ជីវភាព​លំបាក​ខ្លាំង​របស់​សកម្មជន​បក្ស​ប្រឆាំង​មួយ​គ្រួសារ រស់​នៅ​ភៀស​ខ្លួន​នយោបាយ​ក្នុង​ថៃ​ជិត ២ឆ្នាំ

ដោយ ស្ងួន អមរា
2020-02-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឃិន ជំរឿន និង​ប្រពន្ធ ត្រៀម​យក​កូន​ទៅ​ព្យាបាល​ចេញ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ពេល​ភៀស​ខ្លួន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
លោក ឃិន ជំរឿន និង​ប្រពន្ធ ត្រៀម​យក​កូន​ទៅ​ព្យាបាល​ចេញ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ពេល​ភៀស​ខ្លួន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។
រូប៖ RFA

គ្រួសារ​មួយ​ដែល​ប្ដី​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​រាជធានី​ភ្នំពេញ នាំ​ប្រពន្ធ​កូន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ជិត ២ឆ្នាំ​ហើយ ដោយ​កំពុង​រស់​នៅ​យ៉ាង​លំបាក​វេទនា​ខុស​ពី​គេ​ឯង ព្រោះ​តែ​ចង់​បន្ត​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​នេះ​នៅ​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​​ទាមទារ​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​ការ​រីក​ចំរើន​ដូច​ប្រទេស​សេរី​លោក​ខាង​លិច។ គ្រួសារ​នេះ​មាន​សមាជិក ៤នាក់ ហើយ​មាន​កូន​ពិការ​ដើរ​មិន​រួច​ម្នាក់ ក៏រស់​នៅ​ជា​មួយ​ឪពុកម្ដាយ​នៅ​ទីក្រុង​បាងកក​ដែរ។

តើ​គ្រួសារ​នេះ​មាន​ជីវិត​រស់​នៅ​បែប​ណា​ខ្លះ ពេល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​នោះ?

