គណបក្សប្រជាជនកម្ពុជា បានធ្វើសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ រយៈពេលពីរថ្ងៃ ដើម្បីរកយុទ្ធសាស្ត្រថ្មីធ្វើយ៉ាងណាឲ្យឈ្នះការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ ការធ្វើសន្និបាតនេះ ធ្វើឡើងបន្ទាប់ពីគណបក្សនេះ បានរបូតកៅអីក្រុមប្រឹក្សាឃុំសង្កាត់ជាង ២ពាន់អាសនៈទៅគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។
លោក ហ៊ុន សែន លើកឡើងថា ការបើកសន្និបាតពេលនេះដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផលក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ។ លោក ហ៊ុន សែន លើកឡើងដូច្នេះ តាមរយៈហ្វេសប៊ុករបស់លោកថ្ងៃទី១៦ ខែកក្កដា។ លោកបន្តទៀតថា ការពិភាក្សានេះ មានគោលដៅដើម្បីបំពេញបន្ថែម និងឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ។
ចំណែកប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន ក៏លើកឡើងថា លទ្ធផលឆ្នោតកាលពីថ្ងៃទី៥ មិថុនា បញ្ជាក់ថា ពលរដ្ឋកម្ពុជា នៅតែត្រូវការគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំដដែល។ លោក ហេង សំរិន បន្តទៀតថា លទ្ធផលនេះ ធ្វើឲ្យពួកប្រឆាំងជ្រុលនិយម ដែលតែងតែយកជើងរាទឹក ទទួលបរាជ័យក្នុងផែនការប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ទោះយ៉ាងណា លោក ហេង សំរិន មិនបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយម ជាក្រុមណា ឬបក្សណានោះទេ ប៉ុន្តែ ក្រុមដែលប្រធានរដ្ឋសភា ចោទប្រកាន់ពេលនេះ ហាក់សំដៅលើក្រុមមេដឹកនាំគណបក្សប្រឆាំង ត្បិតរបបក្រុងភ្នំពេញ កាលពីឆ្នាំ២០១៧ បានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មេដឹកនាំគណបក្សនេះ១១៨នាក់មិនឲ្យធ្វើនយោបាយរយៈ៥ឆ្នាំ។ សព្វថ្ងៃនេះប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងរងបទចោទ ក្បត់ជាតិ ចំណែកប្រធានស្ដីទីគណបក្សនេះ លោក សម រង្ស៊ី ត្រូវតុលាការកាត់ទោសយ៉ាងជាច្រើនសំណុំរឿង និងមិនទាន់អាចវិលចូលស្រុកវិញបាន។ ទោះបីយ៉ាងណា គណបក្សភ្លើងទៀន ជាអតីតគណបក្សសម រង្ស៊ី បានចូលរួមមកប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា។
ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ បក្សកាន់អំណចរបូតកៅអីក្រុមប្រឹក្សាឃុំសង្កាត់ជាង ២ពាន់អាសនៈទៅគណបក្សភ្លើងទៀន។ លទ្ធផលនេះ បង្ហាញថា គណបក្សភ្លើងទៀន ជាគូប្រកួតប្រជែងធំមួយជាមួយគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះដែរ គណបក្សនេះក៏កំពុងរកការធ្វើទុក្ខបុកម្នេញ ចាប់តាំងពីមុនការបោះឆ្នោត ក្នុងការបោះឆ្នោត និងក្រោយការបោះឆ្នោត ដោយសកម្មជន និងថ្នាក់ដឹកនាំគណបក្សនេះកំពុងជាប់បណ្ដឹងនៅតុលាការ និងជាប់ឃុំពន្ធនាគារជាដើម។
សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញគណបក្សកាន់អំណាចនេះ ធ្វើឡើងក្រោយពេលដែល រដ្ឋាភិបាលឯកបក្ស បានធ្វើវិសោធនកម្ម មាត្រាមួយចំនួនក្នុង រដ្ឋធម្មនុញ្ញ សំដៅផ្ទេរដំណែងនាយករដ្ឋមន្ត្រី ទៅលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់លោក ហ៊ុន សែន។ ការកែប្រែរដ្ឋធម្មនុញ្ញនេះ អាចជាយុទ្ធសាស្ត្រ រកផ្លូវចេញពីឆាកនយោបាយរបស់លោក ហ៊ុន សែន ចុងនៅជីវិតនយោបាយចុងក្រោយរបស់លោក ដើម្បីធានាលោកនឹងមានសុវត្ថិភាពទៅថ្ងៃក្រោយ។
