សមាជិក រដ្ឋសភាគណបក្សប្រជាជនកម្ពុជាបានលើកដៃគាំទ្រ និងផ្តល់ទំនុកចិត្តឱ្យលោក ប្រាជ្ញ ចន្ទ ក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយ នៅក្នុងសម័យប្រជុំលើកទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនានេះ។
អតីតអភិបាលខេត្ត និងជាអតីតសមាជិកសភាឯកបក្សរូបនេះ ទទួលបានសំឡេងគាំទ្រទាំងស្រុងពីសហការីរបស់លោកចំនួន ៨២នាក់ ដែលមានវត្តមានក្នុងសម័យប្រជុំពេញអង្គនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាគណបក្សប្រជាជនកម្ពុជា។ លោកត្រូវរង់ចាំព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រ មុននឹងស្បថចូលកាន់តំណែងប្រធាន គ.ជ.ប ជាផ្លូវការ ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានសុំលាលែងក្រោមហេតុផលសុខភាពផ្ទាល់ខ្លួន។
ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងទៅនេះ លោក ប្រាជ្ញ ចន្ទ ធ្លាប់បានកាន់តំណែងជាច្រើន មានជាអាទិ៍ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អភិបាលខេត្តបាត់ដំបង អភិបាលខេត្តត្បូងឃ្មុំ និងជាសមាជិករដ្ឋសភាឯកបក្សនីតិកាលទី៦។
ទោះជាយ៉ាងនេះក្ដី អ្នកតាមដានកិច្ចការបោះឆ្នោត និងពលរដ្ឋមួយចំនួនយល់ថា លោក ប្រាជ្ញ ចន្ទ នឹងមិនអាចដឹកនាំ គ.ជ.ប ឱ្យក្លាយជាស្ថាប័នឯករាជ្យ ដើម្បីរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលខាងមុខបាននោះទេ។ មូលហេតុ គឺដោយសារលោកគ្មានបទពិសោធន៍ផ្នែកកិច្ចការបោះឆ្នោត ហើយលោកធ្លាប់រងការរិះគន់ពីពលរដ្ឋថា មានពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងកាងឱ្យពួកអ្នករកស៊ីខុសច្បាប់ ជាដើម។ ជាងនេះទៅទៀត ស្ថាប័ន គ.ជ.ប ខ្លួនឯង ហាក់បានក្លាយជាឧបករណ៍ផ្ដាច់មុខរបស់គណបក្សប្រជាជនកម្ពុជារួចទៅហើយ តាំងពីក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។ ស្ថាប័នអាជ្ញាកណ្ដាលមួយនេះ បានយកអាសនៈសភា និងក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំងទៅចែកឱ្យគណបក្សផ្សេង ដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ ហើយបានរៀបចំការបោះឆ្នោតបែបបង្គ្រប់កិច្ចមួយនៅឆ្នាំ២០១៨ ដើម្បីប្រមូលយកអាសនៈសភាទាំងស្រុងឱ្យទៅគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។