ក្រុមអ្នករិះគន់ លើកឡើងថា លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន គ្មានភាពជាគំរូ ក្នុងការណែនាំឲ្យប្រទេសដទៃ កសាងសន្តិភាពនោះទេ ព្រោះលោកជាមេដឹកនាំកាន់អំណាចយូរ ដោយសារការប្រើប្រាស់អំពើហិង្សា ការកាប់សម្លាប់ ចូលចិត្តព្រមានបង្កសង្គ្រាមជាមួយបក្សប្រឆាំង ការគាបសង្កត់ ការគៃបន្លំការបោះឆ្នោត និងអំពើពុករលួយជាដើម។ ការលើកឡើងនេះ គឺបន្ទាប់ពីមេដឹកនាំឯកបក្សរូបនេះ បានអួតអាងពីនយោបាយឈ្នះឈ្នះរបស់លោក ដើម្បីរួមចំណែកស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។
ក្រុមអ្នករិះគន់ ចំអកឲ្យលោក ហ៊ុន សែន ថា មេដឹកនាំឯកបក្សរូបនេះ គឺជាគីង្គក់លក់ថ្នាំស្រែង ក្នុងន័យថា ប្រទេសខ្លួនឯង មិនទាន់មានសន្តិភាពពេញលេញផង បែរជាដើរប្រាប់មេដឹកនាំប្រទេសដទៃឲ្យខិតខំកសាងសន្តិភាពនៅឧបទ្វីកូរ៉េទៅវិញ។
សមាជិកគណបក្សសង្គ្រោះជាតិដែលភៀសខ្លួនរស់នៅសហរដ្ឋអាមេរិក លោក រុន ចន្ធី ថ្លែថា ជារឿងអស់សំណើចដែលលោក ហ៊ុន សែន ជាមេដឹកនាំផ្តាច់ការ រំលោភសិទ្ធិមនុស្ស និងគាស់រំលើងលទ្ធិប្រជាធិបតេយ្យល្បីរន្ធឺពេញពិភពលោក បែរជាដើរតួជាអ្នកផ្សព្វផ្សាយសារសន្តិភាព។លោក បន្តថា មុនណែនាំមេដឹកនាំប្រទេសដទៃនោះ លោក ហ៊ុន សែន គួរតែកែប្រែខ្លួនឯងសិន និងវិលមកចូលតុចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយជម្លោះនយោបាយរ៉ាំរ៉ៃ ហើយផ្សះផ្សារជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងគោរពនីតិរដ្ឋពិតប្រាកដឡើងវិញ៖ «លោក ហ៊ុន សែន ល្បីខ្លាំងជាងគេហ្មងរឿងដឹកនាំបែបផ្ដាច់ការ បែបយោធា និងបក្ខពួកនិយម ហើយមានកេរ្តិ៍ឈ្មោះអាស្រូវនៅលើឆាកអន្តរជាតិយ៉ាងខ្លាំង ហើយតែឥឡូវទៅបង្រៀនគេ តាំងខ្លួនឯងធ្វើជាគំរូគេ វាហាក់បីដូចជា រឿងអស់សំណើចបំផុត។ ហើយការទៅទទួលពានរង្វាន់សន្តិភាពនេះ វាមិនឆ្លុះបញ្ចាំងអំពីទិដ្ឋភាពពិតថា លោក ហ៊ុន សែន ជាអ្នកបង្រួបបង្រួមសន្តិភាពសោះ។ យើងមើលក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្នគាត់រំលោភគ្រប់ទម្រង់ទាំងអស់ ហើយថ្មីៗនេះ អ្នកណាដែលហាមាត់និយាយ គឺគាត់ប្រើតុលាការ ចាប់ដាក់គុក សូម្បីតែកម្មករ - កម្មការិនីណាហ្គាវើលដ៍ តវ៉ាដើម្បីអាហារ៣ពេល ក៏ចាប់ដាក់គុកដាក់ច្រវ៉ាក់ដែរ។ កន្លងមក មានការរំលោភដីធ្លី និងផ្ទះសម្បែងរបស់ពលរដ្ឋ ការប្រើហិង្សាលើអ្នកនយោបាយ ការរំលោភលើសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋក្នុងប្រទេស គឺថា វាមានគ្រប់ទម្រង់ទាំងអស់»។
ជាមួយគ្នានេះ អ្នកវិភាគនយោបាយដែលភៀសខ្លួនរស់នៅប្រទេសហ្វាំងឡង់ (Finland )លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងបាក់មុខនៅលើ ឆាកអន្តរជាតិ រឿងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងរងការរិះគន់ជុំវិញ ការធ្វើជាប្រធានអាស៊ានប្តូរវេនជាដើម ដូច្នេះហើយទើបលោក ទាក់ទងឲ្យអង្គការសហព័ន្ធសន្តិភាពសកល (UPF)ដែលមិនសូវល្បីឈ្មោះ ធ្វើពិធីផ្តល់ពានរង្វាន់ឲ្យលោក ដើម្បីជួយឃោសនាលុបលាង ឬបិទបាំងទង្វើអាក្រក់ៗរបស់លោក។ប៉ុន្តែលោក គឹម សុខ យល់ថា ទោះបីជាលោក ហ៊ុន សែន ខំចំណាយលុយ និងរៀបចំព្រឹត្តិការណ៍បែបណាក្តី ក៏មិនអាចស្តារមុខមាត់បានដែរ ប្រសិនបើលោក មិនព្រមចរចាបញ្ចប់ជម្លោះនយោបាយតាមរយៈការទម្លាក់បទចោទប្រកាន់ផ្សេងៗលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទេនោះ៖ «អស់សំណើចទី១ ស្ថានភាពកម្ពុជា ញាំញ៉ីដោយអំពើ ហិង្សា អំពើពុករលួយ និងអយុត្តិធម៌ ល្បីល្បាញអំពីការដឹកនាំពាក់ព័ន្ធនឹងពួកម៉ាហ្វីយ៉ាល្បែង លោក ហ៊ុន សែន មិនដោះស្រាយផង បែរជាជិះយន្តហោះទៅរកដំណោះស្រាយសន្តិភាពឲ្យឧបទ្វីបកូរ៉េទៅវិញ ហើយរឿងនេះ មហាអំណាចគេ ប្រើពេលរាប់ទសវត្សមកហើយ ដោះស្រាយមិនទាំងចេញផង»។
ការបញ្ចេញប្រតិកម្មបែបនេះធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ បានថ្លែងសុន្ទរកថាចែករំលែកនូវទស្សនៈរបស់លោកដើម្បីបង្ហាញ ផ្លូវទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ។លោក ហ៊ុន សែន ថ្លែងក្នុង កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ស្តីពី''សន្តិភាពនៅឧបទ្វីបកូរ៉េ'' ដែលរៀបចំនៅទីក្រុងសេអ៊ូល(Seoul)ប្រទេសកូរ៉េខាងត្បូងដោយអង្គការមួយឈ្មោះថា សហព័ន្ធសន្តិភាពសកល (UPF)។ លោក លើកឡើងថា ប្រទេសកម្ពុជា និងតំបន់មេគង្គ អាចផ្តល់មេរៀនស្តីពីការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។ លោកបន្តថា គោលនយោបាយឈ្នះឈ្នះរបស់លោក អាច ជាការជំរុញទឹកចិត្តនិងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានាដើម្បីកសាងសន្តិភាព។ មេដឹកនាំដែលចូលចិត្តប្រើភាសាហិង្សានិងព្រមានបង្កសង្គ្រាមជាមួយគណបក្សប្រឆាំងជាបន្តបន្ទាប់រូបនេះ បញ្ជាក់ថា យើងមិនអាចប្រើសង្គ្រាមបញ្ចប់សង្គ្រាមបានទេ តែយើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះឈ្នះដើម្បីបញ្ចប់សង្គ្រាម៖ «ខ្លួនខ្ញុំផ្ទាល់សូមស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធ នានា សម្រេចសន្ធិសញ្ញា សន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាព អចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ ខ្ញុំក៏សូមអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បន្ត ជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរដោយសន្តិភាព»។
នៅថ្ងៃទី១២ ខែកុម្ភៈ អង្គការសហព័ន្ធសន្តិភាពសកល ក៏នឹងមានពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ (Sunhak peace prize award) ដល់លោក ហ៊ុន សែន ដែរ ដោយអះអាងថា លោក ដឹកនាំប្រទេសរួមចំណែកកសាងសន្តិភាព ។
ជុំវិញរឿងនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថា ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកលដែលបានផ្តល់ពានរង្វាន់ឲ្យលោក ហ៊ុន សែន នេះ ជាប្តីប្រពន្ធជនជាតិកូរ៉េខាងត្បូងពីរនាក់ គឺលោក ស៊ុន ម្យ៉ុង ម៉ូន (Sun Myung Moon) និងអ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon)។ លោក ចោទថា ពួកគេ គឺជាក្រុមមនុស្សឆបោក និងជាមនុស្សមិនគ្រប់ទឹក ហើយលោក ស៊ុន ម្យ៉ុង ម៉ូន ក៏ធ្លាប់មានប្រវត្តិជាប់គុកនៅសហរដ្ឋអាមេរិករយៈពេល១៨ខែដោយសារអំពើទុច្ចរិតរបស់គាត់។ មេបក្សប្រឆាំងរូបនេះ បន្តថា លោក ហ៊ុន សែន ទំនងជានឹងបង្ខំព្រះមហាក្សត្រ ឲ្យអបអរសាទរពានរង្វាន់ឆ្កួតៗមួយនេះ ដែលគ្មានអ្នកណាឲ្យតម្លៃអ្វីទាល់តែសោះ ដើម្បីបោកបញ្ឆោតប្រជារាស្ត្រខ្មែរថាគាត់ទទួលបានកិត្តិយសដ៏ធំធេងលើឆាកអន្តរជាតិ។
ដោយឡែកពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ក៏នឹងចាប់ផ្តើមចេញធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ក្នុងទីក្រុងសេអ៊ូល (Seoul ) ដែរចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីទាមទារឱ្យលោក ហ៊ុន សែន គោរពរដ្ឋធម្មនុញ្ញឲ្យបានត្រឹមត្រូវ គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងជំទាស់នឹងការប្រគល់ពានរង្វាន់សន្តិភាពដល់លោក ហ៊ុន សែន ផងដែរ។ ពួកគេ ចាត់ទុកថា វត្តមានលោក ហ៊ុន សែន នៅកូរ៉េខាងត្បូង និងការទទួលបានពានរង្វាន់នេះ មិនមែនជាការលើកកម្ពស់មុខមាត់ជាតិនោះទេ ពោលគឺលោកគ្រាន់តែជាការបិទបាំងអំពើរំលោភសិទ្ធិមនុស្សនិងនយោបាយខ្មៅកខ្វក់របស់ខ្លួន ដើម្បីបន្តអំណាចផ្ដាច់ការប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
