តុលាការ​សាកសួរ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ពី​ការ​ប្រមូល​ផ្ដុំ​មនុស្ស​នៅ​ហាង​នំ​បញ្ចុក

ដោយ សុ ជីវី
2019-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចៅសង្កាត់​អូរចារ​ជាប់ឆ្នោត កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត (រូប​កណ្ដាល​អាវស) ជាមួយ​អ្នកគាំទ្រ​នៅ​ថ្ងៃ​ចូល​បំភ្លឺ​ជូន​តុលាការ​បាត់ដំបង នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៩។
ចៅសង្កាត់​អូរចារ​ជាប់ឆ្នោត កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត (រូប​កណ្ដាល​អាវស) ជាមួយ​អ្នកគាំទ្រ​នៅ​ថ្ងៃ​ចូល​បំភ្លឺ​ជូន​តុលាការ​បាត់ដំបង នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo Provided

សាលាដំបូង​ខេត្ត​បាត់ដំបង​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​ចំនួន៦នាក់​ចាកចេញ​ពី​តុលាការ​ក្រោយ​សាកសួរ​ករណី​តុលាការ​ចោទប្រកាន់​ថា​ពួកគេ​ផ្ដុំ​គ្នា​ហូប​នំបញ្ចុក​នៅផ្ទះ​របស់​ចៅសង្កាត់​អូរចារ​ជាប់ឆ្នោត​កញ្ញា ស៊ិន ចាន់​ពៅរ៉ូហ្សេត។ ​តុលាការ​សង្ស័យ​ថា​ ជា​ការ​ប្រមូល​ផ្ដុំ​គាំទ្រ​លោក​សម​ រង្ស៊ី​ និង​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា​ ចំណាត់​ការ​របស់​ តុលាការ​នេះ គឺ​ជា​ចេតនា​នយោបាយ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​ ព្រោះ​សកម្មភាព​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​អ្វី​ផ្ទុយពី​ច្បាប់​កំណត់​ឡើយ។

តុលាការ​ខេត្ត​បាត់ដំបង​បាន​បន្ត​សាកសួរ​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​ ដែល​របប​ក្រុង​ភ្នំពេញ​រំលាយ​ចោល​ចំនួន ៦នាក់​បន្ថែម​ទៀត​ក្នុង​ចំណោម ២៦នាក់​ នៅ​ថ្ងៃទី៩ ខែ​ឧសភា​ បន្ទាប់ពី​សាកសួរ​អស់ ៥នាក់​រួច​ហើយ កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា។