ជន​ភៀស​ខ្លួន​ផ្នែក​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​គ្រួសារ​នេះ បាន​ចាកចេញ​ពី​ប្រទេស​ ដោយសារ​ភ័យខ្លាច​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ដាក់​គុក និង​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ក្រុម​គ្រួសារ។ ការ​ភៀស​ខ្លួន​នេះ ដោយ​ប្ដី គឺ​លោក ឃឹន រឿន បាន​ចេញ​ពី​ស្រុក​កំណើត​ទៅ​ប្រទេស​ថៃ​ជា​មួយ​កូន​ស្រី​ដែល​ពេល​នោះ​នាង​ទើប​តែ​មាន​អាយុ​ជាង ១០ឆ្នាំ ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែ​តុលា ឆ្នាំ២០១៨ គឺ​ចេញ​ទៅ​មុន​ប្រពន្ធ និង​កូន​ប្រុស​ពៅ​​ប្រហែល ១ខែ​ប៉ុណ្ណោះ។ អ្នក​ទាំង ៤នាក់​នេះ រស់​នៅ​ក្រៅ​ប្រទេស​យ៉ាង​លំបាក​ ដោយសារ​តែ​មិន​មាន​ការ​ងារ​ធ្វើ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន ហើយ​ថែម​ទាំង​មាន​កូន​ប្រុស​ម្នាក់​ពិការ​ម្នាក់ ដែល​ត្រូវ​មើល​ថែ​ក្នុង​បន្ទុក​គ្រួសារ​ទៀត​ផង។ សព្វ​ថ្ងៃ​ពួក​គេ​រស់​នៅ​ក្នុង​បន្ទប់​ជួល​តូច​ចង្អៀត​មួយ​កន្លែង នៅ​កណ្ដាល​ទីក្រុង​បាងកក ដែល​មាន​ទំហំ ៤ម៉ែត្រ ៤ជ្រុង។ អាគារ​នេះ​មាន​កម្ពស់ ៤ជាន់ ជញ្ជាំង​ស្នឹម​ខ្មៅ ហើយ​ស្ទើរ​តែ​រលំ​ដួល​ទៅ​ហើយ។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ក្នុង​វ័យ ៣៨ឆ្នាំ គឺ​លោក ឃិន រឿន រៀបរាប់​ប្រាប់​អាស៊ី​សេរី​ថា បន្ទប់​ដែល​​លោក​កំពុង​ស្នាក់​នៅ​នេះ​ ជួល​ពី​​ម្ចាស់​ជនជាតិ​ថៃ​តម្លៃ ៣ពាន់​បាត ឬ​ប្រមាណ ១០០​ដុល្លារ​អាមេរិក​ក្នុង​ខែ ដើម្បី​ស្នាក់​នៅ​លាក់​ខ្លួន បន្ត​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស។ នៅ​ក្នុង​ផ្ទះ​ជួល​នេះ មាន​បន្ទប់​ទឹក​​តូច​មួយ​ផ្ទាល់​ខ្លួន​សម្រាប់​ពួក​គេ​ប្រើប្រាស់​ដែរ តែ​គ្មាន​ផ្ទះ​​បាយ​ធ្វើ​ម្ហូប​អាហារ​ទេ។ ពួក​គាត់​ចម្អិន​អាហារ​នៅ​ក្នុង​បន្ទប់ ហើយ​ពុំ​មាន​បង្អួច​បើក​ឱ្យ​ខ្យល់​ចេញ​ចូល​ឡើយ។ នៅ​ក្នុង​បន្ទប់​តូច​នេះ មាន​ក្រណាត់​ភួយ​ចាស់ៗ ក្រាល​នៅ​លើ​ឥដ្ឋការ៉ូ ហើយ​ដេក​តំរៀម​គ្នា ហាក់​ពុំ​មាន​ខ្យល់​ដក​ដង្ហើម​គ្រប់គ្រាន់​ទេ គឺ​មាន​កង្ហារ​មួយ​តូច​បក់​ខ្យល់​ប្រើ​ទាំង​អស់​គ្នា កាត់​បន្ថយ​ការ​ថប់​ដង្ហើម​បាន​ខ្លះ​ដែរ។ ពួក​គេ​ដាក់​ឆ្នាំង​ចាន គ្រឿង​ដាំ​ស្ល និង​សំលៀក​បំពាក់​លាយឡំ​គ្នា​នៅ​ក្នុង​បន្ទប់​តែ​មួយ រយីងរយោង​ពេញ​ផ្ទះ។ ពេល​កង្ហារ​បក់​ខ្យល់​ត្រូវ​ច្រមុះ​ម្ដងៗ មាន​ក្លិន​ស្អុយ​ស្ទើរ​ពិបាក​ដក​ដង្ហើម។ បុរស​មាឌ​ក្រអាញ​រូប​នេះ ថ្លែង​ក្នុង​ទឹក​មុខ​ស្រពោន​​ថា ​បន្ទប់​ជួល​​នេះ​ល្អ​បំផុត​សម្រាប់​ពួក​គេ​រស់​នៅ​ហើយ ប៉ុន្តែ​មិន​រំពឹង​ថា នឹង​អាច​ស្នាក់​នៅ​ទី​នេះ​បាន​យូរ​ទៅ​មុខ​ទៀត​ទេ ដោយ​សារ​គ្មាន​​មិន​មាន​លទ្ធភាព​រក​ប្រាក់​បង់​ថ្លៃ​បន្ទប់​បាន៖ «បន្ទប់​នេះ​ខ្ញុំ​ចាត់​ថា​ល្អ​ ប៉ុន្តែ​លើក​មុន​មិន​បាន​ល្អ​ប្រហែល​នេះ​ទេ ប៉ុន្តែ​ជាក់​ស្ដែង​យើង​ខ្វះខាត​ សំខាន់​កត្តា​ខ្វះខាត​ហ្នឹង តែ​បើ​យើង​នៅ​ល្អ​បន្តិច​​យើង​អត់​មាន​លទ្ធភាព​រស់​នៅ​ទេ​ សូម្បី​តែ​ការ​ហូប​ចុក​យើង​ខ្វះ​ទៅ​ហើយ ទម្រាំ​តែ​ថ្លៃ​បន្ទប់​ទៀត​វា​មិន​ស្រួល​ទេ​ ហើយ​យើង​ត្រូវ​ការ​គេច​ប៉ូលិស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​ ដោយសារ​មិន​មាន​ឯកសារ​ក្នុង​ខ្លួន»

