គណបក្សប្រជាជនកម្ពុជា បដិសេធនឹងសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលផ្ដួចផ្ដើមឲ្យមានកិច្ចសន្ទនាថ្នាក់ជាតិដើម្បីដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន និងបញ្ចៀសកុំឲ្យមានទណ្ឌកម្មអន្តរជាតិមកលើប្រទេសកម្ពុជា។ គណបក្សប្រឆាំងថា ការបដិសេធរបស់លោក ហ៊ុន សែន នៅពេលនេះ ជារឿងធម្មតាទេ ព្រោះរបបលោក ហ៊ុន សែន មិនទាន់រងសម្ពាធខ្លាំងពីអន្តរជាតិនៅឡើយ បើអន្តរជាតិដាក់សម្ពាធខ្លាំងជាងនេះនឹងធ្វើឲ្យបក្សកាន់អំណាចងាករកការចរចារវាងខ្មែរនឹងខ្មែរជាក់ជាមិនខាន។
គណបក្សកាន់អំណាចនៅតែអះអាងថា វប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាជាតិត្រូវគណបក្សប្រឆាំងបំផ្លាញចោលអស់ហើយ ដូច្នេះការជជែកដែលគណបក្សសង្គ្រោះជាតិ លើកឡើងនៅពេលនេះមិនអាចកើតមានជាដាច់ខាត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាម (Telegram) របស់លោកថា ការចរចាមិនអាចធ្វើទៅរួចទេ ដោយលោកប្រៀបធៀបគណបក្សសង្គ្រោះជាតិ ដូចជាខ្មោចដែលងាប់ហើយមិនអាចរស់ឡើវិញបានទេ។ អ្នកនាំពាក្យកាន់អំណាចរូបនេះដែលតែងតែងហៅគណបក្សសង្គ្រោះជាតិថា ក្រុមឧទ្ទាមនោះបន្តទៀតថា ការចង់ឲ្យមានរបស់ជជែកដែលហៅថា កិច្ចសន្ទនាថ្នាក់ជាតិនោះ វាគ្រាន់តែបង្ហាញឲ្យឃើញថា ទណ្ឌិត និងពពួកឧទ្ទាមក្រៅច្បាប់ដើរដល់ទីបញ្ចប់ហើយ។
លោក សុខ ឥសា លើកឡើងបែបនេះ ក្រោយពេលគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍មួយផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ដោយលើកឡើងថា គណបក្សប្រឆាំងត្រៀមខ្លួនរួចជាស្រេចហើយដើម្បីបើកផ្លូវឲ្យមានដំណើរការកិច្ចសន្ទនាថ្នាក់ជាតិមួយជាមួយនឹងរបបលោក ហ៊ុន សែ ដើម្បីស្តារឡើងវិញនូវប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ដែលអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ និងមានតំណាងពហុបក្ស។ គណបក្សសង្គ្រោះជាតិ ស្នើឲ្យអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប រដ្ឋសមាជិក និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដទៃទៀត ចូលរួមធ្វើជាសាក្សី និងជាផ្នែកមួយនៃកិច្ចសន្ទនាថ្នាក់ជាតិនោះ ប្រសិនបើរបបលោក ហ៊ុន សែន យល់ព្រមបើកឲ្យមានកិច្ចសន្ទនានេះ។

អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា គណបក្សទាំងពីរកំពុងប្រទាញប្រទង់គ្នាដើម្បីការពារពីការរិះគន់ពីប្រជាពលរដ្ឋថា ធ្វើឲ្យស្ថានការណ៍នយោបាយធ្លាក់ចុះដុនដាប និងមានការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ ទោះបីជាបែបនេះក្ដី លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ប្រទេសកម្ពុជា មិនមែនជាកម្មសិទ្ធិរបស់គណបក្សណាមួយផ្ដាច់មុខនោះទេ បញ្ហានេះមានតែការចរចាទេ ទើបធ្វើឲ្យស្ថានភាពនយោបាយប្រសើរឡើង ហើយកម្ពុជា អាចគេចផុតពីទណ្ឌកម្មពីសហគមន៍អន្តរជាតិ៖ «សំខាន់ប្រទេសយើងមិនគ្រាន់តែរៀបចំគ្រាន់តែរស់នៅ ១០ ២០ឆ្នាំទេ យើងរៀបរស់នៅតកូនតចៅជាច្រើនសតវត្សទៅមុខទៀតបាន អ៊ីចឹងការដែលថាហួសពេលនេះ មិនត្រឹមត្រូវទេ ប្រទេសយើងនេះ មិនមែជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ទេ ជាកម្មសិទ្ធិយើងទាំងអស់គ្នា»។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា អ្នកស្រីមិនចង់ឃើញកម្ពុជា មានរឿងដោយសារតែគណបក្សកាន់អំណាចជាអ្នកបង្កឡើង ដែលឈានដល់សហគមន៍អន្តរជាតិដាក់ទណ្ឌកម្មឡើយ បញ្ហានេះហើយ ដែលគណបក្សសង្គ្រោះជាតិ ចង់ឲ្យងាកមកផ្សះផ្សាឡើងវិញ ដើម្បីកុំឲ្យប្រទេសកម្ពុជា រងគ្រោះដោយសារតែលោក ហ៊ុន សែន។
សំណើរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ធ្វើឡើងមួយថ្ងៃក្រោយពីក្រុមប្រឹក្សាសហភាពអឺរ៉ុប បានព្រមានថា ក្នុងស្ថានភាពនយោបាយប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ ខ្លួនគ្មានជម្រើសអ្វីក្រៅពីការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើរបបលោក ហ៊ុន សែន នោះឡើយ។ ចំណែករដ្ឋាភិបាលអាមេរិក សម្រេចកាត់ផ្ដាច់ជំនួយទៅរបបលោក ហ៊ុន សែន លើគម្រោងកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងកម្មវិធីជំនួយផ្នែកយោធាអាមេរិក ដែលធ្លាប់ផ្ដល់ឲ្យរបបលោក ហ៊ុន សែន ក្នុងការជួយដល់អគ្គនាយកដ្ឋានពន្ធដារ ជួយដល់ការកសាងសមត្ថភាពអាជ្ញាធររដ្ឋនៅតាមមូលដ្ឋាន និងជួយដល់កងយោធពលខេមរភូមិន្ទ នៅពេលកន្លងមក។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការសម្រេចផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិក គឺជាសិទ្ធិសម្រេចរបស់សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយ។ លោកអះអាងថា ចំពោះកម្ពុជា ការកាត់ជំនួយតាមរយៈកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិភាគច្រើនប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាល មិនប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជាទេ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា យល់ថា ទោះក្នុងរបបណាក៏ដោយ ការបញ្ចប់វិបត្តិនយោបាយគឺមានតែការចរចា ទើបស្ដារស្ថានភាពឲ្យល្អប្រសើរវិញបាន។ លោកនិយាយទៀតថា បើរបបលោក ហ៊ុន សែន នៅតែរឹងទទឹងរបបនេះនឹងជួបគ្រោះថ្នាក់៖ «មកដល់ពេលនេះ គាត់ប្រហែលជាមិនទាន់បានភ្លក់រសជាតិនៃការលំបាករបស់គាត់ អ៊ីចឹងគាត់នៅក្រអឺតក្រទមហើយ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា ព្រមានថា បើសំណើចរចាដោយសន្តិវិធីនេះត្រូវបរាជ័យ គណបក្សសង្គ្រោះជាតិ នឹងមានផែនការជាបន្តបន្ទាប់ទៀត គឺស្នើឲ្យអន្តរដាក់សម្ពាធបន្ថែមលើរបបនេះ និងរូបភាពទី២ គឺការផ្ទុះការតវ៉ារបស់ពលរដ្ឋទូទាំងប្រទេសប្រឆាំងនឹងរបបលោក ហ៊ុន សែន ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិ មិនចង់ឃើញរូបភាពទាំងនេះកើតឡើងទេ។
អ្នកវិភាគនយោបាយលើកឡើងទៀតថា កម្ពុជានឹងរងទណ្ឌកម្មពីសហគមន៍អន្តរជាតិកាន់តែខ្លាំងថែមទៀត បើសិនជារបបលោក ហ៊ុន សែន នៅតែគ្រប់គ្រងប្រទេសបែបផ្ដាច់ការ ហើយបំផ្លាញលទ្ធិប្រជាធិបតេយ្យបែបនេះ ហើយនៅពេលនោះ លោក ហ៊ុន សែន ពិបាកនឹងប្រឈមចំពោះចលនាបះបោរណាមួយកើតឡើងជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
