គណបក្ស​ធំ​២​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​កិច្ច​ចរចា​ជា​សាធារណៈ

ភាព​ជាប់​គាំង​នយោបាយ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ មិន​អាច​រក​ដំណោះស្រាយ​បាន​នៅ​ឡើយ​ទេ​នៅ​ក្នុង​ការ​កំណត់​ជួប​ចរចា​រវាង​អ្នក​បច្ចេកទេស​នៃ​គណបក្ស​ទាំង​ពីរ ដែល​មាន​ភាគី​ចរចា​ម្ខាង ៥​រូប ធ្វើ​ឡើង​នៅ​មន្ទីរ​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។
ដោយ ទីន ហ្សាការីយ៉ា
2013-11-05
Share
យឹម សុវណ្ណ ព្រំ សុខា ៦១០ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ (ឆ្វេង) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣។
Photo: RFA

គណបក្ស​ប្រតិភូ​ទាំង​ពីរ​បាន​ឆ្លើយ​ប្រាប់​អ្នក​កាសែត​ដោយ​ភាព​លាក់លៀម និង​ស្រពិចស្រពិល​អំពី​លទ្ធផល​នៃ​ការ​ចរចា ដោយ​សន្យា​ថា លទ្ធផល​ចរចា​នឹង​ទម្លាយ​ឲ្យ​ដឹង​នៅ​កិច្ច​ចរចា​លើក​ក្រោយ​ទៀត បន្ទាប់​ពី​ពួក​គាត់​យក​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​ទៅ​ដាក់​ជូន​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សម្រេច។

កិច្ច​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ត្រូវ​បាន​បង្ហាញ​លទ្ធផល​ជា​សាធារណៈ​ដល់​អ្នក​សារព័ត៌មាន​បាន​ដឹង​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ការ​ចរចា​ផ្ដោត​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ដែល​ជា​អ្នក​ដឹកនាំ​កិច្ច​ប្រជុំ​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​និយាយ​ឲ្យ​បាន​ក្បោះក្បាយ​អំពី​លទ្ធផល​កិច្ច​ប្រជុំ​នោះ​ទេ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​បើក​កិច្ច​ប្រជុំ​ជាង ៣​ម៉ោង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា កិច្ច​ចរចា​នេះ គឺ​ពិភាក្សា​បន្ត​អំពី​អ្វី​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​កិច្ច​ចរចា​រវាង​ថ្នាក់​ដឹកនាំ​កំពូល​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ពី​របៀបវារៈ​បី​ចំណុច​ដែល​គណបក្ស​របស់​លោក​បាន​ដាក់​មុន​កិច្ច​ចរចា​នេះ​ដែរ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ លោក យឹម សុវណ្ណ ក៏​មិន​បាន​បកស្រាយ​លម្អិត​ដែរ។

ក្រោយ​ពី​ជួប​ជុំ​គ្នា​ចរចា​អស់​រយៈពេល​ជាង ៣​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ តំណាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​ម្ខាង ៥​រូប​នោះ ឈរ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ទាំង​អស់​គ្នា ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក សុន ឆ័យ ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ។ រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ​លោក ព្រំ សុខា ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។ គណបក្ស​ទាំង​ពីរ​មិន​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​លទ្ធផល​នៃ​កិច្ច​ចរចា​នេះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​ពេល​កំណត់​ថ្ងៃ​ជួប​គ្នា​ចរចា​នេះ បាន​ដាក់​របៀបវារៈ​បី គឺ​ទី​១ ទាមទារ​ឲ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​លទ្ធផល​បោះ​ឆ្នោត ទី​២ ទាមទារ​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល គ.ជ.ប លាលែង​ពី​តួនាទី និង​ទី​៣ ទាមទារ​ឲ្យ​យក​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មក​អនុវត្ត​នៅ​ក្នុង​ការ​កែ​ទម្រង់​នានា របស់​រដ្ឋាភិបាល។

ឧបការី​រង​ជាន់​ខ្ពស់​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក លោក ស្កុត ម៉ាកសែល (Scot Marciel) បាន​ជំរុញ​ឲ្យ​កម្ពុជា ដោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​ឲ្យ​បាន​ឆាប់ៗ ហើយ​ថា អាមេរិក​មិន​ឈរ​នៅ​ភាគី​ណា​មួយ​ទេ ប៉ុន្តែ​សហរដ្ឋអាមេរិក ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា នៅ​បន្ទាប់​ពី​បោះ​ឆ្នោត​នៅ​លើ​ពិភពលោក និង​មាន​ភាព​មិន​ប្រក្រតី​នោះ គឺ​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ជួប​ចរចា​ថ្នាក់​បច្ចេកទេស​នៃ​គណបក្ស​ទាំង​ពីរ​ទៀត យ៉ាង​យូរ​បំផុត​នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់​ពី​មាន​ការ​សម្រេច​ពី​ថ្នាក់​កំពូល​គណបក្ស​ទាំង​សង​ខាង។

រី​ឯ​លោក យឹម សុវណ្ណ វិញ បញ្ជាក់​ថា បេក្ខជន​តំណាងរាស្ត្រ​​នៅ​តែ​រក្សា​ជំហរ​មិន​ចូល​ស្បថ​ចូល​ប្រជុំ​សភា ដរាប​ណា​គ្មាន​ដំណោះស្រាយ​សមស្រប​អំពី​កិច្ច​ចរចា​ទេ​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ​ថា ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ ដោយសារ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ភាព​មិន​ប្រក្រតី ដែល​កើត​មាន​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី​៥ នៃ​រដ្ឋ​សភា​កន្លង​ទៅ។

គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ស្មារតី​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ជា​អាយុ​ជីវិត​ជាតិ ដូច្នេះ​ការ​ស្រាវជ្រាវ​រក​ការ​ពិត​ពី​ការ​បោះ​ឆ្នោត ជា​ករណី​ចាំបាច់​ដែល​ខាន​ពុំ​បាន​មុន​នឹង​មាន​កិច្ច​ព្រមព្រៀង​រក​ដំណោះ​ស្រាយ​នយោបាយ​ណា​មួយ​ដែល​អាច​ចេញ​ជា​រូបរាង​បាន​ដោយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​នេះ។

ទោះ​បី​ជា​មិន​ទាន់​ទទួល​លទ្ធផល​ជា​វិជ្ជមាន​ក្ដី ក៏​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​បន្ត​ជួប​ចរចា​គ្នា​ត​ទៅ​ទៀត​តាម​គ្រប់​កម្រិត ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ​ឲ្យ​បាន​ជោគជ័យ។

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង លោក យន់ សាមៀន អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ជាមួយ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​បរិយាកាស​ចរចា​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល