បក្ស​កាន់អំណាច​ប្រកាស​ថា កម្ពុជា​លែង​ត្រូវការ​ជំនួយ ឬ​ការ​អនុគ្រោះ​ពី​បរទេស​ណាមួយ

ដោយ ច័ន្ទ ដារ៉ូ
2025.01.27
បក្ស​កាន់អំណាច​ប្រកាស​ថា កម្ពុជា​លែង​ត្រូវការ​ជំនួយ ឬ​ការ​អនុគ្រោះ​ពី​បរទេស​ណាមួយ កិច្ចប្រជុំ​ក្នុងសន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី៤៥ របស់​បក្ស​ប្រជាជនកម្ពុជា នៅថ្ងៃទី២៦ មករា ២០២៥។
រូប៖ គេហទំព័រ CPP

ណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា រដ្ឋាភិបាល​បក្ស​នេះ​លែង​ត្រូវ​ការ​ជំនួយ ឬ​ការ​អនុគ្រោះ​ពី​បរទេស​ណាមួយ​ប្រសិនបើ​វា​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​របស់​កម្ពុជា។ ការ​បញ្ជាក់​ជំហរ​នយោបាយ​ការបរទេស​នេះ​ ធ្វើឡើង​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី៤៥ របស់​បក្ស​កាន់​អំណាច។ ប៉ុន្តែ​មន្រ្តី​បក្សប្រឆាំង និង​អ្នកឃ្លាំមើល​ថា នេះ​ជា​លេស​ដែល​មេដឹកនាំ​គេច​ពី​ការ​ទទួល​ខុសត្រូវ​រឿង​រំលោភ​សិទ្ធិមនុស្ស ខណៈ​ពលរដ្ឋ​ត្រូវ​ការ​ជំនួយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​លោកសេរី ដើម្បី​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ចជាតិ និង​ជីវភាព​រស់នៅ។

ក្រៅ​ពី​អួត​សរសើរ​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​វាយតម្លៃ​ពី​បញ្ហា​ប្រឈម​មួយចំនួន​ហើយ សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី៤៥ របស់​គណបក្សប្រជាជនកម្ពុជា​ចាប់​​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៦ ខែ​មករា បាន​សម្រេច​ដាក់​ចេញ​គោលនយោបាយ​ការបរទេស ជា​អាទិភាព​ចំនួន ៤ចំណុច ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង និង​មិន​ដោះដូរ​អធិបតេយ្យ​ជាតិ​ជាមួយ​ជំនួយ ឬ​ភាព​អនុគ្រោះ​ណាមួយ​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សួស យ៉ារ៉ា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា អង្គសន្និបាត​បាន​ជំរុញ​​​នយោបាយ​ការបរទេស​សំខាន់ៗ ដោយ​ផ្អែក​លើ​គោលនយោបាយ​ឯករាជ្យ និង​ផ្អែក​លើ​គោលការណ៍​ច្បាប់ ដើម្បី​រក្សា​សង្គតិភាព ឬ​ភាព​ស៊ីចង្វាក់​គ្នា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៦ និង​រដ្ឋាភិបាល​អាណត្តិ​ទី៧។

លោក សួស យ៉ារ៉ា៖ «យើង​មិន​អនុញ្ញាត​ឱ្យ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​យើង​អនុវត្ត​ឱ្យ​បាន​នូវ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ការងារ​ផ្សេងៗ​ទៀត ដូចជា​ជម្លោះ​ជា​អន្តរជាតិ​វិញ គឺ​យើង​នៅតែ​គាំទ្រ​ការសន្ទនា និង​ការទូត​ដែល​ជា​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​​គោលការណ៍​រក្សា​សន្តិភាព​យូរអង្វែង អ៊ីចឹង​សន្តិភាព​ជា​ស្នូល​របស់​ប្រជាជន​កម្ពុជា ប្រទេស​កម្ពុជា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​និមិត្តរូប​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​យូរអង្វែង​សម្រាប់​ប្រជាជន»

