បក្ស​កាន់​អំណាច​ធ្វើ​សន្និបាត​​វិសាមញ្ញ​​រក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ឈ្នះ​បោះឆ្នោត​២០២៣​ខាងមុខ

គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ រយៈពេល​ពីរ​ថ្ងៃ ដើម្បី​រក​យុទ្ធសាស្ត្រ​ថ្មី​ធ្វើយ៉ាងណា​ឲ្យ​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ ការធ្វើ​សន្និបាត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​នេះ បាន​របូត​កៅអី​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាង ២​ពាន់​អាសនៈ​ទៅ​គណបក្ស​ភ្លើង​ទៀន ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ កាល​ពី​ថ្ងៃទី៥ ខែ​មិថុនា កន្លង​ទៅ។

លោក ហ៊ុន សែន លើកឡើង​ថា ការ​បើក​សន្និបាត​ពេល​នេះ​ដើម្បី​ស្វែង​រក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ស្វែង​រកហេតុ និង​ផល​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កន្លងទៅ​។ លោក ហ៊ុន សែន លើក​ឡើង​ដូច្នេះ តាមរយៈ​ហ្វេសប៊ុក​របស់លោក​ថ្ងៃទី​១៦ ខែ​កក្កដា​។ លោក​បន្ត​ទៀត​ថា ការ​ពិភាក្សា​នេះ មាន​គោលដៅ​ដើម្បី​បំពេញ​បន្ថែម និង​ឈាន​ទៅរក​ការ​ឈ្នះឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ។

ចំណែក​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ក៏​លើកឡើង​ថា លទ្ធផល​ឆ្នោត​កាល​ពី​ថ្ងៃទី​៥ មិថុនា បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា នៅតែ​ត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ដដែល។ លោក ហេង សំរិន បន្ត​ទៀត​ថា លទ្ធផល​នេះ ធ្វើ​ឲ្យ​ពួក​ប្រឆាំង​ជ្រុលនិយម ដែល​តែងតែ​យកជើងរាទឹក ទទួល​បរាជ័យ​ក្នុង​ផែនការ​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះយ៉ាងណា លោក ហេង សំរិន មិន​បញ្ជាក់​ថា ក្រុមប្រឆាំង​ជ្រុល​និយម ជា​ក្រុម​ណា ឬ​បក្ស​ណា​នោះទេ ប៉ុន្តែ ក្រុម​ដែល​ប្រធាន​រដ្ឋសភា ចោទប្រកាន់​ពេល​នេះ ហាក់​សំដៅ​លើ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង ត្បិត​របប​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៧ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​ឃាត់​មេដឹកនាំ​គណបក្ស​នេះ​១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​៥​ឆ្នាំ​។ សព្វថ្ងៃ​នេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កំពុង​រង​បទ​ចោទ ក្បត់​ជាតិ ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​នេះ លោក សម រង្ស៊ី ត្រូវ​តុលាការ​កាត់ទោស​យ៉ាង​ជាច្រើន​សំណុំរឿង និង​មិនទាន់​អាច​វិល​ចូល​ស្រុក​វិញ​បាន។ ទោះបី​យ៉ាងណា គណបក្ស​ភ្លើងទៀន ជា​អតីត​គណបក្ស​សម រង្ស៊ី បាន​ចូលរួម​មក​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែ​មិថុនា។

ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥​នេះ បក្ស​កាន់​អំណ​ចរ​បូត​កៅអី​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជាង ២​ពាន់​អាសនៈ​ទៅ​គណបក្ស​ភ្លើងទៀន​។ លទ្ធផល​នេះ បង្ហាញថា គណបក្ស​ភ្លើងទៀន ជា​គូប្រកួត​ប្រជែង​ធំ​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមគ្នា​នេះ​ដែរ គណបក្ស​នេះ​ក៏​កំពុង​រក​ការ​ធ្វើ​ទុក្ខបុកម្នេញ ចាប់តាំងពី​មុន​ការបោះឆ្នោត ក្នុង​ការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត ដោយ​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ និង​ជាប់ឃុំ​ពន្ធនាគារ​ជាដើម។

សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ​គណបក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល រដ្ឋាភិបាល​ឯកបក្ស បាន​ធ្វើ​វិសោធនកម្ម មាត្រា​មួយ​ចំនួន​ក្នុង រដ្ឋធម្មនុញ្ញ សំដៅ​ផ្ទេរ​ដំណែង​នាយករដ្ឋមន្ត្រី ទៅ​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​របស់​លោក ហ៊ុន សែន​។ ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ អាច​ជា​យុទ្ធសាស្ត្រ រក​ផ្លូវ​ចេញ​ពី​ឆាក​នយោបាយ​របស់​លោក ហ៊ុន សែន ចុង​នៅ​ជីវិត​នយោបាយ​ចុងក្រោយ​របស់​លោក ដើម្បី​ធានា​លោក​នឹង​មាន​សុវត្ថិភាព​ទៅ​ថ្ងៃក្រោយ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ស្ថាបនិក​គណបក្ស​ភ្លើងទៀន លោក សម រង្ស៊ី ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​វិទ្យុ​អាស៊ីសេរី​កាល​ពី​យប់​ទី​១៥ ខែ​កក្កដា ថា បើតាម​សំឡេង​ពលរដ្ឋ​គណបក្ស​ភ្លើងទៀន​ជាង ១​លាន ៦​សែន ក្នុងការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​កន្លងទៅ នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​ទទួល​បាន​កៅអី​ជាង ២០​ក្នុង​សភា នឹង​ធ្វើ​ឲ្យ​គណបក្ស​នេះ​អាច​ទទួល​បាន​ដំណែង​អនុប្រធាន​ទី​១ ឬ​អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ លោក​បន្តថា គណបក្ស​ភ្លើងទៀន អាច​នឹង​ក្លាយជា​ឧបសគ្គ​ក្នុងការ​ផែនការ​ផ្ទេរអំណាច​រប​ស់លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង ហ៊ុន សែន គាត់​ដឹងថា អូ​កម្លាំង​ភ្លើងទៀន ខ្លាំង​ណាស់​នៅក្នុង​រដ្ឋសភា ច្បាស់​ជា​ជំទាស់ អ៊ីចឹង​បាន​គាត់​កែ​រដ្ឋធម្មនុញ្ញ គាត់​រំលង​មិន​បាច់​ឆ្លងកាត់​ប្រធាន​រដ្ឋសភា​មិន​ចាំ​ឆ្លងកាត់​អនុប្រធាន​ទី​១​អនុប្រធាន​ទី​២​រដ្ឋសភា ព្រោះ​គាត់​ដឹង​ក្បាលម៉ាស៊ីន​រដ្ឋសភា ឆ្នាំក្រោយ​ច្បាស់​មាន​គឺ​ភ្លើងទៀន ភ្លើងទៀន​ច្បាស់​ជា​ជំទាស់ អ៊ីចឹង​បាន​គាត់​ថា ទេ សុំ​កែ​ឲ្យ​តែ​គណបក្ស​ណា​ដែល​មាន​សំឡេងឆ្នោត​ច្រើន​ជាង​ស្នើ​ទៅ​ព្រះមហាក្សត្រ»។

លោក សម រង្ស៊ី ថា លោក​នៅតែ​រក្សា​ជំហរ​ធ្វើ​ច្បាប់​លើកលែង​ទោស​ឲ្យ លោក ហ៊ុន សែន ប្រសិនបើ​លោក​ចុះ​ចេញ​ពី​ដំណែង ដើម្បី​សេចក្តី​សុខ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​នគរ។

ទាក់ទង​រឿង​​នេះ​ដែរ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញ​ថា ទោះបី​ពេលនេះ​បក្ស​ប្រជាជន​កម្ពុជា មានអំណាច និង​មានប្រៀប​លើ​គូប្រកួត​ប្រជែង​ក្ដី ប៉ុន្តែ​គណបក្ស​នេះ ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​បើ​គាបសង្កត់​ជ្រុល​លើ​គូ​ប្រកួត​ប្រជែង នឹង​ប្រឈម​ការ​រិះគន់ ឬ​រង​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​អន្តរជាតិ៖ «អ្វី​ដែល​គណបក្ស​កាន់អំណាច​ចង់​បាន​គឺ​រក្សា​នូវ​ស្ថានភាព​អ្នកនយោបាយ​ពុំ​មាន​សកម្មភាព​ច្រើន​អាច​ថា ធ្វើ​ឲ្យ​អ្នក​ទាំងអស់​នោះ​ភ័យ​ផង​ខ្លាច​ផង មហាជន​ទូទៅ​ក៏​មិន​សូវ​ចូលរួម​ច្រើន​ដែរ នេះ​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ប្រើ​សិន​បើក​ឱកាស បើក​លំហ​សេរីភាព​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ភាគី​លោកខាងលិច ប្រជាធិបតេយ្យ​លើកឡើង​គណបក្ស​កាន់​អាច​ពិបាក​ស្មាន​ទៅ​នឹង​ព្យាករណ៍​ទៅ​នឹង​ហានិភ័យ​ដែល​អាច​ជួបប្រទះ​នា​ពេល​អនាគត»។

ទាក់ទង​ការ​លើកឡើង​បែបនេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេ​នៅ​ថ្ងៃទី​១៦ ខែ​កក្កដា ដោយ​លោក​ប្រាប់​ថា លោក​កំពុង​ជាប់​ប្រជុំ​ក្នុង​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ឯម សុវណ្ណារ៉ា យល់​ថា ចាប់​ពី​ពេល​នេះ​រហូត​ដល់​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣ សហគមន៍​អន្តរជាតិ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ពី​ការគោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​លំហ​នយោបាយ​នៅ​កម្ពុជា បើ​មិន​ដូច្នេះ​ទេ គណបក្ស​នយោបាយ​ដែល​ជា​គូប្រកួត​ប្រជែង​នឹង​គណបក្ស​កាន់អំណាច នឹង​ប្រឈម​ការ​ធ្វើទុក្ខបុកម្នេញ​បន្ត​ទៀត។

នៅ​សប្តាហ៍​នេះ សហរដ្ឋអាមេរិក​បាន​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក ដានីញែល គ្រីធែនប្រ៊ី​ង (Daniel Kritenbrink) លើកឡើង​ថា សហរដ្ឋអាមេរិក​ខ្វាយខ្វល់​អំពី​ការ​រឹតត្បិត​លើ​លំហ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ ព្រមទាំង​ការ​ដាក់​គោលដៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល ដែល​សកម្មភាព​ទាំងនេះ ធ្វើ​ឱ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស និង​នីតិរដ្ឋ​។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច និង​ការ​ប្ដេជ្ញា​ចិត្តជា​អន្តរជាតិ ដើម្បី​ការពារ និង​គោរព​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​ចងក្រង​ជា​សមាគម និង​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី ព្រមទាំង​បើក​ឡើងវិញ​នូវ​លំហ​នយោបាយ និង​ពលរដ្ឋ នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។