អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ថា​ថ្ងៃ​បោះឆ្នោត​ខាងមុខ​ជា​ថ្ងៃ​បញ្ចុះសព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2018.07.24
ហ្វីល រ៉ូប៊ឺតសុន ឃីងស្លី អាបុត្ត ៦២២ (ពី​ស្ដាំ) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក មុខគុណដា ខាត់ថេល (Mukunda Kattel) នាយក​អង្គការForum Asia អ្នកស្រី កេតថៀ ឈៀស្សី (Katia Chirzzi) នាយករង​នៃ​ឧត្តមស្នងការ​សហប្រជាជាតិ​សិទ្ធិមនុស្ស​ប្រចាំ​ការិយាល័យ​តំបន់​អាស៊ីអាគ្នេយ៍ និង​លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ទីប្រឹក្សា​ច្បាប់​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) និង​ធ្លាប់​ធ្វើ​មន្ត្រី​ច្បាប់​ក្នុង​សាលាក្ដី​ខ្មែរក្រហម ក្នុង​សន្និសីទ​មួយ ក្នុង​ក្លឹប​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​បរទេស (FCCT) នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៧។
Photo of Forum Asia

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ចំនួន​បួន រក​ឃើញ​ថា មិន​ចំពោះ​ថា របប​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ការរៀបចំ​ការបោះឆ្នោត​ខាងមុខ មើល​ទៅ​ដូចជា​មាន​ប្រជាធិបតេយ្យ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ ការពិត​គឺ​អ្វីៗ ដែល​កំពុង​រៀបចំ​នេះ គឺជា​ឆាកល្ខោន​តែប៉ុណ្ណោះ ព្រោះ​ការបោះឆ្នោត ខាងមុខ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​ឡើយ។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី២៤ ខែកក្កដា ដែល​រៀបចំ​ដោយ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) អង្គការ​អន្តរជាតិ​ទាំង​បួន បាន​ពន្យល់​អ្នក​សារព័ត៌មាន និង​មតិ​ជាតិ និង​អន្តរជាតិ ឲ្យ​ជ្រាប​អំពី​តថភាព​ពិត នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។

នាយករង​របស់​អង្គការ​ឃាំ្លមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសិន (Phil Robertson) ហៅ​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ខាងមុខ​នេះ ថា​មិនមែន​ជា​ដំណើរ​ប្រជាធិបតេយ្យ ដូច​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ វា​ជា​បុណ្យ​បញ្ចុះ​សព្វ​នៃ​មរណភាព​ប្រជាធិបតេយ្យ ដែល​បាន​ស្លាប់​ក្នុង​វ័យ​ជាង ២៥​ឆ្នាំ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក ហ្វីល រ៉ូប៊ើតសិន បន្ត​ទៀត​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់អំណាច កំពុង​ខំប្រឹង​សម្ដែង​ឆាកល្ខោន ដើម្បី​បំភាន់​ភ្នែក​សាធារណមតិ ជាតិ​និង​អន្តរជាតិ ឲ្យ​ជឿ​ថា ការ​បោះឆ្នោត​ខាងមុខ មាន​លក្ខណៈ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ជាដើម៖ «ល្បែង​ដែល​លោក ហ៊ុន សែន និង​បក្ស​កាន់អំណាច​កំពុង​លេង​នៅ​ពេល​នេះ គឺ​ពួកគាត់​ចង់​ទាមទារ​ភាព​ស្របច្បាប់ នៃ​ការបោះឆ្នោត​ខាងមុខ ដែល​នរណា​ក៏​មើល​ឃើញ​រួច​ទៅ​ហើយ​ដែរ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ។ លោក ហ៊ុន សែន ប្រឹង​បង្ហាញ​ថា មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​រាប់​ម៉ឺន​នាក់ និង​អួត​ថា មាន​អ្នកសង្កេតការណ៍​អន្តរជាតិ ចូលរួម​ផង។ ប៉ុន្តែ តាម​ការពិត​គណបក្ស​ច្រើន​មែន តែ​បក្ស​ខ្លះ​មាន​អាយុ​ត្រឹម​ពីរ​បី​ខែ​ប៉ុណ្ណោះ។ ឯ​អ្នកសង្កេតការណ៍​បោះឆ្នោត​ភាគច្រើន គឺជា​មនុស្ស​របស់​ក្រុម​សម្ព័ន្ធ​យុវជន ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី។ ចំណែក​ឯ​អ្នកសង្កេតការណ៍​អន្តរជាតិ បើ​និយាយ​តាមពិត គឺ​គ្មាន​អ្នក​សង្កេតការណ៍​ឯណា ពី​ខាង​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​សេរី​ឯទៀត គេ​ចូលរួម​នោះ​ទេ ព្រោះ​ប្រទេស​ទាំងនេះ បាន​ថ្កោលទោស​ការបោះឆ្នោត​នេះ ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​កម្ពុជា​នោះ»