ចៅសង្កាត់​អូរចារ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញ​ពី​តុលាការ​ថា តុលាការ​បាន​ចោទ​សួរ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នៅ​ហាង​នំ​បញ្ចុក​របស់​នាង​កន្លង​មក ដែល​តុលាការ​សង្ស័យ​ថា ការ​ជួបជុំ​ហូប​នំបញ្ចុក​នោះ​ បាន​ធ្វើ​សកម្មភាព​គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ និង​មាន​បំណង​ប្រឆាំង​សាលា​ដីកា​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ។ កញ្ញា ស៊ិន ចាន់​ពៅរ៉ូហ្សេត សម្ដែង​ការ​ហួស​ចិត្ត ដែល​តុលាការ​សាកសួរ​បែបនេះ និង​រំខាន​ដល់​មុខ​រប​លក់​នំ​បញ្ចុក​របស់​នាង​ម្ដង​ហើយ​ម្ដង​ទៀត។ ចៅសង្កាត់​ ជាប់​ឆ្នោត​រូប​នេះ​បញ្ជាក់​ថា វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ដែល​ថា មាន​មនុស្ស​ជា​ច្រើន​ទៅ​ផ្ទះ​របស់​នាង ព្រោះ​ពួក​គេ​ទៅ ដើម្បី​ហូប​នំបញ្ចុក និង​សន្ទនា​គ្នា​ធម្មតា​ក្នុង​នាម​ជា​អ្នក​ស្គាល់​គ្នា ហើយ​នាង​តែងតែ​ ស្វាគមន៍​គ្រប់​ភ្ញៀវ​ទាំង​អស់៖ «ខ្ញុំ​មិន​បាន​កោះ​ហៅ​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ មក​ជួបជុំ​ទេ។ខ្ញុំ​គឺ​ជា​ម្ចាស់​ហាង ហើយ​ខ្ញុំ​ស្វាគមន៍​រីករាយ​ភ្ញៀវ​គ្រប់​និន្នាការ​ទាំង​អស់ ដែល​មក​ទទួលទាន​នំ​បញ្ចុក​ក្នុង​ហាង​របស់​នាង​ខ្ញុំ។ ទី​២ គេ​សួរ​ថា ខ្ញុំ​មាន​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​ប្រឆាំង​សាលដីកា​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ អត់។ ខ្ញុំ​ថា​ អត់មាន​ទេ ហើយ​នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៨ គេ​សួរ​ថា មាន​បាន​ធ្វើ​សន្និសីទ​ថ្លែង​ការ​គាំទ្រ​លោក សម រង្ស៊ី ទេ។ ខ្ញុំ​ថា អត់​បាន​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​លោក​ព្រះ​រាជអាជ្ញា​ថា ខ្ញុំ​ជា​ម្ចាស់​ហាង​ដូច្នេះ​ខ្ញុំ​រីករាយ​ទាំង​អស់។ ម្យ៉ាង​ក្នុង​នាម​ខ្ញុំ​ជា​អតីត​មន្ត្រី​ សង្គ្រោះ​ជាតិ​ នៅ​ពេល​ជួបជុំ​គ្នា គឺ​យើង​បាន​សម្ដែង​នូវ​មនោសញ្ចេតនា​គាំទ្រ​លោក​ប្រធាន សម រង្ស៊ី និង​ប្រធាន កឹម សុខា ដូច​បង​ប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​ដែរ។ ដូច្នេះ​ការ​សម្ដែង​មនោសញ្ចេតនា​គាំទ្រ​លោក​ទាំង​ពីរ​ក្នុង​នាម​យើង​ជា​កូន​ជា​ចៅ​ហើយ​លោក​ សម រង្ស៊ី និង​លោក កឹម សុខា ប្រៀប​ដូច​ជា​ឪពុក​ជា​ម្ដាយ​របស់​ពួក​យើង។ ដូច្នេះ​មិន​មាន​អ្វី​ខុស​ច្បាប់​ទេ»

ក្រៅពី​កញ្ញា ស៊ិន​ ចាន់​ពៅ​រ៉ូហ្សេត នោះ​អ្នក​ដែល​ចូល​បំភ្លឺ​ក្នុង​ថ្ងៃ​ទី២ នេះ មាន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​ លោក ឌឹម សារឿន ចៅសង្កាត់​ទួល​តាឯក​ជាប់​ឆ្នោត លោក​ ម៉ក់ រ៉ា ចៅសង្កាត់​ព្រែក​ព្រះស្ដេច​ជាប់​ឆ្នោត លោក ខាន់ ប៊ុនផេង ចៅសង្កាត់​ចំការ​​សំរោង​ជាប់​ឆ្នោត លោក​ ឃួន ចម្រើន និង​អតីត​ក្រុមប្រឹក្សា​ក្រុង​បាត់ដំបង​លោក យួម ដូង។

ចៅសង្កាត់​ព្រែក​ព្រះស្ដេច​ជាប់ឆ្នោត​លោក ខាន់ ប៊ុនផេង ប្រាប់​អាស៊ី​សេរី​ថា តុលាការ​បាន​សាកសួរ​លោក​ថា តើ​បាន​ដឹង​ពី​សាលដីកា​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ទេ និង​សួរ​ថា ហេតុ​អ្វី​នៅ​តែ​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ ដែល​រំលាយ​បាត់​ទៅ​ហើយ។ បន្ទាប់​មក តុលាការ​ក៏​បាន​ចោទ​សួរ​ថា តើ​ ធ្លាប់​ទៅ​ហូប​នំ​បញ្ចុក​ផ្ទះ​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត ទេ ហើយ​នរណា​អ្នក​ហៅ​ទៅ និង​អ្នក​ណា​អ្នក​ចេញ​លុយ​ជា​ដើម។ លោក ខាត់​ ប៊ុនផេង យល់​ថា តុលាការ​បាន​ព្យាយាម​សាកសួរ​រក​ណា ដែល​ជា​មេ​ក្លោង​ហៅ​ទៅ​ហូប​នំបញ្ចុក ព្រោះ​តុលាការ​សង្ស័យ​ថា ការ​ហូប​ជួបជុំ​នោះ គឺ​ដើម្បី​គាំទ្រ​លោក សម រង្ស៊ី និង​បំពាន់​សាលដីកា​តុលាការ។ លោក​បញ្ជាក់​ថា គ្មាន​នរណា​ហៅ​លោក​ទៅ​ហូប​នំ​បញ្ចុក​ទេ គឺ​លោក​ទៅ​ផ្ទះ​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត ដោយ​ខ្លួន​ឯង​ក្នុង​នាម​ជា​អ្នក​ស្គាល់​គ្នា ហើយ​វា​គឺ​សិទ្ធិ​សេរីភាព​របស់​លោក ដែល​ធានា​ដោយ​ច្បាប់​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ៖ «ខ្ញុំ​យល់​ថា នេះ​គឺ​ជា​បំភិតបំភ័យ​ដល់​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ កន្លង​មក ដោយសារ​ប្រហែល​គេ​ដឹង​ថា​ លោក​ប្រធាន ​សម​ រង្ស៊ី​ វិល​មក​កាន់​មាតុភូមិ​វិញ​ ឆាប់ៗ។ ដូច្នេះ​គេ​ត្រូវ​រក​វិធី​បំបែក​អ្នក​មូលដ្ឋាន​ឱ្យ​បាក់​ស្មារតី។ ទោះ​យ៉ាង​ណា ខ្ញុំ​នៅតែ​មាន​ជំហរ​រឹង​មាំ​តាំង​ពី​ដើម​ដល់​ចប់។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយ ខ្ញុំ​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​នយោបាយ និង​មេដឹកនាំ​រូប​ណា ដែល​ខ្ញុំ​ស្រឡាញ់»

