អ្នកជំនាញ​ព្រមាន​ថា រដ្ឋសមាជិក​​អាស៊ាន​​មួយ​ចំនួន​​អាច​នឹង​​ធ្វើ​ពហិការ​​កិច្ចប្រជុំ​កំពូល​​អាស៊ាន​​ដឹកនាំ​​ដោយ​​កម្ពុជា

0:00 / 0:00

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ ព្រមាន​ថា រដ្ឋសមាជិក​អាស៊ាន​មួយចំនួន​អាចនឹង​ធ្វើ​ពហិការ ឬ​មិនចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា​ក្នុងឆ្នាំ២០២២​នេះ បើលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ទទូច​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឡើងវិញ ដូចតាម​ការចង់បាន​របស់​ប្រទេសចិន។

ការព្រមាន​នេះ ធ្វើឡើង​ស្របពេល​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ត្រៀមខ្លួន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​របស់​លោក​ទៅជួប​ក្រុមមេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​នៅរដ្ឋធានី ណៃពីដោ (Naypyidaw) នៃ​ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងថ្ងៃទី៨ ចុងសប្តាហ៍​នេះ ដោយ​គ្មាន​ការប្រែប្រួល។ លោក ហ៊ុន សែន អះអាង​ថា លោក​​ធ្វើដូច្នេះ​ ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នៅភូមា។ ក៏ប៉ុន្តែលោក​ពុំដែល​បង្ហាញ​ពី​ចេតនា​ណាមួយ​ចង់ជួប​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេសនេះ គឺអ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ដែល​ត្រូវបាន​មេដឹកនាំ​យោធា​ទម្លាក់ចេញ​ពី​អំណាច​តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ដើមខែកុម្ភៈ ឆ្នាំ២០២១​កន្លងទៅនោះទេ។ លោក ហ៊ុន សែន ដែល​ជា​អតីតៈ​មេដឹកនាំ​រដ្ឋប្រហារ​បង្ហូរឈាម​កាលពី​ឆ្នាំ១៩៩៧ នៅ​ក្នុងប្រទេស​ខ្លួនឯង ហើយ​ត្រូវសហគមន៍​ជាតិ និង​អន្តរជាតិ​មើលឃើញ​ថា ​ជាអ្នក​រម្លាយ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​នោះ ក៏ពុំដែល​ថ្លែង​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​អំពើ​រដ្ឋប្រហារ​យោធា​នៅភូមា​នោះដែរ ស្របពេល​ដែល​មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅភូមា​អាចប្រឈមនឹង​បណ្តឹង​ពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ នៅឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅទីក្រុង​អាឡេ (The Hague) ប្រទេសហូល្លង់ដ៏ (Netherlands)។

គិតត្រឹម​ចុងឆ្នាំ២០២១ យ៉ាងហោចណាស់ មាន​ពលរដ្ឋ​ភូមា​ជាង ១ពាន់៣រយ​នាក់ (១.៣០៥​នាក់) ត្រូវបាន​សម្លាប់ ក្នុងនោះ​មាន​កុមារជាង ៧៥នាក់ និង​មនុស្ស​ប្រមាណ​ជាង ១ម៉ឺននាក់ (១០.៧៥៦​នាក់) ត្រូវបាន​ចាប់ខ្លួន ដោយសារ​ការបង្ក្រាប​ដ៏ហិង្សា​ទៅលើ​ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹង​ការដឹកនាំខុសច្បាប់​របស់​របបសឹកយោធា​នៅភូមា។

អ្នកជំនាញ​កិច្ចការអន្តរជាតិ និង​ជាព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​រដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​វិទ្យុអាស៊ីសេរី​តាម​សារអេឡិចត្រូនិក​កាលពី​ពេលថ្មីៗនេះថា ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន ប្រទេសកម្ពុជា​កំពុងតែ​ដឹកនាំ​សមាគម​នេះ​តាមលំនាំ​ខុស ដោយ​ធ្វើឱ្យ​សមាគម​នេះ​បែកបាក់គ្នា និង​ខ្មាសគេ។ លោក​ព្រមានថា ប្រសិនបើ​អាស៊ាន​មិនអាច​ទប់ទល់​នឹង​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​បានទេ នោះ​ក្រុមមេដឹកនាំ​នៃ​រដ្ឋសមាជិក​អាស៊ាន​មួយចំនួន អាច​នឹង​ជ្រើសរើស​មិនចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា។ លោក​ពន្យល់ថា ប្រទេស​កម្ពុជា​ពុំមាន​កិត្តិសព្ទ ឬ​ភាពគួរឱ្យ​ជឿទុកចិត្ត​បាន​ទាក់ទង​នឹង​ដំណោះស្រាយ​តាមបែប​លទ្ធិប្រជាធិបតេយ្យ​នោះទេ ហើយ​លោក ហ៊ុន សែន ចង់​ឱបក្រសោប​ក្រុម​នាយឧត្តមសេនីយ៍​ភូមាទាំងនោះ​ដោយសារតែ​ពួកគេ​មាន​ចរិក​ផ្តាច់ការ​ដូចគ្នា។

