ពលរដ្ឋស្រីលង្កាបណ្តេញមេដឹកនាំរបស់ខ្លួនពីអំណាចដោយសារបុរសមានអំណាច ក្នុងតំណែងប្រធានាធិបតីស្រីលង្កា លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) គ្មានសមត្ថភាពដោះស្រាយវិបត្តិនេះបាន និងដោយសារអំពើពុករលួយ និងបក្សពួកនិយមរបស់ក្រុមមេដឹកនាំ។
ក្រុមបាតុករស្រីលង្កាបានសម្រុកចូលកាន់កាប់ភូមិគ្រឹះ និងអគារការិយាល័យរបស់ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសនេះ ដើម្បីទាមទារឱ្យពួកគេចុះចេញ ពីតំណែង ហើយភៀសខ្លួនចេញក្រៅប្រទេស។
នៅមុនការភៀសខ្លួននេះ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាបងប្អូនបង្កើតរបស់ប្រធានាធិបតីស្រីលង្កាក៏បានព្យាយាមរត់ភៀសខ្លួនចេញពីប្រទេសនេះមកកាន់សហរដ្ឋអាមេរិកតាមទីក្រុង ឌូបៃ (Dubai) នៃប្រទេសអារ៉ាបរួម (UAE) ។ ក៏ប៉ុន្តែ ដោយសារពលរដ្ឋស្រីលង្កាបានផ្ទុះកំហឹងខ្លាំងនឹងក្រុមគ្រួសារ និងសាច់ញាតិ ប្រធានាធិបតីស្រីលង្កា ក្រុមមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសនេះបាននាំគ្នា ឈប់ធ្វើការធ្វើឱ្យលោកមិនអាចចាកចេញពីប្រទេសបាន។
តើអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា មើលឃើញយ៉ាងដូចម្តេចខ្លះ ចំពោះវិបត្តិនៅស្រីលង្កានោះ ហើយតើមានមេរៀនអ្វីខ្លះដែលកម្ពុជាគួររៀន សូត្រពីវិបត្តិនយោបាយនេះ...?
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនមានការភ្ញាក់ផ្អើល ចំពោះពលរដ្ឋស្រីលង្កា ក្លាហានរួមគ្នាបណ្តេញមេដឹកនាំរបស់ខ្លួនចេញពីអំណាចបាន។
អ្នកខ្លះថា ឥឡូវនេះបុរសខ្លាំងដែលមានអំណាចបំផុតកំពុងតែខ្លាចប្រជាជនខ្លួនឯងហើយ ដោយសារវិបត្តិសេដ្ឋកិច្ច ហើយក្រុមមេដឹកនាំអសមត្ថភាពក្នុងការដោះស្រាយវិបត្តិនេះ ហើយថែមទាំងមានអំពើពុករលួយ និងបក្សពួកនិយមកើតមានក្នុងចង្កោមមេដឹកនាំនៃប្រទេសនេះទៀតផង។
ទាក់ទងនឹងសំណួរដែលសួរថា តើមេដឹកនាំកម្ពុជារៀនសូត្របានអ្វីខ្លះពីវិបត្តិនៅស្រីស្រីលង្កានោះ...?
ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ កើត ធី ( Keot Thy) បានបញ្ចេញទស្សនៈ ឬមតិ ទំនងជាឆ្លើយនឹងសំណួរនេះ និងហាក់ចង់ឌឺដងដោយភា្ជប់មកស្ថានភាពនៅកម្ពុជាថា៖ « បុរសខ្លាំងមិនរាថយ មានតែទៅមុខ ទោះមានមេរៀនស្អីក៏ដោយ អត់ខ្វល់ ..»។
ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ ផានណាប៉ាឌីដូ (Pannapadipo Bhikhu) បញ្ចេញទស្សនៈដែរថា៖ « ព្យាយាមរឹបអូសដីធ្លីផ្ទះសម្បែងរបស់រាស្ត្រទៅឱ្យនាយទុននិងបក្សពួក បណ្ដោយឱ្យមន្ត្រីក្រោមឪវាទដើរធ្វើបាបរាស្ត្រមិនឈប់ឈរ ព្រោះតែអំណាច និងលុយ ចុងក្រោយរត់ចោលស្រុករកផែនដីជ្រកគ្មាន ស្រីលង្កាអើយ ...!!»។
ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ទីន (Tin) បានសរសេរតបដែរថា៖ «ហ្នក ...!! ឃើញទេ ..? សូម្បីតែមហាមិត្តរបស់ចិនក៏មិនរត់ភៀសខ្លួនទៅចិនផង គឺរត់ទៅអាគាំង ដែលរបបមេដឹកនាំនេះធ្លាប់ស្អប់។ ចុះទំរាំពួកអាស្អប់អាគាំងជំពប់លើដូចនៅស្រុកខ្មែរ រឿងស្អីដែលពួកនេះរត់ទៅចិន ... ?»
