មេធាវីការពារក្តីកញ្ញា សេង ធារី លោក ជូង ជូងី នៅមិនទាន់បានជួបកូនក្តីក្រោយបញ្ជូនទៅពន្ធនាគារខេត្តព្រះវិហារ
មេធាវីការពារក្តីកញ្ញា សេង ធារី លោក ជូង ជូងី មិនទាន់ជួបកូនក្តីលោកឡើយ បន្ទាប់ពីការចាប់ខ្លួនមួយសប្តាហ៍មកនេះ។ កញ្ញា សេង សុធារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ និងត្រូវបានចាប់ខ្លួនភ្លាមៗ ទាំងកញ្ញាមិនបានឃើញសាលក្រម ឬដីកាចាប់ខ្លួន។ សង្គមស៊ីវិលចាត់ទុកការចោទប្រកាន់នេះថា ជារឿងអយុត្តិធម៌ និងជាការបំបិទសិទ្ធិសេរីភាពរបស់អ្នកទាមទារសេរីភាពសង្គម និងសិទ្ធិមនុស្ស។
មេធាវីកញ្ញា សេង ធារី និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា កញ្ញា សេង ធារី មិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយការចាប់ខ្លួនកញ្ញា គឺជាការគំរាមកំហែងទៅដល់ការតវ៉ារកយុត្តិធម៌សង្គមផ្សេងទៀត។
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី លោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២១ ខែមិថុនា ថា ការមិនអនុញ្ញាតលោកចូលជួបកូនក្តីរបស់លោកភ្លាមៗ ក្រោយការចាប់ឃុំខ្លួន គឺជាការរំលោភសិទ្ធិកូនក្តីលោក និងសិទ្ធិមេធាវី។ លោកថា លោកស្នើសុំជួបកញ្ញា សេង ធារី ដើម្បីជជែកពីបណ្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការក្រុងភ្នំពេញ។ លោកថា ពេលនេះក្រសួងមហាផ្ទៃយល់ព្រមឱ្យលោកទៅជួបក្ដីរបស់លោកហើយ ប៉ុន្តែមិនព្រមចេញលិខិតជាលាយលក្ខណ៍អក្សរ ដែលបណ្ដាលឱ្យលោកព្រួយបារម្ភ ដែលមន្ត្រីពន្ធនាគារអាចមិនឱ្យលោកចូលជួបកញ្ញា សេង ធារី៖ «នាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានទូរស័ព្ទមកខ្ញុំថា ក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យខ្ញុំទៅជួបកញ្ញា សេង ច័ន្ទធារី ហើយ ហើយខ្ញុំក៏ទាមទារឱ្យគាត់ចេញជាលិខិត ឬក៏ចេញជាចំណារជាលាយលក្ខអក្សរ តែគាត់ថា មិនអាចចេញកើតទេ កាលណាចេញខុសច្បាប់ ពីព្រោះមេធាវីមានសិទ្ធិជួបកូនក្តី។ ហើយខ្ញុំក៏បានលើកទៅវិញថា ចុះបើសិនខ្ញុំទៅ ស្រាប់តែមន្ត្រីពន្ធនាគាអត់អោយជួបគិតម៉េច។ គាត់ថា គាត់បានបោះដៃទៅហើយ ឱ្យទៅ ទៅ គេឱ្យជួបហើយ។ ហើយខ្ញុំក៏បញ្ជាក់គាត់ថា អ៊ីចឹងខ្ញុំទៅជាក់ស្តែង ប្រសិនបើខាងមន្ត្រីពន្ធនាគារមិនឱ្យជួបខ្ញុំ និងទាក់ទង តាមទូរស័ព្ទមកគាត់វិញ។ ហើយ មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារគាត់ឆ្លើយថា ឯកភាពជាមួយ និងខ្ញុំ នៅពេលដែលខ្ញុំជាមេធាវីទៅ ប្រសិនបើពន្ធនាគារមិនឱ្យជួប តេមកគាត់ចុះ»។
លោក ជូង ជូងី អះអាងថា បើគ្មានអ្វីប្រែប្រួលនោះទេ លោកនឹងទៅជួបកូនក្តីនៅពន្ធនាគារថ្ងៃព្រហស្បត៍សប្តាហ៍នេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២១ ខែមិថុនា ដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា តាមផ្លូវច្បាប់ នីតិវិធី និងសិទ្ធិរបស់ជនត្រូវចោទ មេធាវីមានសិទ្ធិជួបកូនក្តី។ លោកបន្តថា នេះជាការព្រួយបារម្ភមួយ ចំពោះនីតិវិធីបន្តដែលមានការយឺតយ៉ាវ ព្រោះកញ្ញា សេង ធារី ត្រូវបានជាប់ឃុំអស់រយៈពេលជាងមួយសប្តាហ៍ហើយ ខណៈតាមផ្លូវច្បាប់ មានរយៈពេលមួយខែសម្រាប់ប្តឹងទៅឧទ្ធរណ៍៖ «បើសិនជាករណីនេះ មេធាវីគាត់ព្យាយាមក្នុងការជួបកូនក្តី ប៉ុន្តែមិនមានការអនុញាត ឬក៏មិនទាន់មានការអនុញ្ញាតណាមួយ ដើម្បីឱ្យជួប អាហ្នឹងវាប៉ះពាល់ទៅដល់សិទ្ធិរបស់កញ្ញា សេង សុធារី ក៏ដូចជាសិទ្ធិរបស់មេធាវីក្នុងការជួបជាមួយកូនក្តី ឬក៏ជួបជាមួយមេធាវី ក្នុងការពិភាក្សានីតិវិធីបន្ត ឬក៏បញ្ហាផ្លូវច្បាប់ តាមនីតិវិធី និងផ្លូវច្បាប់ មិនអាចធ្វើការហាមឃាត់បានទេ បើសិនជាមានការហាមឃាត់ អាហ្នឹងវា នីតិវិធីក៏វាអាច និងមិនត្រឹមត្រូវ ហើយសិទ្ធិរបស់គាត់ ក៏ត្រូវបានប៉ះពាល់ផងដែរ»។
លោក អំ សំអាត យល់ឃើញថា សាលក្រម និងការផ្តន្ទាទោសកញ្ញា សេង ធារី ជាការគំរាមកំហែង បំភិតបំភ័យបំបាក់ស្មារតីដល់អ្នកការពារសិទ្ធិមនុស្ស ។ លោកបន្តែមថា កញ្ញា សេង ធារី តែងតែធ្វើការតស៊ូមតិដោយសន្តិវិធី ដើម្បីលើកកម្ពស់សេរីភាពជាមូលដ្ឋាន និងការគោរពសិទ្ធិមនុស្ស ។
កាលពីថ្ងៃទី១៤ មិថុនា កញ្ញា សេង ធារី ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ អាជ្ញាធរបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារទៅវិញនៅថ្ងៃបន្ទាប់។ កញ្ញា សេង ធារី គឺជាមេធាវី មានសញ្ជាតិអាមេរិក ជាអ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ ជាសកម្មជនទាមទារសិទ្ធិសេរីភាព និងជាអ្នករិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ឥតសំចៃមាត់។ កញ្ញាបានចូលរួមតស៊ូមតិ និងតវ៉ាដោយអហិង្សាជាច្រើន ដូចជា ចូលរួមតវ៉ាជាមួយក្រុមស្ត្រីថ្ងៃសុក្រ ដើម្បីទាមទារការដោះលែងអ្នកទោសនយោបាយ លើកទឹកចិត្តដល់បុគ្គលិកណាហ្កាវើលដ៍ឱ្យធ្វើកូដកម្មដោយសន្តិវិធីទាមទារសំណងសមស្របពីថៅកែក្រុមហ៊ុនណាហ្កាវើលដ៏ និងជាអ្នកលើកស្ទួយសិទ្ធិស្ត្រីជាដើម។
ក្រោយចាប់ខ្លួនកញ្ញា សេង ធារី ភ្លាមៗ លោកមេធាវី ជូវ ជូងី បានសុំមន្ត្រីពន្ធនាគារចូលជួបកូនក្តីរបស់ខ្លួន ដើម្បីពន្យល់ពីសាលក្រមផ្ដន្ទាទោសកញ្ញា ក៏ប៉ុន្តែត្រូវបានពន្ធនាគារបដិសេធ។
ទោះយ៉ាងណាក្ដី ក្រុមអ្នកវិភាគ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ផ្នែកសិទ្ធិមនុស្ស និងសហរដ្ឋអាមេរិក ចាត់ទុកការចាប់ និងឃុំខ្លួនកញ្ញា សេង ធារី នេះថា ជារឿងនយោបាយ និងអយុត្តិធម៌ ហើយទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែង កញ្ញា សេង ធារី ឱ្យមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។