នាយក​កម្មវិធី​ប្រទេស​កម្ពុជា នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ (NDI) លោក ចន ខាវ៉ា​ណាហ្វ (John S. Cavanaugh) បាន​លើក​ឡើង​ថា មិន​ចំពោះតែ​លោក​ទេ នរណា​ផ្សេង​ក៏​អាច​ទាយ​ទុក​មុន​បាន​ដែរ ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នឹង​ឈ្នះ​ឆ្នោត ១០០% ព្រោះ​គ្មាន​គូប្រកួត​ប្រជែង​ទេ។ លោក ចន ខាវ៉ាណាហ្វ ក៏បាន​លើកឡើង​អំពី​មតិ​ពលរដ្ឋ​ខ្មែរ ដែល​មិន​ចង់​ទៅ​ចូលរួម​បោះឆ្នោត ដោយសារ​ពួកគាត់​អះអាង​ថា ទោះ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត ក៏​គង់តែ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ឈ្នះ​ឆ្នោត​តែ​ដដែល​ហ្នឹង។ មិនតែប៉ុណ្ណោះ លោក​ក៏​បាន​រម្លឹក​អំពី​ការស្ទង់មតិ ដែល​វិទ្យាស្ថាន​ប្រជាធិបតេយ្យ បាន​ធ្វើ​កាល​នៅមុន​ការបោះឆ្នោត​នា​ពេល​កន្លងទៅ ដែល​រក​ឃើញ​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​ប្រជាប្រិយ​ភាព​កើនឡើង​ខ្លាំង ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​លោក ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា។ ជា​លទ្ធផល ក្រោយ​ការ​កើនឡើង​នៃ​ប្រជាប្រិយភាព នៃ​បក្ស​ប្រឆាំង ទើប​របប​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​តែម្ដង។

អគ្គលេខាធិការ របស់​ក្រុមប្រឹក្សា​អ្នកច្បាប់ (ICJ) លោក សែម ហ្សារីហ្វ៊ី (Sam Zarifi) ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ក៏បាន​លើកឡើង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឈាន​ដល់​ទី​បញ្ចប់​ហើយ។ លោក​បញ្ជាក់​ថា ការប្រែប្រួល​ចុងក្រោយ​នៅ​កម្ពុជា ក្រោម​របប​លោក ហ៊ុន សែន បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជា​រដ្ឋ​ឯក​បក្ស ដែល​គ្រប់គ្រង​អំណាច​ផ្ដាច់ការ ដោយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក សែម ហ្សារីហ្វ៊ី បញ្ជាក់​ថា អ្វី​ដែល​កំពុង​កើតមានឡើង​នៅ​កម្ពុជា​សព្វថ្ងៃ នេះ​គឺ​ផ្ទុយ​ពី​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ចង់បាន។ កម្ពុជា​សព្វថ្ងៃ ក្លាយ​ជា​ប្រទេស​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​សង្គម​ស៊ីវិល និង សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​ផ្ទុយ​ទៅ​នឹង​កាតព្វកិច្ច​កម្ពុជា ដែល​បាន​សន្យា​ថា នឹង​បំពេញ​តាម​អនុសញ្ញា​អន្តរជាតិ។

ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព នៃ​អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​សេរី ហៅ​កាត់ អានហ្វ្រែល (ANFREL) ក៏បាន​លើកឡើង​អំពី​ភាព​ខ្វះ​អ្នកសង្កេតការណ៍​ឯករាជ្យ ក្នុង​ការ​បោះឆ្នោត ដោយសារតែ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​បោះឆ្នោត​ធំៗ ដូចជា​អង្គការ ខុមហ្វ្រែល (Comfrel) និង​និកហ្វិច (Necfic) ជាដើម សុទ្ធតែ​មិន​បាន​បញ្ជូន​អ្នកសង្កេតការណ៍ ឲ្យ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​ខាងមុខនេះ​ទេ ដោយសារតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​លោក ហ៊ុន សែន និង ការ​បិទ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាង ៤០ ឃ្លាំមើល​ការបោះឆ្នោត​នា​ពេល​កន្លងមក។

មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន និង មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច សុទ្ធតែ​ធ្លាប់​បាន​អះអាង​ថា ការបោះឆ្នោត​ខាងមុខនេះ គឺជា​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយសារ​មាន​គណបក្ស​ចូលរួម​ចំនួន​២០ រួម​ទាំង​បក្ស​កាន់អំណាច​ផង។ មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​មិន​ខ្វល់​ថា​អន្តរជាតិ​ណា​ទទួលស្គាល់ ឬ មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នេះ​ទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ គឺ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​អះអាង​ថា ការបោះឆ្នោត​ខាងមុខនេះ ក៏​នឹង​មិន​ទទួលស្គាល់​ដោយ​ពលរដ្ឋ​ខ្មែរ​ជាង​កន្លះ​ប្រទេស​ដែរ ព្រោះ​គណបក្ស​សង្គ្រោះជាតិ មាន​អ្នកគាំទ្រ​ជាង​បី​លាន​នាក់ ដែល​មិន​ពេញ​ចិត្តនឹង​ការ​រម្លាយ​បក្ស​ប្រឆាំង និង​ការ​ផាត់​បក្ស​នេះ​ចេញពី​ការបោះឆ្នោត​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។