នយោបាយ​ទូលំទូលាយ។ ហើយ​គណបក្ស​ក៏មាន​មិត្ត​ចាស់ ជាមិត្ត​ដ៏ល្អ ​ដែល​តែង​ជួយ​គាំទ្រ​​គណបក្ស»

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវ​សមាជិក​គណបក្ស​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​រាជា​និយម​មួយ​នេះ​កាល​ពី​ថ្ងៃទី៩ ខែកុម្ភៈ ដែល​បើក​ផ្លូវ​ឱ្យ​ព្រះអង្គ​ចាប់​ផ្ដើម​ជីវិត​នយោបាយ​បន្តវេន​ពី​បិតា​ គឺ​សម្តេច​ក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ ដែល​ធ្លាប់​ជា​អតីត​នាយក​រដ្ឋមន្ត្រី​មួយ​រូប។ ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រាវុធ បញ្ជាក់​ថា​នឹង​មិន​យាង​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ​ទេ ហើយ​ព្រះអង្គ​ប្ដេជ្ញា​ការពារ​គណបក្សហ៊្វុនស៊ិនប៉ិច​ឲ្យ​គង់វង្ស​ជា​អមតៈ។

ទាក់ទង​នឹង​ការគាំទ្រ និង​ការ​លើក​ទឹកចិត្ត​ពី​ប្រទេស​កុម្មុយនីស្ត​បែប​នេះ អ្នកជំនាញ​វិទ្យាសាស្រ្ត​នយោបាយលោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ចំពោះ​មុខ​គណបក្សហ៊្វុនស៊ិនប៉ិច​មិន​អាច​បោះបង់ចោល​នូវ​ទឹក​ចិត្ត និង​ចំណង​មិត្ត​ភាព​ពី​បណ្ដា​ប្រទេស​កុម្មុយនីស្ត​ទាំង២​នេះ​បាន​ទេ។ ប៉ុន្តែ​រូបភាព​បែបនេះ​គណបក្ស​នេះ​ក៏​អាច​នឹង​ជួប​ការ​លំបាក​ក្នុង​ការកៀរគរ​សំឡេង​គាំទ្រ​ពី​យុវជន​ជំនាន់​ក្រោយ ក្នុង​ពេល​ដែល​គណបក្ស​នេះ​ធ្លាប់​បាត់បង់​ប្រជាប្រិយ​ភាព​រួច​ទៅ​ហើយ។ បើតាម លោក ឯម សុវណ្ណារ៉ា គណបក្ស​រាជា​និយម​មួយនេះ​អាច​ស្ដារកេរ្តិ៍​ឈ្មោះមកវិញ​បាន​ល្គិកណា​តែ​ប្រឹងប្រែង​តាមដាន​ស្ថានភាព​សង្គម ​តម្រូវ​ការ​របស់​ពលរដ្ឋ និងក្រុមយុវជន ព្រមទាំង​​ចូលរួម​ផ្ដល់​ដំណោះស្រាយ​ដល់​ពួក៖ «សំខាន់គឺពាក់ព័ន្ធនឹង​ប្រជាប្រិយភាព​នយោបាយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ តើគាត់មានស្នាដៃ មានកេរ្តិ៍ឈ្មោះ ដែល​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ ដែល​ជួយឈឺឆ្អាល​ផ្សេងៗរបស់ពលរដ្ឋបាន​កម្រិត ឬ​ក្របខណ្ឌ​ណាមួយ? ប៉ុន្តែ​បើយើង​មើលក្របខណ្ឌ តាំង​ពី​មុន​ហ្នឹងម៉ោ តាំង​ពី សម្ដេច​ ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ចូលទីវង្គត​ទៅ​រហូត​មកដល់ពេលបច្ចុប្បន្ន​ហ្នឹង​ វាមាន​តែភាព​ប្រេះស្រាំបាក់បែក ឈ្លោះទាស់ទែងគ្នាផ្ទៃក្នុង​ផង​ ហើយ​ការឈឺឆ្អាល បញ្ហារបស់​ប្រជាពលរដ្ឋ​ហ្នឹង​គឺ​​អត់សូវមាន​ពាក់ព័ន្ធ​ទេ ដល់អីចឹង​ការគៀរគរ​រកសំឡេងគាំទ្រ​របសើ​គណបក្ស​រាជានិយម​ហ្នឹង​ក៏ពិបាក​ ពិសេស​គឺយុវជន​ឈឺ​ឆ្អាល​រឿង​បញ្ហា​បរិស្ថាន​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិនរវល់​ទៅឈឺក្បាលហាលថ្ងៃផងហ្នឹង»

ឆ្លើយ​តប​នឹង​ការលើកឡើងនេះ អ្នកនាំពាក្យ​គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន អះអាង​ថា​ពលរដ្ឋ​បាន​ស្គាល់ និង​បន្ត​គាំទ្រ​គណបក្ស​រាជា​និយមដែល​ជា​ស្នាព្រះហស្ត​​របស់​សម្ដេច​ព្រះសីហនុ ព្រះបរម​រតនកោដ្ឋ។ លោក​មើល​ឃើញ​ថា​គណបក្ស​នឹង​បាន​ការគាំទ្រ​បន្ត​ទៀត ពិសេស​នៅ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់ ដែល​គណបក្ស​បាន​រៀបចំ​ត្រៀម​បាន​រហូត​ដល់​៧០ភាគរាយ​នៃ​ចំនួន​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​រួច​ហើយ​នេះ។

យ៉ាងនេះ​ក្ដី ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ទទួល​បាន​សំឡេង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ការបោះឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២០ បាន​ថយ​ចុះ​ប្រជាប្រិយភាព​បន្ត​បន្ទាប់​រហូត​ដល់​គ្មាន​អាសនៈ​សោះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣ និង​ការ​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​ឆ្នាំ​២០១៨។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​មើលឃើញ​ថា​ ការថយចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​នេះ​ដោយសារតែ​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ និង​បរាជ័យ​ការដឹកនាំ​របស់​មេដឹកនាំ​បក្ស​នេះ ​ពិសេស​គឺ​ប្រធាន​គណបក្ស សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។