ពាក់ព័ន្ធនឹងរឿងនេះប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សភ្លើងទៀន លោក សម រង្ស៊ី ថ្លែងក្នុងកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីកាលពីយប់ទី១៥ ខែកក្កដា ថា បើតាមសំឡេងពលរដ្ឋគណបក្សភ្លើងទៀនជាង ១លាន ៦សែន ក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិកន្លងទៅ នឹងអាចធ្វើឲ្យគណបក្សនេះទទួលបានកៅអីជាង ២០ក្នុងសភា នឹងធ្វើឲ្យគណបក្សនេះអាចទទួលបានដំណែងអនុប្រធានទី១ ឬអនុប្រធានទី២ នៃរដ្ឋសភា ក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ លោកបន្តថា គណបក្សភ្លើងទៀន អាចនឹងក្លាយជាឧបសគ្គក្នុងការផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹង ហ៊ុន សែន គាត់ដឹងថា អូកម្លាំងភ្លើងទៀន ខ្លាំងណាស់នៅក្នុងរដ្ឋសភា ច្បាស់ជាជំទាស់ អ៊ីចឹងបានគាត់កែរដ្ឋធម្មនុញ្ញ គាត់រំលងមិនបាច់ឆ្លងកាត់ប្រធានរដ្ឋសភាមិនចាំឆ្លងកាត់អនុប្រធានទី១អនុប្រធានទី២រដ្ឋសភា ព្រោះគាត់ដឹងក្បាលម៉ាស៊ីនរដ្ឋសភា ឆ្នាំក្រោយច្បាស់មានគឺភ្លើងទៀន ភ្លើងទៀនច្បាស់ជាជំទាស់ អ៊ីចឹងបានគាត់ថា ទេ សុំកែឲ្យតែគណបក្សណាដែលមានសំឡេងឆ្នោតច្រើនជាងស្នើទៅព្រះមហាក្សត្រ»។
លោក សម រង្ស៊ី ថា លោកនៅតែរក្សាជំហរធ្វើច្បាប់លើកលែងទោសឲ្យ លោក ហ៊ុន សែន ប្រសិនបើលោកចុះចេញពីដំណែង ដើម្បីសេចក្តីសុខរបស់ពលរដ្ឋខ្មែរមួយនគរ។
ទាក់ទងរឿងនេះដែរ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា ទោះបីពេលនេះបក្សប្រជាជនកម្ពុជា មានអំណាច និងមានប្រៀបលើគូប្រកួតប្រជែងក្ដី ប៉ុន្តែគណបក្សនេះ ក៏មានការប្រុងប្រយ័ត្នដែរ ព្រោះបើគាបសង្កត់ជ្រុលលើគូប្រកួតប្រជែង នឹងប្រឈមការរិះគន់ ឬរងទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិ៖ «អ្វីដែលគណបក្សកាន់អំណាចចង់បានគឺរក្សានូវស្ថានភាពអ្នកនយោបាយពុំមានសកម្មភាពច្រើនអាចថា ធ្វើឲ្យអ្នកទាំងអស់នោះភ័យផងខ្លាចផង មហាជនទូទៅក៏មិនសូវចូលរួមច្រើនដែរ នេះជាយុទ្ធសាស្ត្រឈ្នះឈ្នះ ប្រើសិនបើកឱកាស បើកលំហសេរីភាពឆ្លើយតបទៅនឹងអ្វីដែលភាគីលោកខាងលិច ប្រជាធិបតេយ្យលើកឡើងគណបក្សកាន់អាចពិបាកស្មានទៅនឹងព្យាករណ៍ទៅនឹងហានិភ័យដែលអាចជួបប្រទះនាពេលអនាគត»។
ទាក់ទងការលើកឡើងបែបនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី១៦ ខែកក្កដា ដោយលោកប្រាប់ថា លោកកំពុងជាប់ប្រជុំក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា។
លោក ឯម សុវណ្ណារ៉ា យល់ថា ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ សហគមន៍អន្តរជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមពីការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងលំហនយោបាយនៅកម្ពុជា បើមិនដូច្នេះទេ គណបក្សនយោបាយដែលជាគូប្រកួតប្រជែងនឹងគណបក្សកាន់អំណាច នឹងប្រឈមការធ្វើទុក្ខបុកម្នេញបន្តទៀត។
នៅសប្តាហ៍នេះ សហរដ្ឋអាមេរិកបានបន្តជំរុញឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ដានីញែល គ្រីធែនប្រ៊ីង (Daniel Kritenbrink) លើកឡើងថា សហរដ្ឋអាមេរិកខ្វាយខ្វល់អំពីការរឹតត្បិតលើលំហ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ព្រមទាំងការដាក់គោលដៅលើមេដឹកនាំបក្សប្រឆាំង និងអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងសង្គមស៊ីវិល ដែលសកម្មភាពទាំងនេះ ធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យពហុបក្ស និងនីតិរដ្ឋ។ លោកបន្តថា សហរដ្ឋអាមេរិកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវកាតព្វកិច្ច និងការប្ដេជ្ញាចិត្តជាអន្តរជាតិ ដើម្បីការពារ និងគោរពសេរីភាពនៃការបញ្ចេញមតិ ការចងក្រងជាសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ព្រមទាំងបើកឡើងវិញនូវលំហនយោបាយ និងពលរដ្ឋ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
