កូនស្រីរបស់សកម្មជនបក្សប្រឆាំងនៅខេត្តរតនគិរី នៅរសៀលថ្ងៃទី២៦ កញ្ញា បានដាក់ពាក្យស្នើសុំទៅសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ឱ្យជួយផ្ដល់មេធាវីការពារក្ដីដល់ឪពុករបស់ខ្លួន ដើម្បីដំណើរការក្ដីឱ្យរួចផុតពីការចោទប្រកាន់របស់តុលាការ។ កូនស្រីសកម្មជនរូបនេះអះអាងថា តុលាការចាប់ឪពុករបស់លោកស្រីដាក់ពន្ធនាគារដោយអយុត្តិធម៌បំផុត ដែលមិនអាចទទួលយកបានឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
កូនស្រីរបស់សកម្មជនគណបក្សប្រឆាំងនៅខេត្តរតនគិរី ថ្លែងថា ការដែលមន្ត្រីតុលាការខេត្តរតនគិរី ឃុំខ្លួនឪពុករបស់លោកស្រី គឺលោក ងិន សុផាត ក្នុងពន្ធនាគារពីបទរួមគំនិតក្បត់ជាតិនោះ ជាអំពើអយុត្តិធម៌បំផុត ដើម្បីបំបែកបំបាក់គ្រួសាររបស់លោកស្រីមិនឱ្យបានសុខ។
កូនស្រីមន្ត្រីគណបក្សរូបនេះ គឺលោកស្រី ងិន គង្គា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៦ កញ្ញាថា លោកស្រីបានដាក់ពាក្យស្នើសុំទៅសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរីរួចហើយ នៅរសៀលថ្ងៃដដែលនេះ ដើម្បីឱ្យជួយផ្ដល់មេធាវីការពារក្ដីដល់ឪពុករបស់លោកស្រីឱ្យរួចផុតពីការចោទប្រកាន់។ លោកស្រីបញ្ជាក់ថា មូលហេតុដែលលោកស្រីស្នើសុំមេធាវី ដោយសារគ្រួសារក្រីក្ររបស់ខ្លួន គឺគ្មានប្រាក់ជួលមេធាវីឯកជនដើរក្ដីក្ដាំលើសំណុំរឿងនេះឡើយ៖ «បារម្ភខ្លាចឪពុកមានបញ្ហាធ្ងន់ធ្ងរនៅក្នុងពន្ធនាគារ ព្រោះគាត់មានជំងឺលើសឈាមហូបប្រៃក៏មិនបាន ណាមួយខ្លាចគាត់ពិបាកចិត្តនៅក្នុងពន្ធនាគារ។ បើនិយាយពីខ្ញុំវិញ ដូចមនុស្សឆ្កូតរកធ្វើអីមិនត្រូវទេ បើម្ដាយរបស់ខ្ញុំយំទាំងយប់ទាំងថ្ងៃឱ្យតែគាត់ឃើញសំលៀកបំពាក់ឪពុកខ្ញុំ » ។
លេខាធិការគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោក ងិន សុផាត និងប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង លោក ធឿន ប៊ុនធន ត្រូវបានតុលាការខេត្តរតនគិរី បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៣ កញ្ញា ដោយជាប់ចោទ ពីបទរួមគំនិតក្បត់ជាតិ។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីលោក កែវ ពិសុទ្ធ ប្រាប់អាស៊ីសេរីថា មន្ត្រីតុលាការបានចោទប្រកាន់លោក ងិន សុផាត និងលោក ធឿន ប៊ុនធន ពីបទរួមគំនិតក្បត់ជាតិ ដោយសារអ្នកទាំង២ បង្ហោះសារនៅក្នុងហ្វេសប៊ុកពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នៅពេលខាងមុខ៖ «បើតាមតំណាងខាងខ្ញុំប្រាប់មក គឺគាត់អត់មានមេធាវីការពារក្ដីនៅឡើយទេ។ បាទ! បើសិនជាតុលាការរកថា គាត់អត់មានកំហុសក្នុងរឿងនេះទេ គឺតុលាការនឹងដោះលែងគាត់វិញ ព្រោះផ្លូវច្បាប់គេកំណត់អីចឹង អ្នកដែលមិនពាក់ព័ន្ធនឹងបទល្មើស គឺត្រូវរួចខ្លួន ឬរួចផុតពីបទចោទ » ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អង្គការរបស់លោកនឹងប្រឹងប្រែងរកមេធាវីជួយការពារក្ដីដល់សកម្មជនបក្សរូបនេះតាមការស្នើសុំ ដើម្បីជួយការពារផ្លូវច្បាប់ដល់ជនជាប់ឃុំ។ លោកបន្តថា សមាគម អាដហុក ក៏នឹងស្នើសុំទៅតុលាការឱ្យជនសង្ស័យរូបនេះបាននៅក្រៅឃុំបណ្ដោះអាសន្នដែរ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ កត់សំគាល់ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ គឺជារឿងនយោបាយ ដោយសារពួកគេបានបង្ហោះសារនៅលើហ្វេសប៊ុក (Face book) គាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ លោកហៅចំណាត់ការរបស់មន្ត្រីតុលាការនេះថា ជាការគំរាមកំហែងបំភិតបំភ័យប្រជាពលរដ្ឋច្រើនជាងការអនុវត្តច្បាប់៖ «នៅក្នុងបរិយាកាសស្ថានភាពនយោបាយបែបនេះ គឺយើងពិបាក ដែលអាចជួយឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន។ អីចឹង វាទាល់តែមានការចរចាត្រូវរ៉ូវគ្នា រវាងគណបក្សនយោបាយទាំង ២គណបក្ស ទើបយើងសង្ឃឹមពួកគាត់មានសេរីភាពវិញ » ។
គិតត្រឹមរសៀលថ្ងៃទី២៦ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៩នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ។ អាជ្ញាធររបបនេះ ក៏បានកោះហៅសកម្មជនបក្សប្រឆាំងចំនួន ១៥៨នាក់ ទៅសាកសួរ។ រីឯសកម្មជនច្រើននាក់ទៀត បានរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែពួកគេធ្វើសកម្មភាពនយោបាយគាំទ្រនយោបាយរបស់គណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។