សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការបញ្ចប់ការស៊ើបសួរលើសំណុំរឿងប្រមាថព្រះមហាក្សត្រ របស់ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានចាត់ទុកព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត កាលពីខែមិថុនា ឆ្នាំ២០១៨ ជាព្រះរាជសារក្លែងក្លាយ ឬត្រូវបានរបបលោក ហ៊ុន សែន បង្ខំ។ អ្នកវិភាគ យល់ថា លិខិតជូនដំណឹងរបស់តុលាការនេះ គឺជាការបង្អើលកុំឲ្យលោក សម រង្ស៊ី ចូលស្រុក និងជារឿងនយោបាយសុទ្ធសាធ។
នគរបាលរាជធានីភ្នំពេញមួយក្រុម នៅថ្ងៃទី១៨ ខែកុម្ភៈ បានយកលិខិតជូន ព័ត៌មានរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ទៅបិទនៅទីស្នាក់ការគណបក្ស សង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការបិទបញ្ចប់នីតិវិធីស៊ើបអង្កេតលើសំណុំរឿង ចោទលោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ។
ក្នុងលិខិតជូនព័ត៌មាននោះ ចៅក្រមស៊ើបសួរ លោក ហម ម៉េងសែ បញ្ជាក់ ថា លោក សម រង្ស៊ី ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី៦ ថ្ងៃទី៧ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ តាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្ដីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ ចៅក្រមបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌនេះ បានបញ្ចប់ការស៊ើបសួររួចហើយ និងរង់ចាំបន្តនីតិវិធី។
ចំណាត់ការផ្លូវច្បាប់មកលើលោក សម រង្ស៊ី នេះក្រោយលោកបាននិយាយថា របប លោក ហ៊ុន សែន ជាអ្នកបង្ខំឲ្យព្រះមហាក្សត្រចេញព្រះរាជសារអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខណៈ ពេលនោះមានពលរដ្ឋជាច្រើន បដិសេធមិនទៅបោះឆ្នោតដោយសារគណបក្ស សង្គ្រោះជាតិ ត្រូវបានរម្លាយដោយរបបក្រុងភ្នំពេញ។ លោក សម រង្ស៊ី បានហៅព្រះរាជសាររបស់ព្រះមហាក្សត្រចេញផ្សាយនោះថាជា លិខិតក្លែងក្លាយ ឬត្រូវលោក ហ៊ុន សែន បង្ខំអោយចេញសារអំពាវនាវនោះ។ ក្រោយពីលោក សម រង្ស៊ី ចោទប្រកាន់បែបនេះ មេដឹកនាំរបបក្រុងភ្នំពេញ ដែលរួមមាន៖ លោក ហ៊ុន សែន លោក គង់ សំអុល តំណាងគណបក្សកាន់អំណាច និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រួមទាំងគណបក្សតូចៗ ពីរដែលជាកូនជឹង បក្សកាន់អំណាច ព្រមទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននាំគ្នាប្រតិកម្មតប និងចោទប្រកាន់ថា លោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត លើកឡើងថា ការចេញលិខិតជូនដំណឹងសី្តពីការបញ្ចប់នីតិវិធីស៊ើបអង្កេត និងបង្ហាញពីដីកាផ្សេងៗ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី នេះ គឺគ្រាន់តែល្បិចនយោបាយ ដើម្បីគំរាមកំហែង និងបង្អើលកុំឲ្យលោក សម រង្ស៊ី វិលចូលស្រុក និងមានបំណងឲ្យមហាជនឈប់ចាប់អារម្មណ៍រឿងសហភាពអឺរ៉ុបគ្រោងផ្ដាច់ប្រពន្ធអនុគ្រោះពន្ធEBA។ លោកបន្តថា ការអនុវត្តច្បាប់សព្វថ្ងៃនេះ វាស្ថិតនៅក្នុងប្រព័ន្ធផ្ដាច់ការ ដូច្នេះកុំរំពឹងពីរឿងយុត្តិធម៌ រឿងតុលាការឯករាជ្យ ព្រោះប្រព័ន្ធនេះ មានតែមហិច្ឆតាបង្ក្រាប និងលុបបំបាត់ក្រុមអ្នករិះគន់តែប៉ុណ្ណោះ៖ «»
អាស៊ីសេរីមិនទាន់ទទួលបានការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា តាមបណ្ដាញតេឡេក្រាម នៅឡើយទេ នៅថ្ងៃទី១៨ ខែកុម្ភៈ។
លោក បុង ដែត បន្តថា ប្រសិនបើតុលាការនោះឯករាជ្យ គួរតែបើកការស៊ើបអង្កេតចំពោះករណីជាច្រើន ដែលលោក ហ៊ុន សែន ប្រមាថព្រះមហាក្សត្រ អំពើក្បត់ជាតិ និងអំពើរំលោភច្បាប់។ លោកលើកឧទាហរណ៍ជាក់ស្ដែងថា ដូចជាករណីសារសំឡេងបែកធ្លាយ ដែលលោក ហ៊ុន សែន ថា ទោះបីមាតាបិតាព្រះមហាក្សត្រ ក៏មិនខ្លាចដែរ និងករណីរៀបចំផែនការ កាត់ផ្ដាច់សរសៃឈាមគណបក្ស សង្គ្រោះជាតិ នៅក្នុងស្រុកជាដើម៖ «»
អាស៊ីសេរីមិនទាន់អាចទាក់ទងលោក សម រង្ស៊ី ដើម្បីឆ្លើយតបបានទេ នៅ ថ្ងៃទី១៨ ខែកុម្ភៈ។
ទោះយ៉ាងណាកន្លងមក លោក សម រង្ស៊ី ធ្លាប់លើកឡើងថា គ្មាននរណាមើលងាយព្រះមហាក្សត្រ ជាងជនផ្ដាច់ការ ហ៊ុន សែន ទេ ដែលជេរប្រមាថ និងគំរាមកំហែងព្រះមហាក្សត្រ តាំងពីយូរឆ្នាំមកហើយ ព្រមទាំងយកព្រះ មហាក្សត្រ ប្រើជាខែល ដើម្បីបន្តអំណាចផ្ដាច់ការរបស់លោក។ លោក សម រង្ស៊ី អះអាងថា លិខិតណាមួយពីព្រះមហាក្សត្រដែលធ្វើឡើងក្រោមកាគំរាមកំហែង គឺអត់មានតម្លៃអ្វីទេ តាមផ្លូវច្បាប់។ លោកថែមទាំងបានរម្លឹកថា លោក ហ៊ុន សែន ធ្លាប់ប្រើអំណាចគំរាមរម្លាយរបបរាជានិយមចោល ដោយសារតែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ មិនចង់ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម រឿងព្រំដែនជាមួយប្រទេសវៀតណាម កាលពីឆ្នាំ២០០៥។
លោក សម រង្ស៊ី បន្តថា ចុងក្រោយនេះ ជនផ្ដាច់ការ ហ៊ុន សែន បានឲ្យបក្ខពួកគាត់រៀបចំ «ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ » គ្រាន់តែដើម្បីយកមកធ្វើជាលេស ក្នុងគោលបំណងបង្ក្រាបប្រជារាស្ត្រ ដែលទាមទារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។
លោក សម រង្ស៊ី ជាប់បណ្ដឹងនៅតុលាការជិត ១០បណ្ដឹងហើយ ក្នុងនោះ មានបណ្ដឹងប្រឆាំងលោក ទាក់ទងនឹងបញ្ហាព្រំដែន បណ្ដឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី និង ធី សុវណ្ណថា ដែលលោក ហ៊ុន សែន ទារសំណងជំងឺចិត្ត ១០លានដុល្លារ ធី សុវណ្ណថា ទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារ និងបណ្ដឹងជាច្រើនទៀត ដែលដើមបណ្ដឹងភាគច្រើន ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
