ស្ត្រីសកម្មជនគណបក្សប្រឆាំងមួយក្រុម ដែលកំពុងភៀសខ្លួននៅប្រទេសថៃ បានប្រមូលផ្ដុំគ្នាថ្លែងសារជំរុញដល់សកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកកុំឱ្យចុះញ៉មនឹងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែលបានបង្ខំពួកគាត់ឱ្យឈប់ធ្វើសកម្មជនភាពនយោបាយ។ មន្ត្រីអង្គការស៊ីវិល ចាត់ទុកសកម្មភាពនេះថា ជាសិទ្ធិសេរីភាពការសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយស្របច្បាប់។
សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាមជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ អ្នកស្រី គិន ស្រីអូន ប្រាប់អាស៊ីសេរីនៅថ្ងៃទី៧ តុលាការថា ក្រុមរបស់អ្នកស្រីមានគ្នាជាង ១០នាក់បានជួបប្រជុំគ្នាថ្លែងសារនយោបាយនៅទីក្រុងបាងកកកាលពីថ្ងៃទី៦ តុលា។ អ្នកស្រី បន្តថា ពួកគាត់បានប្ដូរផ្ដាច់ស៊ូស្លាប់ជាមួយគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា និងលោក សម រង្ស៊ី ធ្វើជាមេដឹកនាំ ដោយមិនទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។អ្នកស្រី បញ្ជាក់ថា មូលហេតុដែលពួកគាត់ថ្លែងសារ ដោយសារព្រួយបារម្ភខ្លាចសកម្មជនគណបក្សរបស់អ្នកស្រីចាញ់បោកលោក ហ៊ុន សែន បញ្ចុះបញ្ចូលឱ្យនាំគ្នាទៅសារភាពដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ៖ «ហើយពួកខ្ញុំក៏មានគំនិតមួយជួបជុំគ្នាពង្រឹងចលនា ស្ត្រីសង្គ្រោះជាតិ ដើម្បីឱ្យពួកគាត់រឹងមាំកុំតក់ស្លុតនូវពាក្យសំដីដែលលោក ហ៊ុន សែន និយាយ ព្រោះតាំងពីលោកហ៊ុន សែន កាត់តំណែង៤០ឆ្នាំមក ខ្ញុំឃើញប្រជាពលរដ្ឋមានតែទឹកភ្នែកនិងការបង្ហូរឈាមដាក់គ្នា ហើយធ្វើឱ្យបាត់បង់ទឹកដីមួយឆ្នាំបន្តិចៗ។កត្តាទាំងនេះបានជាពួកខ្ញុំតស៊ូដើម្បីឱ្យមានការផ្លាស់ប្ដូរមេដឹកនាំ ដើម្បីកូនចៅជំនាន់ក្រោយរស់នៅសុខសប្បាយ » ។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិនៅកំពង់ស្ពឺឯណោះវិញ អ្នកស្រី គុណ ម៉ាច ថ្លែងថា នៅពេលនេះលោក ហ៊ុន សែន កំពុងតែភ័យខ្លាចកម្លាំងមហាជនចូលរួមអមដំណើរលោក សម រង្ស៊ី ច្រើនធ្វើឱ្យរង្គោះរង្គើដល់របបដឹកនាំរបស់លោក ទើបលោកបំភិតបំភ័យដល់សកម្មជនគណបក្សប្រឆាំងម្ដងហើយម្ដងទៀតបែបនេះ។អ្នកស្រី បញ្ជាក់ថា ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជា មានតែមួយមុខគត់គឺ កុំចាញ់បោកលោក ហ៊ុន សែន នាំគ្នាចុះចូលជាមួយគណបក្សកាន់អំណាចនោះ៖ «ខ្ញុំតស៊ូសព្វថ្ងៃ នេះដើម្បីឱ្យមានការផ្លាស់ប្ដូរ ដោយសារតែប្រទេសមួយដឹកនាំតែមនុស្សម្នាក់៤០ឆ្នាំហើយ ។យើងចង់ឱ្យមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី៥ឆ្នាំឬ១០ឆ្នាំដូចប្រទេសប្រជាធិបតេយ្យលោកខាងលិចដែរ។ដើម្បីឱ្យប្រទេសរីកចំរើនទាល់តែមានការផ្លាស់ប្ដូរមេដឹកនាំ អីចឹងបានយើងខ្ញុំខំតស៊ូធ្វើយ៉ាងណាឱ្យផ្លាស់ប្ដូរមេដឹកនាំបាន » ។
