សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សប្រឆាំងដែលរងបណ្ដឹងក្នុងយុទ្ធនាការម្រាមដៃស្អាត ៣រូបនៅខេត្តបាត់ដំបង បដិសេធនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញថា លម្អៀងទៅរកគណបក្សកាន់អំណាច។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចតម្កល់សំណុំរឿងរបស់អ្នកទាំង៣ តាមសេចក្ដីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត គ ជ ប ដោយផាកពិន័យ លោក ជា ជីវ ១០លានរៀល និង ២នាក់ផ្សេងទៀត ម្នាក់ ៥លានរៀល។
ប្រធានគណបក្សបក្ស សង្គ្រោះជាតិ ខេត្តបាត់ដំបង ដែលរបបលោក ហ៊ុន សែនរំលាយចោល លោក ជា ជីវ ឲ្យដឹងនៅរសៀលថ្ងៃទី១៥ សីហាថា លោកគ្មានសង្ឃឹមតាំងពីដើមមកម្ល៉េះ ចំពោះការប្ដឹងផ្ដល់នោះ គឺពិតជាមិនឈ្នះគណបក្ស ប្រជាជនកម្ពុជា នោះទេ។ ក៏ប៉ុន្តែនៅតែតស៊ូប្ដឹងដើម្បីឲ្យអស់ចិត្តតែប៉ុណ្ណោះ។ លោក ជា ជីវ អះអាងទៀតថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលតម្កល់សំណុំរឿងរបស់ពួកគាត់ តាមសេចក្ដីសម្រេចរបស់ គ.ជ.ប នោះ គឺជាការគំរាមកំហែងថ្មីមួយទៀតមកលើអ្នកស្មោះស្ម័គ្រគណបក្សប្រឆាំង៖ «»
ចំណែកតំណាងអ្នកជាប់បណ្ដឹងយុទ្ធនាការម្រាមដៃស្អាតទាំង ៣រូប លោក សួន ចំរើន មានប្រសាសន៍ក្រោយចេញពីស្ដាប់លទ្ធផលនៅក្រុមប្រឹក្សាធម្មនុញ្ញ កាលពីព្រឹកថ្ងៃទី១៥ សីហាថា សេចក្ដីសម្រេចនេះ គឺជារឿងអយុត្តិធម៌បំផុតមកលើពួកគេទាំង ៣រូប។ លោកបន្ថែមទៀតថា ប្រសិនបើស្ថាប័នមួយនេះឯករាជ្យដោយមិនជាប់ពាក់ព័ន្ធជាមួយគណបក្សកាន់អំណាច គឺពួកគេនឹងរួចខ្លួនដោយមិនមានការផាកពិន័យនោះទេ ព្រោះអ្នកទាំង ៣រូប គ្មានកំហុសដែលត្រូវធ្វើការចោទប្រកាន់នោះឡើយ៖ «»
សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១៥ សីហាឲ្យដឹងថា លទ្ធផលនៃសវនាការជំនុំជម្រះលើសំណុំរឿងអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតចំនួន ៣រូបនោះ ដោយអង្គជំនុំជម្រះបានសម្រេចតម្កល់សំណុំរឿងនេះ តាមសេចក្ដីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតគ.ជ.ប ទុកជាបាន ហើយសេចក្ដីសម្រេចនេះ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវការតវ៉ា ហើយមានអានុភាពអនុវត្តន៍លើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ការផាកពិន័យនេះ មិនត្រឹមត្រូវនោះទេ ព្រោះយុទ្ធនាការម្រាមដៃស្អាតរបស់របស់ពួកគាត់កន្លងមក គឺជាការសម្ដែងមតិ ហើយមិនមែនជាការរារាំងអ្នកបោះឆ្នោតនោះទេ។ លោក យិន ម៉េងលី អះអាងទៀតថា ការចោទប្រកាន់នេះ ដោយ គ.ជ.ប បានអនុវត្តខុសទាំងនីតិវិធីតាំងពីដំបូង ព្រោះពួកគាត់បានជួបជុំគ្នានៅឃុំអន្លង់វិលស្រុកសង្កែ ប៉ុន្តែត្រូវបានមន្ត្រីគណបក្សកាន់អំណាចប្ដឹងចាត់វិធានការនៅឃុំផ្សេង ដែលពួកគាត់រស់នៅទៅវិញ។ ម្យ៉ាងទៀតលោកថា ការផាកពិន័យនេះជាការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ៖ «បើគាត់និយាយថា គ . ជ . ប លំអៀង ទៅរកគណបក្សនយោបាយទើបវាធ្វើឲ្យអ្នកបោះឆ្នោតបាក់ទឹកចិត្តទៅលើ គ . ជ . ប ទើបថា គាត់មានទោសបាន តែគ្រាន់តែគាត់លើម្រាមដៃហើយនិយាយថា ម្រាមដៃយើងស្អាតតើយើងប៉ះពាល់អី ! ហើយឥឡូវនឹងមានតាំងគណបក្សនយោបាយ សហគមន៍អន្តរជាតិផង ក៏បាននិយាយដែរ ហេតុអីមិនប្ដឹងគេផង » ។
គណៈកម្មការជាតិរៀបចំការបោះឆ្នោតគ.ជ.ប កាលពីថ្ងៃទី៨ សីហា បានផាកពិន័យលោក ជា ជីវ ជាប្រាក់ ១០លានរៀល (១០.០០០.០០០) ចំណែកលោក ថោង សារឿន និងលោក គ្រុយ គឹមសាំង ពិន័យជាប្រាក់ម្នាក់ ៥លានរៀន។
ក្រោយមកមេធាវីការពារក្ដីឲ្យអ្នកទាំង ៣រូប បានប្ដឹងជំទាស់លើសេចក្ដីសម្រេចនេះទៅក្រុមប្រឹក្សាធម្មនុញ្ញ។
កន្លងមកអ្នកដែលរងការចោទប្រកាន់ទាំងអស់មាន ៥រូប ប៉ុន្តែ ២រូប ត្រូវបាន គ.ជ.ប ទម្លាក់ចោលការចោទប្រកាន់។ ពួកគេបានបង្ហោះនៅលើហ្វេសប៊ុក ដោយមានរូបភាពលើកម្រាមចង្អុលដៃ ជានិមិត្តរូបនៃការធ្វើពហិការមិនទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ។
ការបង្ហោះសារអំពាវនាវ នៅមុនការបោះឆ្នោតថ្ងៃទី២៩ កក្កដាកន្លងទៅ ត្រូវបានអ្នកច្បាប់ចាត់ទុកថា ជាការអនុវត្តសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនមានអ្វីខុសច្បាប់នោះទេ។ លោក ជា ជីវ អះអាងថា ពួកគេជាប្រជាពលរដ្ឋក្រីក្រ ហើយគ្មានលទ្ធភាពបង់ប្រាក់ផាកពិន័យ ដែលក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចចោទប្រកាន់នោះទេ ហើយពួកគាត់ក៏កំពុងគេចខ្លួនរកកន្លែងសុវត្ថិភាព ដោយមិនហ៊ានស្នាក់នៅផ្ទះនោះទេ ព្រោះក្រោយពីមានការប្ដឹងផាកពិន័យមក គឺសមត្ថកិច្ចតែងទៅឃ្លាំមើលនៅផ្ទះរបស់ពួកគេជាប្រចាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
