ក្រុមគ្រួសារ និងអ្នកជំនាញច្បាប់លើកឡើងថា តុលាការក្រុងភ្នំពេញ កាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣៩នាក់ពីបទ''រួមគំនិតក្បត់'' ចំនួន២លើកពាក់ព័ន្ធនឹងអង្គហេតុតែមួយ គឺជារឿងមិនត្រឹមត្រូវតាមផ្លូវច្បាប់ និងកាន់តែបង្ហាញថា សំណុំរឿងនេះ មានចរិតនយោបាយ។ ការលើកឡើងរបស់ពួកគាត់នេះ ដោយសារតែតុលាការ ទើបបានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងទ្រង់ទ្រាយធំម្តងហើយឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ក្នុង សំណុំរឿង ''រួមគំនិតក្បត់'' ប៉ុន្តែតុលាការ បែរជាបន្តកាត់ទោសទ្រង់ទ្រាយធំម្តងទៀតក្រោមបទចោទប្រកាន់ដដែលនិងត្រៀមប្រកាសសាលក្រមនៅសប្តាហ៍ក្រោយនេះ។
បើមិនមានអ្វីប្រែប្រួលទេ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ខាងមុខ នឹងប្រកាសសាលក្រមក្នុងសំណុំរឿង ''រួមគំនិតក្បត់'' ថ្មីស្រឡាងមួយទៀតលើថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៣៩រូបរួមមាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ម៉ែន សុថាវរិន្ទ ព្រមទាំងមន្ត្រីនិងសកម្មជនមួយចំនួនទៀតដែលភាគច្រើនកំពុងភៀសខ្លួននៅក្រៅប្រទេស។ ក្រៅពីនេះ មានសកម្មជន៣នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស គឺលោក គង់ ម៉ាស់ លោក ខាន់ ប៊ុនផេង និងលោក វឿង សំណាង។
ប្រពន្ធរបស់លោក គង់ ម៉ាស់ គឺលោកស្រី កុល សាត រៀបរាប់ថា ការចាប់ឃុំខ្លួនប្តីលោកស្រីលើកទី២ រយៈពេល២ឆ្នាំមកនេះ គឺជារឿងឈឺចាប់និងអយុត្តិធម៌បំផុត។ លោកស្រី បញ្ជាក់ថា សវនាការ៨លើកកន្លងមក តុលាការ គ្មានភស្តុតាងរឹងមាំណាមួយដែលបង្ហាញទោសកំហុសប្តីលោកស្រីឡើយ។ តុលាការគ្រាន់តែសំអាងលើសារសំឡេងខ្លីមួយតាមបណ្ដាញតេឡេក្រាម (Telegram) ដែលលោក គង់ ម៉ាស់ បបួលមិត្តភក្តិផឹកកាហ្វេនៅមុខតុលាការក្រុងភ្នំពេញ ដើម្បីតាមដានសវនាការទ្រង់ទ្រាយធំរបស់ថ្នាក់ដឹកនាំ និងសកម្មជនសង្គ្រោះជាតិ កាលពីខែធ្នូ ឆ្នាំ២០២០។ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងរូបនេះយល់ថា រដ្ឋាភិបាល ខ្លាចស្រមោលខ្លួនឯង ដូច្នេះ ចេះតែបំបិទសិទ្ធិនិងចាប់ខ្លួនអ្នកមាននិន្នាការផ្ទុយ។ លោកស្រី កុល សាត សង្ឃឹមថា ប្រសិនបើតុលាការប្រកាន់ជំហរឯករាជ្យ និងវិជ្ជាជីវៈត្រឹមត្រូវ នឹងហ៊ានប្រគល់សេរីភាពជូនប្តីលោកស្រី និងសកម្មជនផ្សេងទៀតក្នុងថ្ងៃប្រកាសសាលក្រមនៅថ្ងៃទី២២ ខែធ្នូ៖
«គ្រាន់តែប្រជាពលរដ្ឋម្នាក់ បាតដៃទទេសោះ អត់មានអាវុធក្នុងដៃសោះចឹង ខ្លាចពួកគាត់ ហើយចាប់ពួកគាត់ដាក់គុកទាំងគ្មាន ភស្តុតាង ក៏ដូចជាឯកសារយកមកបញ្ជាក់ឲ្យច្បាស់ៗលាស់។ សម្រាប់ខ្ញុំជាក្រុមគ្រួសារ គឺខ្ញុំគិតថា វាអយុត្តិធម៌»។
សំណុំរឿងរួមគំនិតក្បត់ថ្មីនេះ ផ្តើមចេញពីគម្រោងវិលចូលស្រុករបស់អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ កាលពីដើមខែមករា ឆ្នាំ២០២១ ដើម្បីចូលរួមតតាំងក្តីក្នុងសវនាការទ្រង់ទ្រាយធំ ដែលតុលាការចោទពីបទ ''ឧបឃាត'' និងពីបទ ''រួមគំនិតក្បត់'' ជាដើម ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។ដោយសារការប្រកាសវិលចូលស្រុក ដើម្បីតតាំងក្តីនេះ តុលាការដែលរងការរិះគន់ថា ជាឧបករណ៍របស់លោក ហ៊ុន សែន នោះ ក៏ផ្តើមចោទប្រកាន់ក្រុមថ្នាក់ដឹកនាំនិងសកម្មជនគណបក្សសង្គ្រោះជាតិ ពីបទរួមគំនិតក្បត់បន្ថែមមួយទៀត។ រីឯ លោក គង់ ម៉ាស់ និងលោក ខាន់ ប៊ុនផេង វិញ ពួកគាត់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពោលគឺ នៅមុនប៉ុន្មានថ្ងៃនៃការប៉ុនប៉ងវិលចូលស្រុកមិនបានជោគជ័យរបស់អ្នកស្រី មូរ សុខហួរ ហើយតុលាការ បានភ្ជាប់ការចោទប្រកាន់ពីបទរួមគំនិតក្បត់ដូចគ្នាតែម្តង។ ចំពោះសំណុំរឿងរួមគំនិតក្បត់លើកទី១ គឺតុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសរួចហើយឲ្យលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ព្រមទាំងក្រុមថ្នាក់ដឹកនាំនិងសកម្មជនរាប់សិបនាក់ទៀតជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។
មេធាវីការពារក្តីឲ្យសកម្មជនបក្សប្រឆាំង គឺលោក ឡោ ជុនធី ថ្លែងថា ការចោទប្រកាន់កូនក្តីរបស់លោក គឺមិនសមហេតុផល។ លោកសន្និដ្ឋានថា ផ្អែកតាមច្បាប់និងអង្គហេតុ គឺតុលាការ គួរតែលើកលែងការចោទប្រកាន់ដល់កូនក្តីរបស់លោក៖
«តាមអ្វីដែលយើងសន្និដ្ឋាន យើងបានសន្និដ្ឋានហើយថា ពាក់ព័ន្ធនឹងអង្គហេតុមួយចំនួនដែលមានការចោទប្រកាន់ គឺយើងយល់ឃើញថា វាមិនសមហេតុសមផលក្នុងអ្វីដែលបានចោទប្រកាន់នោះ បានជាយើងសុំឲ្យកូនក្តីរបស់យើងបានរួចផុតពីបទចោទ»។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ដោយឡែកប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន វិញ លោកមានប្រសាសន៍ថា ជារឿងមិនត្រឹមត្រូវ និងគ្មានភាពចាំបាច់នោះទេ ដែលតុលាការ ត្រូវចំណាយពេលកាត់ទោសជនណាម្នាក់ម្តងហើយម្តងទៀត ក្នុងបទចោទប្រកាន់ដដែលៗលើអង្គហេតុដែលមានភាពពាក់ព័ន្ធគ្នា។ លោកបន្តថា កម្ពុជាជាប្រទេសដែលមានប្រកាន់នីតិរដ្ឋនិងគោលការណ៍ប្រជាធិបតេយ្យ ដូច្នេះតុលាការ មិនគួរចោទប្រកាន់ពលរដ្ឋ និងសកម្មជននយោបាយពីបទរួមគំនិតក្បត់នោះទេ ព្រោះពួកគាត់ គ្មានអាវុធក្នុងដៃ និងគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិប៉ុណ្ណោះ។
ស្រដៀងគ្នានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អ៊ំ សំអាត លើកឡើងថា ផ្អែកតាមច្បាប់ សម្រាប់អ្នកដែលជាប់ចោទពីបទរួមគំនិតក្បត់ និងត្រូវបានតុលាការ កាត់ទោសរួចរាល់ហើយនោះ មិនគួរមានការចោទនិងការកាត់ទោសឡើងវិញនោះទេ ព្រោះជាបទល្មើសដដែលៗ។ ទោះជាយ៉ាងណា លោកមើលឃើញថា ករណីទាំងនេះ គឺជារឿងនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់ ដែលទាមទារឲ្យអ្នកនយោបាយទាំងពីរបក្ស ត្រូវចរចាដោះស្រាយវិបត្តិនយោបាយឡើងវិញ។ លោកបន្តថា ប្រសិនបើគ្មានការចរចាបញ្ចប់វិបត្តិនយោបាយទេ សកម្មជននយោបាយបក្សប្រឆាំង នឹងបន្តរងគ្រោះ ហើយរដ្ឋាភិបាលនឹងបន្តរងការរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសកម្ពុជា នឹងកាន់តែបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ពីសហភាពអឺរ៉ុបនិងអាមេរិក៖
«ទាំងសហភាពអឺរ៉ុបទាំងសហរដ្ឋអាមេរិក បានស្នើសុំឲ្យមានលំហសេរីភាពទាំង៤ឡើងវិញរួមមាន សេរីភាពនយោបាយ សេរីភាពសារព័ត៌មាន សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងសេរីភាពសមាគម អង្គការសង្គមស៊ីវិល និងសហជីព។ ដូច្នេះវានៅក្នុងហ្នឹងហើយដែលគេមើលឃើញថា ការចោទប្រកាន់ ការចាប់ទៅលើអតីតសកម្មជនគណបក្សប្រឆាំង ឬគណបក្ស វាធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ជាពិសេសធ្វើឲ្យមានបរិយាកាសមិនល្អសម្រាប់ឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២៣។ ចំណុចនេះ ហើយដែលអ្នកនយោបាយទាំងអស់ ត្រូវតែគិតគូរពិចារណាឡើងវិញ»។
ពាក់ព័ន្ធនឹងការកាត់ទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងហ្វូងនេះ ក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ ព្រមទាំងក្រុមប្រទេស ប្រជាធិបតេយ្យធំៗ ថ្កោលទោសថា ការកាត់ទោសនេះ ជារឿងអយុត្តិធម៌ ដែលគ្មានភស្តុតាងច្បាស់លាស់ ត្រឹមត្រូវ និងជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យក្នុងគោលបំណងប្រឆាំងគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច។ ទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះ ត្រូវបានសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនិងពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។