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកមួយផ្សេងទៀតឈ្មោះ ជំនោរ សមុទ្រ គាត់ឆ្ងល់ទាក់ទងនឹងរឿងរ៉ាវនៅស្រីលង្កានោះថា៖ « ប្រទេសដែលជាស្រុកកំណើតព្រះ ព្រះក៏ជួយលែងបានដែរ ហេតុអីពលរដ្ឋលោកធ្វើដល់ថ្នាក់នេះ ដោយសារតែមេដឹកនាំពុករលួយលក់ជាតិ អាត្មានិយមបក្សពួកនិយម ដល់ពេលបាបកម្មតាមផ្ដន្ទាហើយវិញហើយ»។
រីឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សូរិយា វុត្រា បានចាប់អារម្មណ៍ជុំវិញរឿងនេះដែរថា៖ « ពួកអ្នកផ្ដាច់ការ កុំឃើញរាស្ត្រខ្មែរមិនមាត់ ថា ខ្មែរខ្លាចព្រោះប្រជាជនខ្មែរពូកែទ្រាំ តែបើទ្រាំលេងបានហើយ ពួកគាត់នឹងខ្លាំងជាងប្រជាជនស្រីលង្កានោះទៅទៀត ...»។
ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ បង វណ្ណា ( Bong Vanna) បញ្ចេញមតិយ៉ាងខ្លីថា៖ «កម្ពុជាអាចនឹងមានថ្ងៃហ្នឹង បើមេដឹកនាំដូចសព្វថ្ងៃនេះ»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ គេក ចន្ទ្រី (Kek Chantry) បានសរសេរថា៖ «មេដឹកនាំពឹងកម្ចីបរទេស និងពុករលួយ មើលគំរូទៅ នេះហើយមេដឹកនាំអសមត្ថភាព គ្មានចំណេះដឹង គ្មាននរណាចេះដូចអញ មានតែក្រុមគ្រួសារ និងបក្សពួកអញទេទើបចេះ ចុងបញ្ចប់លទ្ធផលទទួលបានល្អមែន។ ឯណាអំណាចអញ ឯណាភូមិគ្រឹះអញ ឯណាប្រពន្ធកូនអញ ឯណាក្រុមគ្រួសារអញ ឯណាបក្សពួកអញ ស្អីក៏អញ ចុងបញ្ចប់អស់រលីង។ ពាក្យចាស់បានពោលថា " ចេះឯងឲ្យក្រែងចេះគេ " និង " មានមិនដែល៣ត ក្រ មិនដែល៣ជាន់ " ។ ចាំឲ្យច្បាស់ មេដឹកនាំទាំងឡាយអើយ ល្មមភ្ញាក់ខ្លួនហើយ ...!!»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ ជាង ខន បានដាក់ជាសំណួរជុំវិញរឿងនេះថា៖ «តើចុងក្រោយនៅសល់អ្វីខ្លះក្រៅពីកេរ្តិ៍ឈ្មោះស្អុយរលួយក្នុងប្រវត្តិសាស្ត្រ ..? សង្ឃឹមថាជនផ្ដាច់ការនៅលើលោកទាំងអស់ នឹងភ្ញាក់ខ្លួនក្រោយឃើញមេដឹកនាំនៅស្រីលង្កា»។
ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ ស៊ាង អាន (Seang An) យល់ឃើញថា៖ « មេផ្តាច់គេយល់ច្រឡំថា ប្រជាជនខ្លាចស្លាប់ ទីបំផុត តែគេដល់ក គេលែងខ្លាចហើយ បើរស់ពិបាកជាងងាប់នោះ កុំអាងកំលាំងបង្ក្រាបឱ្យសោះ តែគេដល់កកងកម្លាំងនឹងឯងជាអ្នកកម្ទេចមេដឹកនាំផ្ដាច់ការ ...»។
ទំនងជាឆ្លើយតបជុំវិញរឿងនេះ ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ កាដុង ជី បានលើកជាមតិ ហាក់ឌឺដងឲ្យមេដឹកនាំខ្មែរដែរថា៖ «ខុសគ្នារវាងស្រីលង្កា និងកម្ពុជា ..!! កម្ពុជាមានសន្តិភាព មានអ្នកដឹកនាំឆ្លាតៗ មានកម្លាំងដូចកីឡាកាស ...»។
ទាក់ទងនឹងរឿងនេះដែរ ម្ចាស់គណនីហ្វេសប៊ុកមួយទៀតឈ្មោះ ខានបើរាណ (Kheng Canberran) បានសរសេរផ្តល់ជាយោបល់ថា៖ «មេរៀនមួយនេះ សម្រាប់យើងទាំងអស់គ្នា គឺ យើងត្រូវធ្វើការរួមគ្នា ស្របគ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា និងប្រទេសជាតិ ..»។
ចុងក្រោយនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដាលី ជុំ (Daly Chhom) ក៏បានបញ្ចេញយោបល់ស្រដៀងគ្នានេះដែរ។ គាត់បានសរសេរថា៖ « កម្ពុជា ត្រូវតែឯករាជ្យ និងអព្យាក្រឹត្យ រាប់អានបរទេសជាមិត្តទាំងអស់ ដោយយកច្បាប់ជាតិ និងច្បាប់អន្តរជាតិគោល»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។