ចំពោះ​ស្ថានភាព​នៅ​ខាង​មុខ​តុលាការ​ខេត្ត​បាត់ដំបង​វិញ គឺ​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់​ព័ទ្ធ​ជុំវិញ​តុលាការ និង​បាន​ដាក់​របាំង​ព្រម​ទាំង​កាប់​ដើម​ឈើ​បិទ​ផ្លូវ​មួយ​ចំនួន​ជាប់​របង​តុលាការ ដើម្បី​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ឃ្លាំ​មើល​នៅ​មុខ​សាលាដំបូង​នោះ​ឡើយ ខណៈ​ពលរដ្ឋ​រាប់​សិន​នាក់​នាំ​គ្នា​ទៅ​ស្រែក​គាំទ្រ​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​ នៅ​មុខ​តុលាការ។ ពលរដ្ឋ​មួយ​ចំនួន​បាន​សម្ដែង​អារម្មណ៍​ខឹង​ស្អប់​ចំពោះ​តុលាការ និង​ខ្លះ​ទៀត​ បាន​ស្រែក​គាំទ្រ​ផ្ដល់​កម្លាំងចិត្ត​ដល់​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ ​ទាំង​នោះ ​ហើយ​ខ្លះ​ទៀត​ ក៏​បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល ចំពោះ​កញ្ញា ស៊ិន​ ចាន់​ពៅ​រ៉ូហ្សេត ដែរ៖ «ខ្ញុំ​សូម​សរសើរ​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត ដែល​ក្មេង ហើយ​ក្លាហាន​ស្រឡាញ់​ជាតិ។ ពិតជា​ក្លាហាន​ណាស់​គ្មាន​នរណា​ដូច​កូន​ស្រី​ម្នាក់​នេះ​ទេ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​លោក មៀន​ ឡាយ​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នកទទួល។ ចំណែក​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​បាត់ដំបង​ គឺ​អ្នកស្រី​ ទៀង​ សម្បូរ​ បដិសេធ​មិន​និយាយ​ជា​អាស៊ី​សេរី​ទេ ដោយសារ​ជាប់​រវល់​សិក្ខាសាលា​នៅ​រាជធានី​ភ្នំពេញ ហើយ​បង្វែរ​ឱ្យ​សួរ​ខាង​អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង គឺ​លោក​ ហេង លុយ។ ប៉ុន្តែ​អាស៊ី​ទូរស័ព្ទ​ចូល​ជា​ច្រើន​ពុំ​មាន​អ្នក​ទទួល​នោះ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា តុលាការ​បាន​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ ខ្លួន​ដោយ​មិន​ ទាន់​បញ្ជាក់​ថា នឹង​ទម្លាក់​ចោល​សំណុំ​រឿង​នេះ ឬ​នឹង​បន្ត​ចំណាត់​ការ​យ៉ាង​ណា​ទៀត​នោះ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា តាម​ផ្លូវ​ច្បាប់​ប្រសិន​បើ​ការ​សាកសួរ ឬ​ការ​ស៊ើប​អង្កេត​បឋម​របស់​ព្រះរាជអាជ្ញា​រក​មិន​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស គឺ​គេ​នឹង​លើក​លែង​ការ​ចោទ ឬ​តម្កល់​រឿង​ឥត​ចាត់ការ​ត​ទៅ​ទៀត។ ប៉ុន្តែ​ប្រសិន​បើ​ការ​សាកសួរ​នេះ​រក​ឃើញ​ថា មាន​ធាតុ​ផ្សំ​នៃ​ល្មើស គឺ​ព្រះរាជអាជ្ញា​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ហើយ​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​នេះ គឺ​អាច​នឹង​មាន​ការ​ឃុំ​ខ្លួន​ប៉ុណ្ណោះ​អាសន្ន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី យល់​ថា សកម្មភាព​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ទាំង​អស់​នោះ គឺ​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ។ ដូច្នេះ​ចំណាត់​ការ​របស់​តុលាការ​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ ព្រោះ​អាជ្ញាធរ​បារម្ភ​អំពី​ជំហរ​ស្មោះត្រង់​របស់​ពួក​គេ​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ ដោយ​ឥត​ងាករេ។ ម្យ៉ាង​ទៀត​ លោក​បន្ត​ថា បើ​ទោះ​បី​ជា​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ទាំង​នោះ បាន​ជួបជុំ​គ្នា​ ហើយ​ផ្ញើ​សារ​បង្ហោះ​វីដេអូ​អ្វី​ក្ដី វា​គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ជួបជុំ ដែល​ធានា​ដោយ​ច្បាប់៖ «អ៊ីចឹង​ការ​ផ្ញើ​សារ​របស់​គាត់​គ្រាន់តែ​គាំទ្រ​លោក​ សម​ រង្ស៊ី ជា​ប្រធាន​ស្ដីទី​ ឬ​ក៏​ផ្ញើ​សារ​គាំទ្រ សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ។ ដូច្នេះ នេះ​គឺ​ជា​ការ​ស្រឡាញ់ ជា​ការ​បញ្ចេញ​មតិ​របស់​គាត់​មិន​គប្បី​មន្ត្រី ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក​សំណុំរឿង​ទៅ​ចោទ​ប្រកាន់​ពួក​គាត់​ទេ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​សេរីភាព​ក្នុង​ការ​ជួបជុំ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ គឺ​មាន​តម្លៃ​ណាស់​ ហើយ​បើ​សេរីភាព​នេះ​ត្រូវ​បាន​បិទ វា​លែង​ជា​សង្គម​ប្រជាធិបតេយ្យ​ទៀត​ហើយ»