ពួកគេ​ទាំង ៤នាក់​នេះ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​បាងកក ផ្ដល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​នយោបាយ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩។ លោក ឃិន រឿន ថ្លែង​ថា ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ថៃ លោក​បាន​ផ្លាស់​ទីតាំង​ស្នាក់​នៅ ៣កន្លែង​មក​ហើយ ដោយសារ​ប៉ូលិស​ថៃ​តាម​ចាប់​ខ្លួន​លោក​ដល់​ទី​កន្លែង​ជា​ញឹកញយ។ លោក​បាន​គេច​ខ្លួន​ទាន់​ពេល ដោយសារ​លោក​បាន​ទទួល​ដំណឹង​មុន។ សព្វ​ថ្ងៃ​ពួក​គាត់​រស់​នៅ​ប្រទេស​ថៃ​ទាំង​ភិតភ័យ ហើយ​ខ្វះ​មុខ​ខ្វះ​ក្រោយ ព្រោះ​ត្រូវ​រស់​លាក់​ខ្លួន​ពី​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​វិញ​ផង និង​គ្មាន​ការងារ​ធ្វើ ដោយសារ​គ្មាន​ឯកសារ​ស្រប​ច្បាប់ ដោយ​រស់​នៅ​ពឹងផ្អែក​លើ​ប្រាក់​ជំនួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​ឱ្យ​គ្រួសារ​សកម្មជន​ភៀស​ខ្លួន ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ហើយ​យូរ​ម្ដង នៅ​ពេល​ដែល​កូន​ឈឺ​ធ្ងន់​ត្រូវ​ការ​ព្យាបាល​បន្ទាន់ គឺ​សុំ​ប្រាក់​ពី​បង​ប្អូន​នៅ​ស្រុក​ខ្មែរ​បាន​ខ្លះ​ដែរ ប្រមាណ​ពី​២០០ ទៅ ៥០០​ដុល្លារ​អាមេរិក ដើម្បី​ដោះ​ទ័ល​ជីវភាព​គ្រួសារ៖ «ហើយ​ថ្លៃ​ស៊ីចាយ​យើង​មាន​ការ​លំបាក​ ហើយ​ពេល​ដែល​យើង​ដាក់​ពាក្យ​ទៅ យូអិន (UN) គេ​ឱ្យ​កាត​យើង ហើយ​ខ្ញុំ​យក​កាត​នោះ​ទៅ​បើក​អំណោយ​ពី យូអិន គឺ​មួយ បើក​ម្ដង ឬ ២ដង តាម​សហគមន៍​អង្គការ​ជា​ដៃ​គួរ​របស់ យូអិន ហ្នឹង។ បន្ទាប់​មក​វា​មិន​គ្រប់​ទេ ខ្ញុំ​បាន​ទៅ​រក​អាហារ​នៅ​វត្ត​លោក​មួយ ឬ ២វត្ត ដែល​ព្រះសង្ឃ​ខ្មែរ​គង់​នៅ ហើយ​ស្គាល់​ខ្ញុំ ក៏​ហៅ​ខ្ញុំ​ទៅ​យក​អាហារ​គ្រប់​បែប​យ៉ាង​ដែល​ខ្ញុំ​ខ្វះខាត គឺ​លោក​ជួយ​ច្រើន»

អ្នក​ភៀស​ខ្លួន​រូប​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ៣ឆ្នាំ​នៅ​កម្ពុជា​រួច​មក​ហើយ ដោយសារ​ចូល​រួម​តវ៉ា​ជា​មួយ​ជា​មួយ​ប្រជាពលរដ្ឋ ទាមទារ​អាជ្ញាធរ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តស៊ូ​មតិ កាល​ពី​ឆ្នាំ​២០១៤។ ក្រៅ​ពី​ជីវភាព​ខ្វះ​ខាង​ហូប​មិន​គ្រប់​ហើយ គឺ​អំឡុង​ពេល​រស់​នៅ​ក្រៅ​ប្រទេស គ្រួសារ​សមាជិក ៤នាក់​នេះ ក៏​ត្រូវ​រស់នៅ​ជុំ​គ្នា​ស្ទើរ​គ្រប់​ពេល​ដែរ​ ជាពិសេស ប្រពន្ធ គឺ​លោក​ស្រី ឡេង កល្យាណ ត្រូវ​មើល​ថែ​កូន​ប្រុស​ពៅ​អាយុ ៨ឆ្នាំ ដែល​ពិការ​ស្វិត​ដៃ​ជើង​ទាំង​សង្ខាង ដោយសារ​ជំងឺ​រលាក​ស្រោម​ខួរ គ្មាន​ប្រាក់​ព្យាបាល​ទាន់​ពេល ហើយ​បណ្ដាល​ឱ្យ​កូន​ក្លាយ​ជា​ជន​ពិការ​និយាយ​មិន​កើត ដើរ​មិន​រួច បាន​តែ​ដេក​នៅ​លើ​កន្ទេល​ជា​រៀង​ថ្ងៃ។ សព្វ​ថ្ងៃ​ឪពុក​ម្ដាយ​តែង​តែ​នាំ​កូន​ទៅ​មន្ទីរ​កុមារ​នៅ​ទីក្រុង​បាងកក ប្រមាណ ២ដង​ក្នុង​មួយ​ខែ ដើម្បី​ព្យាបាល​ជំងឺ​ ប៉ុន្តែ​ហាក់​មិន​បាន​ធូរស្រាល​ឡើយ។

លោក​ស្រី ឡេង កល្យាណ ដៃ​បី​កូន​បណ្ដើរ​និយាយ​រៀបរាប់​បណ្ដើរ​ថា កូន​របស់​លោក​ស្រី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​តាំង​តែ​ប្ដី​ជាប់​គុក​រហូត​មក ដែល​ធ្វើ​ឱ្យ​ជីវភាព​របស់​គ្រួសារ​លោក​ស្រី​កាន់​តែ​លំបាក។ ស្ត្រី​​​សម្បុរ​សណ្ដែក​បាយ​រូប​នេះ ថ្លែង​ទាំង​ទឹក​ភ្នែក​ទៀត​ថា លោក​ស្រី​សម្រេច​ចិត្ត​ភៀស​ខ្លួន​តាម​ប្ដី ដោយសារ​នៅ​ឯ​ស្រុក​កំណើត អាជ្ញាធរ​ខ្មែរ​តាម​យាយី​គ្រប់​ទី​កន្លែង និង​ម្យ៉ាង​ទៀត មិន​​ពេញ​ចិត្ត​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​ចាប់​ចង​មនុស្ស​តាម​ទំនើង​ចិត្ត។ ជា​ពិសេស ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​គុក ជិត ១០០​នាក់ កាល​ពី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ខែ​ឆ្នាំ២០១៩៖ «ខ្ញុំ​តូច​ចិត្ត​ដែរ។ តែ​យើង​និយាយ​មិន​កើត។ ពេល​ឃើញ​គេ​មាន​ហូប​បរិបូរ​អ៊ីចឹង ហើយ​យើង​ឯ​ណេះ វា​អត់។ ខ្ញុំ​ចង់​ទៅ​ធ្វើ​ការ​អ៊ីចឹង មិន​មាន​អ្នក​មើល​កូន​ ណា​មួយ​បើ​ប្ដី​ខ្ញុំ​ទៅ​ធ្វើ​ការ​ខ្លាច​ប៉ូលិស​ចាប់ ព្រោះ​យើង​អត់​មាន​ច្បាប់ ហើយ​អ៊ីចឹង​ពិបាក។ បើ​កាល​នៅ​ខ្មែរ ពិបាក​រឿង​គេ​តាម​រក​រឿង តាម​សួរ​យើង​តាម​ថត​រូប គ្រាន់​តែ​គាត់​ចេញ​ពី​គុក​ព្រៃ​ស​ភ្លាម​មាន​ប៉ូលិស​មូលដ្ឋាន​តាម​សួរ​ប្ដី​តាម​ផ្ទះ​រហូត»

លោក​ស្រី​បន្ថែម​ថា ពេល​នៅ​ភៀស​ខ្លួន​ក្រៅ​ប្រទេស លោកស្រី​មិន​ដែល​ស្ដី​បន្ទោស​ប្ដី​ឱ្យ​ឈប់​ធ្វើ​ជា​អ្នក​នយោបាយ​ឡើយ គឺ​តែងតែ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្ដី​ជា​និច្ច ដោយសារ​ចង់​ឱ្យ​ប្រទេស​កំណើត​មាន​ប្រជាធិបតេយ្យ​ពេញលេញ និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​​​ដូច​ប្រទេស​សេរី​លោក​ខាង​លិច៖ «ចា! ដោយសារ​តែ​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់​ជា​ប្ដី​ប្រពន្ធ​ស្រលាញ់​គ្នា​រហូត​មក​បង។ ខ្ញុំ​មិន​ខឹង​គាត់​ទេ ព្រោះ​ការងារ​ដើម្បី​ប្រទេស​ជាតិ ណា​មួយ​​ស្រុក​យើង​វា​អ៊ីចឹង។ បើ​យើង​អត់​ទ្រាំទ្រ​ទេ ពួក​គាត់​ក៏​ពិបាក ធ្វើ​ឱ្យ​ជាតិ​យើង​កាន់​តែ​យ៉ាប់​ទៅ​ណា​បង។ ដល់​ពេល​អ៊ីចឹង ខ្ញុំ​អត់​ខឹង​នឹង​គាត់​ទេ»

