មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ថា លោក សាន សុជា ចោទ​អ្នក​គាំទ្រ​​ខ្លួន​ថា ជា​អ្នក​កុម្មុយនិស្ត ជា​រឿង​មិន​ពិត

0:00 / 0:00

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ថា ជា​អ្នកមាន​បេះដូង​កុម្មុយនិស្ត គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ប្រតិកម្ម​បែបនេះ​ធ្វើ​ឡើង​បន្ទាប់ពី​គ្រូ​បង្រៀន​ព្រះពុទ្ធសាសនា​ដ៏​ល្បីឈ្មោះ​គឺ​លោក សាន សុជា បាន​បកស្រាយ​ថា សកម្មជន​គណបក្សប្រឆាំង​ដែល​រិះគន់​លោក គឺជា​អ្នកមាន​បេះដូង​កុម្មុយនិស្ត លាក់ខ្លួន​ក្នុង​លំហ​ប្រជាធិបតេយ្យ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លើកឡើង​ថា គ្រូបង្រៀន​ព្រះពុទ្ធសាសនា លោក សាន សុជា បាន​ចោទ​ប្រកាន់​អ្នកគាំទ្រ​គណបក្សប្រឆាំង​ថា ជា​អ្នកមាន​បេះដូង​កុម្មុយនិស្ត គឺ​ធ្វើ​ឡើង​ដោយ​ភាព​លំអៀង​ទៅ​រក​គណបក្សកាន់អំណាច។

UmSamAn-Call.jpg
អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ំ សំអាន។ RFA File

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ថា គណបក្សប្រឆាំង​មិន​ដែល​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​សមាជិក​របស់​គណបក្ស ឬ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច​ម្ដងណា​ឡើយ ផ្ទុយ​ទៅ​វិញ គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ​ទេ ដែល​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ថែម​ថា លោក សាន សុជា ចោទ​ប្រកាន់​អ្នកគាំទ្រ​គណបក្សប្រឆាំង​ថា ជា​អ្នក​កុម្មុយនិស្ត គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​ការពិត និង​ជា​ការ​មើលងាយ​ទៅ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង ដែល​រងគ្រោះ​រាប់​រយ​នាក់​ពី​ការ​បង្ខិត​បង្ខំ​ឱ្យ​ចុះចូល​គណបក្ស​កាន់អំណាច។

លោក អ៊ំ សំអាន៖ «គាត់​និយាយ​ហ្នឹង​លំអៀង គាត់​មិន​បាន​មើល​ទៅ​កាន់​គណបក្ស​ប្រជាជន កន្លែង​ខ្លះ​ដូចជា​ថ្មីៗ បង្ខិតបង្ខំ​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ភ្លើងទៀន​មួយចំនួន​ហ្នឹង​ត្រូវ ត្រូវតែ​សុំទោស សារភាព​កំហុស​អ៊ីចឹង​ទៅ ហើយ​ចុះចូល​គណបក្ស​ប្រជាជន បើ​មិន​អ៊ីចឹង​ទេ អត់​អាច​ដោះលែង​ពី​ពន្ធនាគារ ហើយ​អ្នក​មួយចំនួន​គេ​ចាប់ខ្លួន​ទៅ ត្រូវតែ​សុំទោស ហើយ​ចុះចូល​តែម្ដង បើ​មិន​អ៊ីចឹង​ទេ គេ​ចាប់​ទៅ​ដាក់​ពន្ធនាគារ ដូចជា​លោក ស ឡុងដេត អី​ជាដើម អាហ្នឹង​យើង​មើលឃើញ​ជាក់ស្ដែង ហើយ​សកម្មជន​មូលដ្ឋាន​មួយចំនួន​ក៏​អ៊ីចឹង​ដែរ ត្រូវ​គេ​បំភិតបំភ័យ​គំរាមកំហែង​ថា អ្នកឯង​បើ​មិន​ចូល​ទេ ត្រូវ​ជាប់​គុក មានទោស​នេះ​ទោស​នោះ អាហ្នឹង​គឺជា​ការ​បំភិតបំភ័យ អាហ្នឹង​គាត់​មិន​លើក​ចំណុច​ហ្នឹង​ផង»។

ប្រតិកម្ម​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក សាន សុជា បាន​បកស្រាយ​ក្នុង​វីដេអូ​ឃ្លីប​មួយ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ដោយ​បាន​ចោទ​ប្រកាន់​ថា អ្នកគាំទ្រ​គណបក្សប្រឆាំង​ដែល​រិះគន់​លោក គឺជា​អ្នកនយោបាយ​កុម្មុយនិស្ត ក្នុង​លំហ​ប្រជាធិបតេយ្យ​។ បន្ថែម​ពីលើ​នេះ លោក​បាន​លើកឡើង​ថា ប្រសិនបើ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ចោទ​ថា គណបក្ស​កាន់អំណាច​សុទ្ធ​តែ​ជា​ចោរ អ៊ីចឹង​មាន​ន័យថា តំណាងរាស្ត្រ​គណបក្សប្រឆាំង​សុខចិត្ត​ធ្វើការ​ក្នុង​រដ្ឋសភា​ជាមួយ​ចោរ​ដែរ ទៀត​ផង។

លោក សាន សុជា៖ «អ៊ីចឹង​សួរ​ថា បើ​ខ្ញុំ​ចូល​ជា​បក្ស​តើ​ខ្ញុំ​ខុស​អី​?អត់​ខុស​ទេ​បើ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​។ ហើយ​បើ​យើង​ថា ខាង​នោះ​សុទ្ធតែ​ជា​ចោរ​ទាំង​អស់ហើយ យើង​ទៅ​បោះឆ្នោត​ជាមួយ​ចោរ​ដូចម្ដេច​ឥឡូវ?យើង​ចាត់​ជា ចោរ​ទាល់តែ​កាន់​កាំភ្លើង​បាញ់​គ្នា មិន​អ៊ីចឹង?ហើយ​បើ​យើង​ថា​ម្ខាង​ទៀត​គឺជា​ចោរ អ៊ីចឹង​បើ​យើង​បោះឆ្នោត​ជាប់​សភា ទៅ​អង្គុយ​ជាមួយ​ចោរ​កើត​ដែរ?អាហ្នឹង​និយាយ​ឱ្យ​ដល់ យើង​ចង់​ដូចម្ដេច​?ចង់​ទៅ​អង្គុយ​សភា​ជាមួយ​ចោរ»?

ផ្ទុយ​ពី​ការ​លើកឡើង​នេះ លោក អ៊ំ សំអាន ថ្លែង​ថា ការ​បំពេញ​តួនាទី​ជា​តំណាងរាស្ត្រ​នៅ​រដ្ឋសភា គឺជា​ភារកិច្ច​របស់​តំណាងរាស្ត្រ​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​។ លោក​បន្ថែម​ថា ការងារ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ក្នុង​សភា គឺ​ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​កាត់បន្ថយ​អំពើពុករលួយ​ក្នុង​សង្គមជាតិ ដើម្បី​ផ្ដល់​ប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ​ទាំងមូល​តែប៉ុណ្ណោះ។

លោក សាន សុជា គឺជា​អ្នក​ផ្សព្វផ្សាយ​ធម៌​ព្រះពុទ្ធសាសនា​ដ៏​ល្បីល្បាញ កាលពី​លោក​នៅ​ជា​បព្វជិត​។ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បាន​ស្ដាប់ និង​រៀន​អំពី​ធម៌​អប់រំ​ចិត្ត​របស់​លោក​តាមរយៈ​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក និង​យូធូប​ជាដើម​។ លោក សាន សុជា បាន​លាចាក​សិក្ខាបទ​ជា​ព្រះសង្ឃ កាលពី​ថ្ងៃទី​២១ ខែ​ឧសភា កន្លង​ទៅ​។ បើ​ទោះបី​ជា​លោក​បាន​សឹក​រួចហើយ​ក្ដី ប៉ុន្តែ​លោក​នៅតែ​បន្ត​ផ្សព្វផ្សាយ​ធម៌​សាសនាព្រះពុទ្ធ នៅ​លើ​បណ្ដាញ​សង្គម​។ ទោះជា​យ៉ាងណា ក្រោយពី​លោក សាន សុជា បាន​ជួប​សួរសុខទុក្ខ​ជាមួយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែមិថុនា សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​បាន​វាយប្រហារ​ទៅលើ​គ្រូបង្រៀន​ផ្នែក​ពុទ្ធសាសនា​រូប​នេះ​ដោយ​បាន​លើកឡើង​ថា លោក សាន សុជា គាំទ្រ​អ្នកដឹកនាំ​ផ្ដាច់ការ និង​ស្វែងរក​លាភសក្ការៈ​ពី​អ្នក​ប្រព្រឹត្តិ​អំពើ​បាប​ទាំងនោះ ដោយ​មិនបាន​គិតគូរ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ និង​ការរំលោភ​សិទ្ធិមនុស្ស​ពី​អ្នក​ទាំង​នោះ​ទេ​។ លើស​ពី​នេះ លោក សាន សុជា ក៏​ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ថា លោក​នឹង​ទទួលយក​ថវិកា​ពី​គ្រប់​បុគ្គល​ទាំងអស់ ដែល​ចង់​បរិច្ចាគ​ថវិកា​ចូលរួម​កសាង​មជ្ឈមណ្ឌល​អប់រំ​ធម៌ នៅ​ប្រទេស​អូស្ត្រាលី ដោយ​មិន​ប្រកាន់​ប្រភព​ថវិកា​ទាំង​នោះ​ឡើយ។

