គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចចាស់វស្សា បានបញ្ចូលសមាជិកជាយុវជនចំនួន៧០នាក់ ស្នើជាង២២ភាគរយ នៃចំនួនសមាជិកថ្មីសរុប៣០៦នាក់។ ក្រុមយុវជន ជាសមាជិកថ្មី ដែលគណបក្សបញ្ចូលតាមរយៈ មហាសន្និបាតនេះ មន្ត្រីបក្សអះអាងថា ជ្រើសរើសដោយមានបែបផែនប្រជាធិបតេយ្យ សម្ងាត់ និងមិនមែនជាលើកដៃទេ។
ការបញ្ចូលយុវជនជាសមាជិកថ្មី របស់បក្សប្រជាជនកម្ពុជា គឺក្នុងក្ដីរំពឹងថា យុវជនទាំងនោះ នឹងធ្វើការងារល្អជាមួយយុវជនផ្សេងទៀត ខណៈដែលមានយុវជនមួយចំនួនធំ ក្នុងប្រទេស កំពុងចាប់អារម្ភរឿងនយោបាយ។ យុវជនដែលត្រូវដាក់បញ្ចូលជាសមាជិកថ្មី គឺមាន អាយុ ក្រោម៥០ឆ្នាំ ដែលបក្សអះអាង មានសមាសភាពគ្រប់ស្រទាប់វណ្ណៈ។ ប៉ុន្តែក្នុងបញ្ជី ឈ្មោះ អ្នកទាំងនោះ យុវជនដែលបញ្ចូលក្នុង គណៈកម្មាធិការ កណ្ដាលបក្សប្រជាជន សុទ្ធតែមានងារជាឯកឧត្ដម និងលោកជំទាវ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងសន្និសីទកាសែតថា ការបោះឆ្នោតបំពេញបន្ថែមសមាសភាពថ្មីនេះ គឺធ្វើឡើងនៅលើបញ្ជីរួមមួយដោយសម្ងាត់ តាមបែបប្រជាធិបតេយ្យ និងមិនមែនការជាបោះឆ្នោតដោយ លើកដៃឡើយ៖ «ចំនួនច្រើនណាស់ គឺយើងបោះលើបញ្ជីរួមឃើញថា មានអ្នកប្រឆាំងដែរ ប៉ុន្តែសំឡេងគាំទ្រមានជាង៩០ភាគរយ»។
សមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា មុនធ្វើសន្និបាតមានចំនួន២៦៨នាក់ បន្ទាប់ពីបក្សបោះឆ្នោតបំពេញបន្ថែម៣០៦នាក់ទៀត និងត្រូវទូទាត់ មន្ត្រីបក្ស២៧ ទទួល មរណភាព ១រូប លាឈប់ និងមួយរូបត្រូវបក្សប័ណ្ណចេញនោះ គឺមានចំនួនសរុប ៥៤៥នាក់។
កាធ្វើសន្និបាត រយៈពេល២ថ្ងៃកន្លះ ដែលបញ្ចប់នៅយប់ថ្ងៃទី០១ខែកុម្ភៈ ពុំមានវត្តមានលោក ជា ស៊ីម ប្រធានបក្សទេ ដោយលោកកំពុងសម្រាកព្យាបាលជំងឺនៅប្រទេស វៀតណាម។ ចំណែកលោក ស ខេង ជា មន្ត្រីដែលមានឥទ្ធិពលក្នុងបក្ស និងត្រូវជាប្អូនថ្លៃលោក ជា ស៊ីម ក៏អវត្តមានដែរ ដោយរវល់នៅកំដរលោក ជា ស៊ីម នៅមន្ទីរពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ មហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេស ដែលមានអ្នកចូលរួមជាង ១ពាន់នាក់ (១.៣០០នាក់) មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល មន្ត្រីខេត្ត និងស្រុក បានសម្រេចបានលទ្ធផលចំនួន៩ចំណុចធំៗ។ គណបក្សនេះ អះអាងថា គ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ គឺពួកគេអាចផ្ដល់ជូនពលរដ្ឋបាន ដោយសន្យាថា នៅឆ្នាំ២០១៨ ប្រាក់បៀវត្សអប្បបរមាប្រចាំខែរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងកើនដល់មួយលានរៀលនៅឆ្នាំ២០១៨ ហើយប្រាក់អប្បបរមារបស់កម្មករនិយោជិកនៅតាមរោងចក្រ សហគ្រាស នឹងឡើងដល់១៦០ដុល្លារ នៅឆ្នាំ២០១៨។
លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនិងលោក សាយ សំអាល់ កូនប្រុសលោក សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ដែលអង្គសមាជបក្សបាន បោះឆ្នោតបញ្ចូលជាសមាជិកវ័យក្មេង ក្នុងតួនាទីគណៈកម្មាធិការកណ្ដាលបក្ស បដិសេធមិនឆ្លើយនឹងសំនួររបស់ក្រុមអ្នកកាសែតទេ ក្រោយពេលចប់អង្គសន្និបាត ។
អ្នកសិក្សាស្រាវជ្រាវសង្គម លោកបណ្ឌិត កែម ឡី យល់ថា ក្រុមយុវជនទាំងនោះអាចធ្វើឲ្យប្រជាប្រិយភាពបក្សប្រជាជនកើនឡើងបាន លុះត្រាណាពួកគេ មានផ្នត់គំនិតថ្មី មានឥរិយាបថថ្មី។ ប៉ុន្តែលោក កែម ឡី សង្កេតឃើញថា សកម្មភាពយុវជនគណបក្សប្រជាជនកន្លងមក នៅតែមានលក្ខណៈរើសអើង និងប្រកាន់វណ្ណៈនៅឡើយ៖ «បើគ្រាន់តែដាក់យុវជនអត់ទាន់គ្រប់គ្រាន់ទេ ដល់តែប្ដូរយុទ្ធសាស្ត្រនយោបាយ ពីជួយអ្នកមានមកជួយអ្នកក្រ ប្ដូរពីអំណាចប្រមូលផ្ដុំ មកជាអំណាចពលរដ្ឋ»។
លោក ខៀវ កាញារីទ្ធ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នជារដ្ឋមន្ត្រី ក្រសួងព័ត៌មាន លើកឡើងថា សមាជិកបក្សដែលបំពេញបន្ថែមថ្មី ដោយមានយុវជនចូលរួមនេះ គឺជាអ្នកស្នងត្រកូលដែលមានសមត្ថភាព ហើយគណបក្សប្រជាជនកម្ពុជា ទៅពេលខាង មុខនឹងយកសមត្ថភាពជាធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