ក្រោយ​ពី​ពួក​គាត់​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ចប់ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​​នេះ បាន​នាំ​កូន​ប្រុស​ពិការ​ទៅ​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទីក្រុង​បាងកក​ភ្លាមៗ ដោយ​ប្រពន្ធ​ដើរ​កាន់​រទេះ​រុញ​សម្រាប់​ដាក់​​ឱ្យ​កូន​ដេក​គាប​ជាប់​ខ្លៀក ហើយ​ប្ដី​បី​កូន​ព្រនាក់​លើ​ស្មា បណ្ដើរ​គ្នា​ដើរ​ចុះ​ពី​បន្ទប់​ជាន់​ទី២ ទៅ​មន្ទីរ​ពេទ្យ​តាម​ការ​ណាត់ ដើម្បី​ឱ្យ​គ្រួ​ពេទ្យ​តាម​ដាន​សុខភាព​របស់​កូន ក្រែង​ជំងឺ​បាន​ធូរស្រាល​ជាង​មុន។

ចំណែក​កូន​ស្រី ឈ្មោះ ឃិន សុវណ្ណលីដា វិញ ថ្ងៃ​នោះ​នាង​មិន​បាន​ទៅ​ពេទ្យ​ជា​មួយ​ឪពុក​ម្ដាយ​ទេ គឺ​នាង​នៅ​​ចាំ​ផ្ទះ​ម្នាក់​ឯង ដាំ​ស្ល​ជំនួស​ម្ដាយ។ កុមារី​រូប​នេះ​មាន​វ័យ​ជំទង់​​អាច​ចូល​រៀន​អនុវិទ្យាល័យ​បាន​ហើយ តែ​ត្រូវ​ភៀស​ខ្លួន​ជា​មួយ​ឪពុកម្ដាយ ទើប​មិន​បាន​ចូល​សាលា​រៀន​តាម​លំដាប់លំដោយ​ត្រឹមត្រូវ​នឹង​គេ។ សម្បុរ​ស្រអែម​សក់​វែង​ប្រាស់​ស្មា មុខ​ស្រដៀង​ឪពុក​នាង កុមារី ឃិន សុវណ្ណលីដា ​រៀបរាប់​ដោយ​សំដី​មួយៗ ថា ក្នុង​អំឡុង​ពេល​នៅ​ក្រៅ​ប្រទេស​នេះ នាង​មិន​បាន​ចូល​រៀន​សាលា​​ចំណេះ​ទូទៅ​ដូច​កូន​អ្នក​ស្រុក​ឡើយ ដោយ​នាង​បាន​ត្រឹមតែ​ចូល​រៀន​ភាសា​ថៃ​ថ្នាក់​ទី៣ របស់​អង្គការ ជួយ​ជន​ភៀស​ខ្លួន ប៊ីអារ៍ស៊ី (BRC) ជា​មួយ​កុមារ​ភៀស​ខ្លួន​ចម្រុះ​ជាតិ​សាស្ត្រ​នៅ​ទីក្រុង​បាងកក​ប៉ុណ្ណោះ៖ «គ្រូបង្រៀន​គឺ គ្រូ​ជន​ជាតិ​ថៃ សិស្ស​រៀន​សុទ្ធតែ​ជន​ជាតិ​គេ​ទាំង​អស់។ ជន​ជាតិ​វា​មាន​ច្រើន​ ខ្មែរ​វា​មាន​តិច។ អ៊ីចឹង ខ្ញុំ​និយាយ​ភាសា​ថៃ​រហូត ហើយ​គេ​និយាយ​ភាសា​ថៃ​ទៅ​ខ្ញុំ​ចេះ​តាម​គេ​អ៊ីចឹង​ទៅ ហើយ​ពេល​គេ​និយាយ​មក​ខ្ញុំ​អាច​និយាយ​ទៅ​គេ​វិញ​បាន​ស្ដាប់​បាន។ ប៉ា​ខ្ញុំ​គាត់​ធ្វើ​ការ អ៊ីចឹង​ហើយ​យើង​ជា​កូន​គាត់ យើង​ត្រូវ​តែ​ដើរ​តាម​គាត់​ហើយ​ ខ្ញុំ​អត់​ខឹង​គាត់​ទេ។ ធម្មតា​ដូច​គេ​ដូច​ឯង»

កុមារី​រូប​នេះ​បន្ត​ថា​ នាង​ចង់​រៀន​សូត្រ​ឱ្យ​បាន​ជ្រៅជ្រះ ប្រសិន​បើ​មាន​ឱកាស​បាន​ចូល​រៀន​ត្រឹមត្រូវ ដើម្បី​មាន​ចំណេះ​​ធ្វើ​ការងារ​បាន​ខ្ពង់ខ្ពស់​ទៅ​ថ្ងៃ​អនាគត។

ទាក់ទង​នឹង​បញ្ហា​នយោបាយ​កន្លង​មក ទាំង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​លោក ស ខេង​ និង​លោក​​នាយករដ្ឋមន្ត្រី​ហ៊ុន សែន សុទ្ធតែ​បាន​អះអាង​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ត្រឹមត្រូវ​ ហើយ​ចាត់​ទុក​ក្រុម​ភៀស​ខ្លួន​នយោបាយ​នៅ​ក្រៅ​ប្រទេស​របស់​បក្ស​ប្រឆាំង​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់។ ថ្មីៗ នេះ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន​ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ​រដ្ឋាភិបាល​របស់​លោក​មិន​មិន​បារម្ភ​អំពី​សកម្មជន​បក្ស​ប្រឆាំង​ ដែល​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថៃ​នោះ​ទេ​ ហើយ​អាជ្ញាធរ​ខ្មែរ​ក៏​មិន​បាន​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​សកម្មជន​ទាំង​ដែរ គឺ​ពួក​គេ​ភ័យ​ខ្លាច​ហើយ​រត់​ភៀស​ខ្លួន​ដោយ​ខ្លួន​ឯង។

ផ្ទុយ​ពី​ការ​លើក​នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បាន​ចេញ​របាយការណ៍​​​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ប្រទេស​នេះ​បើក​ឱ្យ​មាន​​សេរីភាព​ដល់​ការ​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដីធ្លី។

អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​រក​ឃើញ​ថា ករណី​​រំលោភ​សិទ្ធិ​មនុស្ស រួម​មាន អំពើ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​បំភិតបំភ័យ និង​ការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​ ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​កើន​ឡើង​ខ្លាំង ក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ២០១៩។ ជា​ពិសេស មាន​ការ​បង្ក្រាប​ខ្លាំង​​នៅ​ពេល​ដំណើរ​ត្រឡប់​ចូល​ស្រុក​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក សម រង្ស៊ី ​កាលពីថ្ងៃទី៩ វិច្ឆិកា។ អំឡុង​ពេល​នោះ​មាន​សកម្មជន និង​​ក្រុម​អ្នកគាំទ្រ​គណ​បក្ស​ប្រឆាំង​ ជិត ១០០នាក់ ត្រូវ​បាន​ចាប់​ដាក់​គុក ​ហើយ​ជាង ១០០នាក់​ទៀត រង​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ គឺ​ពី​បទ រួម​គំនិត​ក្បត់​ជាតិ។ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល ឈប់​តាម​យាយី​សកម្មជន​គណបក្ស​ប្រឆាំង​ និង​ទាមទារ​ឱ្យ​ប្រញាប់​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ជា​ដើម។

បើ​ទោះ​ជា​មាន​ជីវភាព​លំបាក​យ៉ាង​ណា​ក្ដី ក៏​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ អះអាង​ដូច​គ្នា​ថា ពួក​គាត់​នឹង​ខំ​ប្រឹង​តស៊ូ​រស់​នៅ​ភៀស​ខ្លួន​ផ្នែក​នយោបាយ​នៅ​ក្រៅ​ប្រទេស​បែប​នេះ​បន្ត​ទៀត ដោយ​មិន​មាន​រាថយ ដើម្បី​ចូល​រួម​ជា​មួយ​សកម្ម​ជន​នយោបាយ​ដទៃ​ទៀត ទាមទារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឱ្យ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​បោះ​ឆ្នោត ដោយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ប្រកួត​ប្រជែង​​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល