គ្រួសារលោក កង សារ៉ន ដែលកំពុងជាប់ពន្ធនាគារដោយសាររឿងរិះគន់គណបក្សកាន់អំណាចអសមត្ថភាពទប់ស្កាត់លំហូរពលរដ្ឋវៀតណាមនៅកម្ពុជារំពឹងថា សាលាឧទ្ធរណ៍បាត់ដំបងនឹងផ្តល់យុត្តិធម៌ ហើយដោះលែងលោកឱ្យមានសេរីភាពឡើងវិញ។ ការរំពឹងនេះ ធ្វើឡើងនៅមុនពេលសាលាឧទ្ធរណ៍គ្រោងប្រកាសសាលដីកាលើបណ្ដឹងជំទាស់របស់លោក កង សារ៉ន នៅថ្ងៃទី១៥ ខែកុម្ភៈ។
ប្រពន្ធរបស់លោក កង សារ៉ន គឺលោកស្រី ហង្ស ត្រឹប ប្រាប់អាស៊ីសេរី នៅថ្ងៃទី១២ ខែកុម្ភៈថា ប្ដីលោកស្រីនៅតែរក្សាស្មារតី និងឆន្ទៈរឹងមាំដដែលក្នុងការស្វែងរកយុត្តិធម៌ ហើយគាត់សុខចិត្តស៊ូទ្រាំលំបាកនៅក្នុងពន្ធនាគារ ស្របពេលស្ថានភាពគ្រួសារក្រីក្រ និងជំពាក់បំណុលធនាគារ។ លោកស្រីឱ្យដឹងថានៅក្នុងសវនាការកាលពីពេលថ្មីៗ នេះ ប្តីលោកស្រីគឺលោក កង សារ៉ន បានបញ្ជាក់នៅមុខតុលាការរួចហើយថាគាត់ជាមនុស្សស្អាតស្អំ ដោយពុំបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់សាលាដំបូងខេត្តបន្ទាយមានជ័យឡើយ។
លោកស្រី ហង្ស ត្រឹប៖ «ប្ដីរបស់ខ្ញុំមិនខុសទេ!គាត់មិនបានដឹកនាំបះបោរបងប្អូនណាទេ។ ប្ដីរបស់ខ្ញុំស្រឡាញ់ជាតិណាស់ ស្រឡាញ់ទឹកដីខ្មែរណាស់ គាត់និយាយតែរឿងត្រឹមត្រូវ មិនបំភ្លៃ មិនចេះវោហារអីទេ។ ខ្ញុំឈឺចាប់ណាស់បងអើយមិនដឹងធ្វើមិច ពេលថ្ងៃអ៊ីចឹងនឹកឃើញសព្វមុខដល់ពេលយប់ទៅស្ងាត់ឈឹង ខ្ញុំឈឺចាប់ណាស់គ្រាន់តែប្ដីរបស់ខ្ញុំនិយាយតែរឿងប៉ុណ្ណោះគេចាប់ប្ដីរបស់ខ្ញុំដាក់ពន្ធនាគារ អយុត្តិធម៌ ខ្ញុំមិនដឹងស្រែកយំឱ្យអ្នកណាជួយក៏គេមិនឮដែរ»។
សំណើរបស់គ្រួសារនេះបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាត់ដំបងបានបើកសវនាការជម្រះក្ដីក្នុងសំណុំរឿងរបស់លោក កង សារ៉ន កាលពីថ្ងៃទី៥ ខែកុម្ភៈ ហើយគ្រោងប្រកាសសាលដីកាលើបណ្ដឹងជំទាស់នេះនៅថ្ងៃទី១៥ ខែកុម្ភៈ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀង សំបូរ ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២ ខែកុម្ភៈ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា កន្លងមកតុលាការហាក់គ្មានភស្តុតាងរឹងមាំក្នុងការដាក់បន្ទុកចោទប្រកាន់លើលោក កង សារ៉ន នោះទេ ដូច្នេះ តុលាការជាន់ខ្ពស់គួរពិចារណាលើកលែងការចោទប្រកាន់ និងដោះលែងគាត់នៅពេលខាងមុខនេះ ដើម្បីត្រឡប់ទៅដោះស្រាយបញ្ហាជីវភាពគ្រួសារ និងជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋបញ្ចេញមតិ ឬបង្ហាញកង្វល់នៅក្នុងសង្គម។
លោក ភុន ឈិន៖«បើសិនករណីគ្រាន់តែបុគ្គលម្នាក់បញ្ចេញទស្សនយោបល់ គំនិតយល់ឃើញផ្ទាល់ខ្លួន ហើយត្រូវបានចោទប្រកាន់ជាបទល្មើស អាហ្នឹងវាជាការធ្វើឱ្យប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋទាំងអស់នឹងខ្លាចរអាក្នុងការបញ្ចេញមតិ និយាយការពិតអំពីបញ្ហាសង្គមបាទ»។
លោក កង សារ៉ន រស់នៅភូមិបន្ទាយ១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីតុលាការខេត្តបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូនៅលើហ្វេសប៊ុករបស់លោកអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើក្រោយពីបក្សប្រជាជនឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់បន្តទៀត?
លោក កង សារ៉ន កាលនៅមានសេរីភាពធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលលោកបញ្ចេញមតិនៅលើបណ្ដាញសង្គមគឺលោកចង់បានសង្គមមានយុត្តិធម៌ ព្រមទាំងចង់ឃើញមេដឹកនាំប្រទេសបើកលំហសិទ្ធិសេរីភាពជូនពលរដ្ឋ និងស្ដារប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។