ចំណាត់​ការ​របស់​តុលាការ​ខេត្ត​បាត់ដំបង​នេះ​ គឺ​បន្ទាប់​ពី​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា លោក​នឹង​តាម​កម្ទេច​មន្ត្រី​បក្ស​ប្រឆាំង​មិន​ឱ្យ​មាន​ជីវិត​ឡើយ ប្រសិន​បើ​អន្តរជាតិ​ហ៊ាន​ដាក់​គំនាប​សេដ្ឋកិច្ច​លើ​កម្ពុជា។ ជា​ពិសេស​លោក​ ហ៊ុន​ សែន ធ្លាប់​បាន​ចេញ​បញ្ជា​ឱ្យ​ចាប់​ដាក់​គុក និង​ប្រើ​ហិង្សា​លើស​កម្ម​ជន​បក្ស​ប្រឆាំង​រូប​ណា ដែល​ហ៊ាន​ងើប​តវ៉ា និង​ចង់​រៀបចំ​គម្រោង​ទទួល​លោក សម រង្ស៊ី ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី៨ ឧសភា​ តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​បាត់ដំបង​លោក គឺ ប៊ុណ្ណរ៉ា បាន​កោះ​ហៅ​មេ​ឃុំ​ចៅសង្កាត់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ស្រុក​ ក្រុង និង​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ២៦នាក់​ហើយ​ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ដោយ​ចាប់​ពី​ថ្ងៃ​ទី៨ ឧសភា​បន្ត​បន្ទាប់​ទៅ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន បិទ​បញ្ចប់​យុទ្ធនាការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​នយោបាយ​ប្រឆាំង​នឹង​គណបក្ស សង្គ្រោះ​ជាតិ តទៅ​ទៀត ហើយ​ត្រូវ​ទម្លាក់​ចោល​ឱ្យ​អស់​នូវ​សំណុំរឿង​ដែល​មិន​សម​ទំនង​ទាំង​ឡាយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល