ថ្មីៗ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលរង្វាន់មួយទៀតពីអង្គការសាសនាកូរ៉េ ដែលបង្កើតឡើងដោយប្តីប្រពន្ធពីរនាក់។ បុរសជាប្តីដែលកើតនៅកូរ៉េខាងជើង និងជាសហស្ថាបនិកអង្គការសាសនានេះ ធ្លាប់ជាប់ពន្ធនាគារជិតមួយឆ្នាំ នៅសហរដ្ឋអាមេរិក ពីបទគៃបន្លំពន្ធ និងសមគំនិតប្រព្រឹត្តបទឧក្រិដ្ឋកម្ម។
ក្នុងពេលជាមួយគ្នានេះ កូនប្រុសពៅរបស់ស្ថាបនិកអង្គការនេះ រងការរិះគន់ពីការផ្សព្វផ្សាយអំពើហិង្សា ក្រោយគាត់បានប្រកាសឲ្យអ្នកជឿក្រុមសាសនានេះ កាន់អាវុធ និងប្រឆាំងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
តាំងពីក្រោយរម្លាយគណបក្សសង្គ្រោះជាតិ ចាប់ប្រធានគណបក្សនេះ និងសកម្មជននយោបាយសង្គមរាប់សិបនាក់ដាក់គុក និងបណ្តេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើទុកបុកម្នេញសំឡេងប្រឆាំងឥតស្រាកស្រាន្ត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលពានរង្វាន់ចំនួន៣ ដោយក្នុងនោះពានរង្វាន់ពីរ គឺពាក់ព័ន្ធនឹងសន្តិភាព និងមួយសម្រាប់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ។
ពានរង្វាន់ទាំងនេះ គឺសុទ្ធតែបានមកពីអង្គការសាសនាតែមួយ ដែលបង្កើតឡើងដោយប្តីប្រពន្ធកូរ៉េពីរនាក់ គឺមេសាសនាលោក ស៊ុន យុងមូន (Sun Myung Moon) និងអ្នកស្រី ហាក់ ចាហាន់មូន (Hak Ja Han Moon)។ អ្នកទាំងពីររួមគ្នាបង្កើតអង្គការសាសនាដំបូង កាលពីឆ្នាំ២០០៥ ដាក់ឈ្មោះថា សហព័ន្ធសន្តិភាពសាកល (ឬ Universal Peace Federation) ដែលអង្គការនេះ អះអាងថា ដើម្បីលើកស្ទួយសន្តិភាពសាកល។
លោក ស៊ុន យុងមូន ប្រកាសខ្លួនលោកថា ជាអ្នកស្រឡាញ់សន្តិភាព និងជួយសង្គ្រោះភពផែនដី ដែលព្រះយេស៊ូបានជ្រើសរើសឲ្យបំពេញបេសកកម្មនេះ។ នៅឆ្នាំ២០១៣ ស្រ្តីជាប្រពន្ធ បានបង្កើតមូលនិធិមួយទៀត ដាក់ឈ្មោះថា រង្វាន់សន្តិភាពស៊ុនហាក់ (Sunhak Peace Prize) ដោយអះអាងថា ដើម្បីជួយដោះទុក្ខសត្វលោក ដែលកំពុងរងទុក្ខវេទនា ដោយសារសង្គ្រាម និងភាពក្រីក្រ។
ប៉ុន្តែអង្គការនេះរងការរិះគន់ជុំទិសថា យកពាក្យស្រឡាញ់សន្តិភាព និងជួយសង្គ្រោះសត្វលោកនេះថា ជាការបិទបាំង ដើម្បីការបញ្ជ្រាបជំនឿសាសនាជ្រុលនិយមទៅវិញ។ មិនតែប៉ុណ្ណោះ អង្គការទាំងនេះរងការរិះគន់ថា បានកេងប្រវ័ញ្ចក្មេងៗ ដោយលាងខួរក្បាលអ្នកមានជំនឿសាសនា និងបោកប្រាស់ប្រាក់កាសពីពួកគេថែមទៀតផង។
លោក ស៊ុន យុងមូន (Sun Myung Moon) ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារនៅអាមេរិក កាលពីឆ្នាំ១៩៨២ ដោយសារតែលួចបន្លំពន្ធ និងបទរួមគំនិតប្រព្រឹត្តបទឧក្រិដ្ឋ។ តុលាការអាមេរិកកាត់ទោសឲ្យលោកជាប់ពន្ធនាគារ ១៨ខែ។ ប៉ុន្តែ ឲ្យជាប់គុកតែ ១១ខែកន្លះ ក៏ត្រូវតុលាការដោះលែងមុនកាលកំណត់ ដោយសារតែមានអន្តរាគមន៍ពីអ្នកនយោបាយ។ មនុស្សជំនិតមួយចំនួនរបស់លោក ស៊ុន យុងមូន (Sun Myung Moon) បានជាប់ពន្ធនាគារដែរ ដោយសារបទចាប់ជំរិតមនុស្សទារប្រាក់។
ក្រោយៗ មកទៀត អង្គការសាសនារបស់ប្តីប្រពន្ធពីរនាក់នេះ កើនទ្រព្យសម្បត្តិយ៉ាងសម្បើមចន្លោះពី ១ពាន់លានដុល្លារ ដល់ ២ពាន់លានដុល្លារ ចន្លោះពីឆ្នាំ១៩៨២ ដល់ឆ្នាំ ២០០៦។ ប៉ុន្តែជម្លោះក្នុងការគ្រប់គ្រងអង្គការសាសនានេះ ចាប់ផ្តើមផ្ទុះឡើង។ ជារួមអង្គការសាសនា ដែលមានសាខា និងបណ្តាញជាច្រើននេះ គឺគ្រប់គ្រងដោយគ្រួសារត្រកូលមូនទាំងអស់។ ប៉ុន្តែ ពួកគេមិនអាចផ្សះផ្សារគ្នាបានឡើយ។
ក្នុងចំណោមកូនទាំងបីនាក់ កូនប្រុសពៅរបស់ពួកគាត់ គឺលោក យុង ជិនមូន (Hyung Jin Moon) បានបំបែកអង្គការសាសនា ដើម្បីគ្រប់គ្រងដាច់តែឯងមួយ និងប្រកាសខ្លួនឯងឡើងជាស្តេចទីពីរ បន្ទាប់ពីឳពុករបស់លោក និងបានដឹកនាំចលនាសាសនាមួយ នៅអាមេរិក ប្រកាន់គោលការណ៍ហិង្សាប្រឆាំងមនុស្សភេទទីបី ឬអ្នកស្រឡាញ់ភេទដូចគ្នា។ លោក យុង ជិនមូន ប្រកាសឲ្យអ្នកស្អប់អ្នកស្រលាញ់ភេទដូចគ្នា នាំគ្នាកាន់កាំភ្លើងគ្រប់ដៃ។
ជម្លោះគ្រួសារពាក់ព័ន្ធនឹងរឿងលុយកាក់រវាងម្តាយ និងកូនៗ បានផ្ទុះឡើងជាបន្តបន្ទាប់។ ជម្លោះនេះផ្ទុះធំ នៅឆ្នាំ២០១២ ក្រោយមរណភាពរបស់លោក ស៊ុន យុងមូន (Sun Myung Moon)។ ក្រោយលោក ស៊ុន យុងមូន (Sun Myung Moon) ស្លាប់ទៅ ភរិយារបស់លោក និងកូនទាំងបីនាក់របស់ពួកគាត់ ចាប់ផ្តើមឈ្លោះគ្នាររឿងដណ្តើមទ្រព្យនេះ រហូតដល់ឡើងតុលាការ។ រហូតមកដល់ពេលនេះ អស់រយៈពេល ១០ឆ្នាំហើយ សំណុំរឿងនេះនៅមិនទាន់ដាច់ស្រេចនៅឡើយ។
ការមិនអាចសម្របសម្រួលផ្ទៃក្នុងអង្គការសាសនា និងគ្រួសារខ្លួនឯងបាននេះ ធ្វើឲ្យមតិជាច្រើនលើកជាចម្ងល់ថា តើអង្គការសាសនាដ៏ចម្រូងចម្រាសមួយនេះ មានតម្លៃអ្វីក្នុងការផ្តល់ពានរង្វាន់សន្តិភាព ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន?
ជាងនេះទៅទៀត ថ្មីៗ នេះ អង្គការសាសនានេះ បានគាំទ្រជំហរលោក ហ៊ុន សែន ដែលទៅចាប់ដៃមេដឹកនាំរដ្ឋប្រហារយោធាភូមា ដែលបាញ់សម្លាប់ជនស៊ីវិលស្លូតត្រង់ជាង ១.៤០០នាក់ និងបានដុតមនុស្សទាំងរស់រាប់សិបនាក់មានទាំងកុមារផង។
ឥឡូវពានរង្វាន់សន្តិភាពពីអង្គការសាសនាពីរនាក់ប្តីប្រពន្ធនេះ បានត្រូវប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន យកទៅបំពងសំឡេង និងរម្លេចឲ្យទៅជារឿងដ៏អស្ចារ្យ ហើយជ្រាបដល់ព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គត្រូវឡាយព្រហត្តលេខាគាំទ្រ និងកោតសរសេរលោក ហ៊ុន សែន ដែលបានទទួលរង្វាន់នេះទៀតផង។
ប្រធានស្តីគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី លោកស្ដាយ និងហួសចិត្ត ដែលប្រជាពលរដ្ឋខ្មែរ និងព្រះមហាក្សត្រផង កំពុងលង់ជឿការបោកប្រាស់របស់អង្គការសាសនាមួយនេះ។ លោកថា នេះជាគ្រោះថ្នាក់ធំមួយទៀតសម្រាប់ជាតិ ដែលបុគ្គលជាច្រើន រួមទាំងព្រះមហាក្សត្រផង នាំគ្នាជឿរឿងបែបនេះ៖ «ហើយមេដាយហ្នឹងណា គ្មាននរណាចង់បានទេ។ រង្វាន់ដែលអង្គការហ្នឹងឲ្យ អង្គការចោរ ប្រធានស្ថាបនិកហ្នឹងឈ្មោះ មូន (Moon) ហ្នឹងបោកគេច្រើនណាស់ ! អាក្រក់ណាស់! អាហ្នឹងគឺ ឆបោកលាងខួរ ពង្វក់មនុស្ស។ កាលនោះលុយគាត់បានច្រើន គាត់ទៅទិញអ្នកមានអំណាចដូច ហ៊ុន សែន ដូចអី ឲ្យរង្វាន់ឲ្យមេដាយមាសអី។ អារឿងហ្នឹងអាក្រក់ មើលមែនទែន! រួចខ្មែរយើងអត់ដឹង! ព្រះមហាក្សត្រប្រហែលលោកអត់ដឹង លោកចេះតែស្អីសរសើរ ហ៊ុន សែន»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន បានអះអាងបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទិញលក់ ឬស៊ុមគ្រលុំគ្នា ដើម្បីទទួលបានពានរង្វាន់នេះទេ។
ទោះបីជាការទទួលពានរង្វាន់សន្តិភាព ពីអង្គការសាសនានេះ ត្រូវបានប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ចុះផ្សាយព្រោងព្រាតយ៉ាងណាក្តី ក៏គ្មានសារព័ត៌មានអន្តរជាតិណាមួយ ចាប់អារម្មណ៍យករឿងនេះទៅចុះផ្សាយនោះឡើយ។
ករណីនេះ គឺផ្ទុយគ្នាស្រឡះទៅនឹងរង្វាន់ណូបែលសន្តិភាព (ឬ Nobel Peace Prize) របស់ពិភពលោក ដែលផ្តល់ឲ្យអ្នកមានស្នាដៃឆ្នើម ក្នុងការតស៊ូ ដើម្បីឲ្យមានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុសុ្ស យុត្តិធម៌សង្គម និងភាពសុខុដុមរមនាក្នុងសង្គម និងពិភពលោក ដែលរង្វាន់បែបនេះ ត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយព្រោងព្រាត។
ឧទាហរណ៍ រង្វាន់ណូបែលសន្តិភាព សម្រាប់ឆ្នាំ២០២១ បានទៅជនជាតិហ្វ៊ីលីពីន អ្នកស្រី ម៉ារៀរ រ៉េសា ( Maria Ressa) ជាអ្នកកាសែតដែលប្តូរផ្តាច់ដោយមិនខ្លាចញញើត ក្នុងការការពារសេរីភាពក្នុងកាបញ្ចេញមតិ និងផ្សព្វផ្សាយព័ត៌មានបកអាក្រាតការរំលោភអំណាច ការប្រើអំពើហិង្សា និងអំពើផ្តាច់ការរបស់ប្រធានាធិបតីហ្វ៊ីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte)។ ម្នាក់ទៀតគឺ លោក មីទ្រី មូរ៉ាតូវ ( Dmitry Muratov) ជនជាតិរុស្ស៊ី ដែលជាអ្នកតស៊ូមតិ ដើម្បីសេរីភាពសារព័ត៌មាននៅរុស្ស៊ី។
នៅតំបន់អាស៊ីអាគ្នេយ៍ មានមេដឹកនាំតែបីរូបប៉ុណ្ណោះ ដែលទទួលបានរង្វាន់ណូបែលសន្តិភាពនេះ។ ទីមួយគឺ លោក ឡេ ដឹកថ (Le Duc Tho) នៃបក្សកុម្មុយនិស្តវៀតណាម ដែលទទួលរង្វាន់នេះក្នុងឆ្នាំ១៩៧៣ ដោយសារលោកជាបុគ្គលឆ្នើម ក្នុងចរចារហូតមានបទឈប់បាញ់គ្នាជាមួយអាមេរិក នៅឆ្នាំ១៩៧៣។ ប៉ុន្តែលោក ឡេ ដឹកថ មិនព្រមទទួលយករង្វាន់នោះទេ។
បន្ទាប់មកទៀត គឺអ្នកស្រី អ៊ុង សានស៊ូជី ( Aung San Suu Kyi) នៃប្រទេសភូមា ដែលបានរង្វាន់នេះ នៅឆ្នាំ១៩៩១ ក្នុងពេលដែលអ្នកស្រីជាមេបក្សប្រឆាំង និងកំពុងជាប់ឃុំក្នុងផ្ទះ។ រង្វាន់នេះ អ្នកស្រីទទួលបានក្នុងស្នាដៃតស៊ូដោយអហិង្សា ដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ចុងក្រោយ គឺជនជាតិទីម័រខាងកើតពីររូប គឺលោក ខាឡូស ហ្វ៊ីលីប៉េ ស៊ីមីណេបេឡូ ( Carlos Filipe Ximenes Belo) និងលោក ហូស្សេ រ៉ាម៉ូសហ័រតា ( José Ramos-Horta)។ ពួកគាត់ទទួលរង្វាន់នេះ កាលពីឆ្នាំ១៩៩៦ ចំពោះស្នាដៃរកដំណោះស្រាយដោយយុត្តិធម៌ និងសន្តិវិធី ដើម្បីបញ្ចប់ជម្លោះនៅទីម័រខាងកើត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។