កូនស្រីសកម្មជនគណបក្សប្រឆាំងខេត្តរតនគិរី ហៅការសម្រេចរបស់តុលាការ លើឪពុករបស់ខ្លួនថា ជារឿងអយុត្តិធម៌ ដែលមិនអាចទទួលយកបានឡើយ។ ប្រតិកម្មនេះ គឺបន្ទាប់ពីសាលាដំបូងខេត្តរតនគិរីបានសម្រេចចោទប្រកាន់ សកម្មជនគណបក្សប្រឆាំង ២រូប គឺលោក ងិន សុផាត និង លោក ធឿន ប៊ុនធន ពីបទរួមគំនិតក្បត់ជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
លោកស្រី ងិន គង្គា ជាកូនស្រីរបស់សកម្មជនគណបក្សប្រឆាំងនៅខេត្តរតនគិរី ថ្លែងថា ការចោទប្រកាន់របស់តុលាការខេត្តរតនគិរី លើឪពុករបស់លោកស្រី គឺលោក ងិន សុផាត ពីបទរួមគំនិតក្បត់ជាតិនោះ គឺជាអំពើអយុត្តិធម៌បំផុត ដើម្បីបំបែកបំបាក់គ្រួសាររបស់លោកស្រីមិនឱ្យបានសុខ។
កូនស្រីមន្ត្រីគណបក្សប្រឆាំងរូបនេះ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣០ កញ្ញាថា ឪពុករបស់ស្រីជាមនុស្សស្លូតត្រង់ស្រឡាញ់ប្រជាធិបតេយ្យ និងភាពយុត្តិធម៌នៅក្នុងសង្គម គឺមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៖ «គាត់គ្រាន់តែលេងហ្វេសប៊ុក ហើយរាល់ថ្ងៃគាត់រស់នៅជុំកូនធ្វើចម្ការគាត់ចាស់ហើយទើបតែបានធូរស្រាលពីជំងឺបន្តិច ហើយគាត់លេបថ្នាំជាប្រចាំ ហើយខ្ញុំជូនឪពុកខ្ញុំទៅពេទ្យរហូត។ ខ្ញុំសំណូមពរឱ្យដល់លោក ហ៊ុន សែន ឱ្យជួយដោះលែងឪពុករបស់ខ្ញុំវិញផង ក្រុមគ្រួសារខ្ញុំមិនអាចអត់មានលោកឪពុកបានទេ ហើយម្ដាយខ្ញុំគាត់មានជំងឺ ហើយគាត់យំរហូត។ ហើយបើឪពុករបស់ខ្ញុំបែបនេះទៀត តើគ្រួសារខ្ញុំទៅជាយ៉ាង » ។
លេខាធិការគណបក្សសង្គ្រោះជាតិខេត្តរតនគិរី លោក ងិន សុផាត និងប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងបានលុង លោក ធឿន ប៊ុនធន ត្រូវបានតុលាការខេត្តរតនគិរី បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីរសៀលថ្ងៃទី២៣ កញ្ញាកន្លងទៅ។
សេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តរតនគិរីនៅថ្ងៃទី៣០ កញ្ញាបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់អ្នកទាំងពីរពីបទរួមគំនិតក្បត់ជាតិ។ ការចោទប្រកាន់នេះដោយសារអ្នកទាំង២ បានប្រមូលផ្ដុំប្រជាពលរដ្ឋ ឃោសនាគាំទ្រ ប្រធានស្ដីគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញនៅពេលខាងមុខ ហើយបានបង្ហោះសារពីការប្រមូលផ្ដុំនេះនៅក្នុងហ្វេសប៊ុក។ ក្រៅពីនេះ តុលាការខេត្តរតនគិរី បានព្រមានចាប់ខ្លួនដោយចោទប្រកាន់ពីបទដូចគ្នានេះ ចំពោះប្រជាពលរដ្ឋណា ដែលមានពាក់ព័ន្ធគម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី។
ផ្ទុយពីការចោទប្រកាន់នេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា សមាគម អាដហុក នឹងស្នើសុំទៅតុលាការឱ្យជនជាប់ឃុំរូបនេះបាននៅក្រៅឃុំបណ្ដោះអាសន្ន។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ កត់សំគាល់ថា ការចាប់ខ្លួនលោក ងិន សុផាត និងលោក ធឿន ប៊ុនធន គឺជារឿងនយោបាយ ដោយសារពួកគេបានបង្ហោះសារនៅលើហ្វេសប៊ុក (Face book) គាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ លោកហៅចំណាត់ការរបស់មន្ត្រីតុលាការនេះថា ជាការគំរាមកំហែងបំភិតបំភ័យប្រជាពលរដ្ឋច្រើនជាងការអនុវត្តច្បាប់៖ «នៅក្នុងបរិយាកាសស្ថានភាពនយោបាយបែបនេះគឺយើងពិបាក ដែលអាចជួយឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន។អីចឹងវាទាល់តែមានការចរចាត្រូវរ៉ូវគ្នារវាងគណបក្សនយោបាយទាំង២គណបក្សទើបយើងសង្ឃឹមពួកគាត់មានសេរីភាពវិញ » ។
គិតត្រឹមរសៀលថ្ងៃទី៣០ កញ្ញា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣០នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ឃុំខ្លួនក្នុងពន្ធនាគារ ស្របពេលសកម្មជនជាច្រើននាក់ផ្សេងទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។