"លោក ហ៊ុន សែន គ្មាន​ភាពជា​គំរូ​ដើម្បី​ណែនាំ​ឲ្យ​ប្រទេស​ដទៃ កសាង​សន្តិភាពទេ"

0:00 / 0:00

ក្រុម​អ្នក​រិះគន់ លើកឡើង​ថា លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​ភាពជា​គំរូ ក្នុង​ការ​ណែនាំ​ឲ្យ​ប្រទេស​ដទៃ កសាង​សន្តិភាព​នោះ​ទេ ព្រោះ​លោក​ជា​មេដឹកនាំ​កាន់អំណាច​យូរ ដោយសារ​ការប្រើប្រាស់​អំពើ​ហិង្សា ការ​កាប់​សម្លាប់ ចូលចិត្ត​ព្រមាន​បង្ក​សង្គ្រាម​ជាមួយ​បក្ស​ប្រឆាំង ការគាបសង្កត់ ការ​គៃបន្លំ​ការបោះឆ្នោត និង​អំពើពុករលួយ​ជាដើម​។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​មេដឹកនាំ​ឯក​បក្ស​រូប​នេះ បាន​អួតអាង​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​​លោក ដើម្បី​រួមចំណែក​ស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ។

ក្រុម​អ្នក​រិះគន់ ចំអក​ឲ្យ​លោក ហ៊ុន សែន ថា មេដឹកនាំ​ឯក​បក្ស​រូប​នេះ គឺជា​គីង្គក់​លក់​ថ្នាំ​ស្រែង ក្នុង​ន័យ​ថា ប្រទេស​ខ្លួនឯង មិន​ទាន់​មាន​សន្តិភាព​ពេញលេញ​ផង បែរជា​ដើរ​ប្រាប់​មេដឹកនាំ​ប្រទេស​ដទៃ​ឲ្យ​ខិតខំ​កសាង​សន្តិភាព​នៅ​ឧ​ប​ទ្វី​កូរ៉េ​ទៅវិញ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀសខ្លួន​រស់នៅ​សហរដ្ឋអាមេរិក លោក រុន ចន្ធី ថ្លែថា ជា​រឿង​អស់សំណើច​ដែល​លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្តាច់ការ រំលោភសិទ្ធិ​មនុស្ស និង​គាស់​រំលើង​លទ្ធិប្រជាធិបតេយ្យ​ល្បីរ​ន្ធឺ​ពេញ​ពិភពលោក បែរជា​ដើរតួ​ជា​អ្នក​ផ្សព្វផ្សាយ​សារ​សន្តិភាព​។​លោក បន្ត​ថា មុន​ណែនាំ​មេដឹកនាំ​ប្រទេស​ដទៃ​នោះ លោក ហ៊ុន សែន គួរតែ​កែប្រែ​ខ្លួនឯង​សិន និង​វិល​មក​ចូល​តុ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ ហើយ​ផ្សះផ្សារ​ជាតិ ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​គោរព​នីតិរដ្ឋ​ពិតប្រាកដ​ឡើងវិញ៖ «លោក ហ៊ុន សែន ល្បី​ខ្លាំង​ជាងគេ​ហ្មង​រឿង​ដឹកនាំ​បែប​ផ្ដាច់ការ បែប​យោធា និង​បក្ខពួក​និយម ហើយ​មានកេរ្តិ៍ឈ្មោះ​អាស្រូវ​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង ហើយ​តែ​ឥឡូវ​ទៅ​បង្រៀន​គេ តាំង​ខ្លួនឯង​ធ្វើជា​គំរូ​គេ វា​ហាក់បីដូចជា រឿង​អស់សំណើច​បំផុត។ ហើយ​ការ​ទៅ​ទទួល​ពានរង្វាន់​សន្តិភាព​នេះ វា​មិន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​ពិត​ថា លោក ហ៊ុន សែន ជា​អ្នក​បង្រួបបង្រួម​សន្តិភាព​សោះ​។ យើង​មើល​ក្នុង​សង្គម​កម្ពុជា​យើង​បច្ចុប្បន្ន​គាត់​រំលោភ​គ្រប់​ទម្រង់​ទាំងអស់ ហើយ​ថ្មីៗ​នេះ អ្នកណា​ដែល​ហាមាត់​និយាយ គឺ​គាត់​ប្រើ​តុលាការ ចាប់​ដាក់គុក សូម្បីតែ​កម្មករ​ -​ កម្មការិនី​ណាហ្គា​វើ​លដ៍ តវ៉ា​ដើម្បី​អាហារ​៣​ពេល ក៏​ចាប់​ដាក់គុក​ដាក់ច្រវ៉ាក់​ដែរ។ កន្លងមក មានការ​រំលោភ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ ការប្រើ​ហិង្សា​លើ​អ្នកនយោបាយ ការរំលោភ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ក្នុង​ប្រទេស គឺថា វា​មាន​គ្រប់​ទម្រង់​ទាំងអស់»។

