គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ​ថ្កោលទោស​រដ្ឋាភិបាល ដែល​មិន​ដោះ​លែង​ប្ដី​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ឃុំ​សង្កាត់

ដោយ ទីន ហ្សាការីយ៉ា
2022.06.03
គ្រួសារ​អ្នក​ជាប់ឃុំ​នយោបាយ​ថ្កោលទោស​រដ្ឋាភិបាល ដែល​មិន​ដោះ​លែង​ប្ដី​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ឃុំ​សង្កាត់ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ឃុំ ដែល​ឆ្មាំ​ពន្ធនាគារ​ព្រៃ​សដឹក​ទៅ​ធ្វើ​សវនាការ នៅ​សាលាដំបូង កាល​ពី​ថ្ងៃ​ទី៦ ខែមករា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

គ្រួសារ​អ្នក​ជាប់​ឃុំ​ដោយសារ​មូលហេតុ​នយោបាយ សោក​ស្តាយ និង​ថ្កោលទោស​រដ្ឋាភិបាល ដែល​មិន​បាន​ដោះ​លែង​ប្ដី​របស់​គាត់ ឱ្យ​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នេះ។ ពួក​គាត់​ចាត់​ទុក​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​នយោបាយ​របស់​សកម្មជន​បក្ស​ប្រឆាំង​ធ្ងន់ធ្ងរ និង​ឆ្លុះ​បញ្ចាំង​ថា ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ គ្មាន​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ​ឡើយ រដ្ឋាភិបាល ឆ្លើយតប​ថា ករណី​នេះ​ទាំង​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​អ្នក​នយោបាយ​ជា​បន្តបន្ទាប់ ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​នយោបាយ។

ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ខកចិត្ត និង​ចោទ​រដ្ឋាភិបាល​ថា ចាប់​ប្តី​ពួក​គាត់​ទុក​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ និង​ទុក​ឲ្យ​អ្នក​នយោបាយ​ទាំង​នោះ រង​ទុក្ខ​វេទនា បាត់បង់ សិទ្ធិ​ធ្វើ​នយោបាយ។ ការ​លើក​ឡើង​នេះ ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់ ប៉ុន្តែ​អ្នក​ជាប់​ឃុំ​ដោយសារ​មូលហេតុ នយោបាយជាង ៦០នាក់ នៅ​តែ​បន្ត​ជាប់​ឃុំ ហើយ​គ្មាន​ដំណោះ​ស្រាយ​ក្នុង​ការ​ដោះលែង ដើម្បី​បាន​ចូលរួម​បោះ​ឆ្នោត ឬ​ធ្វើ​នយោបាយ​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​នោះ​ឡើយ។

ប្រពន្ធ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ឃុំ លោក យឹម សារ៉េត គឺ លោកស្រី អ៊ុក ចន្ធី ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី៣ មិថុនា​ថា ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​គ្រួសារ​អ្នក​នយោបាយ​ជាប់​ឃុំ​ទាំង​អស់ ព្រោះ​ថា ដល់​វេលា​បោះ​ឆ្នោត​ហើយ តែ​មិន​ដោះ​លែង​អ្នក​នយោបាយ។ លោកស្រី​បន្ត​ថា ជា​រឿង​អាក្រក់​បំផុត ដែល​ប្រទេស​កម្ពុជា​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ការ​បោះ​ឆ្នោត​ធ្វើ​ដោយ​សេរី និង​យុត្តិធម៌ ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​នយោបាយ​ឃុំ​ជា​បន្ត​បន្ទាប់៖ «ការ​បោះ​ឆ្នោត​នេះ ក៏​មិន​មែន គឺ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទេ នៅ​តែ​មាន​ចាប់​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ គឺ​ដូច​ពេល​ថ្មីៗ នេះ ក៏​ចាប់​អ្នក​នយោបាយ​ដែរ ដល់​អ៊ីចឹង​ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​គឺ គ្មាន​ទេ​យុត្តិធម៌​សម្រាប់​អ្នក​នយោបាយ គឺ​នៅ​តែ​មាន​ការ​គាប​សង្កត់ រឹតត្បិត​សព្វ​បែប​សព្វ​យ៉ាង​ទាំង​អស់ ឱ្យ​តែ​អ្នក​ណា​ហ៊ាន​ចេញ​តស៊ូ​មតិ គឺ​ដឹង​តែ​ចាប់​ចង ដឹង​នេះ​អ៊ីចឹង​ហ្មង ហើយ​អះអាង​ថា ប្រទេស​នេះ ជា​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ»

លោកស្រី អ៊ុក ចន្ធី នៅ​តែ​អះអាង​ថា ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ បើ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មែន គឺ​ត្រូវ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​នោះ ហើយធ្វើការ​ប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​​រដ្ឋាភិបាល​លោក កត្តា អ៊ន អះអាង​ថា ជា​គោល​ការណ៍ ច្បាប់​កម្ពុជា អ្នក​ជាប់​ឃុំ​មិន​មាន​សិទ្ធិ​ផ្នែក​នយោបាយ ឬ​សិទ្ធិ​បោះ​ឆ្នោត​ទេ លុះត្រាតែ​អ្នក​ជាប់​ឃុំ​អនុវត្ត​ទោស​ចប់​សព្វគ្រប់​តាម​អំណាច​សាលក្រម ឬ​សាលដីកា​តុលាការ៖ «នៅ​កម្ពុជា ពុំ​មាន​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ច្បាប់ ២នោះ​ទេ ទាំង​អ្នក​នយោបាយ​ក្ដី​ទាំង​ប្រជាពលរដ្ឋ​ក្តី ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ ត្រូវ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​ដូច​គ្នា ពុំ​មាន​ការ​លើកលែង ពុំ​មាន​ការ​យោគយល់ ចំពោះ​អ្នក​នយោបាយ​ណា​ទេ ពីព្រោះ​នេះ​ជា​អំពើ​ល្មើស នឹង​ច្បាប់​ព្រហ្មទណ្ឌ ដែល​ពួក​គាត់​ត្រូវ​តែ​ទទួល​ទោស នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ព្រហ្មទណ្ឌ ដោយ​ស្មើភាព​គ្នា មិន​បែងចែក​ឋានៈ បុណ្យស័ក្ដិ ឬ​បែង​ចែក​ឋានៈ​តួនាទី​អ្វី​នោះ​ឡើយ»

