គណបក្សកាន់អំណាចបានបិទបញ្ចប់សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ របស់ខ្លួននៅថ្ងៃទី២៦ ខែមករា និងដាក់បញ្ចូលសមាជិកភាពថ្មី៤នាក់បន្ថែម ទៅក្នុងក្បាលម៉ាស៊ីនដឹកបក្ស ព្រមទាំងបង្ហាញពីលទ្ធផលការងារដែលរដ្ឋាភិបាលអះអាងថា បានដោះស្រាយបញ្ហាជាតិសំខាន់ៗ ហើយធ្វើឱ្យសេដ្ឋកិច្ចជាតិកើនឡើង។ មន្ត្រីបក្សប្រឆាំងមើលឃើញថា រដ្ឋាភិបាលត្រកូល«ហ៊ុន» បានបរាជ័យក្នុងការដោះស្រាយវិបត្តិសង្គម ហើយការបើកសន្និបាតនេះ គ្រាន់តែជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីពង្រឹងអំណាចឱ្យនាយករដ្ឋមន្ត្រីកូនគឺលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាឪពុកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានដឹកនាំធ្វើសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា ដោយបានសម្រេចនូវផែនការងារចំនួន២ គឺទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល៤នាក់។ ក្នុងនោះរួមមាន លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា លោក តាក់ ស៊ុនអី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ព្រមទាំងលោក គុយ សុផល ដែលបច្ចុប្បន្នមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក ធន វឌ្ឍនា អនុប្រធានទី២ នៃរដ្ឋសភា ។
ក្រៅពីដាក់បញ្ចូលសមាជិកចំនួន៤នាក់ ទៅក្នុងក្បាលម៉ាស៊ីនបក្សហើយនោះ លោក ហ៊ុន សែន ក៏បានអួតសរសើរពីស្នាដៃកូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា បានការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ហើយអះអាងថា ធ្វើឱ្យសេដ្ឋកិច្ចជាតិកើនឡើង៦% ព្រមទាំងបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងដោះស្រាយរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដើម្បីទប់ស្កាត់អ្វីមួយដែលលោក ហ៊ុន សែន ហៅថា ឧបាយកលអាក្រក់របស់ក្រុមជ្រុលនិយម។
ពិធីសន្និបាតគណៈកម្មាធិការកណ្ដាលនេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាក្នុងក្រុងភ្នំពេញ ដោយមានវត្តមានលោក ហ៊ុន សែន ជាប្រធានគណបក្ស លោក ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស លោក ហេង សំរិន ជាប្រធានកិត្តិយសគណបក្ស អ្នកស្រី ម៉ែន សំអន អនុប្រធានបក្ស និងចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្ដាល ព្រមទាំងតំណាងសមាជិកគណបក្សមកពីក្រុមខេត្តក្រុងទូទាំងប្រទេស រួមទាំងមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាសរុបជាង៣ពាន់នាក់ (៣.៥៥៥) ។
ទោះជាយ៉ាងណា មន្ត្រីបក្សប្រឆាំងលើកឡើងថា ការដឹកនាំរបស់ក្រុមគ្រួសារត្រកូល «ហ៊ុន» រយៈពេលជាង៤០ឆ្នាំមកនេះ កាន់តែធ្វើឱ្យពលរដ្ឋធ្លាក់ខ្លួនក្រីក្រជំពាក់បំណុលធនាគារវ័ណ្ឌក និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមករា ថា ការដាក់បញ្ចូលសមាជិកថ្មីទៅក្នុងបក្សកាន់អំណាចនេះ មិនផ្ដល់ផលចំណេញអ្វីដល់ពលរដ្ឋនោះទេ ពីព្រោះកន្លងមកក្រុមមន្ត្រីទាំងនោះបានបម្រើអំណាចរបស់ខ្លួនទៅគាបសង្កត់លើពលរដ្ឋបន្ថែមទៀត។ លោកបន្តថា លោក ហ៊ុន សែន មិនអាចលាក់បាំងអសមត្ថភាពរបស់កូនប្រុសរបស់លោកក្នុងការដឹកនាំប្រទេសបាននោះទេ បើទោះបីជាលោក ហ៊ុន សែន ខំអួតបែបណាក្ដី ក៏បញ្ហាតម្លៃកសិផលគ្មានទីផ្សារ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបញ្ហាបូរណភាពទឹកដីនៅតែបន្តកើតមាន។
