លោក កឹម សុខា ជួប​ពលរដ្ឋ​ជា​សាធារណៈ​​លើកដំបូង​ក្រោយ​ប្រកាស​ចែក​ផ្លូវ​ពី​លោក សម រង្ស៊ី

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា បាន​ចេញ​មុខ​ជួប​ប្រជាពលរដ្ឋ​ជា​សាធារណៈ​នៅ​ខេត្ត​សៀមរាប ជា​លើក​ដំបូង កាល​ពី​ថ្ងៃទី​១៨ មិថុនា ក្រោយ​មាន​ការ​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។

អ្នកគាំទ្រ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ទាំងពីរ​នាក់​នេះ បាន​ចាប់ផ្តើម​ប្រើប្រាស់​បណ្ដាញ​សង្គម​វាយ​ប្រហារ​គ្នា ក្រោយ​ការ​បែកធ្លាយ​អំពី​ការ​បែកបាក់​គ្នា រវាង​លោក លោក កឹម សុខា និង លោក សម រង្ស៊ី។

​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​មួយចំនួន​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​បែកបាក់​គ្នា​រវាង លោក កឹម សុខា និង លោក សម រង្ស៊ី ដោយ​អ្នកខ្លះ​គាំទ្រ ចំណែក​អ្នក​ខ្លះទៀត​មិន​គាំទ្រ​ឡើយ។

​ទន្ទឹម​គ្នា​នេះ ពួកគេ​បាន​សរសេរ​សារ ស្តី​បន្ទោស ឌឺដង បន្តុះបង្អាប់ ទៅ​លើ​មេដឹកនាំ​ទាំងពីរ​រៀងៗ​ខ្លួន។

ម្ចាស់​គណនី ឈ្មោះ នូ សុទ្ធា (Nou Sothea) បាន​សរសេរ​ខមមិន (Comment)​ជុំវិញ​រឿង​នេះ​ថា​៖

«លោក សម រង្ស៊ី នៅតែ​ទទួលស្គាល់​លោក កឹម សុខា ដដែល​ក្នុងនាម​ដៃគូ ព្រោះ​លោក​កឹម សុខា ពុំ​ទាន់​មាន​សេរីភាព​នៅឡើយ​…»។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ នូ សុទ្ធា ដដែល ក៏​បាន​ខមមិន​ឌឺដង​ជុំវិញ​រឿង លោក កឹម សុខា ប្រកាស​ចែកផ្លូវ​ជាមួយ​លោក សម រង្ស៊ី ដែរ​ថា​៖ «បង​ដឹង​ថា​អូន​ក្បត់​បង​យូរហើយ តែ​អូន​មិន​ព្រម​ចុះ​ចេញ ប៉ុណ្ណឹង​ហើយ​អូន​នៅ​បបួល​ចោរ​មក​ប្លន់​ទ្រព្យសម្បត្តិ​កូនៗ រួច​ដុត​កំទេច​ផ្ទះ​ចោល​ទៀត អូន​ឯង​នេះ​ចង្រៃ​យូរ​ណាស់​ហើយ​…»។

ដោយឡែក ម្ចាស់​គណនី​​ហ្វេសប៊ុក ឈ្មោះ អ៊ុំ សុផល​(Um Sophal): បាន​ខមមិន​ឆ្លើយតប​បែប​ឌឺដង​ទៅវិញ​ដែរ​ថា​៖ «​បាញ់​ម្ល៉េះ​គុណ​ម្ចាស់​ ..!! អូន​ឈឺចាប់​ណាស់ អូន​មិន​ចង់​ក្បត់​បង​ទេ តែ​អូន​ចង់បាន​នូវ​អ្វី​ដែល​អូន​ចង់បាន ៥៧០ វិឡា និង​សិទ្ធិ​សេរីភាព តែ​ពេល​នេះ​ទើប​អូន​ដឹង​ថា អ្នកគាំទ្រ​មិន​តាម​អូន​ទេ គឺ​នៅតែ​គាំទ្រ​បង​ដដែល អូន​មើល​ខុស​ហើយ ពេល​នេះ​ទើប​អូន​ដឹង រឿង​ភាគ​អត់​ស្តេច​សូម​ចប់​ត្រឹមនេះ ឯវំ…»។

​ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ឆាំ ចាន់នី (Chham Chhany) វិញ​ក៏​បាន​សរសេរ ខមមិន​ឌឺដង​ស្រដៀង​គ្នា​នេះ​ដែរ​ថា ៖ «​បើ​ការ​ចាកចេញ​របស់​អូន អូន​ទទួល​បាន​នូវ​គ្រប់​អ្វីៗ​ដូច​ស្រី​ប្រាថ្នា សូម​អូន​ទៅ​ចុះ តែបើ​គេ​សាវ៉ា សូម​កន្និដ្ឋា ប្រាប់​មក​បង រៀម​នៅតែ​ផ្សង​ជូត​ទឹកភ្នែក​ឲ្យ​អូន​ដូចដើម​…»។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ មៅ់ កោសល្យ ក៏​ចូលរួម​មតិ​ដែរ​ថា​៖ «អ៊ីចឹង​បាន​ថា គិត​យូរៗ​ទៅ អ្នក​នយោបាយ បោក​តែ​អ្នកគាំទ្រ​ខ្លួនឯង​ ..!! ចុងក្រោយ​បាន​ច្បាស់​ដូច​ថ្ងៃ​… !!»។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ផល្លា រួន ខម​មិន​តម​ថា​៖ «បើ​មិនដឹង​រឿងហេតុ​ពិតប្រាកដ និង​ច្បាស់​ទេ កុំ​ស្ដាប់​តែ​ម្ខាង​អី​ ..»។

