គណនី​ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌​និង​ហ្វេសប៊ុក​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​ត្រូវ​បាន​សង្គ្រោះ​ពី Hacker

ដោយ មួង ណារ៉េត
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​យុត្តិធម៌។ Screenshot
ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​យុត្តិធម៌។ Screenshot
Screenshot

គណនី​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​យុត្តិធម៌ និង​ហ្វេសប៊ុក ផ្ទាល់​ខ្លួន​របស់​អ្នកនាំពាក្យ​ក្រសួង​នេះ ត្រូវ​បាន​សង្គ្រោះ​ពី Hacker វិញ​ហើយ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា បន្ទាប់​ពី​ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់គ្រង​អស់​រយៈពេល ១០​ថ្ងៃ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក ដែល​ទើប​យក​មក​គ្រប់គ្រង​វិញ​បាន​នោះ ដោយ​ជម្រាប​ជូន​សាធារណជន​ថា ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​យុត្តិធម៌ និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់គាត់​ផ្ទាល់ ត្រូវ​បាន​គ្រប់គ្រង​ទាំង​ស្រុង ដោយ​ក្រុម​ការងារ​របស់​ក្រសួង​យុត្តិធម៌​វិញ​ហើយ។ ប៉ុន្តែ​លោក គឹម សន្តិភាព មិន​បាន​បញ្ជាក់​ថា គណនី​ហ្វេសប៊ុក ទាំង​នេះ សង្គ្រោះ​យក​បាន​មក​វិញ​ដោយ​វិធី​ណា​នោះ​ទេ។

លោក គឹម សន្ដិភាព បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឲ្យ​ជួយ​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ដែល​លួច​ចូល​គ្រប់គ្រង​សារ​អេឡិចត្រូនិក (Email) របស់​លោក និង​គណនី​ហ្វេសប៊ុក របស់​លោក​ផ្ទាល់ ព្រមទាំង​ហ្វេសប៊ុក ក្រសួង​យុត្តិធម៌ ហើយ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ការ​ឃោសនា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ធ្លាប់​បាន​បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​ការ​ផ្សាយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​គណនី​ហ្វេសប៊ុក ក្រសួង​យុត្តិធម៌ ដែល​ត្រូវ​បាន​មន្ត្រី​ក្រសួង​នេះ​អះអាង​ថា ជន​អនាមិក លួច​ចូល​គ្រប់គ្រង​នោះ​ទេ។ លោក​ថា អ្នក​នយោបាយ​គួរ​កុំ​យក​ពេល​ទៅ​បង្កើត​ក្រុម​ដើម្បី​កាច់​គ្នា ឬ​បំបែក​បំបាក់​បក្ស​ដៃគូ​នយោបាយ គួរ​តែ​​ដោះស្រាយ ឫសគល់​នៃ​បញ្ហា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ ឬ ឫសគល់​នៃ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម។

លោក យឹម សុវណ្ណ បញ្ជាក់​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ដែល​មាន​អ្នក​គាំទ្រ​ជាង ៤​លាន​នាក់ និង​គណនី​ហ្វេសប៊ុក របស់​មន្ត្រី និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ទៀត សម្រាប់​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​ចាំបាច់​ទៅ​លួច​ប្រើ​ហ្វេសប៊ុក ក្រសួង​យុត្តិធម៌ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​បក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

ទោះ​បី​គណនី​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌ និង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក គឹម សន្តិភាព ត្រូវ​បាន​សង្គ្រោះ​មក​វិញ ក៏ដោយ ប៉ុន្តែ​អ៊ីមែល ផ្ទាល់​ខ្លួន​របស់​គាត់ មិន​ទាន់​អាច​សង្គ្រោះ​មក​វិញ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

