គណបក្សសង្គ្រោះជាតិ​នៅ​អាមេរិក​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​លោក ហ៊ុន សែន​ ទៅ​ចូលរួម​ប្រជុំ​នៅ​ អ.ស.ប ​ថ្ងៃ​ទី២៩ កញ្ញា


2018.09.07
ហ៊ីង សុខសាន្ត ២០១៦ ៨៥៥ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ថ្លែង​ក្នុង​វេទិកា​យុវជន​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA

គណបក្ស​សង្រ្គោះ​ជាតិ​​​នៅសហរដ្ឋអាមេរិកប្រកាស​កំណត់​យក​ថ្ងៃ​ទី២៩ ខែកញ្ញា ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែល​នឹង​ទៅ​ចូលរួម​កិច្ច​​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​លើ​ទឹក​ដី​នៃ​សហរដ្ឋ​អាមេរិក។

លិខិតរបស់ក្រុមគាំទ្រគណបក្ស សង្រ្គោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ដល់​អ្នក​គាំទ្រ សមាជិក និង​ពលរដ្ឋខ្មែរ​ឲ្យ​ចូលរួម​មហា​បាតុកម្ម ដើម្បី​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន ព្រម​ទាំង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កុំ​ឲ្យ​ទទួល​ស្គាល់​រាជ​រដ្ឋាភិបាល​ខុស​ច្បាប់ និង​រដ្ឋសភា​ឯកបក្ស​នៃ​ប្រទេស​កម្ពុជា។

លិខិត​ចុះ​ថ្ងៃ​ទី៦ កញ្ញា​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​ធ្វើ​ការ​ទាមទារ​នៅ​មុខ​អគារ​នៃ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញីវយ៉ក (New York)

ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខសាន្ត ដែលបាននិរទេស​ខ្លួនពី​កម្ពុជា​​ និង​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ការ​កំណត់​យក​ថ្ងៃ​ទី២៩ កញ្ញា ដើម្បី​ធ្វើ​បាតុកម្ម​នេះ គឺ​បន្ទាប់​ពី​ក្រុម​ស្រាវជ្រាវ​ដឹង​ថា ថ្ងៃ​នោះ​លោក ហ៊ុន សែន នឹង​ទៅ​ចូល​រួម​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ការ​ធ្វើ​បាតុកម្ម ក្រុម​បាតុករ​​ក៏​នឹង​យក​ញត្តិ​ទៅ​ដាក់​នៅ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ស្នើសុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​របប​ក្រុង​ភ្នំពេញ ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ថ្ងៃ​ទី២៩ ខែកក្កដា៖ «ធ្វើ​តែ​មួយ​កន្លែង យើង​ជុំ​គ្នា​តែ​ម្តង។ យើង​ប្រឆាំង​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ ហើយ​ចឹង​នាយករដ្ឋមន្រ្តី និង​រដ្ឋាភិបាល ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​នេះ​ក៏​យើង​មិន​ទទួល​ស្គាល់​ដែរ។ ទីពីរ យើង​ចង់​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិកុំទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន សែន»

ការប្រកាសធ្វើបាតុកម្មនឹង​វត្តមាន​លោក ហ៊ុន សែន នៅ​លើ​ទឹក​ដី​អាមេរិក​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ភ្លាមៗ របស់​គណបក្ស សង្រ្គោះ​ជាតិ ប្រឆាំង​ទៅ​នឹង​ការ​បង្កើត​របប​ថ្មី​របស់​លោក ហ៊ុន សែន ដែល​ជា​សារ​បញ្ជាក់​ថា គណបក្ស សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​របប​ថ្មី​នេះ​ឡើយ។

កាល​ពី​ដើម​ខែសីហា លោក ហ៊ុន សែន បានថ្លែង​ឌឺដង​ទៅ​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ក្រៅ​ស្រុក​ថា ក្នុង​​នាម​​លោក​ជា​មេ​ដឹក​នាំ​របប​ថ្មី និង​​ជា​​របប​​ដែល​​លោក​អះអាង​ថា​ស្រប​ច្បាប់​នោះ នឹង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន និង​កិច្ចប្រជុំ​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​សហរដ្ឋ​អាមេរិក ដូច្នេះ​អ្នក​ណា​ចង់​ប្រឆាំង និង​រូប​លោក​អាច​ចេញ​មក​ធ្វើ​បាតុកម្ម​បាន៖ «ខ្ញុំ​នឹង​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​អ្នក​ឯង​មើល ហើយ​ត្រៀម​ទៅ​បាតុកម្ម​អី​ហ្នឹង​ ត្រៀម​ទៅ»

