អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ចំអក​ឲ្យ​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន រឿង​ប្រកាស​សង្គ្រាម​ជាមួយ​អាមេរិក

0:00 / 0:00

អ្នកប្រើប្រាស់បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​សរសេរ​ចំអក​ទៅ​ប្រធាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ដែល​បាន​ប្រកាស​សង្គ្រាម​នឹង​សហរដ្ឋ​អាមេរិក។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ប្រដូច​កម្លាំង​យោធា​កម្ពុជា​ទៅ​នឹង​ទារក ចំណែក​កម្លាំង​យោធា​អាមេរិក ប្រៀប​ដូច​មនុស្ស​ពេញ​វ័យ និង​ពេញ​កំលាំង។ ពួក​គេ​ស្នើសុំ​កុំ​ឲ្យ​មេទ័ព​កម្ពុជា ទៅ​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​មហា​អំណាច ប្រយ័ត្ន​ប្រទេស​ជាតិ​ត្រូវ​អន្តរាយ​ដូច​ប្រទេស​ស៊ីរី (Syria) និង​អ៊ីរ៉ាក់ (Iraq)

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន រំឭក​មេ​ទ័ព​នៃ​របប​លោក ហ៊ុន សែន ថា កុំ​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចុះ​នរក​ម្តង​ទៀត ព្រោះ​ការ​ប្រកាស​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​បែប​នេះ មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​​អ្វី​បន្តិច​សោះ​ឡើយ។

អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ មនុស្ស ផ្កា បាន​រសរសេរ​បែប​ផ្លែផ្កា​ថា សង្គ្រាម​លើក​នេះ​សាហាវ​គួរ​ឲ្យ​ខ្លាច និង​រន្ធត់​ខ្លាំង​ណាស់ មាន​ទាំង​ផ្កាយ មាន​ទាំង​តារា អាមេរិក​លើក​ទង់​ស​ចាញ់​ឲ្យ​ហើយ​ទៅ។

ចំណែក​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​បង្ហោះ​វីដេអូ បាន​និយាយ​ទាំង​អស់​សំណើច​ថា សម្ដី​របស់​លោក ហ៊ីង ប៊ុនហៀង គឺ​ប្រៀប​ដូច​យក​ពង​មាន់​ទៅ​ជល់​នឹង​ថ្ម។ បុរស​រូប​នេះ​បន្ត​ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ប្រឆាំង​ដាច់​ខាត​នូវ​ទង្វើ​ទាំង​ឡាយ ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​នរក "លោក​កុំ​នាំ​ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​ច្បាំង​នឹង​សហរដ្ឋ​អាមេរិក បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មិន​គាំទ្រ ដែល​ឲ្យ​លោក​យក​ប្រទេស​កម្ពុជា​ធ្វើ​ឈ្នាន់​ការពារ​ទ្រព្យ​សម្បិត្តិ និង​អំណាច​របស់​លោក​ទេ"

ក្នុង​ចំណោម​អ្នក​រិះគន់​ទាំង​នោះ ក៏​មាន​អ្នក​សិក្សា​ការ​អភិវឌ្ឈ​សង្គម លោក បណ្ឌិត មាស នី ដែល​លោក​បណ្ឌិត លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា "នៅ​តែ​ដដែល ដូច​កាល​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០ អ៊ីចឹង​ហ្ន ! ចុះ​ដល់​ពេល​វាយ​ជា​មួយ​អាមេរិក​គេ​ធ្វើ​ម៉េច​វិញ ?"

ប្រតិកម្ម​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​បែប​នេះ គឹ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​ដែល​មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បាន​ផ្តល់​សម្ភាសន៍​ដល់​ទូរទស្សន៍​​ ក្នុង​ស្រុក​ថា លោក​ត្រៀម​បាន​កម្លាំង​វាយ​អាមេរិក "ទស្សនៈ​របស់​ខ្ញុំ​ចង់​រាប់អាន​ជាមួយ​អាមេរិក​ណាស់ ប៉ុន្តែ​ក៏​ត្រៀម​វាយ​អាមេរិក បើ​អាមេរិក​ធ្វើ​ទាំង​ងងើល​ខុស​ច្បាប់ ត្រូវ​ត្រៀម​កំលាំង​វាយ​គាត់​ដែរ"

លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​សហរដ្ឋ​អាមេរិក ដាក់​​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​ខ្មៅ ដោយ​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក ដោយសារ​តែ​ការ​ចូល​ដៃ​​​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អាស៊ីសេរី​មិន​អាច​មាន​ធ្យោបាយ​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ីង ប៊ុនហៀង បាន​ទេ ជុំវិញ​ការ​ថ្លែង​របស់​លោក​បែប​នេះ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ក៏​មិន​អាច​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា។

ដោយឡែក​អ្នក​នាំ​ពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​និយាយ​អស់​សំណើច​ថា លោក​មិន​ជឿ​ថា លោក ហ៊ីង ប៊ុនហៀង ចង់​វាយ​ជាមួយ​អាមេរិក​ឡើយ "ទៅ​វាយ​ជាមួយ​អាមេរិក​ម៉េច ? ហិហិ ខ្ញុំ​អត់​មាន​យោបល់់​អី​ទេ"

ទាក់ទងករណីនេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ លោក អារ៉ិន ស្វាត់ជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ី​សេរី​តាម​អេឡិចត្រូនិច ឬ​អ៊ីមែល​ថា លោក​គ្មាន​អ្វី​ត្រូវ​ថ្លែង​តប​នឹង​ការ​ព្រមាន​របស់​លោក ហ៊ីង ប៊ុនហៀង ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។