ម្ចាស់​គណនី​យ​ហ្វេសប៊ុក​រូប​នេះ​បន្ត​ថា​៖ ចង់​ស្គាល់​មនុស្ស​ម្នាក់​នោះ​ច្បាស់​ពិតប្រាកដ​ទៅ​នៅ​ជាមួយ​ទៅ បើ​អស់​តម្លៃ​ឱ្យ​គេ​ប្រើប្រាស់​ពេលណា គឺ​គ្រាន់តែ​គល់ឈើ​មួយ​ដុំ​រាំងផ្លូវ​គេ​ប៉ុណ្ណោះ។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ស្នាមញញឹម សាជាថ្មី ខមមិន​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ថា​៖ «​អត់​មាន​អី​ចម្លែក​ទេ ថ្ងៃ​នេះ​បែក ថ្ងៃស្អែក​ជួប កុំ​វិភាគ​ច្រើន​ពេក​មាន​អ្វី​ធ្វើជា​ប្រយោជន៍​ក៏​នាំគ្នា​ធ្វើ​ទៅ…»។

​ដោយឡែក ម្ចាស់​គណនី​​ហ្វេសប៊ុក ឈ្មោះ វ៉ាន់ឌី វ៉ាន់ដាហ្គា យល់​ឃើញ​ចំពោះ​ការ​បែក​បាក់​អ្នក​នយោបាយ​ប្រឆាំង​នេះ​ដែរ​ថា​៖ «បើ​លោក​សម រង្ស៊ី ឆ្លើយ​ថា​បែក​ដូច កឹម សុខា​និយាយ​ដែរ​ទៅ ប្រហែល​លោក កឹម សុខា ឆាប់​បាន​មក​ធ្វើ​នយោបាយ​វិញ​ ..!! បើ​មានឱកាស​ធ្វើ​នយោបាយ​វិញ លោក កឹម សុខា គួរតែ​ប្រកាស​ចូល​ជាមួយ​ភ្លើង​ទាន​ទៅ ដើម្បី​ជា​និមិត្តរូប សម រង្ស៊ី​ +​ កឹម សុខា តែមួយ»។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ យល់ឃើញ​ទៀត​ថា​៖ «តាម​ការយល់ឃើញ​រប​ស់​គាត់ លោក កឹម សុខា ប្រកាស​បែក​ពេល​នេះ គឺ​ត្រឹមត្រូវ រួច​ហើយ​ប្រកាស​គាំទ្រ​ភ្លើង​ទាន ដើម្បី​ជា​និមិត្តរូប សម រង្ស៊ី​+​កឹម សុខា ជា​មនុស្ស​តែមួយ​!! លោក​បន្ត​ថា​៖ «​លោក​និយាយ​បែបនេះ ព្រោះ​លោក មិន​ចង់​បាត់បង់​អ្នក​ទាំង​ពីរ ឬ​នរណា​ម្នាក់​ឡើយ​។ បើ​លោក សម រង្ស៊ី​នៅតែ​ជា​និមិត្តរូប នោះ​ប្រសើរ​ជាង​បាត់បង់​ទទេៗ​មិន​អាច​វិលត្រឡប់​វិញ​បាន។

រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ដាវីន (Davin Bdr) បាន​ខម​មិន​ដោយ​ដាក់​ជា​សំណួរ​ថា​៖ តើ​អាច​ទេ ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ នឹង​ផ្ដួល​គណបក្ស​កាន់អំណាច​បា​ន​ឬទេ​? ឬ​នយោបាយ​លោក សម រង្សី ក៏​ដូច លោក កឹម សុខា ដែល​ជា​នយោបាយ​នោះ បាន​ត្រឹមតែ​កំដរ​អំណាច លោក ហ៊ុន សែន​…?

តែ​ទោះ​យ៉ាង​ណាក្តី ការប្រកាស​បែក​គ្នា​នេះ គឺ​ចេញ​តែ​ពី​ខាង​ក្រុម​លោក កឹម សុខា ប៉ុណ្ណោះ ចំណែក លោក សម រង្ស៊ី វិញ នៅតែ​អះអាង​ថា លោក កឹម សុខា នៅតែ​ប្រកាន់​ជំហរ និង​គោលដៅ ដូចដើម​ដដែល គឺ សម រង្ស៊ី និង កឹម សុខា នៅតែ​ជា​និម្មិត​រូប​នៃ​ការ​រួបរួម​នៃ​អ្នក​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន។

លោក សម រង្ស៊ី អះអាង​ថា ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ក្នុង​អង្គ​សវនាការ កាល​ពី​ថ្ងៃទី១៥ មិថុនា អំពី​ការ​បែកបាក់​នោះ អាច​មក​ពី​គំនាប​នយោបាយ​របស់​បក្ស​កាន់អំណាច។

យ៉ាងណា​ក៏​ដោយ​ចុះ ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ក្តី​ក្តាំ​នៅ​តុលាការ​នៅ​ឡើយ​នោះ បាន​ចេញ​មុខ​ចុះ​ជួប​ប្រជាពលរដ្ឋ ជា​សាធារណៈ ជា​លើកដំបូង នៅ​ឯ​ខេត្ត សៀមរាប កាលពី​ថ្ងៃទី​១៨ មិថុនា ក្រោយ​មាន​ការ​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​រឿង​ក្តី​របស់​លោក មិន​ទាន់​មាន​ការ​វិវឌ្ឍ​​ទៅ​រក​ភាព​វិជ្ជមាន​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។