លោក សាន សុជា៖ «ខ្ញុំ​មិន​ទៅ​ស៊ើប​ថា​លុយ​គេ​បាន​មកពីណា​ទេ ឱ្យ​តែ​ជា​លុយ​លក្ខណៈ​ឯកជន អ៊ីចឹង​មនុស្ស​ម្នាក់ៗ​មាន​សិទ្ធិ​ធ្វើ​ទាន ឧបត្ថម្ភ​កន្លែង​ដែល​ខ្ញុំ​ធ្វើ តែ​មិនមែន​ជា​លុយ​ទាំង​ដុំ​របស់​បក្ស​ទេ​។ ខ្ញុំ​ទទួល​តែ​លុយ​ឯកជន​របស់​មនុស្ស ដែល​ខ្ញុំ​គិតថា​ជ្រះថ្លា​ឧបត្ថម្ភ​កន្លែង​ហ្នឹង អ៊ីចឹង​គ្រប់គ្នា​សុទ្ធ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ឧបត្ថម្ភ»។

ជុំវិញ​រឿង​នេះ សកម្មជន​សកម្ម​ការងារ​សង្គម លោក លី ចាន់ដារ៉ាវុត យល់​ឃើញ​ថា លោក សាន សុជា នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សាធារណជន​ទៀត​នោះ​ឡើយ ប្រសិនបើ​គាត់​ទទួល​យក​ថវិកា​ដែល​បាន​មកពី​អំពើអាក្រក់ ដើម្បី​ធ្វើបុណ្យ ឬ​ផ្សព្វផ្សាយ​ព្រះធម៌​។ លោក​បន្ថែម​ថា ប្រសិនបើ លោក សាន សុជា ទទួល​យក​ថវិកា​ដែល​បាន​មក​ពី​អំពើអាក្រក់ គឺ​មានន័យថា​លោក មិន​បាន​គិត​ទៅ​ដល់ ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​អំពើពុករលួយ ការ​រំលោភបំពាន​ដីធ្លី និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​អ្នក​នយោបាយ​មាន​និន្នាការ​ប្រឆាំង​រងគ្រោះ ជាប់​ពន្ធនាគារ និង​ឃ្លាត​ចាក​ស្រុក​កំណើត ដើម្បី​រក្សា​សុវត្ថិភាព​នោះ​ឡើយ។

លោក លី ចាន់ដារ៉ាវុត៖ «ខ្ញុំ​មិនអាច​ទទួលយក​បានទេ នៅ​ពេល​ដែល​យើង​ទទួល​យក​លុយ​ហ្នឹង បើ​ទោះបីជា​គោលបំណង​ថា យើង​យក​ទៅ​ជួយ​សង្គម​ជួយ​អី​ក៏ដោយ ប៉ុន្តែ​គិត​ទៅដល់​ទឹកភ្នែក​របស់​ប្រជា​ពលរដ្ឋ គិត​ទៅដល់​ដីធ្លី​ដែល​ពួកគេ​បាន​បាត់បង់ គិត​ទៅដល់​ព្រៃឈើ​ដែល​យើង​បាត់បង់ គិត​ទៅដល់​ជនរងគ្រោះ​ដទៃទៀត ការឈឺចាប់​របស់​ពួកគេ ការ​វិនាស​ព្រាត់ប្រាស ការដែល​គ្រួសារ​របស់​ពួកគេ​ធ្លាក់​ចូលក្នុង​ភាព​ក្រីក្រ គិត​ទៅដល់​រឿង​ទាំងអស់​ហ្នឹង​ទៅ ហើយ​ខ្ញុំ​គិតថា​ក្នុងនាម​ជា​បញ្ញាជន មិន​គួរ​ទទួល​យក​របស់​ណា​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​ឱ្យ​អ្នកដទៃ​រាប់ពាន់ រាប់​ម៉ឺន​គ្រួសារ​ឈឺចាប់​នោះ​ទេ»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​អ្នក​ធ្លាប់​បួស​ជាង​១០​វស្សា លោក កើត សារ៉ាយ លើកឡើង​ថា ព្រះពុទ្ធសាសនា​មិនបាន​អប់រំ​ឱ្យ​បុគ្គល​ណា​ម្នាក់ ទទួល​ទាន​ដែល​បាន​មក​ពី​បុគ្គល​ប្រព្រឹត្តិ​អំពើអាក្រក់​នោះ​ឡើយ ព្រោះ​ទាន​ដែល​កើត​ចេញ​ពី​អំពើអាក្រក់ នឹង​មិន​អាច​នាំ​ឱ្យ​សង្គម​រីកចម្រើន ឬ​ឱ្យ​ផល​ជា​ក្ដី​សុខ​នោះ​ឡើយ​។ លោក​ចាត់ទុក​ថា ការ​ទទួល​ថវិកា​ពី​អ្នក​ប្រព្រឹត្តិ​អំពើអាក្រក់ គឺជា​គំរូ​អាក្រក់​របស់​បុគ្គល​គ្រប់រូប ហើយ​ទង្វើ​នេះ​ក៏​នឹង​ជះឥទ្ធិពល​អាក្រក់​ទៅដល់​បុគ្គល​ខ្លួនឯង​ផ្ទាល់ គ្រួសារ និង​សង្គម​ទាំងមូល​ផង​ដែរ។