ជាមួយ​គ្នា​នេះ អ្នកវិភាគ​នយោបាយ​ដែល​ភៀសខ្លួន​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland )​លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន កំពុង​បាក់មុខ​នៅលើ ឆាក​អន្តរជាតិ រឿង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​រង​ការរិះគន់​ជុំវិញ ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ជាដើម ដូច្នេះហើយ​ទើប​លោក ទាក់ទង​ឲ្យ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF)​ដែល​មិនសូវ​ល្បីឈ្មោះ ធ្វើ​ពិធី​ផ្តល់​ពានរង្វាន់​ឲ្យ​លោក ដើម្បី​ជួយ​ឃោសនា​លុបលាង ឬ​បិទបាំង​ទង្វើ​អាក្រក់ៗ​របស់​លោក​។​ប៉ុន្តែ​លោក គឹម សុខ យល់ថា ទោះបីជា​លោក ហ៊ុន សែន ខំ​ចំណាយ​លុយ និង​រៀបចំ​ព្រឹត្តិការណ៍​បែប​ណា​ក្តី ក៏​មិនអាច​ស្តារ​មុខមាត់​បាន​ដែរ ប្រសិនបើ​លោក មិន​ព្រម​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​តាមរយៈ​ការ​ទម្លាក់​បទ​ចោទប្រកាន់​ផ្សេងៗ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​នោះ​​៖ «អស់សំណើច​ទី​១ ស្ថានភាព​កម្ពុជា ញាំ​ញ៉ី​ដោយ​អំពើ ហិង្សា អំពើពុករលួយ និង​អយុត្តិធម៌ ល្បីល្បាញ​អំពី​ការដឹកនាំ​ពាក់ព័ន្ធ​នឹង​ពួក​ម៉ាហ្វីយ៉ា​ល្បែង លោក ហ៊ុន សែន មិន​ដោះស្រាយ​ផង បែរជា​ជិះ​យន្តហោះ​ទៅ​រក​ដំណោះស្រាយ​សន្តិភាព​ឲ្យ​ឧបទ្វីប​កូរ៉េ​ទៅវិញ ហើយ​រឿង​នេះ មហាអំណាច​គេ ប្រើ​ពេល​រាប់​ទសវត្ស​​មក​ហើយ ដោះស្រាយ​មិន​ទាំង​ចេញ​ផង​»។

ការ​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ធ្វើឡើង​ក្រោយពេល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក ថ្ងៃទី​១១ ខែកុម្ភៈ បាន​ថ្លែង​សុន្ទរកថា​ចែករំលែក​នូវ​ទស្សនៈ​របស់​លោក​ដើម្បី​បង្ហាញ ផ្លូវ​ទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ។​លោក ហ៊ុន សែន ថ្លែង​ក្នុង កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​២០២២​ស្តីពី​''​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​'' ដែល​រៀបចំ​នៅ​ទីក្រុង​សេអ៊ូល(Seoul)​ប្រទេស​កូរ៉េខាងត្បូង​ដោយ​អង្គការ​មួយ​ឈ្មោះថា សហព័ន្ធ​សន្តិភាព​សកល (UPF)​។ លោក លើកឡើង​ថា ប្រទេស​កម្ពុជា និង​តំបន់​មេគង្គ អាច​ផ្តល់​មេរៀន​ស្តីពី​ការ​កសាង​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​។ លោក​បន្ត​ថា គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក អាច ជា​ការ​ជំរុញ​ទឹកចិត្ត​និង​ប្រភព​នៃ​ការស្រាវជ្រាវ​សម្រាប់​ប្រទេស​នានា​ដើម្បី​កសាង​សន្តិភាព​។ មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​ភាសា​ហិង្សា​និង​ព្រមាន​បង្ក​សង្គ្រាម​ជាមួយ​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់​រូប​នេះ បញ្ជាក់​ថា យើង​មិនអាច​ប្រើ​សង្គ្រាម​បញ្ចប់សង្គ្រាម​បានទេ តែ​យើង​ត្រូវការ​កិច្ច​សន្ទនា​ដោយ​សន្តិវិធី និង​ការ​ចរចា​ឈ្នះ​ឈ្នះ​ដើម្បី​បញ្ចប់សង្គ្រាម៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​ស្នើ​ឱ្យ​កូរ៉េ​ទាំងពីរ និង​ភាគី​ពាក់ព័ន្ធ នានា សម្រេច​សន្ធិសញ្ញា សន្តិភាព​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានា​បាន​នូវ​សន្តិភាព អចិន្ត្រៃយ៍​នៅ​លើ​ឧបទ្វីប​កូរ៉េ។ ខ្ញុំ​ក៏​សូម​អំពាវនាវ ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្អែកលើ​ទំនុកចិត្ត និង​ភាពជា​ដៃគូ​យក​ប្រជាជន​ជា​ស្នូល ដើម្បី​កសាង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​ដោយ​សន្តិភាព»។

នៅ​ថ្ងៃទី​១២ ខែកុម្ភៈ អង្គការ​សហព័ន្ធ​សន្តិភាព​សកល ក៏​នឹង​មាន​ពិធី​ប្រគល់​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ (Sunhak peace prize award) ដល់​លោក ហ៊ុន សែន ដែរ ដោយ​អះអាង​ថា លោក ដឹកនាំ​ប្រទេស​រួមចំណែក​កសាង​សន្តិភាព ។

ជុំវិញ​រឿង​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ដែល​បាន​ផ្តល់​ពានរង្វាន់​ឲ្យ​លោក ហ៊ុន សែន នេះ ជា​ប្តី​ប្រពន្ធ​ជនជាតិ​កូរ៉េខាងត្បូង​ពីរ​នាក់ គឺ​លោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) និង​អ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon)​។ លោក ចោទ​ថា ពួកគេ គឺជា​ក្រុម​មនុស្ស​ឆបោក និង​ជាមនុស្ស​មិន​គ្រប់ទឹក ហើយ​លោក ស៊ុន ម្យ៉ុង ម៉ូន ក៏​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​នៅ​សហរដ្ឋអាមេរិក​រយៈពេល​១៨​ខែ​ដោយសារ​អំពើ​ទុច្ចរិត​របស់​គាត់​។ មេ​បក្ស​ប្រឆាំង​រូប​នេះ បន្តថា លោក ហ៊ុន សែន ទំនងជា​នឹង​បង្ខំ​ព្រះមហាក្សត្រ ឲ្យ​អបអរសាទរ​ពានរង្វាន់​ឆ្កួតៗ​មួយ​នេះ ដែល​គ្មាន​អ្នកណា​ឲ្យ​តម្លៃ​អ្វី​ទាល់តែសោះ ដើម្បី​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ​ថា​គាត់​ទទួល​បាន​កិត្តិយស​ដ៏​ធំធេង​លើ​ឆាក​អន្តរជាតិ​។

ដោយឡែក​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក៏​នឹង​ចាប់ផ្តើម​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ក្នុង​ទីក្រុង​សេអ៊ូ​ល (Seoul ) ដែរ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ដើម្បី​ទាមទារ​ឱ្យ​លោក ហ៊ុន សែន គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ព្រមទាំង​ជំទាស់​នឹង​ការ​ប្រគល់​ពានរង្វាន់​សន្តិភាព​ដល់​លោក ហ៊ុន សែន ផងដែរ​។ ពួកគេ ចាត់ទុកថា វត្តមាន​លោក ហ៊ុន សែន នៅ​កូរ៉េខាងត្បូង និង​ការ​ទទួល​បាន​ពានរង្វាន់​នេះ មិនមែន​ជា​ការ​លើក​កម្ពស់​មុខមាត់​ជាតិ​នោះ​ទេ ពោល​គឺ​លោក​គ្រាន់តែ​ជា​ការ​បិទបាំង​អំពើ​រំលោភ​សិទ្ធិមនុស្ស​និង​នយោបាយ​ខ្មៅ​កខ្វក់​របស់ខ្លួន ដើម្បី​បន្តអំណាច​ផ្ដាច់ការ​ប៉ុណ្ណោះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។