គណបក្សកាន់អំណាចនឹងមិនអនុញ្ញាតឱ្យអតីតសមាជិកក្រុម ប្រឹក្សាឃុំ/សង្កាត់ បក្សប្រឆាំងមួយចំនួន ដែលបានចុះចូលជាមួយបក្សនេះ បានឈរឈ្មោះបោះឆ្នោតទៀតទេ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។ អ្នកឃ្លាំមើលសង្គម និងមន្ត្រីបក្សប្រឆាំងសង្កេតឃើញថា ជាទម្លាប់របស់បក្សប្រជាជនកម្ពុជា គឺគណបក្សនេះតែងតែផ្ដល់ប្រយោជន៍រយៈពេលខ្លីឲ្យមនុស្សមកពីបក្សផ្សេងដែលមកចុះចូលជាមួយបក្សរបស់ខ្លួន។
តំណាងគណបក្សកាន់អំណាចអះអាងថា មូលហេតុដែលគណបក្សមិនឱ្យអតីតសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បក្សប្រឆាំងមួយចំនួន ដែលបានចុះចូលឈរឈ្មោះជាថ្មីទៀតនោះ ព្រោះពួកគេបំពេញការងាររបស់ខ្លួនមិនបានល្អ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែកុម្ភៈថា អតីតមន្ត្រីបក្សប្រឆាំងទាំងនោះ គឺជាមន្ត្រីថ្មីរបស់បក្សកាន់អំណាច ដែលមិនសូវសកម្មនឹងការងារ និងមិនបានបម្រើប្រជាពលរដ្ឋឲ្យដិតដល់។ ទោះជាបែបនេះក្ដី លោកថា ក៏មានអតីតមន្ត្រីបក្សប្រឆាំងមួយចំនួនបានឈរឈ្មោះបន្ត ដើម្បីឲ្យពលរដ្ឋបោះឆ្នោតឲ្យដដែល ព្រោះអ្នកទាំងនោះ បានស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងបំពេញការងារយ៉ាងសកម្ម ដែលធ្វើឲ្យក្រុមការងារមូលដ្ឋាន និងខេត្តរបស់គណបក្សប្រជាជនកម្ពុជាជឿទុកចិត្ត៖ «យើងអត់មានរើសអើង អត់មានបែងចែកទេ ទោះបីបងប្អូនទើបចូលមួយថ្ងៃក៏ដោយក៏ជាសមាជិកគណបក្សប្រជាជនដែរ អញ្ចឹងបេក្ខភាពបងប្អូន ដែលជាប់ក្នុងបញ្ជីបេក្ខភាពអាណត្តិថ្មី អាស្រ័យលើគុណសម្បត្តិបងប្អូនម្នាក់ៗ អញ្ចឹងខ្ញុំយល់ថា អាចមានមួយចំនួន ហើយក៏អាចអត់មានមួយចំនួនមិនមានទាំងអស់ហើយក៏មិនអត់ទាំងអស់ទេបាទ »។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះអះអាងទៀតថា គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ ២៨.២៥៧នាក់ សម្រាប់ឃុំសង្កាត់ចំនួន១.៦៥២ ទូទាំងប្រទេស។
ទោះយ៉ាងណាក្ដី លោក សុខ ឥសាន បដិសេធ មិនផ្ដល់តួលេខជាក់លាក់របស់អតីតមន្ត្រីបក្សប្រឆាំង ដែលមិនត្រូវអនុញ្ញាតឈរឈ្មោះជាបេក្ខជនឲ្យបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នោះទេ។
លោក សុខ ឥសាន បញ្ជាក់ថា អតីតមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិ ដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៧ មាន ២.៦០០នាក់។
ជុំវិញរឿងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ដែលកំពុងភៀសខ្លួននៅប្រទេសថៃឲ្យដឹងថា អតីតមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តរបស់លោកភាគច្រើនមិនត្រូវគណបក្សកាន់អំណាចដាក់ឲ្យឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតទៀតទេ។ លោកឲ្យដឹងទៀតថា ចំពោះអតីតមន្ត្រីបក្សមួយចំនួនតូច ដែលបានឈរឈ្មោះបន្តពួកគេ ក៏មិនទទួលបានលេខរៀងល្អនោះដែរ គឺត្រឹមលេខបម្រុង៖ «មកដល់ពេលនេះយើងឃើញលទ្ធផលជាក់ស្ដែងតែម្ដង នៅស្រុកកំពង់លែង ឃុំជន្លក គឺយើងបានមេឃុំ ឥឡូវនេះគាត់ចុះចូលជាមួយគេ (គណបក្សប្រជាជនកម្ពុជា ) ក្រោយរំលាយគណបក្សសង្គ្រោះជាតិ ប៉ុន្តែ មកដល់ពេលនេះមិនទាន់ឃើញគាត់ឈរលេខល្អទេ គឺគេដាក់លេខបម្រុងទៅវិញ »។
ទាក់ទងរឿងនេះ អ្នកសិក្សាការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី យល់ថា ករណីនេះ អាចមានពាក់ព័ន្ធចំណុចសំខាន់ពីរយ៉ាង។ ទីមួយគឺ គណបក្សប្រជាជនកម្ពុជា ចង់បង្ហាញថា ខ្លួនមានធនធានគ្រប់គ្រាន់ក្នុងការដឹកនាំកិច្ចការងារនៅមូលដ្ឋាន។ ឯចំណុចសំខាន់មួយទៀតនោះ គឺមន្ត្រីអតីតមន្ត្រីបក្សប្រឆាំងដែលចុះចូលជាមួយបក្សកាន់អំណាចនោះ ជាមនុស្សឱកាសនិយម ហើយក្រុមមនុស្សប្រភេទនេះ មិនសូវមានសមត្ថភាព ដែលធ្វើឲ្យបក្សកាន់អំណាចប្រើប្រាស់ត្រឹមមួយពេលៗ ក៏បោះបង់ចោលទៅ៖ «គណបក្សប្រជាជនអាចមិនទុកចិត្តលើភាពស្មោះត្រង់អ្នកដែលចុះចូល ទីពីរអាចមកពីសមត្ថភាពអ្នកដែលចុះចូលដែរ ដោយសារយើងឃើញថា អ្នកដែលចុះចូលហ្នឹងភាគច្រើនជាអ្នកឱកាសនិយមធម្មតា ដូចយើងមើលក្នុងច្បាប់សង្គ្រាមអញ្ចឹង ជាឈ្លើយសឹកគេមិនសូវឲ្យតួនាទីអីទេគេទុកប្រើយកមកប្រើនៅក្នុងសមរភូមិក្នុងការប្រយុទ្ធលើគ្នាឯង អញ្ចឹងក្នុងតម្លៃនយោបាយ អត់អាចយកប្រើអីកើតទេ »។
នៅសល់តែជាង ៣ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងចូលមកដល់។ គណបក្សមួយចំនួនកំពុងរៀបចំជ្រើសរើស និងដាក់បេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតនេះ។ ក្រោយរដ្ឋាភិបាល លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ដែលមានសមាជិកសភា ៥៥រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥.០០០ (ប្រាំពាន់) នាក់ កាលពីចុងឆ្នាំ២០១៧ នោះ មន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះជាតិមួយចំនួនបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយគណបក្សកាន់អំណាច សន្យារក្សាតួនាទីរបស់អ្នកទាំងនោះដដែល។
អ្នកឃ្លាំមើលនយោបាយសង្កេតឃើញថា គណបក្សកាន់អំណាចមិនសូវផ្ដល់តម្លៃ ឬការងារល្អធំដុំ ដល់មន្ត្រីគណបក្សនានាដែលមកចុះចូលជាមួយគណបក្សខ្លួននោះទេ។ អ្នកទាំងនោះភាគច្រើនបក្សកាន់អំណាចត្រឹមបញ្ចេញប្រើយូរៗ ម្ដង ឬអំឡុងពេលបោះឆ្នោតដើម្បីឲ្យវាយប្រហារលើអតីតមេដឹកនាំរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