បើទោះជាលោក ហ៊ុន សែន ក្លាហាន​ចង់​ឃើញ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បែប​នេះ​ក្តី ប៉ុន្តែ​របប​នេះ​មិន​ដែល​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​អាច​ធ្វើ​បាតុកម្ម ឬ​ធ្វើ​ការ​ទាមទារ​របស់​ខ្លួន​ឡើយ កុំ​​ថា​​ឡើយ​​ការ​​ធ្វើ​បាតុកម្ម​ប្រឆាំង​​ការ​​បោះ​​ឆ្នោត ឬ​​របប​ថ្មី សូម្បី​តែ​កម្មករ​រោងចក្រ​ធ្វើ​ការ​ទាមទារ​ប្រាក់​ឈ្នួល​របស់​ខ្លួន ក៏​សមត្ថកិច្ច​របប​នេះ​រារាំង និង​​បង្ក្រាប​​រាល់​​លើក​​ដែរ។

អ្នកវិភាគនយោបាយវ័យក្មេងលោក បុង ដេត យល់​ថា​ របបលោក ហ៊ុន សែន មិន​ហ៊ាន​ឲ្យ​ពលរដ្ឋ​ក្រុងស្រុកអាចធ្វើការទាមទារ ឬធ្វើបាតុកម្មនោះទេ ព្រោះរបបនេះអាចនឹង​ជួបវិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ការទាមទាររបស់ពលរដ្ឋ។ លោកថា បើលោក ហ៊ុន សែន មិនបង្ក្រាប ឬ​រារាំង​ពលរដ្ឋ​ដែល​ចង់​ធ្វើ​បាតុកម្ម​ទេ របប​លោក ហ៊ុន សែន គឺ​មិន​ខ្វះ​ពលរដ្ឋ​ដែល​ចង់​ងើប​ឡើង​ធ្វើបាតុកម្ម​ឡើយ៖ «រដ្ឋាភិបាល​គាត់​អត់​ហ៊ាន​បើក​ឲ្យ​មាន​បាតុកម្ម​ក្នុង​ស្រុក​ទេ។ បើ​គាត់​ហ៊ាន​បើក​ឲ្យ​បាតុកម្ម​មើល គឺ​ផ្អើល​ហើយ។ អ៊ីចឹង​បាតុកម្ម​នេះ គឺ​ជា​ហានិភ័យ​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល ​ព្រោះ​ប្រទេស​ជា​ច្រើន​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដោយសារ​តែ​បាតុកម្ម»

នៅពេលនេះលោក ហ៊ុន សែន បាន​រៀបចំ​របប​ថ្មី​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ និង​ច្បាប់​ក្រោយ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ខណៈ​បណ្ដា​ប្រទេស​និយម​ប្រជាធិបតេយ្យ​ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នេះ ហើយ​ក៏​មិន​បាន​បញ្ជូន​តំណាង​របស់​ខ្លួន ចូលរួម​ក្នុង​ថ្ងៃ​ប្រជុំ​សភា​ដំបូង កាល​ពី​ថ្ងៃ​ទី៥ កញ្ញា​កន្លង​ទៅ​ដែរ។

ក្រោយពីបានក្លាយជាមេដឹកនាំថ្មីផ្លូវការនៃរបបក្រុងភ្នំពេញ ក្រសួង​ការ​បរទេស​ប្រកាស​ថា លោក​ ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូរបស់ខ្លួនទៅកាន់ប្រទេសចិននា​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ចូលរួម​ពិព័រណ៍​ចិន-អាស៊ានលើក​ទី១៥។ ក្រៅ​ពី​ប្រទេស​ចិន តាម​គម្រោងលោក ហ៊ុន សែន ក៏​នឹង​ទៅ​ចូល​រួម​កិច្ច​​ប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​មួយ​ចំនួន​ទៀត ព្រម ទាំង​ការ​ទៅ​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​លើ​ទឹក​ដី​នៃ​សហរដ្ឋ​អាមេរិក​ជាទី​ដែល​ពលរដ្ឋ​ខ្មែរ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ​​ប្រកាស​​ស្វាគមន៍​មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។