អ្នក​​ជំនាញ​​កិច្ចការ​​បោះឆ្នោត និង​​គណបក្ស​​នយោបាយ​​មួយ​​ចំនួន​​រិះគន់​​ថា គ.ជ.ប ខ្វះ​​តម្លាភាព​​រឿង​​ប្រើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​រៀបចំ​ការបោះឆ្នោត

ដោយ មាន ឫទ្ធិ
2022.05.03
អ្នក​​ជំនាញ​​កិច្ចការ​​បោះឆ្នោត និង​​គណបក្ស​​នយោបាយ​​មួយ​​ចំនួន​​រិះគន់​​ថា គ.ជ.ប ខ្វះ​​តម្លាភាព​​រឿង​​ប្រើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្រាប់​រៀបចំ​ការបោះឆ្នោត សមាសភាពទាំង៩នាក់របស់ គ.ជ.ប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
រូប៖ NEC

អ្នកជំនាញ​កិច្ចការបោះឆ្នោត និង​គណបក្ស​នយោបាយ​មួយចំនួនរិះគន់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ពុំបាន​បង្ហាញ​តម្លាភាព​ពេញលេញ​ក្នុងរឿង​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​​រៀបចំ​ការបោះឆ្នោត​ឡើយ។ ការរិះគន់​នេះ កើតមានឡើង​ខណៈ គ.ជ.ប កំពុង​រៀបចំ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ និង​ប្រើប្រាស់​ប្រព័ន្ធកុំព្យូទ័រ​ដើម្បី​គ្រប់គ្រង​ទិន្នន័យនានា​ពាក់ព័ន្ធនឹង​ការបោះឆ្នោត។

ទន្ទឹមពេលដែល គ.ជ.ប កំពុង​រៀបចំ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ និង​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​គ្រប់គ្រង​ទិន្នន័យនានា​ពាក់ព័ន្ធនឹង​ការបោះឆ្នោត​ជំនួស​ឱ្យ​ការគ្រប់គ្រង​ដោយ​ដៃ អ្នកជំនាញ​កិច្ចការបោះឆ្នោត និង​គណបក្ស​នយោបាយ​មួយចំនួន វាយតម្លៃថា គ.ជ.ប ខ្វះតម្លាភាព​នៅក្នុងកិច្ចការនេះ។ ពួកគេថា កង្វះតម្លាភាព​នេះ ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត​មកលើ​ស្ថាប័ននេះ។

អ្នកសម្របសម្រួល​ផ្នែកអង្កេត និង​តស៊ូមតិ​នៃ​អង្គការឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់ថា ការប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​នានា​ដើម្បី​ជួយសម្រួល​ដល់​កិច្ចការ​រៀបចំ​ការបោះឆ្នោត​គឺជា​រឿងល្អ ដែល​អាច​ធ្វើឱ្យ​ការងារ​រៀបចំ​ការបោះឆ្នោត​បាន​លឿន និង​សុក្រឹត។ ក៏ប៉ុន្តែលោកចង់ឃើញ គ.ជ.ប បង្ហាញ​តម្លាភាព​ក្នុងរឿងនេះ​ទៅដល់​គ្រប់ភាគីពាក់ព័ន្ធ ដើម្បី​ឱ្យពួកគេ​ជឿទុក​ចិត្ត​​លើ​​កម្មវិធី​កុំព្យូទ័រ​ទាំងនេះ តាមរយៈ​ការដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង និង​ការទទួលយក​មតិយោបល់​កែលម្អ​នានា៖ «កន្លងមក​យើងមិនបាន​ទទួលនូវ​ការឃើញ​អនុវត្ត​ជាក់ស្តែង​អំពីចំណុច​ទាំងអស់​នេះទេ។ វាមាន​ការត្រៀម ប៉ុន្តែ យើងឃើញ​ឧទាហរណ៍​ដូចជា​ការចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​អញ្ចឹង គ..ប ថា​នឹង​ធ្វើការសាកល្បង។ ប៉ុន្តែ ដោយសារ​ស្ថានភាព​កូវីដ គ..ប មិនបាន​ធ្វើរឿង​ទាំងអស់​នេះទេ តែ គ..ប បាន​យកទៅ​អនុវត្ត​ជាផ្លូវការ​នៅពេល​នៅក្នុង​ដំណាក់កាល​នៃ​ការចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ។ នេះហើយ​ដែលជា​ចំណុច​មួយ​ដែល​យើងគិតថា​ដំណើរការ​នេះ វាមិនបាន​ឆ្លុះបញ្ចាំង​ឱ្យបាន​ពេញលេញ​អំពីដំណើរការ​នៃ​ការរៀបចំហ្នុង​ឱ្យមាន​ការទុកចិត្ត​ពី​ភាគីពាក់ព័ន្ធនោះ គឺនៅត្រង់​ចំណុច​អស់ហ្នុង»

