ខ្មាន់កាំភ្លើង​មិន​ទាន់​ហ៊ាន​លាតត្រដាង​មេខ្លោង​នៅ​ពីក្រោយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ

ដោយ សុ ជីវី
2025.01.12
ខ្មាន់កាំភ្លើង​មិន​ទាន់​ហ៊ាន​លាតត្រដាង​មេខ្លោង​នៅ​ពីក្រោយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ រូបថត៖ (រូប​ពាក់​អាវស​) បុរស​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) ជា​ជនសង្ស័យ ដែល​អាជ្ញាធរ​ចោទ​ថា ជា​អ្នក​បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ូលិស​កំពុងសួរនាំទៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី១១ ខែមករា ឆ្នាំ២០២៥។
រូប៖ គេហទំព័រ Khaosod English

ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) ដែល​បាន​បាញ់សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក លិម គិមយ៉ា នៅ​ទីក្រុង​បាងកក មិនទាន់​សារភាព​បង្ហាញ​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​ធ្វើឃាត និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​នៅឡើយ​ទេ។ នគរបាល​ថៃ ប្រាប់​ថា តាម​ការ​សួរចម្លើយ​អស់​រយៈពេល​ជាច្រើន​ម៉ោង ជនជាប់ចោទ​បាន​ផ្ដល់​ចម្លើយ​បន្តិចបន្តួច និង​ស្នើ​សុំ​អូស​បន្លាយ​ពេល​ជាច្រើន​ដង។

បន្ទាប់ពី​ការ​សួរចម្លើយ​រហូតដល់​ម៉ោង ១០​យប់ កាលពី​ថ្ងៃទី១១ មករា ដោយ​ប្រើ​ពេល​អស់​ជាង ៣ម៉ោង ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ បាន​និយាយ​បណ្ដើរ គិត​បណ្ដើរ ប៉ុន្តែ​សារភាព​ថា រូបគេ​គឺជា​អ្នក​បាញ់​សម្លាប់​លោក លិម គិមយ៉ា តាម​ផែនការ​ដែល​បណ្ដាញ​កំណត់​ឱ្យ ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិន​បាន​ចូលរួម​បង្កើត​ផែនការ​សម្លាប់​នោះ​ឡើយ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ពី​អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង​ដែរ ដោយ​ខ្លាច​មាន​បញ្ហា​សុវត្ថិភាព​លើ​គ្រួសារ​លោក។

ប៉ូលិស​ក្រុង​បាងកក លោក អដ្ឋាផន វង្សសិរិព្រីដា (Arthaphorn Wongsiripreeda) ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី១២ ខែ​មករា ថា ខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ បាន​សារភាព​ថា រូបគេ​បាន​ទទួលបញ្ជា ឱ្យ​បាញ់សម្លាប់​លោក លិម គិមយ៉ា ពី​ជនជាតិ​ថៃ​ម្នាក់ ដែល​ជា​អ្នកមានគុណ​បំណាច់​លើ​រូប​លោក កាលពី​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ទាហាន​ដំបូង។ ខ្មាន់កាំភ្លើង​បាន​សារភាព​ទៀត​ថា ដំបូង​ឡើយ​រូបគេ​បាន​បដិសេធ​បញ្ជា​នេះ​ដែរ ប៉ុន្តែ​ដោយសារ​អ្នកបញ្ជា បាន​ជំរុញ​រូបគេ​ជាច្រើន​ដង រហូត​ព្រម​ទទួល​ភារកិច្ច​នេះ​នៅ​មុន​ពេល​កើតហេតុ ២៤ម៉ោង ក្នុង​តម្លៃ​ឈ្នួល​ចំនួន ៦ម៉ឺនបាត ឬ​ជាង ១ពាន់ ៧រយដុល្លារ ដោយ​រូបគេ​ទទួល​ភារកិច្ច​នេះ គឺ​ចង់​តបស្នង​សងគុណ ចំពោះ​អ្នក​បញ្ជា​នោះ។