ឆ្លើយ​តប​រឿង​នេះ មន្ត្រី​គណបក្សប្រឆាំង និង​អ្នកឃ្លាំមើល​លើកឡើង​ថា​ជំហរ​នយោបាយ​ការបរទេស​នេះ​បង្ហាញ​កាន់តែ​ច្បាស់​អំពី​ចេតនា​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ទាញ​ប្រទេស​កម្ពុជា​ទៅ​រក​ការដឹកនាំ​បែប​ផ្ដាច់ការ។ ពួកគាត់​បញ្ជាក់​ថា ជំនួយ​របស់​សហគមន៍​អន្តរជាតិ​មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ ប៉ុន្តែ​ជា​ការ​ទាញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ងាក​មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ ស្របពេល​ពលរដ្ឋខ្មែរ​នៅតែ​ត្រូវការ​ជំនួយ ឬ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចេញ​ដើម្បី​អភិវឌ្ឍ​ជាតិ លើក​កម្ពស់​ជីវភាព​ពួកគាត់​តាម​បែប​ប្រជាធិបតេយ្យ​សេរី។

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​លោក ម៉ែន សុថាវរិន្ទ ថា ជំនួយ​ប្រទេស​លោកសេរី​ដែល​ផ្តល់​ឱ្យ​កម្ពុជា​មាន​ភ្ជាប់​លក្ខខណ្ឌ​ការគោរព​សិទ្ធិមនុស្ស​កន្លងទៅ គឺ​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ប្រែក្លាយ​ជា​ប្រទេស​មាន​ដំណើរ​ការ​អភិវឌ្ឍ​ល្អ នាំមក​នូវ​ប្រជាធិបតេយ្យ ការ​បង្រួបបង្រួម​ជាតិ និង​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ស្មើមុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ ដោយ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​អធិបតេយ្យភាព​កម្ពុជា​ដូច​ការ​លើក​ឡើង​របស់​បក្ស​កាន់អំណាច​នោះ​ទេ។ ផ្ទុយទៅវិញ លោក​ថា​ការដឹកនាំ​ប្រទេស​តាម​បែប​ផ្តាច់ការ រំលោភ​សិទ្ធិមនុស្ស ធ្វើ​ឱ្យ​ពលរដ្ឋ​រងទុក្ខ​វេទនា រួចហើយ​ដើរ​ខ្ទី​បុល​ពី​បរទេស ជា​ពិសេស​ប្រទេស​ចិន ដើម្បី​ដោះ​ទាល់​មួយ​គ្រាៗ​ទៅវិញ​ទេ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព និង​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា។

លោក ម៉ែន សុថាវរិន្ទ៖ «ជំហរ​នយោបាយ​ដូច្នេះ​ វា​ផ្តល់ផល​ចំណេញ​ដល់​បក្ស​កាន់អំណាច​ក្នុង​ការត្រួតត្រា​ប្រជាពលរដ្ឋ​កុំ​ឱ្យ​មាន​សិទ្ធិ​សេរីភាព និយាយ​ឱ្យ​ចំ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រយៈពេល​មួយឆ្នាំ​កន្លះ​ហើយ​បរាជ័យ​ទាំងស្រុង​នូវ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ ការ​សម្លាប់​សេដ្ឋកិច្ច​ជាតិ ដូចជា​អឺរ៉ុប​អី​គេ​ផ្តាច់​២០% ចង់​ប្រកាច់​ហើយ​ហ្នឹង តិច​ទៀត​គេ​ផ្តាច់​៨០%ទៀត ហើយ​អត់​មាន​ GSP ពី​អាមេរិក​ទៀត វា​ជា​គ្រោះថ្នាក់​ធំ​សម្រាប់​ជាតិ គ្រប់យ៉ាង​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​នេះ​មិន​អាច​ដោះស្រាយ​រួច​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ មើលឃើញ​ថា ជំនួយ​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ទីផ្សារសេរី ដើម្បី​កុំ​ឱ្យ​កម្ពុជា​រអិល​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​ដូច​សម័យ​អតីតកាល។ លោក​ថា រដ្ឋាភិបាល​បក្ស​កាន់អំណាច​ប្រកាស​បដិសេធ​ជំនួយ និង​ការ​អនុគ្រោះ​ក្រោម​លេស​នៃ​ការ​ជ្រៀតជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា ដោយសារ​អ្នកកាន់អំណាច​ដឹង​ច្បាស់​ថា ប្រសិនបើ​កម្ពុជា​មាន​លំហ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត​ត្រឹមត្រូវ​តាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ។