លោក កើត សារ៉ាយ៖ «ប្រសិនបើជា​ទាន​នោះ​កើត​ចេញ​ពី​បុគ្គល​ណា​ម្នាក់ ដែល​សង្ឃ​មើល​ឃើញ​ថា ឬក៏​មិន​បាច់​ថា​ជា​សង្ឃ​ទេ សមូហភាព ឬក៏​បុគ្គល​ណា​ម្នាក់​ដែល​មើល​ឃើញ​ថា ទាន​ដែល​បុគ្គល​បង្អោន​មក​យើង គឺ​បាន​មកពី​អំពើ​កេងប្រវ័ញ្ច បាន​មក​ពី​អំពើ​ទុច្ចរិត បាន​មក​ពី​អំពើអាក្រក់ មិន​គួរ​គាប់​បី​ទទួលទាន​ពី​បុគ្គល​នោះ​ឡើយ ពីព្រោះ​អី​វា​នាំ​ឱ្យ​ក្ដៅក្រហាយ​ដល់​អ្នកទទួល​ផង វា​នាំ​ឱ្យ​ក្ដៅក្រហាយ​ដល់​អ្នក​ដែល​ឱ្យ​យើង​ផង ពីព្រោះ​ទាន​ហ្នឹង​វា​មិនកើត​ចេញ​អំពី​សុចរិត​ភាព គឺ​កើត​ចេញ​ពី​ទុច្ចរិត​ភាព»។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា បើ​ទោះ​បី​ជា​លោក សាន សុជា មិន​បាន​បង្ហាញ​គោល​ជំហរ​គាំទ្រ​លោក ហ៊ុន សែន និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ក្ដី ក៏​សកម្មភាព​ស្និទ្ធស្នាល​របស់​លោក និង​អ្នកដឹកនាំ​ដែល​មាន​ភាព​ល្បីល្បាញ​ខាង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ប្រើ​អំពើ​ហិង្សា​បង្ក្រាប​បាតុករ និង​បង្កើត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​នេះ គឺជា​ការ​បង្ក​ភាព​ឈឺចាប់​ទៅដល់​ជនរងគ្រោះ​ពី​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ផង​ដែរ​។ ក្រៅពី​ប្រឈម​នឹង​ការ​បាត់បង់​កិត្តិនាម និង​ប្រជាប្រិយភាព​ក្នុង​ការ​អប់រំ​ធម៌​ហើយ​នោះ លោក សាន សុជា ក៏បាន​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​នៅក្នុង​សង្គម​ផង​ដែរ ព្រោះ​លោក​បាន​ស្ដីបន្ទោស​តែ​អ្នកនយោបាយ​ប្រឆាំង​ដែល​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ចំពោះ​លោក ប៉ុន្តែ​លោក​មិនបាន​ជំរុញ​ឱ្យ​អ្នកដឹកនាំ​ផ្ដាច់ការ លើក​កម្ពស់​យុត្តិធម៌​សង្គម និង​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​គំរាមកំហែង​ចង់​សម្លាប់​អ្នកនយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។