ស្រដៀងគ្នានឹង​ការវាយតម្លៃ​នេះដែរ អ្នកជំនាញ​កិច្ចការ​បោះឆ្នោត​មួយរូបទៀត និង​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត និកហ្វិច (NICFEC) លោក សម គន្ធាមី ក៏យល់ស្រប​ដែរ​ថា ការដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងនេះ​ពី​សំណាក់ គ.ជ.ប បង្ក​ឱ្យ​មាន​ការលំបាកច្រើន​ដោយសារ​តែ គ.ជ.ប ពុំបាន​ផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយ​ជាមុន៖ «វា​ពិបាក​ជឿទុកចិត្ត​ដែរ​ដោយសារ​ពុំបាន​បង្ហាញ​តម្លាភាព​ច្បាស់លាស់ ឱ្យ​អតិថិជន ឬអ្នកដែល​គេចូលមើល​គេជឿទុកចិត្ត»

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ពន្យល់​ប្រាប់ វិទ្យុអាស៊ីសេរី ថា គ.ជ.ប ទទួលស្គាល់ថា បច្ចេកវិទ្យា​ជួយឱ្យ​ដំណើរការ​បោះឆ្នោត​កាន់តែ​ល្អប្រសើរ និង​ធ្វើឱ្យ​មាន​ទំនុកចិត្ត​កាន់តែច្រើន​អំពីម្ចាស់ឆ្នោត។ លោកថា កន្លងទៅ គ.ជ.ប បាន​រៀបចំ​ការចុះឈ្មោះ​ដោយ​ប្រើបច្ចេកវិទ្យា​កុំព្យូទ័រ និង​បាន​បង្កើត​កម្មវិធី​ផ្ទៀងផ្ទាត់​មើល​ឈ្មោះ​ស្ទួនគ្នា ឬទិន្នន័យ​សំណៅដៃ​ស្ទួនគ្នា​ជាដើម ដែល​លោក​អះអាង​ថា សុទ្ធតែ​ទទួលបាន​ការទទួលស្គាល់ថា ជាកម្មវិធី​ដែលមាន​ប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកថា គ.ជ.ប ក៏បាន​ដាក់ឱ្យប្រើ​កម្មវិធី​ស្រង់ឈ្មោះ​ក្នុងការ​ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​នៃ​គណបក្ស​នយោបាយ​ដោយទាញចេញ​មកពី​បញ្ជីឈ្មោះ​នៃ​អ្នកបោះឆ្នោត​ទាំងអស់។

លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប បាន​តាមដាន​កម្មវិធី​ទាំងនេះ​ដោយ​ប្រុងប្រយ័ត្ន និង​ទទួលបាន​ការសាទរ​ពី​គណបក្ស​នយោបាយ៖ «ការវិវត្តន៍​បន្ថែមទៀត ខ្ញុំ​ចង់ជម្រាបជូនថា ពីមុនមក​សម្រាប់​អ្នកដែល​មិនមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ប៉ុន្តែ មាន​ឈ្មោះ​នៅក្នុង​បញ្ជីបោះឆ្នោត លោក​មាន​សិទ្ធិបោះឆ្នោត។ ប៉ុន្តែ ត្រូវស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បម្រើឱ្យ​ការបោះឆ្នោត។ ពីមុន​ត្រូវការ​យករូបថតទៅ ត្រូវការនេះ​ត្រូវការនោះ។ ប៉ុន្តែ បច្ចុប្បន្ន​មិនទាមទារ​អីទេ។ ទាមទារតែ សាមីខ្លួន​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី ហើយបើ​មិនមាន​ឯកសារ​សម្រាប់បោះឆ្នោត​ទេ លោកអាច​មាន​ពេល​មួយ​ខែ​មុនថ្ងៃបោះឆ្នោត គឺទៅជួប​ជាមួយនឹង​គណៈកម្មការ​ឃុំសង្កាត់​រៀបចំ​ការបោះឆ្នោត​តាមឃុំសង្កាត់​នីមួយៗ ដើម្បី​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នេះ ហើយ​ឈ្មោះ​របស់​សាមីខ្លួន​នឹងត្រូវ​ទាញ​និង​ព្រីនចេញ​ពី​ម៉ាស៊ីនកុំព្យូទ័រ​តែម្តង ដោយ​សាមីខ្លួន​គ្រាន់តែ​យក​ឯកសារ​នោះ​ទៅបញ្ជាក់​នៅ​អាជ្ញាធរ​ឃុំសង្កាត់​ដើម្បី​បោះត្រា​បញ្ជាក់​ភាពត្រឹមត្រូវ និង​ទទួលស្គាល់​ថាជា​ពលរដ្ឋ​ក្នុងឃុំសង្កាត់​នោះ​ពិតប្រាកដ ហើយ​ឯកសារ​នោះ​គឺប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​បាន​តែម្តង»

ទន្ទឹមនឹង​ការសម្រួល​ដោយ​ប្រើប្រព័ន្ធកុំព្យូទ័រ​ទាំងនេះ លោក ហង្ស ពុទ្ធា ពន្យល់បន្ថែមថា ការផ្ញើរ​លទ្ធផល​រាប់​សន្លឹកឆ្នោត ក៏គ.ជ.ប​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ បូករួម​ទាំង​ការបូកសរុប និង​ផ្ទៀងផ្ទាត់​នូវ​លទ្ធផល​ឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ​ដោយ​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​ផ្ទៀងផ្ទាត់​បន្ថែមពីលើ​ការធ្វើ​ដោយដៃ។ ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា និង​ការរាប់​សន្លឹកឆ្នោត​នៅតែធ្វើ​ដោយ​ដៃនៅឡើយទេ។

ជុំវិញ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅក្នុង​កិច្ចការ​រៀបចំ​ការបោះឆ្នោតនេះ ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក គង់ មុនីកា មើលឃើញ​មិនខុសពី​ក្រុមអ្នកជំនាញ​កិច្ចការបោះឆ្នោត​ដែរថា គ.ជ.ប នៅមិនទាន់​បង្ហាញ​តម្លាភាព​គ្រប់គ្រាន់​នៅឡើយទេ៖ «ខ្ញុំ​ដូចជា​មិនបាន​ឃើញ​អ្វីដែលជា​តម្លាភាព​ច្រើនទេ​ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​ការងារ​របស់ គ..ប នេះ​ពាក់ព័ន្ធទៅនឹង​បញ្ហា​បច្ចេកវិទ្យា​ផ្សេងៗ​ដែល គ..ប រៀបចំ​ឡើង​កន្លងមកនេះ។ គឺថា គ..ប ដូចជា​មិនបាន​បង្ហាញ​ថា ខ្លួន​ត្រូវធ្វើ​អី កែប្រែ​បែបម៉េច ប្រើប្រាស់​បច្ចេកវិទ្យា​បែបណា​ដើម្បី​ឱ្យ​គណបក្ស​នយោបាយ ឱ្យ​សាធារណជន​បានដឹងទេ។ ឧទាហរណ៍ថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​កន្លងមក ចុះបញ្ជី​បេក្ខជន គឺថា​វានៅមាន​លក្ខណៈ​ដែល​មិន​រលូន​នៅឡើយ ហើយ​មាន​ការរឹតត្បិត​ច្រើន ការកំណត់​ពេលវេលា​គឺ​ប្រថុចញ៉ុច ធ្វើឱ្យ​មានការ​លំបាក​ដល់​គណបក្ស​នយោបាយ​ជាដើម»

ដោយឡែក អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា លោកថា​គណបក្ស​របស់​លោក​ពុំបាន​តាមដានលម្អិត​ជុំវិញ​ការប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យា​របស់ គ.ជ.ប ដើម្បី​ចុះបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នោះទេ ដោយសារ​គណបក្ស​របស់​លោក​ទើប​សម្រេចចិត្ត​ធ្វើ​សកម្មភាព​ឡើងវិញ​នៅចុង​ឆ្នាំកន្លងទៅ។ ទោះយ៉ាងណា លោកថា ការរៀបចំ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យា​ទាំងនេះ​កន្លងទៅ គ.ជ.ប ទទួលបាន​ជំនួយ​ពី​ប្រទេសជប៉ុន និង​ប្រទេសមួយ​ចំនួនទៀត៖ «តាមព័ត៌មាន ការបោះឆ្នោត​អីហ្នុង គេមិនទាន់​បោះឆ្នោត​តាម​កុំព្យូទ័រ អត់ទាន់​អាច​ធ្វើទៅបាន​ទេ។ គ្រាន់តែថា ទិន្នន័យ​អី​ទាំងអស់​ហ្នុង គេ​កែសម្រួល​ឱ្យបាន​លឿនជាងមុន​តែប៉ុណ្ណឹង ហើយ​មាន​ជប៉ុន​នៅអម​នៅជួយ​ខាងហ្នុងដែរ។ ខ្ញុំបាន​ទាក់ទងទៅ​ឃើញថា មាន​ជំនួយ​បច្ចេកទេស​ពីខាងជប៉ុន ហើយ​រាល់​ការប្រជុំ ឬរបាយការណ៍​ទិន្នន័យ​អី​ក៏​គេបាន​បញ្ចូល​គ្រប់គណបក្ស​ទៅក្នុង​ក្រុមមួយ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត សម្រាប់​ផ្តល់​ព័ត៌មាន​តាម​ហ្ស៊ូម (ZOOM) តាម​អនឡាញ​អីជាដើម»

កម្ពុជា​ត្រៀមរៀបចំ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ខាងមុខនេះ។ ការបោះឆ្នោតនេះ មាន​គណបក្ស​សរុបចំនួន ១៧ ចូលរួម ក៏ប៉ុន្តែ ពុំមាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ ដែល​ជាគណបក្ស​ប្រឆាំង​ធំជាងគេ ហើយ​ត្រូវ​តុលាការ​កំពូល​រម្លាយចោល​កាលពី​ចុងឆ្នាំ២០១៧​កន្លងទៅ ចូលរួមនោះទេ ស្របពេលដែល​នៅតែ​ពុំទាន់​ការចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅឡើយ។ គ.ជ.ប រងការរិះគន់​ថា ខ្វះឯករាជ្យ ពុំ​អព្យាក្រឹត្យ និង​ជា​ឧបករណ៍​ចាំប្រថាប់ត្រា​ផ្តល់ភាពស្របច្បាប់​ឱ្យ​គណបក្ស​កាន់អំណាច ដោយសារ​តែ​សមាជិក​ជាន់ខ្ពស់ រហូត​ដល់​សមាជិក​ថ្នាក់កណ្តាល​របស់​ស្ថាប័ននេះ ភាគច្រើន​សុទ្ធសឹងតែ​ជាមន្ត្រី​តែងតាំង​ដោយ​បក្ស​កាន់អំណាច ខណៈ​ពុំមាន​តំណាងមក​ពី​គណបក្ស​នយោបាយ​ដទៃទៀត ឬ​អង្គការ​សង្គមស៊ីវិលឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។