ប្រធាន​បក្ស​អំណាច​ខ្មែរ​ថា​លោក ហោ ណាំហុង អាច​រួច​ខ្លួន​បើ​សុំទោស​ជា​សាធារណៈ

0:00 / 0:00

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថា ប្រសិនបើ​លោក ហោ ណាំហុង មិន​សុំទោស​ជា​សាធារណៈ​ទេ នោះ​លោក​នឹង​ប្ដឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ​នេះ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ មេធាវី​ការពារ​ក្តី​លោក ហោ ណាំហុង ស្វាគមន៍​បណ្ដឹង​នេះ ប៉ុន្តែ​អ្នក​វិភាគ​លើក​ឡើង​ថា ទំនាស់​ក្ដីក្ដាំ​នេះ គឺ​ជា​ការ​កេង​ចំណេញ​ផល​នយោបាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ដែល​ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​នោះ ឥឡូវ​នេះ ត្រូវ​បាន​លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ គំរាម​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍​នេះ​វិញ​ម្ដង។ ប៉ុន្តែ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា លើក​ឡើង​ថា លោក​នឹង​មិន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ទេ ប្រសិនបើ​លោក ហោ ណាំហុង ចេញ​សេចក្ដី​ថ្លែងការណ៍​សុំទោស​ជា​សាធារណៈ៖ «យើង​ទាមទារ​ឲ្យ​មាន​លាយលក្ខណ៍អក្សរ​ច្បាស់លាស់ ពន្យល់​ពី​លោក ហោ ណាំហុង ចុះ​ហត្ថលេខា​ពី​លោក ហោ ណាំហុង ដើម្បី​យក​មក​ជា​តឹកតាង ដើម្បី​បញ្ជាក់​ថា ការ​សម្របសម្រួល​ត្រូវ​បាន​បញ្ចប់​ដោយ​លិខិត​បទដ្ឋាន​ត្រឹមត្រូវ​រវាង​ចុង​ចោទ និង​ដើម។ យើង​ទទួល​យក​ការ​សម្របសម្រួល​នេះ»

​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ លោក សួន សេរីរដ្ឋា អះអាង​ថា ថ្មីៗ​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី ក៏​បាន​និយាយ​សម្របសម្រួល​តាម​រយៈ​ទូរស័ព្ទ​ដៃ ប៉ុន្តែ​គណបក្ស​អំណាច​ខ្មែរ​មិន​ទទួល​យក​ការ​សម្របសម្រួល​តាម​ទូរស័ព្ទ​នេះ​ឡើយ។

សំណុំ​រឿង​ក្ដីក្ដាំ​ដែល​គ្រោង​នឹង​ដាក់​ទៅ​តុលាការ​នេះ កើត​ឡើង​នៅ​បន្ទាប់​ពី​លោក ហោ ណាំហុង បាន​លើក​ឡើង​ថា គណបក្ស​អំណាច​ខ្មែរ មាន​សមាជិក​ជា​ភេរវករ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ក្រោយ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ថ្មី​ប្រចាំ​កម្ពុជា។ លោក សួន សេរីរដ្ឋា ថា ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណ​បក្ស​អំណាច​ខ្មែរ។

ជា​ការ​ឆ្លើយ​តប មេធាវី​ការពារ​ក្តី​លោក ហោ ណាំហុង គឺ​លោក កា សាវុធ ស្វាគមន៍​ចំពោះ​ពាក្យ​បណ្ដឹង​របស់​លោក សួន សេរីរដ្ឋា។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ការ​ប្ដឹង​របស់​ប្រធាន​បក្ស​អំណាច​ខ្មែរ មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​លោក ហោ ណាំហុង និយាយ​ទៅ​តាម​សាលក្រម​របស់​តុលាការ​ដែល​សម្រេច​ឱ្យ​លោក សួន សេរីរដ្ឋា និង​បក្ខពួក ៣​នាក់ ជា​ទណ្ឌិត​ក្នុង​ទោស​ក្បត់ជាតិ មុន​ពេល​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស៖ «គាត់​ថា តាម​សាលក្រម​របស់​តុលាការ មាន​ទៅ​ខុស​អី ព្រោះ​តុលាការ​បាន​ប្រកាស​ជា​សាធារណៈ​រួច​ហើយ»

លោក សួន សេរីរដ្ឋា ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើកលែង​ទោស​កាល​ពី​ខែ​កក្កដា ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​ប្រឡូក​នយោបាយ​ក្នុង​មាតុភូមិ​កម្ពុជា​វិញ នៅ​បន្ទាប់ពី​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ៧​ឆ្នាំ កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ពី​បទ​រួមគំនិត​ក្បត់​ជាតិ និង​រារាំង​អ្នក​បោះ​ឆ្នោត។

ទាក់ទិន​នឹង​ទំនាស់​ក្ដីក្ដាំ​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ លើក​ឡើង​ថា ភាគី​ម្ខាងៗ​កំពុងតែ​កេង​ចំណេញ​ប្រជាប្រិយភាព​នយោបាយ៖ «អ្នក​នយោបាយ​ខ្មែរ​ចូល​ចិត្ត​បបួល​គ្នា​ចង់​បញ្ហា មិន​ដែល​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ដោះស្រាយ​នូវ​បញ្ហា​ទេ»

យ៉ាង​ណា​ក៏ដោយ​ចុះ ក្នុង​ពាក្យបណ្ដឹង​របស់​លោក សួន សេរីរដ្ឋា ដែល​គ្រោង​នឹង​ដាក់​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ទាមទារ​សំណង​ជំងឺ​ចិត្ត ៥០០​លាន​រៀល ហើយ​បើ​ឈ្នះក្ដី​សំណង​ជំងឺ​ចិត្ត​នេះ លោក​នឹង​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។

​ការ​ស្វែង​រក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ​នេះ ប្រធាន​គណបក្ស​អំណាច​ខ្មែរ ហាក់​មិន​សូវ​មាន​សង្ឃឹម​ឡើយ ប៉ុន្តែ​លោក​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​អន្តរជាតិ មើល​ឃើញ​កាន់​តែ​ច្បាស់​ថា តុលាការ​នៅ​កម្ពុជា ការពារ​តែ​អ្នក​គណបក្ស​កាន់​អំណាច ពោល​គឺ​មិន​ធានា​យុត្តិធម៌​ជូន​សង្គម ឬ​អ្នក​ដែល​គ្មាន​អំណាច​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។