ក្រសួងការពារជាតិនៃរបបក្រុងភ្នំពេញ ចេញមុខប្រតិកម្មជាថ្មី ចំពោះសារព័ត៌មានបរទេសមួយ ដែលចុះផ្សាយអំពីការពង្រីកឥទ្ធិពលរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការសាងសង់មូលដ្ឋានយោធាចិន ក្នុងទឹកដីខេត្តកោះកុង នៃប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឆ្លើយតបនឹងអត្ថបទនេះតាមទំព័រហ្វេសប៊ុករបស់ខ្លួន ដោយចាត់ទុកការផ្សព្វផ្សាយព័ត៌មានបែបនេះថា ជាការចោទប្រកាន់មួលបង្កាច់របបក្រុងភ្នំពេញ ហើយមានចេតនានយោបាយទុច្ចរិត ធ្វើឱ្យពិភពលោកមានការភាន់ច្រឡំមកលើប្រទេសកម្ពុជា។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីលោក ឈុំ សុជាតិ បានទេនៅថ្ងៃទី១៣ ឧសភា ដោយប្រព័ន្ធទូរស័ព្ទលោកមិនអាចទាក់ទងបាន។
កាលពីថ្ងៃទី៩ ឧសភា សារព័ត៌មានអនឡាញឈ្មោះ "War on the rocks” ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយអត្ថបទស៊ីជម្រៅមួយ ក្រោមចំណងជើងថា "ចិនលាក់ខ្លួនវាតទីនៅអាស៊ីអាគ្នេយ៍"។
ក្នុងអត្ថបទដែលបរិយាយអំពីការពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក៏មានភ្ជាប់រូបភាពមួយ បង្ហាញពីការឃើញថ្មីនៃការសាងសង់វាលយន្តហោះនៅក្នុងខេត្តកោះកុង។ រូបភាពដែលថតបានពីប្រព័ន្ធផ្កាយរណបកាលពីពេលថ្មីនេះៗ បង្ហាញថា ក្រុមហ៊ុនចិនឈ្មោះ យ៉ូញៀន ឌឹវិឡុប មិនគ្រុប (Union Development Group) កំពុងរូតរះសាងសង់វាលយន្តហោះនៅក្នុងខេត្តកោះកុងឲ្យចប់រួចរាល់។ អត្ថបទបន្តថា ចំពោះទំហំវាលយន្តហោះដែលកំពុងសាងសង់នៅក្នុងខេត្តកោះកុងនេះ គឺស្រដៀងគ្នានឹងវាលយន្តហោះ នៅលើកោះ ស្ព្រែតលី (Spratly) ក្នុងដែនសមុទ្រចិនខាងត្បូង ដែលអាចបើកផ្លូវឲ្យយោធាចិន ប្រើប្រាស់យន្តហោះឈ្លបយកការណ៍ យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកតាមផ្លូវអាកាសបាន។
ជុំវិញរឿងនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានចេញមុខដោយផ្ទាល់ ប្រាប់ទៅមេដឹកនាំវៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៨ ថា កម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសនៅក្នុងទឹកដីរបស់ខ្លួនឡើយ។ លោកបន្ទោសព័ត៌មានស្ដីពីមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជាថា ជាព័ត៌មានក្លែងក្លាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
