របបលោក ហ៊ុន សែន អះអាងថា របបនេះនឹងបន្តចោទប្រកាន់ និងចាប់ខ្លួនពលរដ្ឋទាំងឡាយណា ដែលគាំទ្រមាតុភូមិនិវត្តន៍ និងផែនការដទៃទៀតរបស់មេបក្សប្រឆាំងលោក សម រង្ស៊ី។ អ្នកវិភាគនយោបាយ និងមន្ត្រីសង្គមស៊ីវិលថា ប្រសិនបើរបបនេះបន្តការចាប់ខ្លួនពលរដ្ឋថែមទៀតនោះ របបនេះគួរតែដាក់ប្រទេសក្នុងភាពអាសន្ន។
របបលោក ហ៊ុន សែន គ្មានគម្រោងដាក់ប្រទេសក្នុងស្ថានភាពអាសន្ននោះទេ បើទោះបីជារបបនេះចាត់ទុកគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថា ជា ការប៉ុនប៉ងធ្វើរដ្ឋប្រហារក្ដី។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍បាន ដូច្នេះលោកថា មិនមានសារៈសំខាន់ដែលត្រូវដាក់ប្រទេសក្នុងភាពអាសន្នឡើយ។ ទោះជាយ៉ាងណា លោកអះអាងថា អាជ្ញាធរនឹងបន្តចោទប្រកាន់ និងចាប់ខ្លួនជនទាំងឡាយណាដែលគាំទ្រផែនការរបស់លោក សម រង្ស៊ី រហូតទាល់តែក្រុមមេដឹកនាំបក្សប្រឆាំងបញ្ឈប់សកម្មភាពដែលលោកហៅថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល និងរបបរាជានិយម៖ «ការអនុវត្តច្បាប់ យើងមិនមានអ្វីទៅដែលជាសភាពរហូតដល់ប្រកាសប្រជាជាតិនៅក្នុងភាពអាសន្ននៅឡើយទេ ប៉ុន្តែជនដែលរៀបចំមកធ្វើរដ្ឋប្រហារ នោះត្រូវតែទទួលទោសតាមផ្លូវច្បាប់របស់យើង»
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលថ្លែងបែបនេះ ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ដែលបានជំរុញឱ្យរដ្ឋាភិបាលដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។
បណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងក្នុងបទសម្ភាសជាមួយអាស៊ីសេរី កាលពីពេលថ្មីៗនេះថា ការថ្លែង ឬបង្ហោះសារគាំទ្រគណបក្សសង្គ្រោះជាតិ និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សនេះ គឺជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកថា សកម្មភាពនេះ មិនខុសច្បាប់នោះទេ ទោះជាក្នុងក្រមព្រហ្មទណ្ឌ ឬច្បាប់អ្វីក៏ដោយ។ លោកជំរុញឱ្យ របបលោក ហ៊ុន សែន ដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីឱ្យស្របនឹងគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស ប្រសិនបើរបបនេះចង់ចាប់ខ្លួនក្រុមអ្នកគាំទ្របក្សប្រឆាំងបន្តបន្ទាប់ទៀតនោះ៖ «ក្នុងករណីអ៊ីចឹង តាមរដ្ឋធម្មនុញ្ញយើង គឺដាក់ប្រទេសហ្នឹងក្នុងភាពអាសន្នទៅ។ ព្រះករុណា ព្រះមហាក្សត្រទៅប្រកាសនៅមុខសភាទៅថា ដាក់ប្រទេសកម្ពុជាក្នុងភាពអាសន្ន។ ម្ល៉ោះហើយក្នុងភាពអាសន្ននេះ គេអាចព្យួរសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមួយចំនួនបាន ដូចជា សិទ្ធិបញ្ចេញមតិ ហើយគេអាចចាប់បានថែមទៀត។ សំណូមពរខ្ញុំ គឺថាបើធ្វើអ៊ីចឹងទៅ វាសមស្របនឹងគោលការណ៍សិទ្ធិមនុស្សហ្នឹងផង ហើយនិងគោលការណ៍នីតិរដ្ឋហ្នឹងផងដែរ»។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ស្ថានភាពនាពេលនេះបង្ហាញថា កម្ពុជាមិនមែនជាប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយនោះទេ។ លោកថា កម្ពុជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យ ដែលបើកសិទ្ធិឱ្យពលរដ្ឋអាចនិយាយរិះគន់រដ្ឋាភិបាល និងបញ្ចេញមតិគាំទ្រអ្នកនយោបាយដែលខ្លួនពេញចិត្ត។ លោកបន្តថា នៅពេលសិទ្ធិសេរីភាពទាំងនេះត្រូវបានដកហូត ហើយសំឡេងប្រឆាំងត្រូវបានបំបិទ នោះកម្ពុជាមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតឡើយ៖ «ប្រសិនបើចង់ផាត់ចេញអ្នកណាមួយ ក្រៅពីការប្រកួតប្រជែងផ្នែកនយោបាយ គួរតែធ្វើតាមនីតិវិធីដូចលោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ហ្នឹងទៅ គឺយើងដាក់ប្រទេសក្នុងស្ថានភាពអាសន្នអ៊ីចឹងទៅ ហើយដកហូតសិទ្ធិមួយចំនួន ឧទាហរណ៍ សិទ្ធិសេរីភាពបញ្ចេញមតិ រិះគន់ ឬក៏ការធ្វើនយោបាយទាំងអស់ហ្នឹងទៅ អ៊ីចឹងហើយបានហើយ ប៉ុន្តែប្រទេសហ្នឹងគឺមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតទេ»។
អាជ្ញាធររបបក្រុងភ្នំពេញបានបង្កើនការធ្វើទុក្ខបុកម្នេញ និងការយាយីផ្នែកនយោបាយលើសកម្មជនគណបក្សសង្រ្គោះជាតិកាន់តែខ្លាំង បន្ទាប់ពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសពីគម្រោងវិលមកកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។ ក្រសួងយុត្តិធម៌ដែលជាសេនាធិការនៃរបបក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍បែបចង្អុលបង្ហាញ និងសន្មតទុកជាមុនថា ដំណើរមាតុភូមិនិវត្តន៍របស់ក្រុមមេដឹកនាំបក្សប្រឆាំង គឺជាផែនការផ្ដួលរំលំរដ្ឋាភិបាល។ ដោយមានសេចក្ដីថ្លែងការណ៍តម្រង់ទិសបែបនេះ តុលាការស្ទើរគ្រប់រាជធានី-ខេត្តបានអនុវត្តតាមក្រសួងយុត្តិធម៌ ដោយបង្កើនការកោះហៅ និងតាមចាប់ខ្លួនសកម្មជនបក្សប្រឆាំង ដែលប្រកាសគាំទ្រគម្រោងរបស់លោក សម រង្ស៊ី។
អ្នកការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា និន្នាការបែបនេះ ជារឿងគួរឱ្យព្រួយបារម្ភ ព្រោះប្រវត្តិសាស្ត្របានបង្ហាញថា ភាពឈឺចាប់របស់អ្នករងគ្រោះ និងការបែកបាក់ជាតិ បានបង្កើតឱ្យមានសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ លោកអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកគាំទ្របក្សប្រឆាំង និងស្នើឱ្យគណបក្សកាន់អំណាច និងបក្សប្រឆាំងដោះស្រាយបញ្ចប់វិបត្តិនយោបាយរ៉ាំរ៉ៃនេះ ដើម្បីផលប្រយោជន៍ជាតិខ្មែរទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