លោក អ៊ុំ សំអាន៖ «អ្នកលក់ផ្ទះខ្យល់ដូចជា ឧកញ៉ា ឡេង ណាវ៉ាត្រា អីអត់មានចាប់ខ្លួនផងហ្នឹង យើងពលរដ្ឋឥឡូវនេះពួកគាត់កំពុងត្អូញពីការជំពាក់បំណុលធនាគារវ័ណ្ឌក។ ហើយថែរក្សាសុខសន្តិភាពអីបើមានករណីបង្ខំមនុស្សឱ្យឆបោកតាមអនឡាញ ផ្អើលទូទាំងពិភពលោកទៅដល់កូរ៉េខាងត្បូង ទៅដល់ឥណ្ឌារហូតដល់ភ្ញៀវទេសចរណ៍គេមិនហ៊ានមកលេងនៅកម្ពុជាអ៊ីចឹងមានសុខសន្តិភាពអី។ អីចឹងគិតតាមពិភពលោកកម្ពុជាគឺជាសំបុកចោរ សំបុកចាប់ជំរិត»។
ដោយឡែក អតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល កត់សម្គាល់ថា ការកំណត់ទិសដៅការងាររបស់គណបក្សប្រជាជនកម្ពុជានោះគឺ តាមកម្ចាត់មន្ត្រីបក្សប្រឆាំង ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងឆ្លងដែនលើក្រុមអ្នករិះគន់នៅក្រៅប្រទេសដើម្បីបំបិទមាត់ក្រុមអ្នករិះគន់ពីការដឹកនាំរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន»។
លោក ខឹម មុន្នីកុសល៖ «លោក ហ៊ុន សែន បើគាត់នៅតែបន្តនយោបាយរឹងត្អឹង នយោបាយផ្ដាច់ការតទៅមុខទៀតមិនមែនមានន័យថា គាត់ទទួលជ័យជម្នះជារៀងរហូតនោះទេមានន័យថា គាត់អាចឈានទៅដល់ការដួលរំលំក៏អាចថាបានដែរ។ ប្រសិនបើគាត់មិនធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យមានភាពស្មើគ្នានៅក្នុងសង្គម ស្មើគ្នាទាំងសិទ្ធិធ្វើនយោបាយ ស្មើគ្នាទាំងសិទ្ធិរស់រៀនមានជីវិត»។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ គឺរងការរិះគន់ខ្លាំងពីពលរដ្ឋអំពីបញ្ហាសិទ្ធិមនុស្ស បញ្ហាពលរដ្ឋអត់ការងារធ្វើ និងការរំលោភយកដីធ្លីជាដើម។ លោកបន្តថា មេដឹកនាំកើតចេញពីគណបក្សកាន់អំណាចគឺជា មេដឹកនាំដែលគ្មានទំនួលខុសត្រូវលើការដោះស្រាយបញ្ហាជាតិសំខាន់ៗ ដូចជា បញ្ហាកោះគជ់ ការបន្តផ្ដល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនវៀតណាម និងរឿងឃាតកម្មដ៏កក្រើកលើលោក លិម គិមយ៉ា ដែលរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋ។
លោក ស៊ឹង សែនករុណា៖«ខ្ញុំគិតថា អាហ្នឹងគឺជារឿងមួយដែលគណបក្សកាន់អំណាចគួរតែពិនិត្យមើលពួកសមាជិករបស់ខ្លួនដែលប្រព្រឹត្តនូវអំពើឧក្រិដ្ឋអីទាំងអស់ហ្នឹងបទល្មើសអីផ្សេងៗហ្នឹងគួរតែមានការចាត់វិធានការទៅតាមហ្នឹងទៅចៀសវាងមានតែគ្នាច្រើនអត់មានការដោះស្រាយបញ្ហាជាតិឱ្យចំគោលដៅ»។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសអស់រយៈពេលជាង៤០ឆ្នាំមកហើយ។ គណបក្សនេះនៅតែមានមហិច្ឆតាដឹកនាំប្រទេសក្នុងរយៈពេលវែងឆ្ងាយទៅមុខទៀតដោយកម្ចាត់ចោលក្រុមអ្នកប្រឆាំងតាមរយៈការតាក់តែងច្បាប់ និងប្រើប្រព័ន្ធតុលាការដើម្បីដាក់ទោសលើក្រុមអ្នករិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិជួបជុំ សិទ្ធិសារព័ត៌មាន សិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ ព្រមទាំងបង្កើនការចាប់សកម្មជនសង្គម នយោបាយ និងបរិស្ថានដាក់ពន្ធនាគារជិត១០០នាក់ ដែលបញ្ហានេះនាំឱ្យប្រទេសប្រជាធិបតេយ្យធំៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើមនាំគ្នាថ្កោលទោសរដ្ឋាភិបាលត្រកូល«ហ៊ុន» ហើយព្រមានដកប្រព័ន្ធអនុគ្រោះពន្ធបន្ថែម ប្រសិនបើរដ្ឋាភិបាលមិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។