អ្នក​ជំនាញ​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ពី​អាមេរិក​លើ​វិស័យ​ការពារ​ជាតិ និង​សេដ្ឋកិច្ច បើ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ

0:00 / 0:00

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​មក​បំពេញ​ទស្សនកិច្ច​របស់​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នៅ​កម្ពុជា​កាល​ពី​ចុង​ខែកុម្ភៈ​ថ្មីៗ​នេះ បង្ហាញ​ពី​សារៈសំខាន់​ក្នុង​ការ​ចាប់ផ្ដើម​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក (US) និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ។ ក្រុម​អ្នក​ជំនាញ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​ល្អ​ប្រសើរ ដើម្បី​បន្ត​ធ្វើ​កិច្ចការ​ជាមួយ​អាមេរិក​កាន់តែ​ពេញលេញ និង​ដើម្បី​ទទួល​បាន​នូវ​ផល​ចំណេញ​ផ្នែក​វិស័យ​ការពារ​ជាតិ និង​សេដ្ឋកិច្ច​ពី​អាមេរិក​កាន់តែ​ច្រើន។

ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​អ្នកឃ្លាំមើល​បញ្ហា​នយោបាយ​វាយតម្លៃ​ថា ការ​មក​ពេញ​ទស្សនកិច្ច​របស់​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៦ កុម្ភៈ កន្លង​ទៅ គឺ​ជា «ការ​ស្ទាបស្ទង់» ពី​ជំហរ​នយោបាយ​របស់​កម្ពុជា​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចាប់ផ្ដើម​កសាង​ពន្លក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ ដើម្បី​ឈាន​ដល់​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ភាព​អាប់អួ​នា​រយៈពេល​ជិត ១០ឆ្នាំ​មក​នេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី៥ ខែមីនា​ថា ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហាក់​ឆ្លុះ​បញ្ចាំង​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និង​ទំនង​បង្ហាញ​ថា អាមេរិក​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​កិច្ចការ​លើ​បញ្ហា​នយោបាយ​ការ​ទូត សេដ្ឋកិច្ច និង​ការ​ប្រឆាំង​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​នានា ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​ឱ្យ​កាន់​តែ​ជិតស្និទ្ធ​ឡើង​វិញ។ បន្ថែម​ពី​នេះ លោក​មើល​ឃើញ​ថា អ្វី​ដែល​អាមេរិក​អាច​ផ្ដោត​សំខាន់​នា​ពេល​នេះ គឺ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ក្នុង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ ស្រប​ពេល​កម្ពុជា​នៅតែ​រង​ការ​ចោទប្រកាន់​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​កំពង់ផែ​រាម។

លោក សេង វណ្ណលី៖«ទល់​តែ​អាមេរិក​មើល​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា មើល​អំពី​ការ​តាំងចិត្ត​របស់​កម្ពុជា​ខ្ពស់​ក្នុង​ការ​សហការ និង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​យោធា ឡើងវិញ​បាន​ទំនាក់ទំនង​ផ្សេងៗ​ដូចជា សង្គម សេដ្ឋកិច្ច និង​នយោបាយ អាច​នឹង​តាម​មក​ក្រោយ។ ប៉ុន្តែ​ទំនាក់ទំនង​យោធា​នេះ មាន​សារសំខាន់​ណាស់ ដោយសារ​តែ​អាមេរិក​ព្យាយាម​ទប់ស្កាត់ រាំង​ខ្ទប់​ឥទ្ធិពល​របស់​ចិន(China)។ រហូត​បច្ចុប្បន្ន​ទំនាក់ទំនង​កម្ពុជា និង​ចិន ក៏​ជិត​ដិត​ដែរ ក៏​ប៉ុន្តែ​អាមេរិក​ប្រហែល​មើល​ឃើញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​លោកសេរី អ៊ីចឹង​អាច​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ជជែក និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ជាមួយ ឬ​គ្រាន់បើ​ជាង​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន»។

រីឯ អ្នក​សិក្សា​សង្គម និង​នយោបាយ លោក ប៉ោ មករា ពិនិត្យ​ឃើញ​ថា ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មីៗ​ នេះ បង្ហាញ​ថា អាមេរិក​នៅតែ​មាន​កង្វល់​អំពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​ក្រោម​ជំនួយ​ចិន​នៅ​កម្ពុជា។ លោក​សង្កត់​ធ្ងន់​ថា ដើម្បី​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​ពី​អាមេរិក​កាន់​តែ​ច្រើន​នោះ រដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​តាម​ការ​ស្នើ​សុំ​របស់​អាមេរិក ពាក់ព័ន្ធ​ការ​ស្ដារ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ។