លោក គឹម សុខ៖ «ក្រុម​គ្រួសារ​លោក ហ៊ុន សែន ខ្លាច​បាត់បង់​អំណាច ឬ​ដួល​រលំ​អំណាច​រលាយ​អស់ អ៊ីចឹង​ហើយ​ពួកគេ​ចេះតែ​ ប្រើ​លេស​ថា​ជំនួយ​របស់​អង្គការ​អន្តរជាតិ សហគមន៍​អន្តរជាតិ​នោះ ទាក់ទង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទៅវិញ ហើយ​តែងតែ​បដិសេធ​ជំនួយ​របស់​គេ តាមពិត​ទៅ​មិនមែន​ជា​ការ​បដិសេធ​ជំនួយ​ទេ​និយាយ​ឱ្យ​ចំ​ទៅ គឺ​បដិសេធ​មិន​ព្រម​វិល​ទៅកាន់​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ដោយ​យក​ជំនួយ​មក​បិទបាំង»

ចំណែក​អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គណបក្សកាន់អំណាច​តែងតែ​ប្រកាស​បដិសេធ​ជំនួយ​ពី​ប្រទេស​លោក​សរី ដែល​ជួយ​ពង្រឹង​កម្ពុជា​ឱ្យ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ប្រជាធិបតេយ្យ​ជាបន្តបន្ទាប់​មក​នេះ គឺ​ដើម្បី​ធានា​ការគ្រប់គ្រង​អំណាច​គ្រប់​ជំនាន់។

លោក វ៉ន ចាន់ឡូត៖ «ខ្ញុំ​មើលឃើញ​ថា​វា​គ្រាន់តែ​ជាលេស ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស ជាពិសេស​ការ​ផ្តាច់​ផ្តិល​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ឬ​ដៃគូ​នយោបាយ​តែប៉ុណ្ណោះ។ ការសម្រេចចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​រក​ ការដឹកនាំ​បែប​ផ្ដាច់ការ​កាន់តែ​ច្បាស់​ទៅៗ​បែបនេះ គឺ​វា​អាច​ផ្តល់​ប្រយោជន៍​សម្រាប់​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​មនុស្ស​មួយ​ក្រុម​កំពុង​កាន់អំណាច ហើយ​ពលរដ្ឋខ្មែរ​ច្បាស់​ណាស់​ជា​អ្នក​ទទួល​រង​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​អំពី​កិច្ចការ​នយោបាយ​នេះ »

ក្រុម​អ្នកសង្កេតការណ៍ និង​គណបក្ស​ប្រឆាំង​បាន​វាយ​តម្លៃ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​មាន​នីតិរដ្ឋ​ពិតប្រាកដ​នោះ ត្រូវ​បាន​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​វាយ​កម្ទេច​ជា​បន្តបន្ទាប់។

កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤ សភា​សហភាព​អឺរ៉ុប បាន​សម្រេច​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​រដ្ឋាភិបាល​ភ្នំពេញ រួម​ទាំង​អ្នក​ដែល​ទទួល​ខុសត្រូវ​ទាំងឡាយ ដែល​បន្ត​គាបសង្កត់​ផ្នែក​នយោបាយ ការ​យាយី​លើ​អង្គការ​សិទ្ធិមនុស្ស និង​ការរំលោភ​សិទ្ធិពលរដ្ឋ រហូត​ទាល់​តែ​មាន​ការ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់។

សង្គម​ស៊ីវិល​អ្នកឃ្លាំមើល ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​ត្រូវ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម និង​ស្ដារ​ទំនាក់ទំនង​ល្អ​របស់​កម្ពុជា ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។