កន្លងទៅ រដ្ឋសមាជិក​អាស៊ាន​មួយចំនួន មានដូចជា​ប្រទេសឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (the Philippines) និង​សិង្ហបុរី (Singapore) តែងតែ​ធ្វើ​យុទ្ធនាការ​យ៉ាងខ្លាំងក្លា​ប្រឆាំងនឹង​វត្តមាន​មេដឹកនាំ​យោធាភូមា​មិនឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​បាន។ ប្រទេស​ទាំងនេះ​នៅរក្សា​ភាពស្ងៀមស្ងាត់​នៅឡើយ​ជុំវិញ​ចេតនា​ចុងក្រោយ​របស់​កម្ពុជា​នាពេលនេះ។

គិតត្រឹម​យប់ថ្ងៃទី២ ខែមករា វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ដើម្បី​សុំ​ប្រតិកម្ម​ថា តើ​កម្ពុជា​ព្រួយបារម្ភ​ដែរឬទេ​ប្រសិនបើ​រដ្ឋសមាជិក​អាស៊ាន​មួយចំនួន​សម្រេច​ធ្វើ​ពហិការ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដឹកនាំ​ដោយ​កម្ពុជា​ក្នុងឆ្នាំ២០២២​នេះ។ ក៏ប៉ុន្តែលោក កុយ គួង បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​កាលពី​ពេលថ្មីៗនេះ​ថា ការគ្រោង​ធ្វើទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នាពេលនេះ នឹង​មិនមាន​អ្វី​ប្រែប្រួល​ឡើយ។ លោកថា ភាគីម្ចាស់ផ្ទះ ​គឺ​ប្រទេសភូមា​កំពុង​បង្កើន​ការយកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ជូន​ស្ថានទូត និង​មន្ត្រី​ទូតកម្ពុជា​បាន​យ៉ាងល្អ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេបង្អស់​ដែល​ទៅធ្វើ​ទស្សនកិច្ច​នៅប្រទេសភូមា​ជួបជាផ្លូវការ​ជាមួយ​មេដឹកនាំ​យោធា​នៃប្រទេសនេះ ក្រោយពី​មានព្រឹត្តិការណ៍​រដ្ឋប្រហារ​កាលពី​ដើមឆ្នាំ២០២១។

នៅមួយ​សប្តាហ៍​មុន​ដំណើរ​ទស្សនៈកិច្ច​នេះ កាលពី​ថ្ងៃទី៣១ ខែធ្នូ ដំណាច់ឆ្នាំ​២០២១ មាន​ករណី​ផ្ទុះគ្រាប់បែក​កែច្នៃ​ចំនួន ២គ្រាប់ នៅ​ក្បែរស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសភូមា។ ករណី​នេះ​ពុំបាន​បង្ក​ឱ្យ​ខូចខាត ឬ​របួសស្នាម​ដល់​មន្ត្រីការទូត​កម្ពុជា​ឡើយ។ ចេតនា​ទៅឱបក្រសោប​ទទួលស្គាល់​របបសឹកយោធា និង​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ពី​សំណាក់​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ កំពុង​បង្ក​ឱ្យ​មាន​ការខឹងសម្បារ​ក្នុងចំណោម​ពលរដ្ឋភូមា​ទូទៅ​ទាំងនៅក្នុង និង​ក្រៅប្រទេស​ភូមា។ ពួកគេ​មួយចំនួន​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​លោក ហ៊ុន សែន នៅតាម​បណ្តាញ​សង្គម ហើយ​ប្តេជ្ញា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ជាពិសេស​នៅពេល​ដែល​លោក​អាច​នឹង​ធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-សហរដ្ឋអាមេរិក ដែល​អាចនឹង​ប្រព្រឹត្តទៅ​នៅដើម​ឆ្នាំ២០២២នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។