លោក ប៉ោ មករា៖«អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​បន្ត​ទៀត គឺ​ពាក់ព័ន្ធ​នឹង​កង្វល់​របស់​សហរដ្ឋអាមេរិក ទៅ​លើ​សមុទ្រ​រាម ពាក់ព័ន្ធ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ពាក់ព័ន្ធ​រឿង​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ភូមិសាស្ត្រ​នយោបាយ គេ​ហៅ​ថា គម្រោង(BRI)អ៊ីចឹង​បញ្ហា​ទាំងអស់​ហ្នឹង​ជា​បញ្ហា​សន្តិសុខ​តំបន់ អ៊ីចឹង​សហរដ្ឋអាមេរិក​ត្រូវតែ​ចាប់​ដៃគូ​ជាមួយ​កម្ពុជា ជា​បន្ត​ទៀត​បើ​ទោះ​បី​ជា​កម្ពុជា​មិន​មាន​ជា​ផលប្រយោជន៍​អី​ជា​ដុំកំភួន​សម្រាប់​សហរដ្ឋអាមេរិក​ក៏​ដោយ។ សហរដ្ឋអាមេរិក​ដែល​នៅ​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​ហ្នឹង គឺ​ចង់​បន្ថយ​ឥទ្ធិពល​ចិន ឥទ្ធិពល​យោធា សេដ្ឋកិច្ច ដែល​ចិន​កំពុង​តែ​ប្រើ​អំណាច​ស៊ក(Power)ទៅ​ដល់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ហ្នឹង»។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពី​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ការ​ជួញដូរ​មនុស្ស ព្រមទាំង​ការ​បង្កើត​លទ្ធភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​មាន​ភាព​សេរី ព្រមទាំង​បញ្ហា​សន្តិសុខ​តំបន់។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ​គូស​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណង​ប្រាថ្នា​របស់​គេ ក្នុង​ការ​ចង់​ឱ្យ​ប្រទេស​របស់​គេ​មាន​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​ក្នុង​នោះ​សំឡេង​ទាំង​អស់​ត្រូវ​បាន​គេ​ស្ដាប់ និង​គោរព ហើយ​អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវ​បាន​ការពារ។

លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម​អ៊ិក្ស (X) កាល​ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ​ថា សហរដ្ឋអាមេរិក​ទន្ទឹង​រង់ចាំ​ឱកាស ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​លើ​បញ្ហា​សន្តិសុខ​ដែល​កំពុង​ប្រឈមមុខ​ក្នុង​តំបន់។ ឧបការី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​រូប​នេះ ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​លោក ទៀ សីហា។

Daniel_J_Kritenbrink_meets_Tea_Seiha_022624_5.jpg
(រូប​ពី​ឆ្វេងទី៣) លោក ដេនញៀល គ្រីថិនប្រ៊ិង (Daniel J. Kritenbrink) ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជួប​លោក​ ទៀ សីហា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៤។ រូបពី​ហ្វេសប៊ុក​លោក ទៀ សីហា

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃ​ទី២៨ ខែកុម្ភៈ បង្ហាញ​ថា ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​ប្រាប់​លោក ទៀ សីហា ថា អាមេរិក នឹង​ខិតខំ​ប្រឹងប្រែង​រួមគ្នា ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។ ក្រៅ​ពី​នេះ អាមេរិក​នៅតែ​ខិតខំ​ជួយ​ដល់​កង​យោធពលខេមរភូមិន្ទ​តាមរយៈ​ការ​បណ្ដុះបណ្ដាល ធនធាន មនុស្ស​ជា​បន្ត​ទៀត ដោយ​រំពឹង​ថា កងទ័ព​កម្ពុជា និង​កងទ័ព​អាមេរិក នឹង​ធ្វើ​លំហាត់​រួមគ្នា​ក្នុង​ការ​ដោះ​មីន លំហាត់​ពហុ​សាសន៍ ក៏​ដូចជា​អនុញ្ញាត ឱ្យ​អាមេរិក​បន្ត​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ទសវត្ស​ឆ្នាំ៧០ បន្ត​ទៀត។ ការ​ឆ្លើយតប​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ប្រាប់​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​បង្កើត​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជាង ៦ខែ​មក​នេះ កម្ពុជា​បាន​បង្កើត​ចំណង​សាមគ្គីភាព មិត្តភាព​កាន់តែ​ខ្លាំង​ថែម​ទៀត​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង និង​លើ​សាកលលោក ហើយ​កម្ពុជា​ក៏​គ្មាន​បំណង​គំរាម​កំហែង​ប្រទេស​ណា​មួយ​ឡើយ។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ សន្ទរី ប្រាប់​វិទ្យុអាស៊ីសេរី​តាម​តេឡេក្រាម (Telegram) ថា ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក ភាគី​ទាំងពីរ​បាន​គូស​បញ្ជាក់​ពី​បំណង​លើកស្ទួយ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី។ លោក​ឱ្យ​ដឹង​ថា ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត លើ​វិស័យ​ដែល​ផ្ដល់​ប្រយោជន៍​ទៅ​វិញ​ទៅ​មក រួម​មាន វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន ព្រមទាំង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ជា​ដើម។ ប៉ុន្តែ លោក​មិន​បាន​បញ្ជាក់​អំពី ការ​ចាប់ផ្ដើម​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឡើងវិញ​បែប​ណា​នោះ​ទេ។

សហរដ្ឋអាមេរិក​តែងតែ​រម្លឹក​ដល់​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​ដឹកនាំ​ស្រប​តាម​ច្បាប់​ធម្មនុញ្ញ ដោយ​គោរព​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ និង​បើក​លំហ​នយោបាយ។អ្នកឃ្លាំមើល​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ដោយ​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ ក្នុង​ការ​ទទួល​បាន​ផល​ប្រយោជន៍​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា ខណៈ​អាមេរិក​គឺ​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ទំនិញ​នាំ​ចេញ​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។