លោក អដ្ឋាផន វង្សសិរិព្រីដា ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ទៀត​ថា ខ្មាន់កាំភ្លើង​បាន​ប្រាប់​ពី​ប្រតិបត្តិការ​បាញ់សម្លាប់​លោក លិម គិមយ៉ា នេះ គឺ​មាន​អ្នក​រៀបចំ​គម្រោង​ជា​ប្រព័ន្ធ ដោយ​មាន​ជនជាតិ​ខ្មែរ ប្រើ​ឈ្មោះ​ជា​ភាសា​ថៃ​ថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ជា​អ្នក​ផ្ទេរ​លុយ​តាម​គណនី​ធនាគារ អ្នក​ផ្ញើ​សារ​តាម​បណ្ដាញ​ទំនាក់ទំនង​ឡាញ​(Line) ប្រាប់​ពី​អត្តសញ្ញាណ​លោក លិម គិមយ៉ា ពេលវេលា និង​ទីតាំង​ចំណត​រថយន្ត។

លោក អដ្ឋាផន បញ្ជាក់​ពី​ចម្លើយ​សារភាព​ថា ក្រោយ​ពេល​បាញ់​សម្លាប់​លោក លិម គិមយ៉ា រួច ខ្មាន់​កាំភ្លើង​បាន​រត់គេច​ខ្លួន តាម​ការ​ចង្អុល​បង្ហាញ​របស់​បណ្ដាញ​អ្នក​បញ្ជា​ឱ្យ​សម្លាប់ ដោយ​ប្រើប្រាស់​តាម​ជំហាន និង​ឧបាយកល​ដើម្បី​បោកបញ្ឆោត​មន្ត្រី​ស៊ើបអង្កេត រហូត​ពួកគេ​បាន​នាំ​លោក​ទៅ​ដល់​ព្រំដែន ស្រុក​ខៅដិន (Khao Din) ខេត្ត​ស្រះកែវ (SaKaeo) មាន​យុវជន​ចំនួន ២នាក់​ជា​ជនជាតិ​ខ្មែរ ចាំ​ទទួល​ខ្មាន់កាំភ្លើង និង​ដឹក​តាម​ម៉ូតូ​ចុះ​តាម​ច្រក​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

ប៉ូលិស​ក្រុង​បាងកក រូប​នេះ បញ្ជាក់​ថា នៅ​ពេល​សាកសួរ​អំពើ​អត្តសញ្ញាណ និង​ឈ្មោះ​អ្នក​បញ្ជា​ឱ្យ​សម្លាប់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​នោះ ខ្មាន់កាំភ្លើង​រូប​នេះ បាន​បង្ហាញ​អារម្មណ៍​តប់ប្រមល់ និង​ឈប់​ឆ្លើយ​សំណួរ ហើយ​សុំ​ជក់បារី រហូត​ដល់​មួយ​សន្ទុះ​ក្រោយ​មក ទើប​ផ្ដល់​ចម្លើយ​ឡើង​វិញ។

ទោះជា​បែបនេះ​ក្ដី លោក អដ្ឋាផន វង្សសិរិព្រីដា លើក​ឡើង​ថា សមត្ថកិច្ច​ជំនាញ​បាន​កំណត់​ពី​តម្រុយ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន នៅ​ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ របស់​ខ្មាន់កាំភ្លើង ដែល​បង្ហាញ​ពី​សារ​ឆ្លើយឆ្លង​គ្នា​អំពី​ការ​ចង្អុល​បង្ហាញ​ពី​ពេលវេលា និង​គោលដៅ​បាញ់​សម្លាប់​លោក លិម គិមយ៉ា និង​ផែនការ​រត់​គេចខ្លួន​ឆ្លងដែន​​ចូល​កម្ពុជា ក៏ប៉ុន្តែ មាន​សារ​មួយ​ចំនួន ហាក់​មិន​ស៊ីគ្នា​នឹង​ចម្លើយ​សារភាព​របស់​ខ្មាន់កាំភ្លើង​ឡើយ។