ប្រតិកម្មរបស់ក្រុមស្ត្រីគណបក្សប្រឆាំងនេះ ដោយសារពួកគេមិនពេញចិត្តនឹងលោក ហ៊ុន សែន ដែលបាននិយាយនៅក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិតនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ តុលា កន្លងទៅ។លោកហ៊ុន សែន បានគំរាមចាប់សកម្មជនបក្សប្រឆាំងទាំងឡាយដែលកៀរគរមនុស្សចូលរួមអមដំណើរលោក សម រង្ស៊ី នៅពេលខាងមុខ ដោយលោកចាត់ទុកសកម្មជនប្រឆាំងទាំងនោះថា ជាក្រុមរួមគំនិតក្បត់ ដែលចង់ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់លោក៖ «អីចឹងបានខ្ញុំថាបើទោះបីទឹកនៅតែមួយម៉ែត្រនៅភ្នំពេញក៏នៅតែអុំទូកដែរ។ ហើយអ្នកនៅក្នុងស្រុកកុំព្រហើន ដើរដល់ដំណាក់កាលចូលដល់រដ្ឋប្រហារដែលមានការគ្រោងទុកហើយ ការរៀបចំកម្លាំង។ បើអ្នកមិនខ្លាច គឺអ្នកណាចូលរួមនឹងត្រូវមានទោស ហើយបើសិនជាអ្នកបានជាជ្រុលចូលរួមអ្នកសារភាពឱ្យត្រង់នឹងរួចទោស » ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ក្រុមស្ត្រីបក្សប្រឆាំងប្រមូលគ្នានេះ មិនខុសច្បាប់នោះទេ ព្រោះជាការសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ យល់ថា ការឌឺដងយកឈ្នះយកចាញ់គ្នាទៅមកនៃបក្សប្រឆាំងនិងបក្សកាន់អំណាចនេះ មិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញនឹងធ្វើកម្ពុជាជួបវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរទៅវិញទេ៖ «យើងចង់ឱ្យអ្នកនយោបាយទាំងអស់មានការជជែករកដំណោះស្រាយគ្នាដោយសន្តិវិធី ក្នុងន័យជាអ្នកចាស់ទុំនយោបាយ គឺត្រូវប្រកួតប្រជែងក្នុងសង្គមប្រជាធិបតេយ្យដោយត្រូវត្រូវដោយសេរីនិងភាពយុត្តិធម៌។ប៉ុន្តែបើមេដឹកនាំរូបណាដែលប្រព្រឹត្តនូវអ្វីដែលផ្ទុយពីនេះខ្ញុំបាទក្នុងនាមអង្គការសង្គមស៊ីវិលគឺមិនចង់ឃើញរូបនេះកើតឡើងទេបាទ !» ។
មន្ត្រីបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅថៃអះអាងថា ថ្វីត្បិតតែអាជ្ញាធររបបលោក ហ៊ុន សែន គំរាមកំហែងនិងចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ក្ដី ក៏ពួកគេនៅតែប្រកាន់ជំហរទៅចូលរួមអមដំណើរប្រធានស្ដីគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខដដែល។ ពួកគាត់សង្ឃឹមថា នៅពេលលោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នឹងមានដំណោះស្រាយនយោបាយជាមិនខាន ពីព្រោះនៅពេលនោះនឹងមានប្រជាពលរដ្ឋជាច្រើននាក់នឹងទៅចូលរួមអមដំណើរលោក ដូច្នេះលោក ហ៊ុន សែន នឹងមិនអាចទប់ទល់កម្លាំងប្រជាពលរដ្ឋដ៏ច្រើនបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។