ទោះ​ជា​យ៉ាង​ណា ក្ដី អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិ​នៃ​អង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ឃើញ​ថា សិទ្ធិ​នយោបាយ គឺ​ជា​រឿង​មួយ​សំខាន់​ណាស់​ក្នុង​ដំណើរ​ការ នៃ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ។ លោក​លើក​ឡើង​ថា អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំ​ភាគ​ជា​ច្រើន គឺ​មិន​ត្រូវ​បាន​អាជ្ញាធរ និង​តុលាការ យក​ចិត្ត​ទុក​ដាក់​ពី​សិទ្ធិ​របស់​ពួក​គាត់​នោះ​ទេ ខណៈ​មិន​ទាន់​រក​ឃើញ​ទោស​កំហុស​របស់​ពួក​គាត់​នៅ​ឡើយ ដែល​នេះ​ជា​ការ​ធ្វើ​ឲ្យ​បាត់បង់​សិទ្ធិ​របស់​ពួក​គាត់​មួយ៖ «ធម្មតា​នៅ​ក្នុង​ច្បាប់ ត្រូវ​តែ​មាន​ការ​កាត់ទោស ត្រូវ​តែ​មាន​ការ​ចេញ​អំពី​សាលដីកា​ស្ថាពរ​ថា អ្នក​ហ្នឹង​មាន​ទោស ឬ​គ្មាន​ទោស​សិន ហើយ​អាច និង​ថា មាន​ការ​ដក​សិទ្ធិ​នយោបាយ​របស់​គាត់​ដោយ​តុលាការ។ ចេញ​ការ​ដក​សិទ្ធិ​ដោយ​តុលាការ ទើប​មាន​ន័យ​ថា គាត់​បាន​បាត់បង់​សិទ្ធិ អ៊ីចឹង​បើ​សិន​ជា​មិន​មាន​ទេ គឺ​មាន​ន័យ​ថា គាត់​នៅ​មាន​សិទ្ធិ​ដដែល។ តែ​ផ្ទុយ​ទៅ​វិញ យើង​ខ្ញុំ​មើល​ឃើញ​ថា ឱ្យ​តែ​អ្នកជាប់ឃុំ ទាំង​ការ​កាត់ក្ដី​ក៏​ដោយ មាន​ដីកា​ស្ថាពរ​ក៏​ដោយ មិន​មាន​ដីកា​ស្ថាពរ​ក៏​ដោយ ឱ្យ​តែ​នៅ​ក្នុង​ឃុំ គឺ​ថា គាត់​បាត់​ដោយ​ស្វ័យប្រវត្តិ នេះ​ហើយ​ជា​ចំណុច​មួយ ដែល​ខ្ញុំ​មើល​ឃើញ​អំពី​ចន្លោះ​ប្រហោង​នៃ​ច្បាប់»

លោក កន សាវាង្ស លើក​ឡើង​ថា ចំពោះ​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ លើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ជា​រូបភាព​មួយ​ដ៏​មាន​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​ពិត​ប្រាកដ ក្នុង​ការ​ចូលរួម​នយោបាយ។

មក​ទល់​ពេល​នេះ មាន​​សកម្មជន​គណបក្ស​ប្រឆាំង​ជាង ៦០​នាក់​ទៀត ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពួក​គាត់។ ពួក​គាត់​ភាគ​ច្រើន ត្រូវ​បាន​អាជ្ញាធរ​ ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​​កាលពី​ដើម​ឆ្នាំ២០២០ ។ តុលាការ ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ គ្នា គឺ​ពី​បទ​រួម​គំនិត​ក្បត់ ​ញុះញង់​ឲ្យ​យោធិន​មិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ មក​ទល់​ពេល​នេះ ​សកម្ម​ជន​បក្ស​ប្រឆាំង​មួយ​ចំនួន ជាប់​ឃុំ ៣ឆ្នាំ ខ្លះទៀត ២ឆ្នាំ​ហើយ ​ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មួយ​ចំនួន តុលាការ​ មិនទាន់​​រក​ឃើញ​ទោស​កំហុស​នៅ​ឡើយ​ទេ។

ក្រុម​អង្គការ​ជាតិ-​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​​និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ថ្កោលទោស​ជា​បន្ត​បន្ទាប់​ចំពោះ​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ចាត់​ទុក​ថា​ ការ​ចាប់​ខ្លួន​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ គ្មាន​មូលដ្ឋាន​ច្បាប់ និង​បន្ត​ទាមទារ​ឲ្យ​ដោះលែង​​​សមាជិក​បក្ស​ប្រឆាំង និង​អ្នក​ជាប់​ឃុំ​ដោយសារ​មូលហេតុ​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​​ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន ធ្វើ​​ទស្សនកិច្ច​នៅ​ឡាវ ដើម្បី​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​អំណាច​រវាង​បក្ស​នៃ​ប្រទេស​ទាំង​ពីរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។