សមត្ថកិច្ច​កម្ពុជា​បាន​ប្រគល់​ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ ដែល​ធ្វើ​ឃាត​លោក លិម គិមយ៉ា នៅ​ទីក្រុង​បាងកក ឱ្យ​សមត្ថ​កិច្ច​ថៃ នៅ​ថ្ងៃទី១១ ខែ​មករា ក្រោយ​ការ​ចាប់ខ្លួន នៅ​ឃុំ​ព្រៃស្វាយ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី០៨ ខែ​មករា បន្ទាប់ពី​ខ្មាន់កាំភ្លើង​រូប​នេះ បាន​គេចខ្លួន​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា។

បន្ទាប់ពី​បញ្ជូន​ខ្លួន​តាម​ឧទ្ធម្ភាគចក្រ​ដល់​ស្ថានីយ​ប៉ូលិស ឆាណាក់ ស៊ុងក្រាម (Chanasongkram Police Station) ក្នុង​ក្រុង​បាងកក (Bangkok) ភ្លាមៗ ខ្មាន់កាំភ្លើង ឈ្មោះ អេកាឡាក់ ផែណយ ត្រូវ​បាន​បញ្ជូន​ទៅ​ត្រួតពិនិត្យ​រាងកាយ និង​បញ្ជូន​ទៅ​សួរចម្លើយ​ក្នុង​ថ្ងៃ​ដដែល។ ចាប់តាំង​ពី​បញ្ជូន​ខ្លួន​ដល់​ប្រទេស​ថៃ​មក ខ្មាន់កាំភ្លើង​បាន​ស្នើ​សុំ​សមត្ថកិច្ច​មិន​ឱ្យ​សាច់ញាតិ​ជួប​មុខ ឬ​សួរ​សុខទុក្ខ​ឡើយ ដោយ​រូបគេ​បាន​ប្រាប់​ម្ដាយ​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា «ចង់​ទទួលទោស​នៅ​ពន្ធនាគារ» ក៏​រួច​បិទ​ទូរស័ព្ទ។

ស្នងការ​នគរបាល​ក្រុង​បាងកក សង្កាត់១ លោក អដ្ឋាផន វង្សសិរិព្រីដា ប្រាប់​ថា សមត្ថកិច្ច​នឹង​ស្នើសុំ​ដីកា​ឃុំខ្លួន លោក អេកាឡាក់ ផែណយ ពី​តុលាការ​ព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែ​មករា នេះ  ដើម្បី​បន្ត​ដំណើរ​ការ​នីតិវិធី​ស៊ើបសួរ។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ថៃ បាន​ជំរុញ​ទៅ​ភាគី​កម្ពុជា ឱ្យ​ពន្លឿន​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ ដែល​ប្រាប់​ពី​គោលដៅ​ដល់​ខ្មាន់កាំភ្លើង ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែល​បាន​គេចខ្លួន​មក​កម្ពុជា​ភ្លាមៗ ក្រោយ​ពេល​កើតហេតុ។

ក៏ប៉ុន្តែ ចំពោះ​អ្នក​ផ្ញើ​លុយ​ឱ្យ​ខ្មាន់កាំភ្លើង ឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត ដែល​ប្រភព​មួយ​ចំនួន បាន​អះអាង​ថា ជា​ឈ្មោះ​ភាសា​ថៃ​របស់​លោក លី រតនរស្មី អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ហើយ​មាន​តួនាទី​ជាទី​ប្រឹក្សា​លោក ហ៊ុន សែន នោះ តុលាការ​ថៃ នៅ​មិនទាន់​ចេញ​ដីកា​ចាប់ខ្លួន​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ធ្វើ​​ទស្សនកិច្ច​នៅ​ឡាវ ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​អំណាច​រវាង​បក្ស​នៃ​ប្រទេស​ទាំង​ពីរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។