​ឯកសារ​ដែល​បែក​ធ្លាយ​ចេញ​ពី​អ៊ីមែល​របស់​លោក គឹម សន្តិភាព បង្ហាញ​ពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​មន្ត្រី​រូប​នេះ ដោយ​គ្រាន់​តែ​ក្បាល​ខ្សែ​ក្រវាត់​មួយ មាន​ដាំ​ពេជ្រ មាន​តម្លៃ​ជាង ២​ម៉ឺន​ដុល្លារ (២២.៥០០​ដុល្លារ)។ ប៉ុន្តែ​លោក គឹម សន្តិភាព បដិសេធ​រាល់​ខ្លឹមសារ​ព័ត៌មាន​ដែល​បែក​ធ្លាយ​ចេញ​ពី​អ៊ីមែល​របស់​គាត់៖ «រាល់​ព័ត៌មាន​ដែល Hacker ដែល​អាច​យក​របស់​ខ្ញុំ ហើយ​គាត់ Hack បាន​ជំហរ​របស់​ខ្ញុំ​នៅ​ដដែល ដូចជា​លើក​មុន។ អ៊ីមែល​របស់​ខ្ញុំ​គាត់ Hack បាន ដូច្នេះ​ព័ត៌មាន​អ្វីៗ ក៏​គាត់​អាច​កែ​បាន​ដែរ។ នេះ​ជា​ជំហរ​របស់​ខ្ញុំ។ ខ្ញុំ​សូម​បដិសេធ​ព័ត៌មាន​ទាំង​អស់»

​តាម​ពាក្យ​បណ្ដឹង​របស់​លោក គឹម សន្តិភាព បាន​រៀបរាប់​ថា អ៊ីមែល​ផ្ទាល់​ខ្លួន​របស់​លោក ត្រូវ​បាន​ជនអនាមិក​លួច​ចូល​គ្រប់គ្រង តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧ នោះ​ដែរ។ លោក គឹម សន្តិភាព បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ​ថា រហូត​មក​ដល់​ពេល​នេះ អ៊ីមែល​របស់​លោក​មិន​ទាន់​អាច​យក​មក​គ្រប់គ្រង​ខ្លួន​ឯង​វិញ​បាន​នៅ​ឡើយ​ទេ។

​ព័ត៌មាន​ដែល​លោក គឹម សន្តិភាព បាន​បដិសេធ​ផង​ដែរ គឺ​ឯកសារ​ស្ដីពី​ការ​បង្កើត​ក្រុម​ហ្វេសប៊ុក​មួយ កាល​ពី​ឆ្នាំ​២០១៣ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។ ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន Cyber War Room (CWR) ដែល​បង្កើត​ឡើង​ដើម្បី​បង្កើន​សំឡេង​គាំទ្រ​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣ និង​ដើម្បី​បន្សាប​ព័ត៌មាន​របស់​បក្ស​ប្រឆាំង​តាម​ហ្វេសប៊ុក។

ក្រុម​វាយប្រហារ​តាម​បណ្តាញ​អ៊ីនធឺណិត​នេះ មាន​រាយ​នាម​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​លោក សុខ ពុទ្ធិវុធ កូនប្រសា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន លោក ឌិត ទីណា កូន​ប្រុស​លោក ឌិត មន្ទីរ ជា​អនុប្រធាន​លោក គឹម សន្ដិភាព កូនប្រសា​លោក ជាម យៀប ជា​អនុ​ប្រធាន លោក មាន ចាន់យ៉ាដា បច្ចុប្បន្ន​ជា​អភិបាល​រង​ក្រុង​ភ្នំពេញ ជា​អនុប្រធាន និង​មន្ត្រី​មាន​ងារ​ជា​ឯកឧត្តម​ជា​ច្រើន​នាក់​ទៀត ជា​អនុ​ប្រធាន​ដឹកនាំ​ក្រុម​បណ្ដាញ​ព័ត៌មាន​នេះ។ ឯកសារ​បន្ត​ថា តួនាទី និង​ភារកិច្ច​របស់​ក្រុម​នេះ​នៅ​លើ​ការងារ​ហ្វេសប៊ុក គឺ​បន្សាប​រាល់​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​បក្ស​ប្រឆាំង ហើយ​ធ្វើ​ប្រតិកម្ម​ជា​បន្ទាន់​តាម​ប្រភេទ​ព័ណ៌​ខ្មៅ ប្រផេះ និង​ស។

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក ហ៊ុន ម៉ាណែត បាន​ទេ ដោយ​លោក​មិន​តប​អ៊ីមែល​ដែល​អាស៊ីសេរី ផ្ញើ​ទៅ​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល