អ្នកជំនាញកិច្ចការអន្តរជាតិ ព្រមានថា រដ្ឋសមាជិកអាស៊ានមួយចំនួនអាចនឹងធ្វើពហិការ ឬមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានដឹកនាំដោយកម្ពុជាក្នុងឆ្នាំ២០២២នេះ បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែទទូចឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមា ឬមីយ៉ាន់ម៉ា (Myanmar) ចូលរួមកិច្ចប្រជុំកំពូលអាស៊ានឡើងវិញ ដូចតាមការចង់បានរបស់ប្រទេសចិន។
ការព្រមាននេះ ធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងត្រៀមខ្លួនដឹកនាំមន្ត្រីជាន់ខ្ពស់របស់លោកទៅជួបក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមានៅរដ្ឋធានី ណៃពីដោ (Naypyidaw) នៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងថ្ងៃទី៨ ចុងសប្តាហ៍នេះ ដោយគ្មានការប្រែប្រួល។ លោក ហ៊ុន សែន អះអាងថា លោកធ្វើដូច្នេះ ដើម្បីបើកផ្លូវឱ្យមានដំណោះស្រាយចំពោះវិបត្តិនៅភូមា។ ក៏ប៉ុន្តែលោកពុំដែលបង្ហាញពីចេតនាណាមួយចង់ជួបមេដឹកនាំស្របច្បាប់របស់ប្រទេសនេះ គឺអ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ដែលត្រូវបានមេដឹកនាំយោធាទម្លាក់ចេញពីអំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនោះទេ។ លោក ហ៊ុន សែន ដែលជាអតីតៈមេដឹកនាំរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧ នៅក្នុងប្រទេសខ្លួនឯង ហើយត្រូវសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជាអ្នករម្លាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ ក៏ពុំដែលថ្លែងថ្កោលទោសជាសាធារណៈចំពោះអំពើរដ្ឋប្រហារយោធានៅភូមានោះដែរ ស្របពេលដែលមេដឹកនាំរដ្ឋប្រហារយោធានៅភូមាអាចប្រឈមនឹងបណ្តឹងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងអាឡេ (The Hague) ប្រទេសហូល្លង់ដ៏ (Netherlands)។
គិតត្រឹមចុងឆ្នាំ២០២១ យ៉ាងហោចណាស់ មានពលរដ្ឋភូមាជាង ១ពាន់៣រយនាក់ (១.៣០៥នាក់) ត្រូវបានសម្លាប់ ក្នុងនោះមានកុមារជាង ៧៥នាក់ និងមនុស្សប្រមាណជាង ១ម៉ឺននាក់ (១០.៧៥៦នាក់) ត្រូវបានចាប់ខ្លួន ដោយសារការបង្ក្រាបដ៏ហិង្សាទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងការដឹកនាំខុសច្បាប់របស់របបសឹកយោធានៅភូមា។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីពេលថ្មីៗនេះថា ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ប្រទេសកម្ពុជាកំពុងតែដឹកនាំសមាគមនេះតាមលំនាំខុស ដោយធ្វើឱ្យសមាគមនេះបែកបាក់គ្នា និងខ្មាសគេ។ លោកព្រមានថា ប្រសិនបើអាស៊ានមិនអាចទប់ទល់នឹងមេដឹកនាំរដ្ឋប្រហារយោធាភូមាបានទេ នោះក្រុមមេដឹកនាំនៃរដ្ឋសមាជិកអាស៊ានមួយចំនួន អាចនឹងជ្រើសរើសមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានដឹកនាំដោយកម្ពុជា។ លោកពន្យល់ថា ប្រទេសកម្ពុជាពុំមានកិត្តិសព្ទ ឬភាពគួរឱ្យជឿទុកចិត្តបានទាក់ទងនឹងដំណោះស្រាយតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ ហើយលោក ហ៊ុន សែន ចង់ឱបក្រសោបក្រុមនាយឧត្តមសេនីយ៍ភូមាទាំងនោះដោយសារតែពួកគេមានចរិកផ្តាច់ការដូចគ្នា។
កន្លងទៅ រដ្ឋសមាជិកអាស៊ានមួយចំនួន មានដូចជាប្រទេសឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (the Philippines) និងសិង្ហបុរី (Singapore) តែងតែធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាប្រឆាំងនឹងវត្តមានមេដឹកនាំយោធាភូមាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបាន។ ប្រទេសទាំងនេះនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយជុំវិញចេតនាចុងក្រោយរបស់កម្ពុជានាពេលនេះ។
គិតត្រឹមយប់ថ្ងៃទី២ ខែមករា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំក្រសួងការបរទេសកម្ពុជា លោក កុយ គួង ដើម្បីសុំប្រតិកម្មថា តើកម្ពុជាព្រួយបារម្ភដែរឬទេប្រសិនបើរដ្ឋសមាជិកអាស៊ានមួយចំនួនសម្រេចធ្វើពហិការកិច្ចប្រជុំកំពូលអាស៊ានដឹកនាំដោយកម្ពុជាក្នុងឆ្នាំ២០២២នេះ។ ក៏ប៉ុន្តែលោក កុយ គួង បានថ្លែងប្រាប់កាសែតក្នុងស្រុកកាលពីពេលថ្មីៗនេះថា ការគ្រោងធ្វើទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជានាពេលនេះ នឹងមិនមានអ្វីប្រែប្រួលឡើយ។ លោកថា ភាគីម្ចាស់ផ្ទះ គឺប្រទេសភូមាកំពុងបង្កើនការយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីទូតកម្ពុជាបានយ៉ាងល្អ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេបង្អស់ដែលទៅធ្វើទស្សនកិច្ចនៅប្រទេសភូមាជួបជាផ្លូវការជាមួយមេដឹកនាំយោធានៃប្រទេសនេះ ក្រោយពីមានព្រឹត្តិការណ៍រដ្ឋប្រហារកាលពីដើមឆ្នាំ២០២១។
នៅមួយសប្តាហ៍មុនដំណើរទស្សនៈកិច្ចនេះ កាលពីថ្ងៃទី៣១ ខែធ្នូ ដំណាច់ឆ្នាំ២០២១ មានករណីផ្ទុះគ្រាប់បែកកែច្នៃចំនួន ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសភូមា។ ករណីនេះពុំបានបង្កឱ្យខូចខាត ឬរបួសស្នាមដល់មន្ត្រីការទូតកម្ពុជាឡើយ។ ចេតនាទៅឱបក្រសោបទទួលស្គាល់របបសឹកយោធា និងមេដឹកនាំរដ្ឋប្រហារយោធាភូមាពីសំណាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ កំពុងបង្កឱ្យមានការខឹងសម្បារក្នុងចំណោមពលរដ្ឋភូមាទូទៅទាំងនៅក្នុង និងក្រៅប្រទេសភូមា។ ពួកគេមួយចំនួនបានបញ្ចេញប្រតិកម្មថ្កោលទោសលោក ហ៊ុន សែន នៅតាមបណ្តាញសង្គម ហើយប្តេជ្ញាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន ជាពិសេសនៅពេលដែលលោកអាចនឹងធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលអាចនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២២នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
